សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ បានបន្តសវនាការជំនុំជម្រះអតីតមន្ត្រីថ្នាក់ឃុំ ស្រុក និងខេត្តរបស់គណបក្សសង្គ្រោះជាតិ ចំនួន១២នាក់ និងអតីតសមាជិកគណបក្សកាន់អំណាច១នាក់ ក្នុងសំណុំរឿងពាក់ព័ន្ធនឹងការធ្វើមាតុភូមិនិវត្តន៍របស់មេដឹកនាំគណបក្សប្រឆាំង គឺលោក សម រង្ស៊ី កាលពីខែវិច្ឆិកាឆ្នាំ២០១៩។
ក្នុងសវនាការរយៈពេលជាង២ម៉ោង ក្រុមប្រឹក្សាជំនុំជម្រះបានសួរជនជាប់ចោទបីនាក់ស្រដៀងៗគ្នាច្រើនលើកច្រើនសាអំពីផែនការចលនាសង្គ្រោះជាតិបង្កើតឡើងដោយលោក សម រង្ស៊ី កាលពីដើមឆ្នាំ២០១៨ និងទំនាក់ទំនងរបស់ជនជាប់ចោទ ក្នុងចំណោមជនជាប់ចោទគ្នាឯងទាំងជាង១០នាក់នោះ និងទំនាក់ទំនងជនជាប់ចោទជាមួយថ្នាក់ដឹកនាំគណបក្សជំទាស់ រួមមានលោក សម រង្ស៊ី និងលោក អេង ឆៃអ៊ាង ជាដើម។
លោក ឆុន ប៊ុនឆាត ដែលជាអតីតមន្ត្រីនៅការិយាល័យក្របខណ្ឌនៅក្រសួងមហាផ្ទៃ និងដែលមានបងប្អូនជីដូនមួយម្នាក់ គឺលោក ហ៊ិនឆាន ដែលជាអតីតសកម្មជនគណបក្សសង្គ្រោះជាតិនៅខេត្តស្វាយរៀង ត្រូវបានក្រុមប្រឹក្សាជំនុំជម្រះសួរឲ្យបញ្ជាក់អំពីទំនាក់ទំនងរបស់អ្នកទាំងពីរការយល់ដឹងរបស់លោកអំពីការរំលាយគណបក្សសង្គ្រោះជាតិ សមាជិកភាពលោកក្នុងគណបក្សជំទាស់នេះ និងបម្រាមធ្វើនយោបាយ ៥ ឆ្នាំចំពោះសមាជិកបក្សជំទាស់មួយចំនួន ក្រោយការរំលាយគណបក្សនេះ កាលពីឆ្នាំ២០១៧ និងទំនាក់ទំនងលោកជាមួយផែនការចលនាសង្គ្រោះជាតិ ដែលបង្កើតឡើងដោយ លោក សម រង្ស៊ី។
ក្នុងសវនាការ ដែលមានការឃ្លាំមើលពីអ្នកកាសែត មន្ត្រីសិទ្ធិមនុស្ស និងសាច់ញាតិរបស់ជនជាប់ចោទមួយចំនួន លោកចៅក្រម អ៊ឹម វណ្ណៈ បានលើកឡើងថា ផែនការចលនាសង្គ្រោះជាតិមាន៥ចំណុចដែលមានគោលដៅចលនាឲ្យប្រទេសម្ចាស់ជំនួយ និងម្ចាស់បំណុលឈប់ផ្តល់ជំនួយ និងប្រាក់កម្ចីចលនាឲ្យមហាជនក្រោកបះបោរប្រឆាំងរដ្ឋាភិបាល ជំរុញកម្មករឲ្យធ្វើកូដកម្មទាមទារការដំឡើងប្រាក់ឈ្នួល និងឲ្យសហជីពធ្វើការងារដោយសេរី និងការស្នើឲ្យកងកម្លាំងប្រដាប់អាវុធកុំស្តាប់បទបញ្ជាថ្នាក់លើ ក៏ដូចជា ចលនាឲ្យអ្នកក្នុងជួរបក្សកាន់អំណាចក្រោកឈរប្រឆាំងរដ្ឋាភិបាល។
ក៏ប៉ុន្តែលោក ឆុន ប៊ុនឆាត បដិសេធថា លោកមិនចាប់អារម្មណ៍នឹងផែនការនោះ និងមិនបានធ្វើសកម្មភាពអ្វីទាំងអស់ ហើយក៏មិនបានគាំទ្រផែនការរបស់លោក សម រង្ស៊ី និងអ្នកស្និទ្ធនឹងមេបក្សជំទាស់នេះដែរ។
លោក អ៊ឹម វណ្ណៈសួរលោកឆុន ប៊ុនឆាតពាក់ព័ន្ធនឹងផែនការចលនាសង្គ្រោះជាតិក្នុងន័យដើមថា៖ «លោកធ្វើការនៅក្រសួងមហាផ្ទៃ លោកដឹងព័ត៌មាននេះទេ?»
