ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​បង្កើត​ក្រុមសំឡេង​ភាគតិច​ក្នុង​សភា​ទទួលបាន​ការគាំទ្រ


ទិដ្ឋភាព​ទូទៅ​នៃ​ការប្រជុំ​សភា​នៅ​ប្រទេស​កម្ពុជា។
ទិដ្ឋភាព​ទូទៅ​នៃ​ការប្រជុំ​សភា​នៅ​ប្រទេស​កម្ពុជា។

ក្រុម​អ្នកឃ្លាំ​មើល​នយោបាយ​នៅ​កម្ពុជា​សាទរ​ចំពោះ​ការ​បង្កើត​ក្រុមសំឡេង​ភាគតិច​ក្នុង​សភា​ ដោយ​និយាយ​ថា ​ការ​បង្កើត​មេដឹកនាំ​សំឡេង​ភាគ​តិច​សម្រាប់​ក្រុម​ជំទាស់​នេះ​គួរ​មាន​យន្តការ​ធ្វើ​កិច្ចការ​ច្បាស់លាស់​ដើម្បី​ប្រសិទ្ធភាព​នៃប្រព័ន្ធ​ផ្ទៀង​ផ្ទាត់​ថ្មី​នេះ។​ ក្រុម​មន្ត្រី​រំពឹង​ថា​ ការ​សន្ទនា​រវាង​ក្រុម​អ្នក​នយោបាយ​កម្ពុជា​ទាំង​គណបក្ស​ក្នុង​រដ្ឋាភិបាល​និង​គណបក្ស​មិន​នៅ​ក្នុង​រដ្ឋាភិបាល​អាច​មាន​ឱកាស​ច្រើន​តាម​រយៈការ​រៀបចំ​យន្តការ​ថ្មី ​គឺការ​បង្កើត​មេ​ដឹកនាំ​ក្រុម​សំឡេង​ភាគ​តិច​នេះ។​

ក្រុម​អ្នក​នយោបាយ​កម្ពុជា​បាន​ព្រម​ព្រៀងគ្នា​សឹងតែ​ទាំងអស់​លើ​កំណែ​ទម្រង់​ការ​បោះឆ្នោត​ ដំណាល​គ្នា​ដែល​បាន​ព្រមព្រៀង​គ្នា​ជា​គោល​ការណ៍​ក្នុង​ការ​កែ​ទម្រង់​ប្រព័ន្ធ​ផ្ទៀង​ផ្ទាត់​ក្នុង​ សភា​ឲ្យ​មាន​ដំណើរការ​ល្អ​ជាង​មុន។​ ក្នុង​នោះ​មេដឹកនាំ​គណបក្ស​ទាំង​ពីរ​បាន​ព្រម​ព្រៀង​គ្នា​ថា​ នឹង​បង្កើត​ឲ្យ​មាន​សំឡេង​មេដឹកនាំ​ក្រុម​ភាគ​តិច​ក្នុង​ស្ថាប័ន​នីតិបញ្ញត្តិ​ឬ​សភា​សម្រាប់​ គណបក្ស​ជំទាស់​ដែល​មិន​ចូល​ក្នុង​រដ្ឋាភិបាល។​ ការ​ព្រម​ព្រៀង​គ្នា​នេះ​បាន​នាំ​ឲ្យ​ក្រុម​អ្នក​ ឃ្លាំ​មើល​ស្ថាន​ការណ៍​នយោបាយ​ឯករាជ្យ​ខ្លះ​យល់​ថា​ តួនាទី​និង​ការ​បែងចែក​អំណាច​ក្នុង​សភា​ឲ្យ​បាន​ច្បាស់​នឹង​នាំ​ឲ្យ​ដំណើរ​ការផ្ទៀង​ផ្ទាត់​សភា​រឹង​មាំ​ និង​មាន​ប្រសិទ្ធភាព​ក្នុង​ការ​បំពេញ​ការងារ។​

