ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​បន្ត​ជម្រះ​ក្តី​ពាក់ព័ន្ធ​នឹង​មាតុភូមិ​និវត្តន៍​របស់​លោក សម រង្ស៊ី ដោយ​គ្មាន​វត្តមាន​ជន​ជាប់ចោទ


រូបឯកសារ៖ អគារ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ថត​នៅ​ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១។ (ហ៊ុល រស្មី/វីអូអេ)
រូបឯកសារ៖ អគារ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ថត​នៅ​ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១។ (ហ៊ុល រស្មី/វីអូអេ)

​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅថ្ងៃ​ព្រហស្បតិ៍​នេះ​ បាន​បន្ត​សវនាការ​សំណុំ​រឿង​ដ៏​ចម្រូងចម្រាស​ពាក់​ព័ន្ធ​នឹង​ផែនការ​វិល​ត្រឡប់​មិន​ជោគ​ជ័យ​របស់​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ដោយ​ការ​អាន​តែ​កំណត់​ហេតុ​នៃ​ចម្លើយ​របស់​ជន​ជាប់ចោទ​មួយ​រូប​ឈ្មោះ​ ហ៊ិន ឆាន​ ដែល​ជា​អតីត​នៃ​សមាជិក​ក្រុម​ប្រឹក្សា​គណបក្ស​នេះ ​ប្រចាំ​ស្រុក​រមាស​ហែក​ ខេត្ត​ស្វាយរៀង។​

ក្នុង​សំណុំ​រឿង​នេះ​ មាន​ជន​ជាប់​ចោទ​ចំនួន​២១​នាក់ ​ប៉ុន្តែ​តុលាការ​បាន​សាកសួរ​ជន​ជាប់ចោទ​ចំនួន​១៣​នាក់​ដែល​កំពុង​ជាប់​ពន្ធនាគារ។ ​ជនចោទ​ទាំង​១៣​នាក់​នោះ​ ត្រូវ​តុលាការ​ចោទ​ប្រកាន់​ពី​បទ​ញុះ​ញង់​ និង​រួម​គំនិត​ក្បត់​ ពាក់​ព័ន្ធ​នឹង​ផែន​ការ​វិល​ត្រឡប់​របស់​លោក​ សម រង្ស៊ី​ កាល​ពី​ថ្ងៃ​ទី​៩​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៩​ និង​ការ​បញ្ចេញ​យោបល់​តាម​ប្រព័ន្ធ​ទំនាក់​ទំនង​ទូរ​គមនាគមន៍​ ​និង​ប្រព័ន្ធ​បណ្តាញ​ទំនាក់​ទំនង​សង្គម​អំពី​ស្ថាន​ភាព​ជំងឺ​កូវីដ១៩​ និង​ការ​ជេរ​ប្រមាថ​មេ​ដឹកនាំ​កម្ពុជា។​

រូបឯកសារ៖ លោក សម រង្ស៊ី ប្រធានស្តីទីនៃគណបក្សសង្គ្រោះជាតិដែលនិរទេសខ្លួនក្រៅប្រទេស ថ្លែងទៅកាន់អ្នកគាំទ្របន្ទាប់ពីលោកត្រូវបានហាមឃាត់មិនឲ្យធ្វើដំណើរតាមយន្តហោះពីទីក្រុងប៉ារីស ប្រទេសបារាំង ទៅកាន់ទីក្រុងបាងកក ប្រទេសថៃ នៅថ្ងៃព្រហស្បតិ៍ ទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩។
រូបឯកសារ៖ លោក សម រង្ស៊ី ប្រធានស្តីទីនៃគណបក្សសង្គ្រោះជាតិដែលនិរទេសខ្លួនក្រៅប្រទេស ថ្លែងទៅកាន់អ្នកគាំទ្របន្ទាប់ពីលោកត្រូវបានហាមឃាត់មិនឲ្យធ្វើដំណើរតាមយន្តហោះពីទីក្រុងប៉ារីស ប្រទេសបារាំង ទៅកាន់ទីក្រុងបាងកក ប្រទេសថៃ នៅថ្ងៃព្រហស្បតិ៍ ទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩។

ចំណែក​ជនជាប់​ចោទ​៧​នាក់​ទៀត​ដែល​ជា​អតីត​ក្រុម​មន្ត្រី​ និង​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ ស្ថិត​ក្នុង​ចំណោម​ជនជាប់​២១​នាក់​នោះ ​ខកខាន​មិន​បាន​ចូលរួម​សវនាការ​ទេ។​ការណ៍​នេះ​ នាំ​ឲ្យ​មាន​ការ​រិះគន់​ពី​មន្ត្រី​សិទ្ធិ​មនុស្ស​ ទាក់​ទិន​សិទ្ធិ​ទទួល​បាន​ការ​កាត់​ក្តី​ដោយ​ត្រឹមត្រូវនៅ​ចំពោះ​តុលាការ។​

