ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​ក្រុង​ភ្នំពេញ ចាប់ផ្តើម​សវនាការ​ទ្រង់ទ្រាយ​ធំ​ឡើង​វិញ ពាក់ព័ន្ធនឹង​សំណុំ​រឿង​ក្បត់​ជាតិ


អគារ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ថត​នៅ​ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១។ (ហ៊ុល រស្មី/វីអូអេ)
អគារ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ថត​នៅ​ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១។ (ហ៊ុល រស្មី/វីអូអេ)

តុលាការ​ក្រុង​ភ្នំពេញនៅ​ថ្ងៃ​អង្គារ​នេះ​ បាន​ចាប់​ផ្តើម​សវនាការ​ សំណុំរឿង​ក្បត់​ជាតិ​របស់​អតីត​អ្នក​គាំទ្រ​ សកម្មជន​ និង​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ ដែលត្រូវ​រំលាយ​កាលពី​ឆ្នាំ​២០១៧​ បន្ទាប់​ពី​អាក់​ខាន​ជាង​មួយ​ឆ្នាំ​។

នៅ​ថ្ងៃ​នេះ​ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​ស្នើ​ឲ្យ​ជន​ជាប់​ចោទ​ចំនួន​៦​នាក់​មក​បង្ហាញ​ខ្លួន​នៅ​សវនាការ​ ក្នុង​នោះ​ក៏​មាន​កញ្ញា ​សេង ធារី​ ប្រធាន​មជ្ឈមណ្ឌល​អប់រំ​ដើម្បី​ពលរដ្ឋ​ខ្មែរ​ ដែល​ជា​អ្នក​គាំទ្រ​គណ​បក្ស​សង្គ្រោះ​ជាតិ ​និង​ជា​សកម្មជន​សិទ្ធិ​មនុស្ស​មួយ​រូប​ផង​ដែរ។ ​ក៏​ប៉ុន្តែ​តុលាការ​ បាន​សួរ​នាំ​ជន​ជាប់ចោទ​តែពីរ​នាក់​ប៉ុណ្ណោះ។​

កញ្ញា សេង ធារី មេធាវី​ខ្មែរ​អាមេរិកាំង និង​ជា​សកម្មជន​សិទ្ធិ​មនុស្ស និយាយ​ជាមួយ​អ្នកកាសែត​នៅ​ក្រៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ៧ ខែធ្នូ ឆ្នាំ២០២១។ (ហ៊ុល រស្មី/វីអូអេ)
កញ្ញា សេង ធារី មេធាវី​ខ្មែរ​អាមេរិកាំង និង​ជា​សកម្មជន​សិទ្ធិ​មនុស្ស និយាយ​ជាមួយ​អ្នកកាសែត​នៅ​ក្រៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ៧ ខែធ្នូ ឆ្នាំ២០២១។ (ហ៊ុល រស្មី/វីអូអេ)

កញ្ញា សេង ធារី មេធាវី​ខ្មែរ​អាមេរិកាំង និង​ជា​សកម្មជន​សិទ្ធិ​មនុស្ស ក្នុង​សម្លៀក​បំពាក់​អប្សរា ចាកចេញ​ពី​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១។ (ហ៊ុល រស្មី/វីអូអេ)
កញ្ញា សេង ធារី មេធាវី​ខ្មែរ​អាមេរិកាំង និង​ជា​សកម្មជន​សិទ្ធិ​មនុស្ស ក្នុង​សម្លៀក​បំពាក់​អប្សរា ចាកចេញ​ពី​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១។ (ហ៊ុល រស្មី/វីអូអេ)

កញ្ញា​ សេង ធារី​ ត្រូវ​បាន​តុលាការ​នាំ​ខ្លួន​ឲ្យ​មក​តតាំង​ក្តី​របស់​កញ្ញា​ក្នុង​សំណុំ​រឿង​រួម​គំនិត​ក្បត់​ និង​ញុះញង់​ ដែល​ទាក់​ទង​នឹង​ព្រឹត្តិ​ការណ៍​នៃ​មាតុភូមិ​និវត្តន៍​មិន​បាន​សម្រេច​របស់​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ គឺ​លោក ​សម រង្ស៊ី​កាលពី​ថ្ងៃទី​៩ ​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៩។​

