ការបង្រ្កាបគ្រឿងញៀនក្នុងទ្រង់ទ្រាយធំដែលមានជាហូរហែ និងថ្នាំញៀនប្រភេទមេតាហ្វេតាមីនមានតម្លៃថោកនៅតំបន់អាស៊ីអាគ្នេយ៍នៅក្នុងឆ្នាំនេះបង្ហាញថា ជំងឺកូវីដ១៩ មិនបានបង្អាក់លំហូរគ្រឿងញៀននៅតំបន់នេះនោះទេ ទោះបីជាការរាតត្បាតនៃជំងឺកូវីដ១៩ នេះ បាននាំឲ្យមានការបិទព្រំដែនក៏ដោយ។
ក្រុមអ្នកជំនាញនិយាយថា លើសពីទៀត ជំងឺកូវីដ១៩ បានបញ្ជាក់ពីភាពបត់បែនយ៉ាងឆាប់រហ័សនៃក្រុមជួញដូរគ្រឿងញៀនឆ្លងដែន ដែលគ្រប់គ្រងលើការជួញដូរថ្នាំញៀនមេតាហ្វេតាមីនចេញពីប្រទេសមីយ៉ាន់ម៉ា។
លោក Jeremy Douglas ប្រធានការិយាល័យអង្គការសហប្រជាជាតិផ្នែកគ្រឿងញៀន និងឧក្រិដ្ឋកម្មប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងតំបន់ប៉ាស៊ីហ្វិក (UNODC) បានប្រាប់ VOA ថា៖ «យើងគិតថា ការជួញដូរគ្រឿងញៀនគឺមានជាធម្មតានៅឆ្នាំ ២០២០ ដែលនេះអាចនិយាយបានថា ការផ្គត់ផ្គង់គ្រឿងញៀននៅតែកើនឡើង ដូចជាកាលពីពីរបីឆ្នាំមុននេះដែរ»។
លោក Douglas បានថ្លែងប្រាប់ VOA តាមទូរសព្ទពីទីក្រុងបាងកកថា៖ «ប្រសិនបើទិន្នន័យពីប្រទេសមីយ៉ាន់ម៉ា ថៃ វៀតណាម និងកម្ពុជាអាចចាត់ទុកជាសូចនាករបាន ហើយយើងគិតថា ទិន្នន័យទាំងនោះអាចប្រើជាសូចនាការបាន នោះការផ្គត់ផ្គង់គ្រឿងញៀននៅតំបន់មេគង្គគឺយ៉ាងហោចណាស់មានស្មើ ឬអាចខ្ពស់ជាងការផ្គត់ផ្គង់កាលពីឆ្នាំមុននៅក្នុងបណ្តាប្រទេសទាំងនោះ»។
តម្លៃថោក
តម្លៃថ្នាំញៀនមេតាហ្វេតាមីននៅតំបន់អាស៊ីអាគ្នេយ៍កាលពីឆ្នាំមុនគឺជាតម្លៃទាបបំផុតរួចទៅហើយក្នុងរយៈពេលមួយទសវត្សរ៍មកនេះ ទោះបីជាគុណភាពនៃថ្នាំញៀនប្រភេទនេះកាន់តែល្អជាងមុនក៏ដោយ។
ទិន្នន័យដែលប្រមូលដោយការិយាល័យ UNODC អំឡុងពេលមានការរាតត្បាតជំងឺកូវីដ១៩បង្ហាញថា តម្លៃថ្នាំញៀនមេតាហ្វេតាមីនក្នុងទម្រង់ជាម្សៅគ្រីស្តាល់ ឬទម្រង់ជាទឹកកក ដែលលក់ដូរនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងវៀតណាម មានតម្លៃស្មើនឹងកាលពីឆ្នាំ ២០១៩ ដែរ។ នៅប្រទេសកម្ពុជា