ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកវិភាគ​មាន​ទុទ្ទិដ្ឋិនិយម​លើ​​កិច្ច​ព្រម​ព្រៀង​នយោបាយ


លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ និយាយ​ទៅ​កាន់​​ លោក​ សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​អំឡុង​ពេល​សម្រាក​​ពី​កិច្ចប្រជុំ​មួយ​នៅ​ក្នុង​​មន្ទីរ​រដ្ឋសភា​ជាតិ​នៅ​ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៤។
លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ និយាយ​ទៅ​កាន់​​ លោក​ សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​អំឡុង​ពេល​សម្រាក​​ពី​កិច្ចប្រជុំ​មួយ​នៅ​ក្នុង​​មន្ទីរ​រដ្ឋសភា​ជាតិ​នៅ​ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៤។

ការព្រម​ព្រៀង​នយោបាយ​នាពេល​បច្ចុប្បន្ន​នេះ​មិន​ទាន់​វិវត្ត​ន៍​ទៅរក​ស្ថានភាព​មួយ​ដែល​នឹង​ជួយ​ជំរុញ​ឱ្យ​មាន​បរិយាកាស​នយោបាយ​ប្រកបដោយ​លទ្ធិប្រជាធិបតេយ្យ​យ៉ាងសកម្ម​ដូច​ដែល​អ្នក​នយោបាយ​អះអាង​នោះទេ។ វាគឺ​គ្រាន់​តែ​ជា​ការ​ដោះទាល់​មួយ​គ្រា​តែ​ប៉ុណ្ណោះ។ នេះ​បើតាមអ្នក​វិភាគ​បាន​លើក​ឡើង។​

គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​គណបក្ស​កាន់អំណាច​និង​គណបក្ស​សង្គ្រោះជាតិបាន​ព្រម​ព្រៀង​គ្នា​ជាច្រើន​ចំណុច​បន្ទាប់ពី​ការបោះឆ្នោត​ជាតិ​ថ្ងៃ​ទី​២៨​ខែកក្កដាដើម្បី​ដោះស្រាយ​ការជាប់​គាំង​នយោបាយ​ដែល​មាន​រយៈ​ពេល​ជិត​មួយឆ្នាំ។

កិច្ច​ព្រម​ព្រៀងទាំងនោះក៏​មាន​ការ​ផ្តល់​សិទ្ធិ​ឱ្យ​គណបក្ស​សង្គ្រោះជាតិ​មាន​ស្ថានីយ៍​ទូរទស្សន៍​មួយ ការបង្កើត​ស្ថាប័ន​បោះឆ្នោត​ជាតិ​មួយ​ដែល​ឯករាជ្យ និង​ការផ្តល់​អំណាច​ឱ្យ​ប្រធាន​ក្រុម​គណបក្ស​ក្រៅរដ្ឋាភិបាល​មាន​ឋានៈ​ស្មើ​នាយករដ្ឋ​មន្ត្រី​ជាដើម។

ទាញ​យក​ពី​តំណភ្ជាប់​ដើម

លោក​អ៊ូ វីរៈ​ ប្រធានក្រុមប្រឹក្សា​ភិបាល​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា។
លោក​អ៊ូ វីរៈ​ ប្រធានក្រុមប្រឹក្សា​ភិបាល​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា។

លោក​អ៊ូ វីរៈ​ ប្រធានក្រុមប្រឹក្សា​ភិបាល​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​បញ្ជាក់​ក្នុង​កម្មវិធី​ Hello VOA ប្រចាំ​ខែថា៖​

«កិច្ចព្រម​ព្រៀង​សម្រាប់​តែ​ស្ថានការណ៍​នាពេលបច្ចុប្បន្ន​ប៉ុន្តែ​អត់​មាន​អ្វី​ដែល​ជា​គោលការណ៍​ជាក់​លាក់​ថាតើ​វា​នឹង​អនុវត្ត​នៅ​ពេល​ណា​ដែល​ស្ថានភាព​មានការ​កែប្រែ»។​