មេធាវី​ការពារ​ក្តី​លោក ​សំ សុគង់​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​ មិន​បាន​សួរ​នាំ​ដោយ​ផ្ទាល់​ជន​ជាប់​ចោទ​មួយ​រូប​ គឺ​លោក​ហ៊ិនឆាន​ ដែល​ជា​អតីត​សកម្ម​ជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ជា​សមាជិក​ក្រុម​ប្រឹក្សា​គណបក្ស​នេះ ​នៅ​ស្រុក​រមាស​ហែក ​ខេត្តស្វាយ​រៀង ​ដោយ​បាន​ត្រឹមតែ​អាន​ចម្លើយ​របស់​ជន​ជាប់​ចោទ​តែ​ប៉ុណ្ណោះ។​

«ហើយ​អង្គហេតុ​នៃ​ការ​សួរ​ដេញ​ដោល​ គឺ​ពាក់​ព័ន្ធ​ទៅ​នឹង​ផែនការ​វិល​ត្រឡប់​ចូល​មាតុភូមិ​របស់​ឯកឧត្តម​ប្រធាន​ សម​ រង្ស៊ី​ នៅ​ថ្ងៃ​ទី​៩ ​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៩ ​ហើយ​នឹង​ផែន​ការ​ប្រាំ​ចំណុច​ ដែល​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ជួប​ជុំ​គ្នា​នៅ​ឯ​ក្រៅ​ប្រទេស​ហ្នឹង ហើយ​នឹង​ទាក់​ទង​ទៅ​នឹង​ការ​បង្កើត​ចលនា​សង្គ្រោះ​ជាតិ​ អ៊ីចឹង​អង្គហេតុ​សួរ​ដេញ​ដោល​នេះ​ គឺ​សួរ​ផ្តោត​ទៅលើ​អង្គហេតុ​ទាំង​បី​ចំណុច​នេះ»។​

បើ​តាម​លោក ​សំ សុគង់​ តុលាការ​ក្រុង​ភ្នំពេញ​ គ្រោង​សួរ​នាំ​ជន​ជាប់​ចោទ​ចំនួន​៨​រូប​ ដែល​ក្នុង​នោះ ​មាន​លោក​ ហ៊ិន ឆាន​ និង​ក្រុម​សមាជិក​ជាន់ខ្ពស់ ​និង​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​៧​រូប​ទៀត ​ប៉ុន្តែ​ លោក​ ហ៊ិន ឆាន ​មិន​បាន​ចូលរួម​ ដោយសារ​បញ្ហា​សុខភាព។​

លោក​មេធាវី​ បន្ត​ថា​ ​ក្រុម​សមាជិក​ជាន់ខ្ពស់ ​និង​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​៧​រូប​ទៀត​នោះ​ ក៏​មិន​បាន​ចូល​រួម​ ដោយ​សារ​ពួក​គេរ​ស់​នៅ​ក្រៅ​ប្រទេស​ និង​មិន​បាន​ទទួល​ដីកា​កោះ​តាម​នីតិវិធី​ និង​បាត់​បង់​សិទ្ធិ​វិល​ត្រឡប់​ចូល​ប្រទេស​កំណើត​វិញ។​ លោក​ប្រាប់​វីអូអេ​បន្ថែម​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា៖​

«អាន​ចម្លើយ​ដោយ​សារ​ជន​ជាប់​ចោទ​ គាត់​មិន​អាច​ចូលរួម​បាន។ ​ប៉ុន្តែ​អ្វី​ដែល​យើង​ឃើញ​តុលាការ​មិន​ទាន់​ចូល​លក្ខណៈ​ឲ្យ​ស្តង់ដារ​តុលាការ​ត្រឹមត្រូវ​យុត្តិធម៌​ហ្នឹង ​ហើយ​ក៏​ដូច​ជា​តុលាការ​សវនាការ​តុលាការ​នេះ​ គឺ​មិន​ …​មិន​គោរព​ទៅ​លើ​សិទ្ធិ​ជន​ជាប់​ចោទ​ គឺ​ជន​ជាប់​ចោទ​ចំនួន​៧​រូប ​មិន​អាច​ទៅ​ចូលរួម​សវនាការ​បាន។ ​ហើយ​ក្នុង​ការ​តាម​ដាន​នៅ​លើ​បទចោទ​ប្រកាន់​ ក៏​ដូច​ជា​ភស្តុតាង​ពាក់​ព័ន្ធ​របស់​ពួក​គាត់​ ជាពិសេស​ពួក​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​តែ​ភៀស​ខ្លួន​ និង​រស់​នៅ​ក្រៅ​ប្រទេស»។​

កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន​ តុលាការ​ក្រុង​ភ្នំពេញ​ បាន​សួរ​ជន​ជាប់ចោទ​មួយ​រូប​ គឺ​លោក ​ឆុន ប៊ុនឆាត​ ដែល​ជា​អតីត​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ជា​អតីត​មន្ត្រី​នៅ​ការិយាល័យ​ក្រប​ខណ្ឌ​ក្រសួង​មហា​ផ្ទៃ​ អំពី​ទំនាក់​ទំនង​របស់​លោក​ជាមួយ​នឹង​លោក ​ហ៊ិន ឆាន ​ដែល​ជាប្អូន​ជី​ដូន​មួយ។​

អតីត​មន្ត្រី​ក្រសួង​មហាផ្ទៃ​លោក​ ឆុន ប៊ុនឆាត ​ក៏​ត្រូវ​បាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​សួរ​ឲ្យ​បញ្ជាក់​ការ​យល់​ដឹង​របស់​លោក​អំពី​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ​សមាជិក​ភាព​លោក​ក្នុង​គណបក្ស​ជំទាស់​នេះ ​និង​បម្រាម​ធ្វើ​នយោបាយ​ ៥ ​ឆ្នាំ​ចំពោះ​សមាជិក​បក្ស​ជំទាស់​មួយ​ចំនួន​ ក្រោយ​ការ​រំលាយ​គណបក្ស​នេះ ​កាល​ពី​ឆ្នាំ​២០១៧ ​និង​ទំនាក់​ទំនង​របស់​លោក​ជាមួយ​ផែន​ការ​ចលនា​សង្គ្រោះ​ជាតិ​ ដែល​បង្កើត​ឡើង​ដោយ​ លោក​ សម រង្ស៊ី។​

ក្នុង​សវនាការ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ លោក​ចៅក្រម ​អ៊ឹម វណ្ណៈ ​បាន​លើក​ឡើង​ថា​ ផែនការ​ចលនា​សង្គ្រោះ​ជាតិ​មាន​៥​ ចំណុច​ដែល​មាន​គោល​ដៅ​ ចលនា​ឲ្យ​ប្រទេស​ម្ចាស់​ជំនួយ​ និង​ម្ចាស់​បំណុល​ឈប់​ផ្តល់​ជំនួយ​ និង​ប្រាក់​កម្ចី​ចលនា​ឲ្យ​មហាជន​ក្រោក​បះបោរ​ប្រឆាំង​រដ្ឋាភិបាល​ ជំរុញ​កម្មករ​ឲ្យ​ធ្វើ​កូដកម្ម​ទាម​ទារ​ការ​ដំឡើង​ប្រាក់​ឈ្នួល​ និង​ឲ្យ​សហជីព​ធ្វើ​ការងារ​ដោយ​សេរី​ និង​ការ​ស្នើ​ឲ្យ​កង​កម្លាំង​ប្រដាប់​អាវុធ​កុំ​ស្តាប់​បទ​បញ្ជា​ថ្នាក់​លើ​ ក៏​ដូច​ជាចលនា​ឲ្យ​អ្នក​ក្នុង​ជួរ​បក្ស​កាន់​អំណាច​ក្រោក​ឈរ​ប្រឆាំង​រដ្ឋាភិបាល។​

លោក ​ឆុន ប៊ុនឆាត​ បាន​បដិសេធ​ការ​ជាប់ពាក់​ព័ន្ធ​របស់​លោក​ជាមួយ​នឹង​ផែនការ​ប្រាំ​ចំណុច​នោះ​ ដោយ​ថា​ លោក​មិន​គាំទ្រ​ ព្រោះ​លោក​ជា​មន្ត្រី​របស់​រដ្ឋាភិបាល​ និង​នៅ​ជាមួយ​រដ្ឋាភិបាល។​

នាយករង​ទទួលបន្ទុក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ​លោក អំ សំអាត យល់​ថា អវត្តមាន​របស់​ជនជាប់​ចោទ​ក្នុង​នីតិវិធី​ជំនុំ​ជម្រះ​ក្តី បាន​ធ្វើឲ្យ​ខូចខាត​សិទ្ធិ​ការពារ​ខ្លួន​របស់​ជន​ជាប់ចោទ។ យ៉ាងណា​ក៏ដោយ លោក​ជឿថា រឿង​ក្តី​ខាងលើ នឹង​អាច​បញ្ចប់​ទៅ​បាន ប្រសិនបើ​មាន​ដំណោះ​ស្រាយ​ខាង​នយោបាយ៕

XS
SM
MD
LG