បទល្មើសគ្រឿងញៀនក្នុងឆ្នាំ ២០១៧ កើនឡើងជាង៩០% បើធៀបទៅនឹងឆ្នាំ ២០១៦ ខណៈអាជ្ញាធរ ចាប់ខ្លួនមនុស្សជិត១ម៉ឺន៨ពាន់នាក់ រួមទាំងគ្រឿងញៀនជិត៣០០គីឡូក្រាម។ នេះបើតាមរបាយការណ៍របស់អាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន។
ក្នុងរបាយការណ៍ស្តីពីលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០១៧ និងលើកទិសដៅការងារឆ្នាំ២០១៨ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលចែកឱ្យអ្នកសារព័ត៌មាននៅថ្ងៃច័ន្ទនេះ បញ្ជាក់ថា ក្នុងមួយឆ្នាំពេញនៃឆ្នាំ២០១៧ រដ្ឋាភិបាលបង្ក្រាបគ្រឿងញៀននៅទូទាំងប្រទេសបានចំនួនជាង៨ពាន់ករណី (៨,១៧៣ករណី) កើនឡើងជិត៤ពាន់ករណី (៣,៩២៧ករណី) បើធៀបនឹងឆ្នាំ២០១៦។ ក្នុងនោះសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួនជិត១ម៉ឺន៨ពាន់នាក់ (១៧,៧៩៥នាក់) កើនឡើងចំនួនជាង៧ពាន់នាក់ (៧,៣៤៩នាក់)។
របាយការណ៍របស់អាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀនដែលមានកម្រាស់ជាង៥០ទំព័រដដែលនោះ បន្ថែមថា គ្រឿងញៀនដែលចាប់យកសរុបមានចំនួនជិត៣០០គីឡូក្រាម (២៩៦.៥២១គីឡូក្រាម) និងមានអ្នកប្រើប្រាស់សរុបចំនួនជាង១ម៉ឺន៤ពាន់នាក់ (១៤,៣៥៣នាក់)។
ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀនប្រចាំឆ្នាំកាលពីថ្ងៃច័ន្ទនេះ លោក កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្លែងថា ការនាំចូលគ្រឿងញៀនពីប្រទេសផ្សេងៗតាមច្រកព្រំដែន នៅតែមានអត្រាខ្ពស់ជាងតំបន់ផ្សេងៗ។
លោក កែ គឹមយ៉ាន បញ្ជាក់ថា៖
«ការចរាចរ [គ្រឿងញៀន] ចូលប្រទេសយើងមាន ជើងគោក មានជើងអាកាស តាមប្រៃសណីយ៍ តាមព្រលានយន្តហោះ។ ប៉ុន្តែច្រើនគឺតាមច្រកទិសឦសាននេះតែម្តង គឺរាប់សិបគីឡូ។ ឆ្នាំនេះជាង១០០គីឡូ។ ចំណុចដោះស្រាយត្រូវធ្វើយ៉ាងម៉េចទប់ស្កាត់ពីក្រៅមកឲ្យបាន។ ហើយក្រៅពីហ្នឹងមានច្រកព្រំដែនដទៃទៀត មានជាមួយវៀតណាម ជាមួយថៃ»។
លោក កែ គឹមយ៉ាន បានបន្ថែមដោយជំរុញឲ្យមន្រ្តីពាក់ព័ន្ធបង្កើនការទប់ស្កាត់ និងបង្រ្កាបការចរាចរគ្រឿងញៀនឲ្យកាន់តែមានប្រសិទ្ធភាព។
ក្នុងឆ្នាំ២០១៦ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានបង្ក្រាបបទល្មើសគ្រឿងញៀនជាង៤ពាន់ករណី ចាប់ជនសង្ស័យបានជិត១ម៉ឺននាក់ និងរឹបអូសគ្រឿងញៀនបានជាង១៧៥គីឡូក្រាម៕