លោក​បាន​បន្ថែម​ថា៖​

«ក្នុង​កិច្ច​ព្រម​ព្រៀង​ណា​ក៏ដោយ​ ច្បាប់​ណា​ក៏ដោយ​ក៏ត្រូវ​តែ​ចងក្រង​ដើម្បី​ធ្វើម៉េច​ឱ្យ​វាសម​ស្រប​ត្រូវ​គ្រប់​ពេល​វេលា​ហើយ​ត្រូវ​គ្រប់​កាលៈ​ទេសៈ​ហើយ​ប្រសិន​បើ​ខ្លឹម​សារ​ច្បាប់​មិន​ត្រូវ​គ្រប់​ពេល​វេលា​មិនត្រូវ​គ្រប់​ពេល​វេលា​បាន​ន័យ​ថា​ប្រជាធិបតេយ្យ​របស់​យើង​មិន​ទាន់​ក្លាយ​ទៅ ជា​ប្រជាធិបតេយ្យ​រឹង​មាំជាប្រព័ន្ធ​ទេ»។​

លោកអ៊ូ វីរៈ បាន​សម្តែង​ទុទ្ទិដ្ឋិនិយម​ចំពោះ​ការ​ដែល​មាន​ទូរទស្សន៍​របស់​គណបក្ស​ថា​មិន​អាច​ធានា​បាន​ថា​នឹង​មក​ផ្សាយ​ព័ត៌មាន​ឯករាជ្យនោះទេដោយ​លោក​លើក​ឡើង​ថា​គោលការណ៍​ប្រជាធិបតេយ្យ​គឺ​ត្រូវ​ឱ្យ​ទូរទស្សន៍​ទាំង​១០​ស្ថានីយ៍​ (គណបក្ស​ប្រជាជនកម្ពុជា​មាន ​៩​ និងគណបក្សសង្គ្រោះជាតិនឹង​មាន១) ​ទៅ​ជា​ឯករាជ្យ​ទាំង​ស្រុង។

លោក​បានបន្ថែមថាអ្វី ដែល​លោកព្រួ​យ​បារម្ភ​មែន​ទែនគឺ​ទូរទស្សន៍​៩​ផ្សព្វផ្សាយ​ទិដ្ឋភាព​ម្ខាង ទូរទស្សន៍​មួយ​ទៀត​ផ្សាយ​មួយ​ចំហៀង​ទៀតដូច្នេះ​អាចធ្វើ​ឱ្យ​ពិបាក​ដល់​ពលរដ្ឋ​ដែល​មើល​ទូរទស្សន៍​ទាំង​សងខាង​។​

លោក​បន្ថែម​ថា៖​

«បើ​អ្នក​មើល​គណបក្ស​ប្រជាជន​ឃើញ​ប្រទេស​ផ្សេង។ អ្នក​មើល​ទូរទស្សន៍​សង្គ្រោះជាតិ​ឃើញ​ប្រទេស​ផ្សឹង​គឺ​យើង​ឃើញ​ប្រទេស​កម្ពុជា​មួយ​ប្រេះ​ឆា​មែន​ទែន»។​

លោក​វីរៈ ក៏​សម្តែងការ​ព្រួយបារម្ភ​ពី​សមាសភាព​សមាជិក​គ.ជ.​ប.ទី៩ ដែល​គេ​ដឹង​គ្រប់​គ្នា​ថា​គឺ​លោកស្រី ពុង ឈីវកេក​ដែល​មាន​សញ្ជាតិ​កម្ពុជា កាណាដា​និង​បារាំងថា​តើ​គាត់​អាច​នឹង​សុខចិត្ត​បោះបង់​ចោលសញ្ជាតិ​ទាំង​នោះដើម្បី​ទទួល​យក​តួរនាទី​នៅ​ក្នុង​ស្ថាប័ន​បោះឆ្នោត​ជាតិ​ដែល​ច្បាប់​បាន​តម្រូវ​ឱ្យ​មាន​សញ្ជាតិ​ខ្មែរ​តែមួយដែរ​ឬទេ។​

ប៉ុន្តែ​ លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះជាតិ​បាន​បញ្ជាក់​តាម​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ដោយ​ការពារ​កិច្ច​ព្រម​ព្រៀង​ដែល​សម្រេច​បាន​ថា​៖