អតីតមន្ត្រីក្រសួងមហាផ្ទៃលោក ឆុន ប៊ុនឆាត តបថា៖«ដឹងដែរ តែមិនចាប់អារម្មណ៍»។
លោកចៅក្រមបានដេញដោលសួរលោក ឆុន ប៊ុនឆាត អំពីការបង្កើតបណ្តាញសម្ងាត់ឲ្យអនុវត្តផែនការរបស់ចលនាសង្គ្រោះជាតិ តែលោក ឆុន ប៊ុនឆាត ឆ្លើយថា លោកមិនបានដឹងរឿងនេះទេ។
បន្តិចក្រោយមក តំណាងអយ្យការលោក សេង ហៀង បានបន្ថែមសំណួរថា៖ «ចុះលោកដែលជាសមាជិករបស់គណបក្សសង្គ្រោះជាតិទេ?»
លោក ឆុន ប៊ុនឆាត តបភ្លាមថា៖ «អត់ទេ អត់ទាល់តែសោះ»។ លោកអយ្យការបន្តថា៖ «ចុះផែនការ៩ វិច្ឆិកា លោក សម រង្ស៊ី វិលត្រឡប់ លោកគាំទ្រផែនការហ្នឹងទេ?»លោក ឆុន ប៊ុនឆាត លើកឡើងថា៖ «អត់សោះ គ្មានហេតុផលជំរុញចិត្តឲ្យធ្វើទេ។ ខ្ញុំនៅជាមួយរដ្ឋាភិបាល»។
លោក ឆុន ប៊ុនឆាត បានបង្ហាញអារម្មណ៍ក្តុកក្តួល នៅពេលលោកត្រូវបានមេធាវីការពារក្តីឲ្យជនជាប់ចោទ គឺលោក យ៉ុង ផានិត សួរឲ្យបញ្ជាក់ពីប្រវត្តិរបស់លោកចូលរួមគណបក្សនយោបាយ។ លោកមេធាវី បានតាំងសំណួរថា៖ «កន្លងមក លោកឆ្លើយជាមន្ត្រីរាជការនៅក្រសួងមហាផ្ទៃ និងមិនមែនជាសមាជិកបក្សប្រឆាំង។ ធ្លាប់ជាសមាជិកបក្សណាទេ?»
អតីតមន្ត្រីក្រសួងមហាផ្ទៃរូបនេះឆ្លើយថា៖ «ខ្ញុំធ្លាប់ចូលជាសមាជិកបក្សប្រជាជនកម្ពុជានៅឆ្នាំ២០០៨»។ លោកមេធាវី យ៉ុង ផានិត បន្តថា៖ «ធ្លាប់ចូលរួមបរិច្ចាគចូល[បក្ស]ទេ?»