បន្ទាប់​ពី​ចូល​ខ្លួន​ទៅ​ក្នុង​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ប្រមាណ​៣០​នាទី​ កញ្ញា​ សេង ធារី​ ដែល​ស្លៀកពាក់​ជា​ស្រី​អប្សរា ​និង​កោរ​សក់​ផង​នោះ​ បាន​លើក​ឡើង​នៅ​ក្រៅ​សាលា​ដំបូង​ថា​ សវនាការ​កញ្ញា​ នឹង​ត្រូវ​ធ្វើ​ឡើង​នៅថ្ងៃ​ទី​២៨ ​ខែ​ធ្នូ ​ខាង​មុខ។​កញ្ញា​ប្រាប់​ក្រុម​អ្នក​កាសែត​ថា​ រហូត​មក​ដល់​ពេល​នេះ​ កញ្ញា​នៅ​តែ​យល់​ថា​ រឿង​ក្តី​របស់​កញ្ញា​ គឺ​ជារឿង​នយោបាយ​សុទ្ធសាធ។​

«ការ​ផ្តួចផ្តើម​សវនាការ​នេះ​ លើ​ខ្ញុំ​ អត់​មាន​មូលហេតុ​នៅ​ក្នុង​អង្គច្បាប់​ ឬ​អង្គហេតុ​ ...​ជា​នយោបាយ​សុទ្ធ​សាធ​ នៅ​ក្នុង​ការ​បំបិទ​សំឡេង​ខ្ញុំ​ នៅ​ក្នុង​ការ​បំបិទ​មាត់​ខ្ញុំ​ ពីព្រោះ​ខ្ញុំ​ជា​អ្នក​តស៊ូ​មតិ​ យូរ​អង្វែង​តាំង​ពី​ឆ្នាំ១៩៩៥»។​

កញ្ញា​ ចាត់​ទុក​សវនាការ​សំណុំ​រឿង​ក្បត់​ជាតិ​នេះ​ ថាជា​ឆាកល្ខោន​នយោបាយ​មួយ​ផង​ដែរ​ ដែល​កញ្ញា​ត្រូវ​ចូល​រួម​សម្តែង​ដោយ​មាន​ពាក្យ​ពេចន៍​ខ្លួន​ឯង​ដើម្បី​ប្រាប់​ទៅ​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ។​

«បើ​អ៊ីចឹង​ ថ្ងៃ​នេះ​ សូមច​ង​ចាំ​ម្តង​ទៀត។​ នេះ​ជា​ល្ខោន។​ ​ ល្ខោន​នយោបាយ​...​ហើយ​គេ​បាន​ជំរុញ​ខ្ញុំ​ឲ្យ​ចូល​សម្តែង​នៅ​ក្នុង​ល្ខោន​នយោបាយ​នេះ។ ខុសពី​តួ​សម្តែង​ផ្សេងៗ​ ដែល​ត្រូវការ​សូត្រ​តាម​អ្នក​នយោបាយ ខ្ញុំ​មាន​ parole ​[ពាក្យ​ពេចន៍]​ ខ្ញុំ​មាន​ script ​[អត្ថបទ​រឿង]​ខ្លួន​ខ្ញុំ។ ​ខ្ញុំ​បង្កើត​និពន្ធ​ តួអង្គ​ខ្លួន​ខ្ញុំ​ ហើយ​ខ្ញុំ​ថ្ងៃ​នេះ​ ជា​តួអង្គ​អប្សរា​ តំណាង​ឲ្យ​ស្ត្រី​ខ្មែរ​យើង​ ដែល​កំពុង​ឈឺ​ចាប់​ក្នុង​របប​ផ្តាច់​ការ​នេះ​ ហើយ​បុរសៗ​ដែល​ស្រឡាញ់​ពួក​គាត់»។