តម្លៃថ្នាំ «យ៉ាបា» ដែលជាប្រភេទថ្នាំញៀនបានពីការលាយបញ្ចូលគ្នារវាងថ្នាំមេតាហ្វេតាមីន និងសារធាតុកាហ្វេអ៊ីន បានធ្លាក់ចុះប្រហែលពាក់កណ្តាល មកត្រឹមតិចជាងមួយដុល្លារប៉ុណ្ណោះក្នុងមួយគ្រាប់។ ការិយាល័យ UNODC និយាយថា ប្រទេសថៃក៏បានរាយការណ៍ពីការធ្លាក់ចុះដូចគ្នានៃតម្លៃថ្នាំមេតាហ្វេតាមីនប្រភេទទឹកកក និងថ្នាំយ៉ាបានៅចុងឆ្នាំ ២០១៩ និងនៅដើមឆ្នាំ ២០២០ ដែរ បើប្រៀបជាមួយនឹងរយៈពេលដូចគ្នានេះកាលពីឆ្នាំ២០១៨។
នាពេលប៉ុន្មានឆ្នាំថ្មីៗនេះ នៅតំបន់ត្រីកោណមាស ដែលជាតំបន់ជួញដូរគ្រឿងញៀនប្រភេទហេរ៉ូអ៊ីនជាយូរយារមកហើយ និងដែលស្ថិតនៅតំបន់ដាច់ស្រាល និងគ្មានច្បាប់គ្រប់គ្រងត្រឹមត្រូវរវាងប្រទេសឡាវ មីយាន់ម៉ា និងថៃ គេឃើញក្រុមជួញដូរគ្រឿងញៀនឆ្លងដែនបានកែប្រែតំបន់នេះទៅជាកន្លែងផលិតថ្នាំញៀនមេតាហ្វេមីនក្នុងស្តង់ដារខ្ពស់មួយនៅលើពិភពលោក។ នេះបើយោងទៅតាមការិយាល័យ UNODC។ ទីភ្នាក់ងារអង្គការសហប្រជាជាតិមួយនេះ ដែលត្រូវបានការពារដោយក្រុមសកម្មប្រយុទ្ធគាំទ្រដោយរដ្ឋាភិបាល និងកងកម្លាំងកុលសម្ព័ន្ធឧទ្ទាមនៅរដ្ឋ Shan ភាគខាងកើតប្រទេសមីយ៉ាន់ម៉ា បានឲ្យដឹងថា ថ្នាំញៀនពីក្រុមជួញដូរគ្រឿងញៀនបានឆ្លងកាត់ពាសពេញតំបន់អាស៊ីអាគ្នេយ៍ និងចូលមកក្នុងទីផ្សារដែលផ្តល់ការចំណេញច្រើនដូចជា នៅប្រទេសអូស្ត្រាលី និងជប៉ុនជាដើម។ ការិយាល័យ UNODC បានវាយតម្លៃទីផ្សារថ្នាំញៀនមេតាហ្វេតាមីននៅតំបន់អាស៊ីបូព៌ា និងតំបន់អាស៊ីអាគ្នេយ៍ថា មានតម្លៃប្រមាណ ៦១,៤ ពាន់លានដុល្លារក្នុងមួយឆ្នាំ។
ចាប់តាំងពីមានការរាតត្បាតជំងឺកូវីដ១៩ មក ការរឹបអូសគ្រឿងញៀននៅតែបន្ដធ្វើឡើងដូចកាលពីឆ្នាំ២០១៩ ដែរ ឬស្ទើរតែត្រូវបានធ្វើឡើងខ្លាំងជាងទៅទៀត។
