លោកហេង សំរិន ប្រធានកិតិ្តយសគណបក្សប្រជាជនកម្ពុជា បានព្រមានជាសាធារណៈនៅថ្ងៃពុធនេះ មិនឲ្យមន្ត្រីគណបក្សសង្គ្រោះជាតិធ្វើសេចក្តីអត្ថាធិប្បាយច្រើនដែលអាចធ្វើឲ្យខូចប្រយោជន៍ដល់ទំនាក់ទំនងនៃគណបក្សជាប់ឆ្នោតទាំងពីរ។
ថ្លែងនៅក្នុងពិធីរំឭកខួប៣៦ឆ្នាំនៃការរំដោះប្រទេសកម្ពុជាពីរបបខ្មែរក្រហមថ្ងៃទី៧មករា លោកហេង សំរិន បច្ចុប្បន្នជាប្រធានរដ្ឋសភាផងដែរ បាននិយាយយោងទៅដល់កិច្ចព្រមព្រៀងរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិដើម្បីបញ្ចប់ជម្លោះនយោបាយ ក្រោយពីការបោះឆ្នោត។ ហើយលោកគូសបញ្ជាក់ដោយមិនបញ្ជាក់ចំៗលើមន្ត្រីគណបក្សជំទាស់ថា ត្រូវតែប្រុងប្រយ័ត្ននៅក្នុងការនិយាយជាសាធារណៈ។
«យើងក៏សង្ឃឹមថា ឥស្សរជននយោបាយទាំងឡាយនឹងមានភាពប្រយ័ត្នប្រយែងក្នុងការធ្វើសេចក្តីថ្លែងការណ៍ជាសាធារណៈផ្សេងៗឲ្យមានប្រយោជន៍ដល់ការអនុវត្តកិច្ចព្រមព្រៀងនេះ ដោយចៀសវាងការប្រើវោហាសាស្ដ្រវាយប្រហារនិងប្រឌិតបញ្ហាដែលគ្មានចំណេញអ្វីដល់សភាពការណ៍ទូទៅនោះ»។
នេះមិនមែនជាលើកទី១ទេដែលគណបក្សប្រជាជនកម្ពុជាធ្វើសេចក្តីព្រមានលើគណបក្សសង្គ្រោះជាតិក្នុងការធ្វើសេចក្តីថ្លែងការណ៍នយោបាយ ក្រោយពីគណបក្សទាំងពីរតស៊ូនឹងគ្នាយ៉ាងតឹងតែងដើម្បីដោះស្រាយវិបត្តិនយោបាយក្រោយពីការបោះឆ្នោតខែកក្កដាឆ្នាំ២០១៣។
គណបក្សកាន់អំណាចធ្លាប់បានព្រមានដល់គណបក្សសង្គ្រោះជាតិឲ្យប្រយ័ត្នប្រយែងក្នុងការធ្វើសេចក្តីថ្លែងការណ៍របស់ខ្លួនរួចម្តងហើយ កាលពីពេលថ្មីៗនេះបន្ទាប់ពីគណបក្សជំទាស់បានធ្វើការរិះគន់លើខ្លួន។
សេចក្តីប្រកាសព័ត៌មានរួមគ្នាស្តីពីលទ្ធផលនៃជំនួបកំពូលរវាងគណបក្សសង្គ្រោះជាតិនិងគណបក្សប្រជាជនកម្ពុជាកាលពីថ្ងៃទី២៨ខែវិច្ឆិកាបានបញ្ជាក់ថា គណបក្សទាំងពីរបានឯកភាពគ្នាដើម្បីជំរុញឲ្យមានការបញ្ចប់សេចក្តីពា្រងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគ.ជ.ប. និងសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោតឲ្យបានរួចរាល់ចប់សព្វគ្រប់ជាមួយគ្នាយ៉ាងយូរនៅដំណាច់ខែកុម្ភៈឆ្នាំ២០១៥។ ក្នុងនោះដែរក៏មានការសម្រេចផ្តល់ស្ថានីយទូរទស្សន៍ និងវិទ្យុបន្តនៅតាមបណ្តាខេត្ត សម្រាប់គណបក្សជំទាស់ផងដែរ។ ជាបន្ថែមគណបក្សទាំងពីរព្រមព្រៀងកែសម្រួលបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភាដើម្បីរៀបចំឲ្យមានថ្នាក់ដឹកនាំតំណាងរាស្ត្រ និងរៀបចំឲ្យមានប្រធានក្រុមភាគតិចនៅរដ្ឋសភាដើម្បីសន្ទនាជាមួយនឹងប្រមុខរដ្ឋាភិបាលទាក់ទិននឹងបញ្ហារបស់ប្រទេសជាតិ។ ហើយប្រធានក្រុមតំណាងរាស្ដ្រភាគតិចនេះនឹងមានឋានៈស្មើនាយករដ្ឋមន្ត្រី។
ដោយឡែកកិច្ចព្រមព្រៀងថ្ងៃទី២២ខែកក្កដារវាងគណបក្សទាំងពីរបានធានានូវបរិយាកាសល្អផ្នែកនយោបាយ។
លោកហេង សំរិនបញ្ជាក់បន្ថែមថា គណបក្សរបស់លោករក្សាជំហរ«អនុវត្ត»រាល់ប្រការដែលបានលើកឡើងក្នុងសេចក្តីប្រកាសស្តីពីលទ្ធផលនៃជំនួបកំពូលរវាងលោកសម រង្ស៊ី និងលោកហ៊ុន សែននិងខ្លឹមសារនៃកិច្ចព្រមព្រៀងរួម។
លោកស្រីមូរ សុខហួរ តំណាងរាស្ដ្រ និងជាមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិឆ្លើយតបថា គណបក្សរបស់លោកស្រីបានថ្លឹងថ្លែងចំពោះផលប៉ះពាល់លើខ្លឹមសារកិច្ចព្រមព្រៀងទ្វេភាគី។ ប៉ុន្តែគណបក្សរបស់លោកស្រីមិនអាចធ្វើតាមលក្ខណៈបង្គាប់បញ្ជានោះទេ។
«ច្បាប់កំពូល រដ្ឋធម្មនុញ្ញបានចែងហើយក្នុងការបញ្ចេញមតិ។ យើង គណបក្សសង្គ្រោះជាតិទទួលខុសត្រូវចំពោះមុខជាតិ មិនមែនទទួលខុសត្រូវចំពោះមុខបុគ្គល ឬចំពោះក្រុមណាទេ គឺយើងមិនអាចកាត់តទៅតាមអ្វីដែលគេបញ្ជាបានទេ។ គណបក្សសង្គ្រោះជាតិមិនអាចធ្វើជាដាច់ខាត»។
លោកនី ចរិយា ប្រធានផ្នែកស៊ើបអង្កេតរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក និងជាអ្នកតាមដានសភាពការណ៍នយោបាយមួយរូប យល់ឃើញថា សេចក្តីថ្លែងការណ៍របស់លោកហេង សំរិនគ្រាន់តែបង្ហាញអំពីទម្លាប់របស់គណបក្សប្រជាជនកម្ពុជានាពេលកន្លងមក។
«ឲ្យតែមានការព្រមព្រៀងគ្នាគឺអ្នកឯងមិនត្រូវនិយាយស្តីអ្វីទាំងអស់ ត្រូវតែហៃអើ តាមអ្វីដែលគណបក្សប្រជាជនចង់បាន។ ខ្ញុំយល់ថា វប្បធម៌នេះដូចជាហួសពេលហើយ។ អ្នកដែលគាំទ្រគណបក្សសង្គ្រោះជាតិមិនសម្ងំឲ្យគណបក្សហ្នឹងធ្វើអ្វីដូចគណបក្សហ៊្វុនស៊ិនប៉ិចពីមុនទេ»។
គណបក្សហ៊្វុនស៊ិនប៉ិចត្រូវគេរិះគន់ថា ជាគណបក្សសម្របសម្រួលជាមួយគណបក្សប្រជាជនកម្ពុជា ដោយមិនហ៊ានធ្វើការរិះគន់ និងទាមទារលើចំណុចអវិជ្ជមានរបស់រដ្ឋាភិបាល។ ហើយគណបក្សនេះបានឃ្លាតចេញពីអ្នកគាំទ្ររបស់ខ្លួនរហូតដល់អស់អាសនៈនៅក្នុងរដ្ឋសភា៕