កញ្ញា​ សេង ធារី​ ដែល​ជាមេធាវី​មាន​សញ្ជាតិ​ខ្មែរ​ និង​អាមេរិក​ផង​នោះ ​បាន​រិះគន់​មន្ត្រី​នៅ​ក្នុង​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ដែល​បង្ហាញ​ការ​អាក់​អន់ចិត្ត​ពេល​ឃើញ​កញ្ញា​ស្លៀក​ពាក់​ជា​អប្សរា​ដើម្បី​ចូល​ទៅ​ក្នុង​បន្ទប់​សវនាការ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ។​

«ព្រះ​រាជ​អាជ្ញា​បាន​លើក​ឡើង​ថា​ គាត់​អត់​ពេញ​ចិត្ត​ទេ។​ ចៅក្រម ​សំ សុគង់​ គាត់​ថា​ អត់​មាន​បញ្ហា​ទេ​ អ្ហូ៎​មិន​មែន​ចៅក្រម ​[ទេ​គឺ] ​មេធាវី។​ បើ​អ៊ីចឹង​នៅ​ក្នុង​រយៈ​ពេល​ប្រហែល​៥​នាទី​ ខោអាវ​ដែល​ខ្ញុំ​ស្លៀក​ពាក់។ ​ពួក​ខ្មែរ​យើង​...​ ពួក​បរទេស​គេ​អាច​ស្លៀក​ពាក់​ខោអាវ​បរទេស​បាន។​ ប៉ុន្តែ​ខ្ញុំ​ខ្មែរ​មិន​អាច​ស្លៀក​ខោ​អាវ​ខ្មែរ​ដែរ?​ ជា​និមិត្ត​រូប​ស្ត្រី​ខ្មែរ​ពេញ​ទី​ហើយ។ ​ បើ​អ៊ីចឹង​អា​នេះ​ គេ​លើក​ឡើង​ ប៉ុន្តែ​គាត់​អនុញ្ញាត​ចុង​ក្រោយ»។ ​

អ្នក​នាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ លោក​ ប្លង់ សុផល​បដិសេធ​មិន​ធ្វើ​ការ​អធិប្បាយ​ ដោយ​ថា «តុលាការ​បាន​និង​កំពុង​ធ្វើ​ស្រប​តាម​នីតិវិធី​ដែល​បាន​ច្បាប់​អនុញ្ញាត»។​

មេធាវី​ការពារ​ក្តី​ឲ្យ​ជន​ជាប់ចោទ​ក្នុង​សំណុំ​រឿង​ក្បត់​ជាតិ​នេះ​ លោក​ សំ សុគង់​ បាន​បញ្ជាក់​ថា​ នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ មាន​ជន​ជាប់ចោទ​ពីរ​នាក់​ត្រូវ​បាន​សួរនាំ​ គឺ​លោក​ទុំ ប៊ុនថន​ ដែល​កំពុង​ជាប់​ឃុំ​បណ្តោះ​អាសន្ន​ និង​លោក ​ភួង ថា​ជា​អតីត​ប្រធាន​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង។ ​សំណួរ​ដែល​ត្រូវ​បាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​ចោទ​សួរ​ភាគ​ច្រើន​ពាក់​ព័ន្ធ​នឹង​ការ​ប្រជុំ​នានា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​សហ​រដ្ឋ​អាមេរិក​ និង​ផែនការ​វិល​ត្រឡប់​របស់​លោក​ សម រង្ស៊ី​ ចូល​មក​ប្រទេស​កម្ពុជា​កាល​ពី​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៩។​