លោក​គល់​ បញ្ញា​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត​ឯករាជ្យ​មួយឈ្មោះថា​ ខុមហ្រ្វែល​ បាន​ថ្លែង​ថា​ ការបង្កើត​ក្រុម​ភាគ​តិច​ជារឿង​សំខាន់​ ព្រោះ​នេះ​ជាការ​ទទួល​ស្គាល់​តួនាទី​គណបក្ស​ជំទាស់​ជាផ្លូវ​ការ​ តែ​គេគួរ​ធ្វើយ៉ាងណា​ធានា​ឲ្យ​ក្រុម​សំឡេងភាគ​តិចនេះ​មាន​តួនាទី ​មាន​ការបែង​ចែក​អំណាច​ច្បាស់លាស់​ក្នុង​រដ្ឋសភា​រវាង​គណបក្ស​ទាំង​ពីរ ​មាន​របៀប​ធ្វើ​ការ​ច្បាស់លាស់​ ដើម្បី​ធានាប្រសិទ្ធភាព​នៃក្រុម​មតិ​ភាគ​តិច។ ​រួចហើយ​គួរដាក់​ក្នុង​បទ​បញ្ជា​ផ្ទៃ​ក្នុង​របស់​រដ្ឋសភា។​

«ប្រទេស​យើង យើងជ្រើស​រើស​យ​កប្រព័ន្ធ​សភា​និយម​ហើយ ​តែ​គ្រាន់តែ​ថា​ របៀប​យើង​អនុវត្ត​ជាក់ស្តែង​គឺ​សភា​ហ្នឹង​គាត់​ទន់​ខ្សោយ​មែន​ទែន។ វាមិន​ដូចជា​ប្រព័ន្ធ​សភា​និយម​ដែល​ប្រទេស​គេមាន​លក្ខណៈ​ប្រជាធិបតេយ្យ​រឹងមាំ​បាន​អនុវត្ត​ ដូចជា​ចក្រភព​អង់គ្លេស ​ប្រទេស​អូស្ត្រាលី ​ប្រទេស​ផ្សេងៗ​ទៀត​ទេ។​ រឿងនេះ​យើងនៅ​ទន់ខ្សោយ​ខ្លាំងណាស់។ ​ប្រព័ន្ធសភា​និយម​របស់​យើង​នេះ ​ជាពិសេស​សភា​តែម្តង​ យើង​មិន​អាច​មាន​តួនាទី​រឹងមាំ​ក្នុងការ​ទៅ​ត្រួត​ពិនិត្យ​កិច្ចការ​រដ្ឋាភិបាល​ ព្រោះ​ថា​ នៅក្នុង​រដ្ឋសភា​គ្មាន​ប្រព័ន្ធ​ត្រួត​ពិនិត្យ​រឹងមាំ​ ​ជាពិសេស​តួនាទី​គណបក្ស​ប្រឆាំង​ក្នុង​រដ្ឋ​សភា​ហ្នឹង»។​

លោក​គល់ បញ្ញា​បញ្ជាក់​ដែរ​ថា ​តាម​ច្បាប់​រដ្ឋធម្មនុញ្ញ​រដ្ឋាភិបាលត្រូវ​មក​បំភ្លឺ​ក្នុង​សភា​១​សប្តាហ៍​ម្តង​ តែសភា​និង​រាជ​រដ្ឋាភិបាល​កម្ពុជា​មិន​បាន​ធ្វើ​ទេ។​ លោក​ថា​ មាន​ការ​អនុវត្ត​ខ្លះដែរ​ តែ​ធ្វើ​ក្នុង​របៀប​បិទ​ទ្វារ​ មិនមែន​ជាការ​ដេញដោល​ដោយ​បើក​ចំហ​ឡើយ។​

ការ​ខកខាន​នេះ​ត្រូវ​ក្រុម​អ្នក​រិះគន់ខ្លះ​បាន​និយាយ​ថា​ ដោយសារ​សភា​នេះ​ជា​សភា​គណបក្ស​ ហើយ​សមាជិកខ្លាច​មេដឹកនាំ​គណបក្ស​ដក​តំណែង​របស់ខ្លួន ​ឬត្រូវ​ប្រឈម​មុខ​នឹង​ផល​វិបាក​ផ្សេងៗ។ ​

