ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​សង្គ្រោះ​ជាតិ​តែងតាំង​តំណាងរាស្ត្រ​ជំនួស​អ្នក​លាលែង


សំបុត្រ​លាលែង​របស់​លោក វ៉ាន សំអឿន​ អ្នក​តំណាង​រាស្ត្រ​ខេត្ត​កំពត​ត្រូវ​បាន​ផ្សាយ​តាម​គេហទំព័រ​រដ្ឋសភា​កម្ពុជា​កាល​ពី​ថ្ងៃ​ច័ន្ទ ទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០១៥ បន្ទាប់​ពី​លោក​បាន​ប្រកាស​លា​ឈប់​ចេញ​ពី​សមាជិក​សភា​កូតា​ខាង​គណបក្ស​សង្គ្រោះជាតិ។ (រូបថត​ពី​គេហទំព័រ​រដ្ឋសភា)
សំបុត្រ​លាលែង​របស់​លោក វ៉ាន សំអឿន​ អ្នក​តំណាង​រាស្ត្រ​ខេត្ត​កំពត​ត្រូវ​បាន​ផ្សាយ​តាម​គេហទំព័រ​រដ្ឋសភា​កម្ពុជា​កាល​ពី​ថ្ងៃ​ច័ន្ទ ទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០១៥ បន្ទាប់​ពី​លោក​បាន​ប្រកាស​លា​ឈប់​ចេញ​ពី​សមាជិក​សភា​កូតា​ខាង​គណបក្ស​សង្គ្រោះជាតិ។ (រូបថត​ពី​គេហទំព័រ​រដ្ឋសភា)

គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​បាន​បញ្ជូន​បញ្ជី​ឈ្មោះ​ជា​ផ្លូវការ​ទៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ដើម្បី​ជំនួស​អ្នក​តំណាងរាស្ត្រ​ខេត្ត​កំពត​ម្នាក់​ក្រោយ​ពី​លោក​បាន​ប្រកាស​ចាក​ចេញ​ពី​គណបក្ស​នេះ​ដោយ​ស្ងាត់ៗ​ ​ហើយ​មក​ចូល​រួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។​

លោក ​យ៉ែម បុញ្ញាឫទ្ធិ​ អ្នក​តំណាងរាស្ត្រ​ និង​ជា​អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ មាន​ប្រសាសន៍​ថា​ លោក​ ដាង ចំរើន​ អ្នក​តំណាង​រាស្ត្រ​លំដាប់​ទី​៤​ និង​ត្រូវ​ជំនួស​លោក​វ៉ាន សំអឿន​ អ្នក​តំណាង​រាស្ត្រ​ខេត្ត​កំពត​បន្ទាប់​ពី​លោក​បាន​ប្រកាស​លា​ឈប់​ចេញ​ពី​សមាជិក​សភា​កូតា​ខាង​គណបក្ស​សង្គ្រោះជាតិ។​

លោក​ទេព នីថា​ អគ្គលេខាធិការ​នៃ​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​មាន​ប្រសាសន៍ថា​ លោក​បាន​ទទួល​លិខិត​ស្នើ​សុំ​ពី​គណបក្ស​សង្គ្រោះ​ជាតិរួច​ហើយ ​ហើយ​បើ​តាម​នីតិវិធី​ ​គ.ជ.ប.នឹង​ផ្តល់​ដំណឹង​ទៅ​គណបក្ស​វិញ​យ៉ាង​យូរ​បំផុត​រយៈពេល​មួយ​ថ្ងៃ​តែ​ប៉ុណ្ណោះ។

លោក​និយាយ​ថា៖​ «យើង​ពិនិត្យ​មើល​អ្នក​ឈ្មោះ​បន្ទាប់​ជា​អ្នក​ណា ​ហើយ​ក្នុង​ករណី​គាត់​ដាក់​អ្នក​ផ្សេង​ អាហ្នឹង​យើង​មើល​ទៅ​ តើ​មាន​លិខិត​លាឈប់​អ្វី​ទេ។ ​បើ​សិន​ជា​ពិនិត្យ​មើល​ឃើញ​ត្រឹម​ត្រូវ​ហើយ​ គ.ជ.ប.នឹង​ចេញ​សេចក្តី​សម្រេចទទួល​ស្គាល់​ជា​បេក្ខជន​ជាប់​ឆ្នោត​ ហើយ​បញ្ជូន​ទៅ​គណបក្ស​និង​សភា​តែ​ម្តង»។​

កាល​ពី​ថ្ងៃ​ទី​សុក្រ​សប្តាហ៍​មុន​នេះ​ លោក​វ៉ាន សំអឿន​ អ្នក​តំណាង​រាស្ត្រ​មណ្ឌល​ខេត្ត​កំពត​ខាង​កូតា​គណបក្ស​សង្គ្រោះជាតិ​ បាន​ផ្ញើរ​លិខិត​មួយ​ជូន​លោក ​ហេង សំរិន​ ប្រធាន​រដ្ឋសភា​ដើម្បី​សុំលា​ឈប់​ពី​សមាជិក​សភា​តំណាង​រាស្ត្រ​ ដោយ​លោក​បាន​លើក​ហេតុផល​ថា ​«លោក​គ្មាន​ឱកាស​នឹង​បម្រើ​ប្រទេស​ជាតិ​នៃ​យើង​តាម​ឆន្ទៈ​ និង​បទ​ពិសោធន៍​របស់​លោកទេ»។

