ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ការ​ស្ទង់មតិ៖ ពលរដ្ឋ​ជាង​៥៦%​មិន​ពេញ​ចិត្ត​នឹង​កិច្ចការ​រដ្ឋាភិបាល​មួយ​ឆ្នាំ​មក​នេះ

  • ហេង រស្មី

អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​និង​កម្មករ​កាត់ដេរ ​ធ្វើ​បាតុកម្ម​នៅ​ទី​លាន​ប្រជាធិបតេយ្យ​ក្រុង​ភ្នំពេញ​​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​ធ្នូ​ ឆ្នាំ​២០១៣។

យោង​តាម​លទ្ធផល​នៃ​ការ​ស្ទង់មតិ​របស់​អង្គការ​ខុមហ្រ្វែល​បាន​រក​ឃើញ​ថា​ ​មាន​ប្រជាពលរដ្ឋ​ប្រមាណ​៥៦,៦%​មិន​ពេញ​ចិត្ត​នឹង​គោល​នយោបាយ​រដ្ឋាភិបាល​អាណត្តិ​ទី​៥​រយៈ​ពេល​មួយ​ឆ្នាំ​កន្លង​ទៅ​នេះទេ​ ​ហើយ​មានតែប្រជា​ពលរដ្ឋ​ប្រមាណ​៤៤,៤%​តែ​ប៉ុណ្ណោះ​ដែល​បាន​និយាយ​ថា ​បាន​ពេញ​ចិត្ត​ខ្លះ​ និង​មិន​ពេញ​ចិត្ត​ខ្លះ។​

លទ្ធផល​នៃ​ការ​ស្ទង់​មតិ​នេះ​បាន​ធ្វើ​ឡើង​រយៈពេល​តែមួយ​ថ្ងៃ​ប៉ុណ្ណោះទៅ​លើ​ប្រជា​ពលរដ្ឋ​ប្រមាណ​២៥០​នាក់​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ​ និង​នៅ​ក្នុង​ខេត្ត​សៀម​រាប ​ដែល​គណៈ​កម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​ និង​យុត្តិ​ធម៌​នៅ​កម្ពុជា​ ដែល​ហៅ​កាត់​ថា«ខុមហ្រែ្វល»​បានរៀបចំ​ឡើង។​

របាយ​ការណ៍​ ដែល​មាន​កម្រាស់១០០​ទំព័រ​របស់​ខុមហ្វ្រែល​ ហើយ​ដែល​បាន​ចេញ​ផ្សាយ​កាល​ពីថ្ងៃ​ច័ន្ទ​ បាន​បញ្ជាក់​ថា​ ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ​ដំបូង​នៃ​រដ្ឋសភា​នីតិកាល​ទី​៥​នេះ​ រាជ​រដ្ឋាភិបាលដែល​ដឹក​នាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​សម្រេច​ពេញ​លេញ​នូវ​ការ​បំពេញ​ និង​អនុវត្ត​គោល​នយោបាយ​ចំនួន​៦​ក្នុង​ចំណោម​គោល​នយោបាយ​ទាំង​១៦​នៃ​គោល​នយោបាល​ដែល​មាន​សូចនាករ​ច្បាស់​លាស់។​

គោល​នយោបាយ​ទាំង​នោះ ​រួម​មាន​កំណើន​សេដ្ឋកិច្ច​៧%​ក្នុង​មួយ​ឆ្នាំ​ ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​អត្រា​១%​ក្នុង​មួយ​ឆ្នាំ​ ការ​បញ្ឈប់​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ ការ​រៀប​ចំ​គោល​នយោបាយ​ដឹក​ជញ្ជូន​ទី​ក្រុង​ និង​គោល​ដៅ​នៃ​ចំនួន​ទេសចរ​ពី​ក្រៅ​ប្រទេស។

ចំណែក​គោល​នយោបាយ​ចំនួន​៧​ ដែល​រួម​មាន​រក្សា​ផ្ទៃ​នេសាទ​ទឹក​សាប​ ការ​ចុះ​បញ្ជី​ដីធ្លី​ ការ​កសាង​គោល​នយោបាយ​ជាតិ​ស្តីពី​សិទ្ធិ​លំនៅ​ដ្ឋាន​ ប្រជាជន​ទទួល​សេវា​ទឹក​ស្អាត​ និង​គោល​នយោបាយ​ជាតិ​ស្តីពី​មុខ​របរ​និង​ ការ​ងារ​ រាជ​រដ្ឋាភិបាល​បាន​អនុវត្ត​ ឬ​សម្រេច​បាន​ខ្លះ។​

