អាជ្ញាធរកម្ពុជាបានឲ្យដឹងថា អាជ្ញាធរបង្រ្កាបគ្រឿងញៀនសរុបក្នុងឆ្នាំ២០១៨ បានជាង៥០០គីឡូក្រាមគឺមានការកើនឡើង៣៦០គីឡូក្រាម បើធៀបនឹងឆ្នាំ២០១៧ ខណៈបទល្មើសគ្រឿងញៀនក្នុងឆ្នាំ២០១៨មានចំនួនជាង៨ពាន់ករណី ថយចុះជាង១០០ករណី។
របាយការណ៍សរុបរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែល VOA ទទួលបាននៅថ្ងៃពុធនេះ បញ្ជាក់ថា ក្នុងមួយឆ្នាំពេញនៃឆ្នាំ២០១៨ រដ្ឋាភិបាលបង្ក្រាបគ្រឿងញៀននៅទូទាំងប្រទេសបានចំនួនជាង៨ពាន់ករណី(៨.០១៨ករណី)ថយចុះជាង១០០ករណី បើធៀបនឹងឆ្នាំ២០១៧។ ឃាត់ខ្លួនមនុស្ស១៦.២៣២នាក់(ស្រី១.៣៤៣នាក់)ក្នុងនោះមានជនបរទេស៣១០នាក់ ត្រូវនឹង២៤សញ្ជាតិ។
ក្នុងចំណោមបទល្មើសដែលបង្ក្រាបបានទាំងជាង៨ពាន់ករណី មានករណីជួញដូរ រក្សាទុក កែច្នៃ ចាត់ចែង ដាំដុះចំនួន៥.០៦១ករណី ឃាត់ខ្លួនចំនួន៩.០៩៩នាក់ និងករណីប្រើប្រាស់ចំនួន២.៩៥៧ ឃាត់ខ្លួនមនុស្សចំនួន៧.១៣៣នាក់ (ស្រី៤២៦នាក់)។
សមត្ថកិច្ចរឹបអូសសារធាតុញៀនគ្រប់ប្រភេទបានចំនួនជាង៥៣៣គីឡូក្រាម និង៣៧០កញ្ចប់ កញ្ឆាក្រៀមជាង៧៤គីឡូក្រាម និង១៦.៤៩២៥ដើម។
យោងតាមរបាយការណ៍នេះ គេឃើញថា ចំនួននៃបទល្មើសគ្រឿងញៀនមានការថយចុះ ប៉ុន្តែគ្រឿងញៀនដែលចាប់យកបានមានចំនួន៥៣៣គីឡូក្រាម កើនឡើងចំនួន៣៦០គីឡូក្រាម បើធៀបនឹងឆ្នាំ២០១៧ ចាប់បានចំនួន១៧៣គីឡូក្រាម។
លោកមាស វិរិទ្ធ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រាប់ VOA នារសៀលថ្ងៃពុធនេះថា មូលហេតុដែលបទល្មើសគ្រឿងញៀនថយចុះ ប៉ុន្តែចំនួនគ្រឿងញៀនកើនឡើងគឺដោយសារសមត្ថកិច្ចបង្រ្កាបបានបទល្មើសធំៗច្រើន ស្របពេលដែលស្ថានភាពនៃការជួញដូរគ្រឿងញៀនក្នុងពិភពលោកនៅតែបន្តកើតមាន។
លោកបញ្ជាក់ថា៖
«ស្របពេលដែលនិន្នាការគ្រឿងញៀនពិភពលោកមានសកម្មភាពហាក់ដូចជាគ្រោះថ្នាក់ មិនមានសញ្ញាណាមួយថមថយ អ៊ីចឹងកម្ពុជាក៏មិនអាចគេចផុតអំពីការសាយភាយ ដោយសារចរាចរគ្រឿងញៀនឆ្លងកាត់ពីតំបន់ផលិតក៏ដូចទីផ្សារនៃការប្រើប្រាស់។ ដូច្នេះសមត្ថកិច្ចត្រូវខិតខំបង្កើនការយកចិត្តទុកដាក់បន្ថែមទៀត ទោះបីយើងសម្រេចបានលទ្ធផលគួរឲ្យកត់សម្គាល់ក៏ពិតមែន»។
របាយការណ៍របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនចេញកាលពីឆ្នាំមុន បញ្ជាក់ថា ក្នុងមួយឆ្នាំពេញនៃឆ្នាំ២០១៧ រដ្ឋាភិបាលបង្ក្រាបគ្រឿងញៀននៅទូទាំងប្រទេសបានចំនួនជាង៨ពាន់ករណី(៨.១៧៣ករណី) ឃាត់ខ្លួនជនសង្ស័យចំនួនជិត១ម៉ឺន៨ពាន់នាក់(១៧.៧៩៥នាក់) គ្រឿងញៀនដែលចាប់បានមានចំនួន១៧៣គីឡូក្រាម និង៨៨៦កញ្ចប់ កញ្ឆាក្រៀមជាង១១៣គីឡូក្រាម និង២៧៥.៨១៥ដើម និងមានអ្នកប្រើប្រាស់សរុបចំនួនជាង១ម៉ឺន៤ពាន់នាក់ (១៤.៣៥៣នាក់)។
រដ្ឋាភិបាលកម្ពុជាបានប្រកាសបើកយុទ្ធនាការបង្រ្កាបគ្រឿងញៀនទ្រង់ទ្រាយធំ ចាប់តាំងពីចុងឆ្នាំ២០១៦មក។ ក្រោយការប្រកាសបើកយុទ្ធនាការនោះ គេឃើញថា ករណីគ្រឿងញៀនត្រូវបង្ក្រាបបានយ៉ាងគំហុក ដោយមានទាំងការរកឃើញថា មានការជួញដូរគ្រឿងញៀនក្នុងពន្ធនាគារ និងការបញ្ជាឲ្យមានការជួញដូរពីក្នុងពន្ធនាគារជាដើម។ ការបង្ក្រាបយ៉ាងគំហុកនេះក៏បានបណ្តាលឲ្យមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលបង្ហាញការបារម្ភថា កម្ពុជាខ្វះពន្ធនាគារសម្រាប់ដាក់ជនល្មើសទៀតផង។
ខណៈយុទ្ធនាការបង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំរបស់រដ្ឋាភិបាលចាប់ផ្តើមប្រតិបត្តិការជាបន្តបន្ទាប់នោះ អ្នកឃ្លាំមើលសង្គមបានរិះគន់ថា រដ្ឋាភិបាលបង្ក្រាបបានតែអ្នកប្រើប្រាស់ និងអ្នកជួញដូរតូចតាច តែមិនបង្រ្កាបបានអ្នកជួញដូរធំៗ។ ពួកគេក៏បានលើកឡើងថា ការបង្ក្រាបដែលមានប្រសិទ្ធភាពបំផុតគឺត្រូវផ្ដោតលើអ្នកជួញដូរគ្រឿងញៀនធំៗ ដែលជាឫសគល់នៃការកើនឡើងនៃចរាចរ និងប្រើប្រាស់គ្រឿងញៀន៕