«អ្វីៗ​ដែល​គណបក្ស​សង្គ្រោះជាតិ​ស្នើ​ ហើយ​ទទួលបាន​ជា​បណ្តើរ​ៗ​មិនមែន​សម្រាប់​បម្រើ​ផលប្រយោជន៍​គណបក្ស​ណាមួយ​ឬ​បុគ្គល​ណាម្នាក់​ ហើយ​មិន​មែន​សម្រាប់​ឆ្លើយ​តប​នឹង​ស្ថានការណ៍​បច្ចុប្បន្ន​ប៉ុណ្ណោះទេ។ អ្វីៗ​ដែល​យើង​ខិតខំ​សម្រេច​ពេល​នេះ គឺ​ដើម្បី​អនាគត​វែង​ឆ្ងាយ​នៃ​ប្រទេស​កម្ពុជា​ដើម្បី​គណបក្ស​ផ្សេងៗ​ទៀត​និង​អ្នក​ដឹកនាំ​ដទៃ​ទៀត​ដែល​នឹង​មក​បំពេញ​តួនាទី​របស់​ខ្លួន​ក្នុង​រយៈ​ពេល​រាប់​សិបឆ្នាំ​ទៅមុខ​ទៀត»។​

លោក​សម រង្ស៊ី ក៏​បាន​ហៅ​អ្វី​ដែល​គណបក្ស​លោក​ទាមទារ​បាន​នេះ​ថា​ជា​«ជំហាន​ដ៏​សំខាន់​ឆ្ពោះ​ទៅរក​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ដែល​ទើបតែ​រួចផុត​ពី​របបផ្តាច់​ការ»។

មាន​តែ​គណបក្ស​ធំៗ​ពីរ​ប៉ុណ្ណោះ​ដែល​ទទួល​បា​ន​អាសនៈ​នៅ ក្នុង​សភាជាតិ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន​អាសនៈ​ចំនួន​៦៨ ហើយ​គណបក្ស​សង្គ្រោះជាតិ​ទទួលបាន​៥៥​អាសនៈ។ នេះ​ជាលើក​ទីមួយ​ដែល​គណបក្ស​កាន់​អំណាច​បាត់​បង់​អាសនៈ​ក្នុង​ការ​បោះឆ្នោត​ជាតិ​ដែល​លោក​វីរៈ​យល់​ថា​គណបក្ស​ប្រឆាំង​គួរ​ប្រើ​ឱកាស​នេះ​ដើម្បី​ទាញ​ប្រទេស​មក​ឱ្យ​ដើរ​តាម​លំអាន​ប្រជាធិបតេយ្យ​ពិតប្រាកដ​មួយ​ហើយ​លោក​យល់​ថា​ការបង្កើត​រដ្ឋាភិបាល​ស្រមោល​ដើម្បី​តាម​ដាន​ការងារ​របស់​រដ្ឋាភិបាល​ដូច​ដែល​មាន​ប្រើ​នៅ​ក្នុង​ប្រទេស​ដែល​ប្រកាន់​របប​សភានិយម​ដូច​កម្ពុជា​ទើប​ជា​រូបមន្ត​សម​ស្រប​ជាង​សភាបែប​សហរដ្ឋ​អាមេរិក។

«តាម​ពិត​រូបមន្ត​ហ្នឹង​ទេ​ដែល​សម​ស្រប​ជាមួយ​នឹងរបប​ប្រជាធិបតេយ្យសភា​និយម​ដូចជា​កម្ពុជា​មិន​មែន​សហរដ្ឋ​អាមេរិក​។​ យើង​យក​រូបមន្ត​សហរដ្ឋ​អាមេរិក​មក​ប្រើ​គឺ​ខុស​ទាំងស្រុង ហើយ​វា​បង្ក​បញ្ហា​ផ្សេងទៀត​ក្នុង​ការ​ពង្រឹង​ប្រព័ន្ធ​ប្រជាធិបតេយ្យ​របស់​យើង»៕

XS
SM
MD
LG