ចំណែក​ឯ​គោល​នយោបាយ​ចំនួន​៣ ​គឺ​គោល​នយោបាយ​នាំ​ចេញ​អង្ករ​ឲ្យ​បាន​១​លាន​តោន​នៅ​ក្នុង​ឆ្នាំ​២០១៥​ ការ​រក្សា​ផ្ទៃ​ដី​ដែល​គ្រប​ដណ្តប់​ដោយ​ព្រៃ​ឈើ​ និង​ការ​ដាក់​ឲ្យដំណើរ​ការ​របប​ប្រាក់​សោធន​និវត្តន៍​សម្រាប់​កម្មករ​និយោជិត​ក្នុង​វិស័យ​ឯក​ជន​នោះ​ រដ្ឋាភិបាល​អនុវត្ត​មិន​បាន​សម្រេច​តាម​ការ​សន្យា​របស់​ខ្លួន​ទេ។​

លោក​យង់ គឹមអេង​ សមាជិក​គណៈ​កម្មាធិការ​នាយក​របស់ខុម​ហ្វ្រែល​ និងជា​ប្រធាន​មជ្ឈមណ្ឌល​ប្រជា​ពលរដ្ឋ​ដើម្បី​អភិវឌ្ឍ​ និង​សន្តិភាព​មាន​ប្រសាសន៍​ថា​ មូល​ហេតុ​ដែល​ប្រជា​ពលរដ្ឋ​មិន​ពេញ​ចិត្ត​នឹង​រដ្ឋាភិបាល​រយៈ​ពេល​មួយ​ឆ្នាំ​កន្លង​ទៅ​នេះ​គឺ​ដោយ​សារ​តែ​«រដ្ឋាភិបាល​កន្លង​មក​ធ្វើ​បាន​តិច។​ ​ការ​ចុះ​បញ្ជី​ដីធ្លី​មិន​បាន​ទាំង​ស្រុង​ ហើយ​បញ្ហា​ដីធ្លី​ចេះ​តែ​មាន​បញ្ហា​ជំលោះ​ដីធ្លី​ចេះ​តែ​កើត​មាន​ច្រើន។ ​អញ្ចឹង​គេមិន​សូវ​ពេញ​ចិត្ត»។​

លោក ​ផៃ ស៊ីផាន​ អ្នក​នាំពាក្យ​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​ មាន​ប្រសាសន៍​ថា ​រដ្ឋាភិបាលទើប​បាន​ធ្វើ​ជា​រៀង​រាល់​ខែ​ដើម្បី​វាយ​តម្លៃ​ ដែល​រដ្ឋាភិបាល​មាន​គោល​ការណ៍​ពីរ​ក្នុង​ដំណើរ​ការ​រៀប​ចំ​គោល​នយោបាយ​ក្នុង​រយៈ​ពេល​៥​ឆ្នាំ​គឺ​គោល​ការណ៍​វែង ​និង​គោល​ការណ៍​រំកិល​៣​ឆ្នាំ​ម្តង។​

លោក​បាន​និយាយ​ថា​ រដ្ឋាភិបាល​មិន​ដែល​ឲ្យតម្លៃ​ចំពោះ​ការ​ស្ទង់​មតិ​របស់​ខុម​ហ្វ្រែល​ទេ។

លោក​និយាយ​ថា៖​ «ខុមហ្រ្វែល​បាន​បង្ហាញ​អំពី​របាយ​ការណ៍​ខុស​ច្រើន​ណាស់​ តែ​យើង​ពិបាក​នឹង​ឲ្យតម្លៃ​យក​ជា​ផ្លូវការ​បាន។​ ​ដូច​ជា​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ រហូត​ដល់​គេ​រៀប​ចំ​អង្គការ​មួយ​ដែល​គេ​ហៅ​ថា​ អឺរ៉ា(ERA)»។

ក៏​ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណាក៏​ដោយ​ ក៏​ខុមហ្រ្វែល​បាន​លើក​ឡើង​នៅ​ក្នុង​ការ​វាយ​តម្លៃ​របស់​ខ្លួន​ថា ​រដ្ឋាភិបាល​អាណត្តិ​ទី​៥​នៃ​រដ្ឋ​សភានេះ​ខ្វះ​និត្យានុកូល​ភាព​ ដោយ​សារ​តែ​ការ​បង្កើត​រាជ​រដ្ឋាភិបាល​នេះ​មិន​ស្រប​តាម​នីតិវិធី​រដ្ឋ​ធម្មនុញ្ញ​ទេ​ ព្រោះ​ថា​ ការ​បោះ​ឆ្នោត​ផ្តល់​សេចក្តី​ទុក​ចិត្ត​លើ​សមាស​ភាព​រាជ​រដ្ឋាភិបាល​ធ្វើ​តាម​នីតិវិធី​បោះ​ឆ្នោត​ជា​កញ្ចប់៕

XS
SM
MD
LG