សមាជិក​សភា​នៃ​គណបក្ស​ទាំងពីរ​ខក​ខាន​មិនបាន​លើក​យក​បញ្ហា​កើត​ឡើង​នៅ​តាម​មណ្ឌល​ជា​ច្រើន​យក​មក​ពិភាក្សា​គ្នា​ក្នុង​សភា​ទេ​គឺមានតែ​គណបក្ស​ជំទាស់​លើក​ឡើង​តែម្ខាង​ ហើយ​ច្បាប់​មួយ​ចំនួន​ក៏មិន​មានការ​ជជែក​គ្នា​រវាង​គណបក្ស​ទាំងពីរ​ ឬ​ក៏​នាំយក​ទៅ​មណ្ឌល​ឬ​យក​ទៅ​ជជែក​ជា​សាធារណៈ​ដើម្បី​ពិភាក្សា​ដែរ។​ លោក​គល់ បញ្ញា​បាន​បន្ថែម​ថា៖​

«ឧទាហរណ៍​ ដូចច្បាប់​ថវិកាជាតិ​អញ្ចឹង ​ដាក់ព្រឹប​មក​តែ​ប៉ុន្មាន​ថ្ងៃ​ទៅ​ សូម្បីតែ​សមាជិក​សភា​ ហ្នឹង​ក៏​មិនដែល​មាន​ឯកសារ​លម្អិត​ស្តី​ពី​ថវិកា​ជាតិ​ហ្នឹង​ដែរ។​ អញ្ចឹង​ទៅ​គណបក្ស​កាន់​អំណាច​ហ្នឹង ​ដោយសារ​ថា ​គាត់អាង​ថា​ គាត់​មាន​មតិ​ភាគ​ច្រើន​ដាច់ខាត​ក្នុង​រដ្ឋ​សភា​ អញ្ចឹង​គាត់រុញ​ច្បាប់​ហ្នឹង​ដាក់​ទៅ​។ ហើយ​អញ្ចឹង​ទៅ​ គាត់​អនុម័ត​តែ​គ្នា​គាត់​អញ្ចឹង​ទៅ​ ដោយ​អត់មាន​ ការ​ចូលរួម​ពិភាក្សា​ពេញ​លេញ។​ ហើយ​សមាជិក​សភា​មួយ​ចំនួន​អត់មាន​ទទួល​សេចក្តី​ព្រាង​ឯកសារ​ថវិកា​ជាតិ​ហ្នឹង​មាន​លក្ខណៈ​លម្អិត​ទេ​ ឯកសារ​ជាលម្អិត​ហ្នឹងអត់​បាន​ទេ។​ នេះជា​ បញ្ហា។ ​គាត់​អនុម័ត​ គាត់​អនុម័ត​តែខ្លួន​ឯង​អញ្ចឹង​ទៅ តែគណបក្ស​តែមួយ​អញ្ចឹង​ទៅ​លើ​ថវិកា​ ជាតិ​ ហើយ​គណបក្ស​ផ្សេង​ឬ​គណបក្ស​ប្រឆាំង​គេ​អត់​ព្រម​ទៅ»។​

អ្នក​ឃ្លាំ​មើល​ស្ថាន​ការណ៍​កម្ពុជា​ដដែល​គឺ​លោក​គល់​ បញ្ញា​បន្ថែម​ថា ​ការ​ប្រើ​ពាក្យ​ក៏គួរ​ឲ្យមាន​លក្ខណៈ​ស៊ី​សង្វាក់​គ្នា​ដែរ។​ ​លោក​បញ្ញា​បន្ថែម​ថា​ ការ​ប្រើ​ពាក្យ​ម្តង​ថា«​ក្រុម​ភាគ​តិច» ​ហើយ​ម្តង​ប្រើ​ពាក្យ​ថា​«គណបក្ស​មាន​អាសនៈ​នៅ​ក្នុង​រដ្ឋ​សភា​ តែ​មិន​ដឹកនាំ​រដ្ឋាភិបាល»​ឬ​ពេល​ខ្លះ​ហៅ​ថា​ ​គណបក្ស​ប្រឆាំង​នោះ​ជា​រឿង​គួរមាន​ការ​ប្រើប្រាស់​តាម​ការ​ចែង​ក្នុងរដ្ឋ​ធម្មនុញ្ញ​វិញ។​