លោក ឆុន ប៊ុនឆាត លើកឡើងថា៖ «ធ្លាប់ចុះជួយនៅស្រុកបវេល ខេត្តបាត់ដំបង»។
លោក ឆុន ប៊ុនឆាត រំឭកហេតុការណ៍កើតឡើងចំពោះគ្រួសារលោក ក្រោយការចាប់ខ្លួនលោក ដោយនិយាយាថា៖ «ចំពោះបញ្ហាចុះជួយបក្ស ពេលគេចាប់ខ្លួនខ្ញុំ ប្រពន្ធខ្ញុំឲ្យកន្លែងការងារខ្ញុំជួយ តែមិនជួយ រហូតប្រពន្ធខ្ញុំឈឺទាស់ស្លាប់»។
លោកបន្តថា៖ «កូនខ្ញុំមួយអាយុ៣ឆ្នាំ និងមួយទៀតអាយុ៥ឆ្នាំ។ វាអយុត្តិធម៌។ ខ្ញុំអត់បានធ្វើអីទាល់តែសោះ។ ប្រពន្ធខ្ញុំដើររក៣ថ្ងៃអត់ឃើញ។ បេះដូងខ្ញុំជាបី្ត ជាឪពុករបស់កូនតូច តើឈឺចាប់ប៉ុនណា?»
លោក ឆុន ប៊ុនឆាត ស្ថិតក្នុងចំណោមជនជាប់ចោទ២១រូបដែលត្រូវបានតុលាការចោទក្នុងសំណុំរឿងញុះញង់ និងរួមគំនិតក្បត់ ពាក់ព័ន្ធនឹងផែនការវិលត្រឡប់របស់លោក សម រង្ស៊ី កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ និងការបញ្ចេញយោបល់តាមប្រព័ន្ធទំនាក់ទំនងទូរគមនាគមន៍ និងប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គមអំពីស្ថានភាពជំងឺកូវីដ១៩ និងការជេរប្រមាថមេដឹកនាំកម្ពុជា។
ប៉ុន្តែ មានជនជាប់ចោទ ១៣ នាក់ទេ ត្រូវបានចាប់មកដាក់ក្នុងពន្ធនាគារនោះ រួមមានលោក ឆុន ប៊ុនឆាត លោក យឹម សារ៉េត លោក ជុំ ចាន់ លោក កែវ ថៃ លោក ស៊ុន ធន់ លោក ឡុង ផារី លោក ពៀត ម៉ាប់ លោក សុខ ចាន់ថា លោក ឃឹម ភាណា លោក ឃុត ច្រឹប លោក ញ៉ែម វ៉ាន លោក ថៃ គន្ធា និងលោក ងិន ឃាន។
ក្នុងពេលជិតបិទបញ្ចប់សវនាការនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ លោក សំ សុគង់ មេធាវីការពារក្តីឲ្យជនជាប់ចោទមួយរូប បានស្នើឱ្យក្រុមប្រឹក្សាជំនុំជម្រះសួរលោក កែវ ថៃ អតីតនាយកប្រតិបត្តិគណបក្សសង្គ្រោះជាតិ ខេត្តកំពង់ឆ្នាំង អំពីការទទួលផែនការនៃចលនាសង្គ្រោះជាតិ ដែលបានបង្កើតនៅសហរដ្ឋអាមេរិកកាលពីបីឆ្នាំមុន។