កាលពីដើមខែកក្កដា អាជ្ញាធរថៃបាននិយាយថា ពួកគេរឹបអូសបានថ្នាំញៀនមេតាហ្វេតាមីនប្រភេទជាម្សៅគ្រីស្តាល់ ដែលកំពុងត្រូវបានជួញដូរទៅកាន់ប្រទេសម៉ាឡេស៊ីចំនួន ១,៤២ តោន។ កាលពីខែឧសភា អាជ្ញាធរមីយ៉ាន់ម៉ាបានប្រកាសពីការបង្រ្កាបគ្រឿងញៀនដ៏ធំបំផុតមួយនៅតំបន់អាស៊ីក្នុងរយៈពេលមួយទសវត្សរ៍មកនេះ ដោយរឹបអូសបានថ្នាំញៀនមេតាហ្វេតាមីនចំនួន ២០០ លានគ្រាប់ និងថ្នាំញៀនមេតាហ្វេតាមីនប្រភេទទឹកកកចំនួន ៥០០ គីឡូក្រាម។ អាជ្ញាធរក៏រឹបអូសបានសារធាតុគីមីខុសច្បាប់ដើម្បីផលិតគ្រឿងញៀនក្នុងសណ្ឋានរឹងចំនួន ៣៥ តោន និងសណ្ឋានរាវចំនួន ១៦៣.០០០ លីត្រ និងចាប់បានជនសង្ស័យចំនួន ៣៣ នាក់ផងដែរ។
ជាទូទៅ ការរឹបអូសកាន់តែច្រើនអាចនាំឲ្យមានការផលិតច្រើនជាងមុន ឬបង្ហាញថា មានការអនុវត្តច្បាប់ប្រសើរជាងមុន។ លោក Richard Horsey ទីប្រឹក្សាជាន់ខ្ពស់នៃអង្គការមិនស្វែងរកប្រាក់កម្រៃ International Crisis Group ដែលមានមូលដ្ឋាននៅប្រទេសមីយ៉ាន់ម៉ា បាននិយាយថា តម្លៃគ្រឿងញៀននៅរក្សាបានទាបបញ្ជាក់ពីការផលិតបានច្រើនជាងមុន។
លោកបានបន្តថា ដោយសារតែតម្លៃគ្រឿងញៀននៅថេរ វាជាសញ្ញាបង្ហាញយ៉ាងច្បាស់ថា ការរឹបអូសកាន់តែធំនាំឲ្យមានការផលិតឡើងវិញកាន់តែខ្លាំង ហើយប៉ូលិសគ្រាន់តែអាចរឹបអូសបានគ្រឿងញៀនដែលត្រូវបានផលិតឡើងកាន់តែច្រើននោះតែប៉ុណ្ណោះ»។
លោក Horsey បានប្រាប់ VOA តាមទូរសព្ទពីទីក្រុងយ៉ាងហ្គន ប្រទេសមីយ៉ាន់ម៉ា ថា៖ «ដូច្នេះ ខ្ញុំគិតថា ក្រុមឧក្រិដ្ឋជនឆ្លងដែន ដែលជាមេខ្លោងបណ្តាញជួញដូរគ្រឿងញៀននៅរដ្ឋ Shan បានបង្ហាញថា ពួកគេពិតជាអាចទប់ទល់នឹងបញ្ហាបង្កឡើងដោយជំងឺកូវីដ១៩ បាន»។
ផែនការបន្ដបន្ទាប់
លោក Horsey បានប្រដូចក្រុមជួញដូរគ្រឿងញៀននោះទៅនឹងអាជីវកម្មមួយចំនួនតូចដែលនៅតែជោគជ័យអំឡុងពេលមានការរាតត្បាតនៃជំងឺកូវីដ១៩ ដូចជា ក្រុមហ៊ុនលក់រាយផលិតផលតាមប្រព័ន្ធអ៊ីនធឺណិតគឺ ក្រុមហ៊ុន Amazon ដែលបានប្រើប្រាស់ទំហំដ៏ធំ ភាពវៃឆ្លាត និងលុយដ៏ច្រើន ដើម្បីសម្របយ៉ាងឆាប់រហ័សទៅតាមស្ថានភាពទីផ្សារដែលប្រែប្រួល។
លោកបាននិយាយថា៖ «ពួកគេមានខ្សែសង្វាក់ផ្គត់ផ្គង់ចាក់ស្រេះ។ នេះមានន័យថា ទោះបីជាមានការបិទព្រំដែនអ្វីក៏ដោយ ក៏ពួកគេនៅតែអាចរកវិធីផ្សេងដើម្បីជម្នះឧបសគ្គនេះបាន។ ពួកគេមានផែនការបន្ដបន្ទាប់រហូត»។