លោក​បណ្ឌិត​ពុទ្ធា ហង្ស ​នាយក​ប្រតិបត្តិ​នៃ​អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត​ឯករាជ្យ​មួយ​ទៀត ​NICFEC ​បាន​កត់សម្គាល់​ថា​ ទោះជា​មានការ​ចែង​ក្នុង​រដ្ឋ​ធម្មនុញ្ញ​ក្តី ​តែ​សំឡេងភាគតិច​កន្លង​មក​គ្មាន​ឱកាស​ក្នុង​ការ​បញ្ចេញ​សំឡេង​បាន​ច្រើន​ទេ។​ លោក​ថា ​ការ​បង្កើត​មេដឹកនាំ​ក្រុម​ភាគតិច​នេះ​ទំនង​ជា​អាច​ផ្តល់​ឱកាស​ដល់​គណបក្ស​ជំទាស់​ ឬ​គណបក្ស​សំឡេង​ភាគតិច ​អាច​បញ្ចេញ​សំឡេង​បាន​ច្រើន​ជាង​មុន។​

«ពីព្រោះ​សង្គម​ប្រជា​ធិបតេយ្យ​មិនមែន​មាន​ន័យ​ថា ​គោរព​ភាគ​ច្រើន​បដិសេធ​ភាគ​តិច​ទេ។ ​ប្រជា​ធិបតេយ្យ​មាន​ន័យ​ថា ​គោរព​សំឡេង​ភាគ​ច្រើន​និង​យក​ចិត្តទុក​ដាក់​ចំពោះ​មតិ​ភាគ​តិច។ ​អញ្ចឹង​ប្រហែល​ជា​ដំណើរ​ការ​កន្លង​មក ​ក្រុមភាគ​តិច​មិន​បាន​បញ្ចេញ​សំឡេង​គ្រប់គ្រាន់​ដើម្បី​បង្ក​តុល្យភាព​ជាមួយ​ភាគ​ច្រើន​ទេ។​ អញ្ចឹង​ហើយ​បានជា​ការ​បង្កើត​បន្ថែម​នូវ​ប្រធាន​ក្រុម​ភាគ​តិច​នេះ ​វាជា​ទម្ងន់មួយ​ទៀត​សម្រាប់​ធ្វើ​តុល្យភាព​រវាង​គណបក្ស​ភាគ​ច្រើន​ហើយ​នឹង​គណបក្ស​ភាគតិច​នេះ​ឯង»។ ​

លោក​បាន​អះអាង​ដែរ​ថា ​យន្តការ​ថ្មី​នេះ​ក៏អាច​ឲ្យ​គណបក្ស​ជំទាស់​ថ្មី​ផ្សេងៗ​ទៀត​ ក្រៅ​ពី​គណបក្ស​ជំទាស់​បច្ចុប្បន្ន​ នៅ​អាណត្តិ​ខាងមុខ​ទៀត​អាច​បញ្ចេញ​សំឡេង​បាន​តាម​រយៈ​សំឡេងមេដឹកនាំ​ក្រុម​ភាគ​តិច​ដែរ​ ដោយ​រួចផុត​ពីការ​កម្រិត​របស់​បទ​បញ្ជា​ផ្ទៃ​ក្នុង។​