«ការ​សួរ​ដេញ​ដោល​ហ្នឹង ​គឺ​ផ្តោត​តែ​ទៅ​លើ​អង្គ​ហេតុ​នៅ​ថ្ងៃ​ទី​៩​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៩​ហ្នឹង ហើយ​យើង​ឃើញ​ការ​សួរ​ដេញ​ដោល​នៅ​ពេល​សវនាការ​ហ្នឹង​ ទាំង​ចៅក្រម​ ទាំង​ព្រះ​រាជអាជ្ញា​ហាក់​ដូច​ជា​សួរ​ទាក់​ទង​ទៅ​នឹង​ការ​ដាក់​សំណួរ​ពាក់​ព័ន្ធ​នឹង​ការ​យល់​ឃើញ​ ដែល​យើង​គិត​ថា​ការ​យល់​ឃើញ​នេះ​វា​ជា​គំនិត​ ជា​ការ​យល់​ឃើញ​ វា​មិន​មែន​ជា​អង្គហេតុ។​ ហើយ​យើង​ឃើញ​អង្គ​ហេតុ​ខ្លះ​វា​អត់។ ​ការ​សួរ​សំណួរ​ហ្នឹង​ ក៏​ខ្លះ​ក៏​អត់​សូវ​ចូល​ជា​អង្គ​ហេតុ​ក្នុង​ដីកា​បញ្ជូន​រឿង​មក​ជំនុំ​ជម្រះ​ផង​ដែរ»។​

បើ​តាម​លោក ​សំ សុគង់ សាលា​ដំបូង​រាជធានី​ភ្នំពេញ​ គ្រោង​នឹង​បើក​សវនាការ​សំណុំ​រឿង​ក្បត់​ជាតិ​៧​លើក រៀង​រាល់​ថ្ងៃ​អង្គារ​ ហើយ​គ្រោង​បញ្ចប់​នៅ​ថ្ងៃទី​៨​ ខែ​មីនា​ ឆ្នាំ​២០២២។ ​លោក​មេធាវី​បន្ថែម​ថា​ សវនាការ​ដែល​កំពុង​បន្ត​នេះ​ មាន​ភាព​ចម្រូង​ចម្រាស​ ពាក់​ព័ន្ធ​នឹង​ព័ត៌មាន​នៃ​ការ​បញ្ជូន​ដីកា​កោះ​ហៅ​ជន​ជាប់​ចោទ​ ដែល​ក្នុង​នោះ​មាន​ដីកា​ឈ្មោះ​ជន​ជាប់​ចោទ​៤០​នាក់​ ត្រូវ​បាន​យក​ទៅ​បិទ​នៅ​អតីត​ទីស្នាក់​ការ​កណ្តាល​គណ​បក្ស​សង្គ្រោះ​ជាតិ​ នៅ​សង្កាត់​ចាក់​អង្រែ​លើ​ ខណ្ឌ​មានជ័យ។​

គួរ​រំឭក​ឡើង​វិញ​ផង​ដែរ​ថា​ ​គិត​ចាប់តាំង​ពី​គណ​បក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ ​រហូត​ដល់​ខែ​មីនា ​ឆ្នាំ​២០២០ ​យ៉ាង​ហោច​ណាស់​មាន​អ្នក​គាំទ្រ​សកម្ម​ជន​មន្ត្រី​គណបក្ស​តាម​បណ្តា​ខេត្ត ​និង​រាជធានី​ និង​ថ្នាក់​ដឹកនាំ​របស់​បក្ស​នេះ​ជិត​១៤០​នាក់ ​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់ ​ឬ​រង​ការ​ចាប់​ខ្លួន​ទាក់​ទង​នឹង​បទ​«ក្បត់​ជាតិ» ​បទ ​«រួម​គំនិត​ក្បត់» ​ឬ​បទ​«ញុះ​ញង់​ឲ្យ​ប្រពឹត្ត​បទ​ឧក្រិដ្ឋ»​ជាដើម។ ​ នេះ​បើ​យោង​តាម​ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​កម្ពុជា។​

អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ លោក ​ស៊ឹង​ សែនករុណា​ និយាយ​ថា​សំណុំ​រឿង​ក្បត់​ជាតិ​ខាង​លើ​នេះ​ មាន​ជាប់​ហេតុ​ផល​នយោបាយ​ ទើប​មាន​ការ​អូស​បន្លាយ​ពេល​ក្នុង​ការ​ជំនុំ​ជម្រះ ​ហើយ​ថា ​ស្ថាន​ភាព​សេដ្ឋកិច្ច​កម្ពុជា​អាច​នឹង​ក្លាយ​ជា​រឿង​គួរ​ឲ្យ​បារម្ភ​មួយ ​ដោយ​សារ​រង​គំនាប​ពី​អន្តរ​ជាតិ​ប្រសិន​បើ​មិន​មាន​ដំណោះ​ស្រាយ​នយោបាយ ​ដើម្បី​ទម្លាក់​ចោល​រាល់​បទ​ចោទ​ប្រកាន់​ដែល​ផ្តើម​ចេញ​ពី​រឿង​នយោបាយ​នោះ។​

«បើ​ស្ថានភាព​នយោបាយ​នៅ​តែ​បន្ត​បែប​នេះ​ យើង​មាន​ការ​ព្រួយ​បារម្ភ​ណាស់​ ព្រោះ​អី​កន្លង​មក​ក៏​ដូច​ជា​ថ្មីៗ​នេះ​សហគមន៍​អន្តរជាតិ​ ជាពិសេស​បណ្តា​លោក​សេរី​ដែល​គេ​មាន​លក្ខខណ្ឌ​នានា​ពាក់​ព័ន្ធ​ទៅ​នឹង​ជំនួញពាក់​ព័ន្ធ​ទៅ​នឹង​ការ​ទទួល​បាន​នូវ​ការ​ជួយ​គាំទ្រ​ ឬ​ក៏​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​យើង​ គឺ​ដោយ​ភ្ជាប់​នូវ​លក្ខខណ្ឌ​ទាំង​នេះ​ឯង​គឺ​លក្ខខណ្ឌ​ការ​គោរព​សិទ្ធិ​មនុស្ស​ ហើយ​នឹង​គោរព​តាម​គោល​ការណ៍​បែប​ប្រជា​ធិបតេយ្យ​បែប​សកល​ឲ្យ​បាន​ត្រឹមត្រូវ​ហ្នឹង​ឯង»។​

ទាក់ទិន​ការ​ស្លៀកពាក់​របស់​កញ្ញា​ សេង ធារី​ ជាស្រី​អប្សរា​ចូល​ក្នុង​តុលាការ​នោះ​ អ្នក​ការពារ​សិទ្ធិ​មនុស្ស​រូប​នេះ​ លើក​ឡើង​ថា​ វា​ជា​យុទ្ធវិធី​សាស្ត្រ​តស៊ូ​មតិ​ និង​ទាញ​ការ​ចាប់​អារម្មណ៍​ពី​មជ្ឈដ្ឋាន​ជាតិ ​និង​អន្តរ​ជាតិ​ ដែល​មិន​គួរ​ទទួល​រង​ការ​រើស​អើង​ ពី​មន្ត្រី​ដែល​បម្រើ​ការ​នៅ​ក្នុង​សាលា​ដំបូង​រាជធានី​ភ្នំពេញ​នោះ​ទេ។​

ដោយ​ឡែក​ នៅ​ថ្ងៃ​ទី​៩​ ខែ​ធ្នូ ​ខាង​មុខ​នេះ​ ក្រុម​អតីត​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ជាង​១០​នាក់​នឹង​ត្រូវ​ឡើង​សវនាការ​ ក្នុង​សំណុំ​រឿង​រួម​គំនិត​ក្បត់​ ញុះ​ញង់​ឲ្យ​មាន​ភាព​វឹក​វរ​ធ្ងន់​ធ្ងរ​ដល់​សន្តិសុខ​សង្គម​ និង​បទ​ញុះញង់​កុំ​ឲ្យ​យោធិន​ស្តាប់​បង្គាប់​ ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ​ ប្រទេស​កម្ពុជា​ និង​ទីកន្លែង​ផ្សេង​ទៀត​កាល​ពី​អំឡុង​ខែ​មករា​ឆ្នាំ​២០១៨​ និង​អំឡុង​ពេល​បន្ត​បន្ទាប់។​