«ដូច្នេះ ពួកគេមានផ្លូវដឹកជញ្ជូនផ្សេងៗទៀត ដែលពួកគេតែងតែធ្វើការដឹកសាកល្បង និងកែច្នៃជាប់រហូត ក៏ដូចជា រក្សានូវជម្រើសដទៃទៀតទុក ដើម្បីធានាថា ប្រសិនបើផ្លូវដឹកជញ្ជូនចម្បងរបស់ពួកគេជួបបញ្ហា ពួកគេនៅមានជម្រើសជាច្រើនទៀត។ ហើយផែនការទាំងអស់នេះបានដំណើរការដោយរលូនអំឡុងពេលមានវិបត្តិជំងឺកូវីដ១៩»។
មធ្យោបាយដ៏ច្នៃប្រឌិតរបស់ក្រុមជួញដូរគ្រឿងញៀនក្នុងការដឹកជញ្ជូនគ្រឿនញៀនហាក់ដូចជាមានអំណោយផល។
លោក Horsey បាននិយាយថា ចាប់តាំងពីមានការបង្រ្កាបក្នុងទ្រង់ទ្រាយធំជាបន្តបន្ទាប់នាឆ្នាំនេះ ក្រុមជួញដូរគ្រឿងញៀនបានចាប់ផ្តើមប្ដូរការដឹកជញ្ជូនចេញពីប្រទេសមីយ៉ាន់ម៉ាតាមរយៈតំបន់ភាគខាងជើងរដ្ឋ Shan ទៅតំបន់ភាគខាងកើត និងភាគខាងត្បូងវិញ។ លោកបានបន្តថា ក៏មានសញ្ញាកាលពីដើមទីផងដែរ ដែលថា ពួកគេបានចាប់ផ្តើមធ្វើការនាំចេញថ្នាំញៀនមេតាហ្វេតាមីនប្រភេទទឹកកកពីប្រទេសមីយ៉ាន់ម៉ាតាមរដ្ឋ Rakhine នៅភាគខាងលិចប្រទេស ដោយប្រើប្រាស់តំបន់ឆ្នេរដើម្បីទៅអាចដល់តំបន់ឆ្នេរ Bay of Bengal បាន។
ការិយាល័យ UNODC និយាយថា ការរឹបអូសគ្រឿងញៀនទៅកាន់ប្រទេសមីយ៉ាន់នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះក៏បានបង្ហាញថា ក្រុមជួញដូរគ្រឿងញៀនក៏បានផ្លាស់ប្តូរគ្រឿងផ្សំថ្នាំញៀនមេតាហ្វេតាមីនផងដែរ តាមរយៈការជំនួស ឬបន្ថែមសារធាតុ Ephedrine ជាមួយនឹងល្បាយសារធាតុគីមីដទៃទៀត រួមមាន សូដ្យូម និង Benzyl Cyanide ដែលនេះឆ្លុះបញ្ចាំងបន្ថែមទៀតពីភាពបត់បែនរបស់ពួកគេ។
សារធាតុគីមីភាគច្រើនគឺមកពីប្រទេសចិន ដែលនៅជាប់នោះ។
ក្រុមអ្នកជំនាញនិយាយថា នៅខាងព្រំដែនប្រទេសមីយ៉ាន់ម៉ាឯណោះវិញ ក្រុមជីវពល និងមេក្រុមប្រដាប់អាវុធនៅតំបន់ស្វយ័តបានជួយសម្រួលទៅដល់ការជួញដូរនោះ។