«នេះជា​លើក​ដំបូង​ហើយ​ មិនធ្លាប់​មានទេ​នៅ​កម្ពុជា​ ប្រព័ន្ធ​ធ្វើការ​សភា​បែប​ហ្នឹង។ ​អញ្ចឹង​យើង​ក៏​ពុំទាន់​វាយ​តម្លៃ​ថា​ វាមាន​ផល​វិជ្ជមាន​និង​អវិជ្ជមាន​យ៉ាង​ណា​ទេ។​ តែយ៉ាង​ហោច​ណាស់​ យើង​ទុក​ឲ្យ​អ្នក​នយោបាយ យើង​ទុក​ឲ្យ​អ្នក​តំណាង​រាស្ត្រ​ធ្វើការ​ជាមួយ​គ្នា​តាម​បែប​នេះ​សិន»។​

លោក​ពុទ្ធា ហង្ស​បាន​អះអាង​ថា​ អ្នក​នយោបាយ​នៅតែ​ជា​អ្នក​កែ​ទម្រង់​ដដែល​ទេ​ ប្រសិន​បើ​មិន​អាច​ធ្វើ​បាន​ដោយ​ជោគជ័យ​តាម​រយៈ​ប្រព័ន្ធ​នេះ។​

លោកឈាង វ៉ុន​ អ្នក​នាំពាក្យ​សភា​និង​ជាអ្នក​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា ​បាន​ថ្លែង​ថា​ ការ​បង្កើត​សំឡេង​ក្រុម​មេដឹកនាំ​ភាគ​តិច​នេះ​គឺ​ជា​ការ​ដែល​ចង់​បាន​ការ​ផ្លាស់​ប្តូរ​ពី​វប្បធម៌​ប្រឈម​គ្នា​ទៅ​ជា​វប្បធម៌​សន្ទនា​គ្នា។​

«អញ្ចឹង​ដើម្បី​ឲ្យមាន​ការ​សន្ទនា​គ្នា​ទាល់តែ​មាន​គូភាគី​ដែល​អាច​សន្ទនា​គ្នា​កើត។​ អញ្ចឹង​ហើយ ​នៅ​ខាង​គណបក្ស​ដែល​មាន​សំឡេង​ភាគ​ច្រើន​ហ្នឹង​ គាត់​ដឹកនាំ​រដ្ឋាភិបាល​ មាន​នាយក​រដ្ឋមន្ត្រី ​មាន​ឧបនាយក​រដ្ឋមន្ត្រី​អញ្ចឹង។​ ដល់​ខាង​គណបក្ស​សំឡេង​ភាគតិច​ត្រូវ​បង្កើត​យន្តការ​ឲ្យ​គាត់​ដើម្បី​ឲ្យ​គាត់​មក​អង្គុយ​ជជែក​ជាមួយ​នឹង​ថ្នាក់​ដឹកនាំ​របស់​គណបក្ស​ដែល​គ្រប់គ្រង​រដ្ឋាភិ បាល។​ ខ្ញុំចង់​និយាយ​ពី​គណបក្ស​សំឡេង​ភាគតិច​ដែល​មិន​ចូល​រដ្ឋាភិបាល​ហើយ​មាន​សំឡេងយ៉ាងតិច​បំផុត​៥​ភាគរយ​ឡើង​ទៅ​គេ​ឲ្យ​បង្កើត​ក្រុម​ហ្នឹង»។​

លោក​បាន​បន្ថែម​ថា​ បទ​បញ្ជា​ផ្ទៃ​ក្នុង​មាត្រា​ទី៤៨ ​នឹង​ត្រូវ​កែប្រែ​ដើម្បី​បង្កើត​យន្តការ​នេះ ​ហើយ​គណបក្ស​មាន​សំឡេង​ភាគច្រើន​អាច​មាន​ការ​ពិភាក្សា​ដើម្បី​ជ្រើសរើស​មេដឹកនាំ​សំឡេងភាគ​ច្រើន​ដែរ។​