អ្នកស្រី សេង ចាន់ថន ភរិយា​លោក ស៊ុន ធន់ ផ្តល់​បទសម្ភាសន៍​ឲ្យ​សំឡេង​សហរដ្ឋ​អាមេរិក នៅ​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១។ (ហ៊ុល រស្មី/វីអូអេ)
អ្នកស្រី សេង ចាន់ថន ភរិយា​លោក ស៊ុន ធន់ ផ្តល់​បទសម្ភាសន៍​ឲ្យ​សំឡេង​សហរដ្ឋ​អាមេរិក នៅ​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១។ (ហ៊ុល រស្មី/វីអូអេ)

អ្នកស្រី​ សេង ចាន់ថន​ ភរិយា​លោក​ស៊ុន ធន់​ អតីត​សមាជិក​ក្រុម​ប្រឹក្សា​ស្រុក​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ខេត្ត​កំពង់ធំ​ ដែល​នឹង​ឡើង​សវនាការ​នៅថ្ងៃ​ទី​៩​ ខែ​ធ្នូ​នោះ ​បាន​ប្រាប់​វីអូអេ​នៅ​ក្រៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ថា​ សេរី​ភាព​របស់​ស្វាមី​អ្នកស្រី​ អាស្រ័យ​ទាំង​ស្រុង​ទៅ​លើ​ការ​ស្រុះ​ស្រួល​ខាង​នយោបាយ។​

«និយាយ​ទៅ​ បើ​ចិត្ត​ខ្ញុំ​ចង់​ឲ្យ​គេ​ដោះ​លែង​គាត់​ហ្មង​ នៅ​ថ្ងៃ​ទី​៩​ហ្នឹង​ ដែល​គេ​ហៅ​ឡើង​សវនាការ​នៅ​ថ្ងៃ​ទី​៩​ខាង​មុខ​នេះ។ ប៉ុន្តែ ​ខ្ញុំ​ជឿ​ជាក់​ថា​ប្រហែល​ជា​មាន​...​នៅ​ក្នុង​ហ្នឹង​ ប្រហែល​ជា​មាន​រឿង​អី​មួយ​ដែល​ត្រូវ​ចរចា​គ្នា​រឿង​នយោបាយ​ដែល​អាច​ដោះ​ស្រាយ​បាន​ នៅ​ថ្ងៃ​ខាង​មុខ​ហ្នឹង។អ៊ីចឹង​ វា​មាន​លាយ​ឡំ​នៅ​ក្នុង​រឿង​នយោបាយ។​ អ៊ីចឹង​ការ​ដោះ​លែង ​ឬ​មិន​ដោះលែង​ គឺ​អាស្រ័យ​ទៅ​លើ​នយោបាយ​ធូរ​ស្រាល​ ឬ​ក៏​តឹង​តែង​សម្រាប់​ពួក​គាត់»។​

នៅ​ក្រោយ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ​កាល​ពី​ឆ្នាំ​២០១៧​ក្រុម​មេ​ដឹកនាំ​គណបក្ស​ប្រឆាំង​ដែល​កំពុង​ស្ថិត​នៅ​ក្រៅ​ប្រទេស​ជា​ញឹកញាប់​ចេញ​សារ​នយោបាយ​រិះគន់​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ ​ពាក់​ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស ​និង​ការ​បន្ត​កសាង​សំណុំ​រឿង​ព្រហ្មទណ្ឌ​ជា​បន្ត​បន្ទាប់​នៅ​តុលាការ៕​

វីដេអូថ្មីៗបំផុត

XS
SM
MD
LG