ប៉ុន្តែលោក កែវ ថៃ បានប្រកាសខ្លាំងៗប្រាប់ក្រុមប្រឹក្សាជំនុំជម្រះថា ចាប់តាំងពីពេលដែលគណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយមកលោកបោះបង់ទាំងស្រុងកិច្ចការនយោបាយ និងផ្តោតជាចម្បងលើកិច្ចការបង្រៀនទាំងក្នុងផ្នែករដ្ឋ និងឯកជន ហើយលោកថា ការយកពាក្យថា «ប្រជុំ»មកចោទលោកថា បានរួមគំនិតក្បត់នោះ គឺមិនអាចទទួលយកបានទេ ព្រោះការប្រជុំកន្លងមករបស់លោកពាក់ព័ន្ធតែកិច្ចការអប់រំ តែត្រូវបានគេមួលបង្កាច់ថា មានជាប់ទាក់ទងសកម្មភាពនយោបាយ។
លោកលើកឡើងថា៖ «កាត់ពាក្យប្រជុំៗ...មកចោទខ្ញុំរួមគំនិតក្បត់»។
លោកបន្ថែមថា៖ «តែបើចោទថាមាននិន្នាការបក្សប្រឆាំង... ត្រូវ! តែបើចោទថា រួមគំនិតក្បត់ ....គ្មានទេ»។
ឆ្លើយតបទៅនឹងសំណួរ លោក សំ សុគង់ដែលថា តើផែនការចលនាសង្គ្រោះជាតិជាវោហារស័ព្ទនយោបាយ ឬជាផែនការ? លោក កែវ ថៃ និយាយថា៖ «ខ្ញុំថា ជាការឆ្លើយឆ្លងគ្រោតគ្រាតដាក់គ្នា ជាសារនយោបាយផ្តួលគ្នាខាងនយោបាយ ហើយពេលនេះ ខ្ញុំក៏ជារឿងនយោបាយសុទ្ធសាធ»។
លោក សំ សុគង់ ជាមេធាវីរបស់ជនជាប់ចោទ ជឿថា រឿងក្តីដែលលោកកំពុងតតាំងនៅតុលាការក្រុងភ្នំពេញ មានជាប់ហេតុផលរឿងនយោបាយ ព្រោះភាគច្រើននៃកូនក្តីជាអតីតសកម្មជនរបស់គណបក្សសង្គ្រោះជាតិ។
ដោយសារតែរឿងក្តីមានលក្ខណៈនយោបាយ ជាជាងច្បាប់នោះលោកមេធាវី មានសង្ឃឹមមិនច្រើនទេថា នឹងមានយុត្តិធម៌ ប៉ុន្តែក្រុមមេធាវីនៅបន្តការពារក្តីទៅតាមនីតិវិធីដដែល។
លោកប្រាប់វីអូអេថា៖ «ក្រុមមេធាវីការពារគឺទីមួយ គឺយើងការពារដោយសារតែទីមួយសិទ្ធិរបស់គាត់ ដែលសិទ្ធិរបស់គាត់ ដែលត្រូវបានគេចោទប្រកាន់។ ពួកគាត់សុទ្ធតែជាបទឧក្រិដ្ឋធំៗហ្នឹង គឺពួកគាត់ត្រូវតែមានមេធាវីដើម្បីការពារ។ ហើយទីពីរ យើងចង់ការពារ។ ការពារនេះ គឺគោលដៅ គឺចង់បង្ហាញពីភាពស្អាតស្អំរបស់ពួកគាត់ថា ពួកគាត់ហ្នឹង គឺជាប់ចោទហ្នឹង គឺពាក់ព័ន្ធនឹងជាប់ចោទ ដោយសារតែបញ្ហាពួកគាត់ហ្នឹងធ្វើសកម្មភាពនយោបាយ ដូចជាស្រឡាញ់គណបក្សនយោបាយ ជាពិសេសគណបក្សប្រឆាំងតែប៉ុណ្ណោះ»។
មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក លោក យី សុខសាន្ត ប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍ថា ជនជាប់ចោទខាងលើទំនងជាមិនបានធ្វើអ្វីឆ្គាំឆ្គងទេចំពោះទំនាក់ទំនងរបស់ពួកគាត់ជាលក្ខណៈឯកជន ឬក៏ជាការបញ្ចេញមតិតាមប្រព័ន្ធទំនាក់ទំនងសង្គម និងជួបជុំសំណេះសំណាល ក្នុងនាមជាសាច់ញាតិ ឬស្គាល់គ្នានោះ។