ក្នុង​បទ​សម្ភាសន៍​ជាមួយ​វីអូអេ​ផ្នែក​ខេមរភាសា​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ ​លោក​សម រង្ស៉ី ​មេដឹកនាំ​ក្រុម​ជំទាស់​មកពី​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ថ្លែង​ថា ការ​រៀបចំ​ឲ្យមាន​មេ​ដឹកនាំ​ក្រុម​សំឡេង​ក្រុម​ភាគ​តិច​និង​ក្រុមភាគ​ច្រើន​នេះ​គឺ​ដើម្បី​ជំរុញ​ឲ្យ​ដំណើរការ​ប្រជា​ធិបតេយ្យ​ដើរ​ទៅមុខ​និង​ជា​មរតក​នយោបាយ​សម្រាប់​អាណតិ្ត​បោះ​ឆ្នោត​ខាង​មុខ​ទៀត​ដែល​ស្ថាប័ន​នេះ​អាច​នៅ​ឋិតថេរ​គង់វង្ស​ ទោះជា​គណបក្ស​នយោបាយ​អាច​ប្រែប្រួល​ទៅ​តាម​លទ្ធ​ផល​បោះឆ្នោត​ក្តី។​

«ប៉ុន្តែ​ការ​រៀបចំ​នៅ​រដ្ឋសភា​ឲ្យ​មាន​ក្រុម​ទាំង​ពីរ​ភាគ​ច្រើន​និង​ភាគតិច​ និយាយ​ត​ទល់គ្នា មិនចាំ​បាច់​និយាយ​ប្រឆាំង​គ្នា​ជា​និច្ចកាល​ទេ។​ ជួន​កាល​មាន​បញ្ហា​ប្រទេស​ជាតិ​ខ្លះ​ដែល​ត្រូវដោះស្រាយ​រួមជាមួយ​គ្នា។ ​នេះក៏​ជា​វិភាគ​ទាន​មួយ​ ហើយ​ប្រទេស​យើង​ទៅ​ថ្ងៃ​ក្រោយ​មាន​ប្រជា​ធិបតេយ្យ​រឹងមាំ​ ​ហើយ​ឲ្យ​មាន​វប្បធម៌​សន្ទនា​ដូច​នៅ​ស.រ.អា.​អញ្ចឹង។​ សហ​រដ្ឋ​អាមេរិក​ក៏​មាន​សំឡេង​ភាគតិច​ (Minority Leader) ​ក៏មាន​សំឡេង​ភាគច្រើន​ (Majority Leader)​ ដែរ។​ គេមាន​ប្រធាន​ក្រុម​ភាគច្រើន​ ក្រុម​ភាគ​តិច។​ ទោះជា​គេ​ខ្វែង​គំនិត​គ្នា​ ក៏គេ​និយាយ​គ្នា។ ​គេមិន​មាន​ទម្លាប់​កាប់​សម្លាប់គ្នា​ តាមតែ​កំចាត់​គ្នា​ដូច​នៅ​ប្រទេស​កម្ពុជា​ទេ។​ អញ្ចឹង​យើង​ចង់​រៀបចំ​ឲ្យ​មាន​វប្បធម៌​សន្ទនា​នេះ​គឺ​ទម្លាប់​ថ្មី ​គឺ​យើង​បោះបង់​ចោល​វប្បធម៌​ចាស់​ ទម្លាប់​ចាស់​ ចេះ​តែ​ចាំតែ​កំចាត់​គ្នា»។​

លោក​គល់ បញ្ញា​បាន​ថ្លែង​ថា ​គណបក្ស​នយោបាយ​កម្ពុជា​គួរ​ជ្រើសរើស​ប្រព័ន្ធ​ណា​មួយ​ ដូចជា​នៅ​ក្នុង​ប្រទេស​អង់គ្លេស​ឬ​អូស្ត្រាលី​និង​ប្រទេស​ផ្សេង​ទៀត​ ឲ្យ​បាន​ច្បាស់​ ប្រសិន​បើ​ប្រព័ន្ធ​ស.រ.អា.​មិន​អាច​ត្រូវ​នឹង​លក្ខណៈ ឬ​ស្ថានភាព​នយោបាយ​ប្រទេស​កម្ពុជា ​ដែល​កាន់​តាម​របប​សភា​និយម។