លោក Tom Kramer អ្នកស្រាវជ្រាវនៃវិទ្យាស្ថាន Transnational Institute មានមូលដ្ឋាននៅប្រទេសមីយ៉ាន់ម៉ា ដែលសិក្សាពីការជួញដូរគ្រឿងញៀន និងជម្លោះកុលសម្ព័ន្ធនៅមីយ៉ាន់ម៉ា បាននិយាយថា ការជួយពីសំណាក់ក្រុមជីវពល និងមេក្រុមប្រដាប់នេះក៏បានជួយឲ្យក្រុមជួញដូរគ្រឿងញៀនគេចផុតពីការរឹតបន្តឹងតាមព្រំដែន ដែលត្រូវបានបង្កឡើងដោយការរាតត្បាតនៃជំងឺកូវីដ១៩ផងដែរ។
លោកបាននិយាយថា៖ «ផ្លូវដឹកជញ្ជូនគ្រឿងញៀនខុសច្បាប់ដទៃទៀតនៅតែមាន ហើយអ្វីដែលរដ្ឋាភិបាលកំពុងតែតាមដានគ្រប់គ្រងនោះពិតណាស់គឺ ផ្លូវជួញដូរគ្រឿងញៀនចម្បង»។
ដោយគិតពីទំហំនៃការដឹកជញ្ជូន លោក Tom Kramer បានសង្ស័យថា ការជួញដូរមួយចំនួនក៏បានឆ្លងផុតតម្រួតផ្លូវការ ហើយឆ្លងផុតដោយសារតែមានអំពើពុករលួយដ៏រ៉ាំរ៉ៃ។
លោកបានបន្ថែមថា ទោះបីជាមានការបិទសេដ្ឋកិច្ចក៏ដោយ «ក៏វានៅតែពាក់ព័ន្ធនឹងលុយច្រើន ហើយមនុស្សតែងតែអាចរកមធ្យោបាយផ្សេងៗ ដើម្បីនាំយកទំនិញផ្សេងៗចូលក្នុងប្រទេស។ ព្រំដែនមានចន្លោះប្រហោងយ៉ាងខ្លាំង ហើយវាមានការលំបាកយ៉ាងខ្លាំងនៅក្នុងការគ្រប់គ្រងលើទំនិញចេញចូល»។
ចំណែកទីផ្សារ
លោក Jeremy Douglas ប្រធានការិយាល័យអង្គការសហប្រជាជាតិផ្នែកគ្រឿងញៀន និងឧក្រិដ្ឋកម្មនៅតំបន់អាស៊ីអាគ្នេយ៍ និងតំបន់ប៉ាស៊ីហ្វិក (UNODC) មានមូលដ្ឋាននៅទីក្រុងបាងកក បានលើកឡើងថា ភាពងាយស្រួលដែលក្រុមជួញដូរគ្រឿងញៀននៅប្រទេសមីយ៉ាន់ម៉ាអាចបន្តប្រតិបត្តិការបានអំឡុងពេលមានការរាតត្បាតជំងឺកូវីដ១៩ ជួយឲ្យពួកគេទទួលបានចំណែកទីផ្សារពីលើគូប្រជែងដទៃទៀត ដែលត្រូវដឹកជញ្ជូនសារធាតុគីមីផលិតគ្រឿងញៀនតាមសមុទ្រ និងអាកាស ដោយសារខ្សែសង្វាក់ផ្គត់ផ្គង់ត្រូវបង្អាក់។
លោកបានបន្តថា៖ « ពួកគេមិនដែលមានបញ្ហារក្សានូវសង្វាក់ផលិតកម្មនោះទេ។ ពួកគេមានស្តុកសារធាតុគីមីយ៉ាងច្រើន និងបន្តទទួលបានសារធាតុគីមីដើម្បីបញ្ជូនទៅកន្លែងផលិតនៅតំបន់ត្រីកោណ ហើយពួកគេរក្សាផលិតកម្មបានក្នុងកម្រិតខ្ពស់ អំឡុងពេលមានការរាតត្បាតជំងឺកូវីដ១៩ ហើយពួកគេនៅតែបន្តផ្គត់ផ្គង់គ្រឿងញៀនជាប់រហូត»៕
ប្រែសម្រួលដោយលោក ណឹម សុភ័ក្រ្តបញ្ញា