អ្នកការពារសិទ្ធិមនុស្សរូបនេះបានលើកឧទាហរណ៍ករណីលោក ឆុន ប៊ុនឆាត ដែលមានសាច់ញាតិម្នាក់ឈ្មោះ ហ៊ិន ឆាន ជាសកម្មជនបក្សជំទាស់នៅខេត្តស្វាយរៀង ត្រូវបានតុលាការចោទថា មានទំនាក់ទំនងជាមួយបក្សជំទាស់។ ការណ៍នេះ បានបង្កការឈឺចាប់ដល់ក្រុមគ្រួសារលោក ឆុន ប៊ុនឆាត។
លោក យី សុខសាន្ត បានថ្លែងដោយសំដៅលើការឆ្លើយឆ្លងរបស់លោក ឆុន ប៊ុនឆាត ជាមួយតំណាងអយ្យការ និងមេធាវីថា៖ «គាត់បាននិយាយទាំងទឹកភ្នែកនៅក្នុងសវនាការដែលទាំងយើងទាំងគេហ្នឹង ហាក់ដូចជាក្តុកក្តួលក្នុងចិត្ត។ គ្រាន់តែគាត់ទៅចូលរួមបុណ្យ ហើយមានពាក់ព័ន្ធ ហើយគាត់ជាមន្ត្រី ហើយជាសមាជិកគណបក្សប្រជាជនទៀត ត្រូវបានគេចោទប្រកាន់លាបពណ៌គាត់ថា គាត់ជារបស់សង្គ្រោះជាតិអីអ៊ីចឹងទៅ... ធ្វើឲ្យប្រពន្ធគាត់ហ្នឹងឈឺចាប់។ ប្រពន្ធគាត់ហ្នឹង មករកគាត់។ នៅថ្ងៃដែលពេលគេចាប់ខ្លួនគាត់ បាត់ពីរបីថ្ងៃ បានគាត់ហ្នឹង...សួរទៅក្រសួងមហាផ្ទៃ។ គេអត់ប្រាប់ទៀត រហូតដល់គាត់ឈឺចាប់ស្លាប់ ចោលទាំងកូនតូចៗដែលមានអាយុបីឆ្នាំ ប្រាំឆ្នាំ»។
លោកបន្ថែមថា៖ «នេះ គឺជាការឈឺចាប់មួយដែល បើយើងនិយាយអំពីសាលាក្តីសព្វថ្ងៃនេះ ខ្ញុំមើលទៅគ្មានយុត្តិធម៌សម្រាប់ប្រជាពលរដ្ឋដែលរងគ្រោះទេ។ គាត់មិនបានរកទេ។ គាត់គ្រាន់តែប្រហែលៗគ្រាន់តែមើលហ្វេសប៊ុក មើលអីឃើញអីអ៊ីចឹងទៅ គឺគាត់ចាប់ហើយ គាត់ចាប់សំអាងទៅលើអាហ្វេសប៊ុក ឬអាបែកធ្លាយស្អីហ្នឹង»។
អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញលោក ប្លង់ សុផល បដិសេធមិនធ្វើអត្ថាធិប្បាយ ដោយនិយាយថា តុលាការកំពុងតែបន្តនីតិវិធីតាមច្បាប់អនុញ្ញាត។
បន្ទាប់ពីបានបញ្ចប់សវនាការជុំទីបួន កាលពីព្រឹកថ្ងៃព្រហស្បតិ៍ តុលាការនឹងបន្តសវនាការនៅជុំទី៥ នៅថ្ងៃទី១៦ ខែធ្នូ ខាងមុខ។ នេះ បើតាមការប្រកាសរបស់ប្រធានក្រុមប្រឹក្សាជំនុំជម្រះលោក រស់ ពិសិដ្ឋ៕