លោក​គុជ ​ច័ន្ទលី ​អ្នក​វិភាគ្យ​ឯករាជ្យ​ម្នាក់​ក្នុង​រដ្ឋម៉ារីឡែន ​(Maryland)​បាន​ថ្លែង​ថា ​ក្នុង​ស.រ.អា.​ដែល​កាន់​របប​ប្រធានាធិបតី​និយម​មែន ​តែ​សភា​គេ​មាន​អំណាច​ខ្លាំង​ណាស់​ ហើយ​មេដឹក​នាំ​សំឡេង​ភាគតិច​ក្នុង​សភា​ មាន​អំណាច​អាច​កោះហៅ​ប្រធានាធិបតី​ មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​មកសាក​សួរ​លើ​បញ្ហា​ជាតិ​ជា​ច្រើន​បាន។​

«ពីព្រោះ​មេដឹក​នាំ​ខាង​គណបក្ស​សំឡេង​ភាគតិច​មាន​តំណាង​របស់​ខ្លួន​ជា​សមាជិក​សភា​ជា​ច្រើន ​និងតំណាង​ឲ្យ​ប្រជា​ពលរដ្ឋ​ទៀត។​ តំណាង​ប្រជា​ពលរដ្ឋ​ហ្នឹង​មាន​សិទ្ធិ​ ទោះបី​សំឡេង​ភាគតិចក្តី​ តែ​រដ្ឋ​ធម្មនុញ្ញ​បាន​ចែង​មក​ហើយ​ថា សំឡេង​ភាគតិច​ហ្នឹង​មាន​សិទ្ធិ​ពេញ​លេញ​ក្នុង​ការ​កោះហៅ​ ប្រធានាធិបតី​ក្តី​ ឬ​ក៏​មន្ត្រី​ណា​មួយ​ លេខាធិការ​ណាមួយ​ដែល​ធ្វើ​ការ​បម្រើ​ ក្រសួង​សាធារណៈ​ហ្នឹង​ មក​សាក​សួរ ​មក​ឲ្យ​បំភ្លឺ​ មក​ឲ្យ​ពន្យល់​បានគ្រប់​ពេល​វេលា»។​

គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ ដែល​កាន់​កាប់​អំណាច​ជិត​បី​ទស្សវត្សរ៍​នេះ​ ទទួល​បាន​សំឡេង៦៨​អាសនៈ​ក្នុង​រដ្ឋសភា ​ហើយ​គណបក្ស​សង្គ្រោះ​ជាតិ​របស់​លោក​ សម រង្ស៉ី​និង​លោក​កឹម សុខា​ទទួល​បាន​សំឡេង​៥៥​អាសនៈ​ក្នុង​រដ្ឋសភា​សរុប​១២៣​អាសនៈ​ ក្រោយ​លទ្ធផល​ដ៏​ចម្រូង​ចម្រាស​នៃ​ការ​បោះឆ្នោត​ជាសាកល​កាលពី​ខែ​ក្កដា​ឆ្នាំ​២០១៣​កន្លង​មក។ ​គណបក្ស​ជំទាស់​កន្លង​មក​ត្រូវ​គេ​កត់​សម្គាល់ឃើញ​ថា​ មាន​ឱកាស​តិចតួច​ក្នុង​ការ​បញ្ចេញ​មតិ​ក្នុង​វេទិកា​សភា​ដើម្បី​ការពារ​ពលរដ្ឋ​ដែល​មាន​បញ្ហា​ដីធ្លី ​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​និង​ការ​អនុម័ត ​ឬ​កែប្រែ​សេចក្តី​ព្រាងច្បាប់​នានា ​ហើយ​នឹង​ការ​កោះ​ហៅ​នាយក​រដ្ឋមន្ត្រី​និង​មន្ត្រី​រាជ​រដ្ឋាភិបាល​មក​ឆ្លើយ​បំភ្លឺ​ជា​ដើម​នោះ៕

XS
SM
MD
LG