លោក វ៉ាន សំអឿន (រូបថត​ពី​គេហទំព័រ​រដ្ឋសភា​កម្ពុជា)
លោក វ៉ាន សំអឿន (រូបថត​ពី​គេហទំព័រ​រដ្ឋសភា​កម្ពុជា)

VOA​ បាន​ព្យាយាម​ទាក់​ទង​លោក​វ៉ាន សំអឿន​ អ្នក​តំណាង​រាស្ត្រ​ជនជាតិ​ខ្មែរ​សញ្ជាតិ​អាមេរិកាំង ដើម្បី​ស្នើ​សុំ​ការបញ្ជាក់​ពី​មូល​ហេតុ​នៃ​ការ​លាឈប់​នោះ​ តែ​មិន​អាច​ទាក់ទង​បាន​ទេ​ ដោយ​សារ​ទូរស័ព្ទ​របស់​លោក​ត្រូវ​បាន​បិទ។​

លោក​យ៉ែម បុញ្ញាឫទ្ធិ​មាន​ប្រសាសន៍​ថា ​លោក​មិន​បាន​ដឹង​មូលហេតុ​ពិត​ប្រាកដ​នៃ​ការ​លាឈប់​ទេ​ ក៏​ប៉ុន្តែ​បើ​តាម​ហេតុ​ផល​ដែល​បាន​បញ្ជាក់​នៅ​ក្នុង​លិខិត​លាលែង​ លោក​វ៉ាន សំអឿន​សរសេរថា ​លោក​គ្មាន​ឱកាស​នឹង​បម្រើ​ជាតិ។​

លោក​យ៉ែម បុញ្ញាឫទ្ធិ​បាន​បញ្ជាក់​ថា ​គ្មាន​ឱកាស​ទៅ​បម្រើ​រាស្ត្រ​ វា​គ្រាន់​បើ​ជាង​មាន​ឱកាស​ទៅ​បំផ្លាញ​ជាតិ។​

លោកយ៉ែម បុញ្ញាឫទ្ធិ​និយាយថា៖ ​«យើង​គ្មាន​ការ​ព្រួយ​បារម្ភ​អ្វី​ទេ​ ហើយ​អ្នក​ដែល​គាត់​ចង់​ចាក​ចេញ​រក​លាភ​សក្ការៈ​ ឬ​មួយ​ក៏​ដើម្បី​ផល​ប្រយោជន៍​អ្វី​មួយ​ផ្ទាល់​ខ្លួន​ អាហ្នឹង​ជា​ការ​គិត​ ជា​ការ​យល់​ឃើញ​របស់​គាត់​ ទុក​ឲ្យប្រជា​ពល​រដ្ឋ​ និង​មហាជន​ ប្រវត្តិសាស្ត្រ​វិនិច្ឆ័យ​ចុះ»។​

បន្ទាប់​ពី​លាឈប់​ពី​សមាជិក​សភា​គណបក្ស​សង្គ្រោះជាតិ​ ​ លោក​វ៉ាន សំអឿន​បាន​ចិត្ត​ចូល​រួម​ជីវិត​នយោបាយ​ថ្មី​របស់​លោកជាមួយ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា។​

លោក​ឈឹម ផលវរុណ​ អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ​បាន​បញ្ជាក់​ថា​ គណបក្ស​ប្រជាជន​កម្ពុជាកំពុង​ពិចារណា​ផ្តល់​តួនាទី​ដល់​លោក​វ៉ាន សំអឿន​ ដោយ​សារ​គណបក្សត្រូវ​ការ​អ្នក​មាន​សមត្ថភាព​ច្រើន​ណាស់​ដើម្បី​ទ្រទ្រង់​ប្រទេស​ជាតិ។​

លោក​និយាយ​ថា៖​ «មក​ទល់​ពេល​នេះ​ពុំ​ទាន់​មាន​ការ​សម្រេចចិត្ត​ជា​ផ្លូវ​ការ​នៅ​ឡើយ​ទេ។​ ប៉ុន្តែ​ជា​ធម្មតា​ទេ​ ប្រសិន​ណា​បើ​សាម៉ី​ខ្លួន​ចង់​ប្រើ​ឱកាស​ក្នុង​ការ​ចូល​រួម​ កសាង​ប្រទេស​ជាមួយ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​ ដូច្នេះមិន​ជា​ការ​លំបាក​ទេ»។​

លោក ​វ៉ាន សំអឿន​ អាយុ៦៧​ឆ្នាំ​ ធ្លាប់​ជា​អតីត​សមាជិក​ដ៏​សកម្ម​របស់​គណបក្ស​សិទ្ធិ​មនុស្ស​ ហើយ​លោក​បាន​ក្លាយ​ទៅ​ជា​សមាជិក​សភា​ជាប់​ឆ្នោត​ជា​លើក​ដំបូង​លំដាប់​ទី​៣​ខាង​កូតាគណបក្ស​សង្គ្រោះជាតិ​ មណ្ឌល​ខេត្ត​កំពត​ អាណត្តិ​ទី​៥​នេះ ​បន្ទាប់​ពី​គណបក្ស​សម រង្ស៊ី​ និង​គណបក្ស​សិទ្ធិ​មនុស្ស​បាន​រួម​បញ្ជូល​គ្នា​ទៅ​ជា​គណបក្ស​សង្គ្រោះ​ជាតិ៕​

XS
SM
MD
LG