ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

អ្នក​ពាក់​ព័ន្ធ​រិះ​គន់​ការ​ចាប់​ខ្លួន​សកម្ម​ជន​គណបក្ស​ប្រឆាំង​ជ្រក​កោន​នៅ​ថៃ ​ហើយ​បញ្ជូន​មក​​ឃុំ​ខ្លួន​នៅ​កម្ពុជា


រូបឯកសារ៖ អ្នកស្រី​ ឡាញ់ ថាវរី ​ដែល​ជា​អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​និង​ជា​អតីត​មេឃុំ​ឫស្សី​ក្រោក ​ ស្រុក​មង្គល​បុរី​  ខេត្ត​បន្ទាយ​មានជ័យ។ (Facebook / Lanh Thavry)

ការ​ចាប់​ខ្លួន​ជា​បន្ត​បន្ទាប់​នូវ​សកម្ម​ជន​គណបក្ស​ប្រឆាំង​ដែល​ជ្រកកោន​ក្នុង​ប្រទេស​ថៃ​នាំ​ឲ្យ​មាន​ការ​រិះគន់​ពី​អ្នក​ពាក់​ព័ន្ធ​ថា​ ជា​ការ​បំពាន​សិទ្ធិ​របស់​ពួក​គេ។​

កាល​ពី​ចុង​សប្តាហ៍​មុន​ មាន​ការ​ចាប់​ខ្លួន​អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ​និង​ជា​អតីត​មេឃុំ​ជាប់​ឆ្នោត​ក្នុង​ស្រុក​មង្គល​បុរី​ម្នាក់ ​ ហើយ​ត្រូវ​បាន​អាជ្ញាធរ​ថៃ​បញ្ជូន​មក​ឲ្យ​អាជ្ញាធរ​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​២០​ ខែ​វិច្ឆិកា។ ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​ជាន់​ខ្ពស់​នៃ​ក្រសួង​មហា​ផ្ទៃ។​

អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ ​លោក​ ខៀវ សុភ័គ​ ប្រាប់​វីអូអេ​ថា​ ការ​ចាប់​និង​បញ្ជូន​ខ្លួន​អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ អ្នកស្រី​ ឡាញ់ ថាវរី ​ដែល​ជា​អតីត​មេឃុំ​ឫស្សី​ក្រោក ​ ស្រុក​មង្គល​បុរី​ខេត្ត​បន្ទាយ​មានជ័យ ​គឺ​យោង​លើ​ការ​អនុវត្ត​ច្បាប់​ពី​សំណាក់​អាជ្ញាធរ​ថៃ​ខណៈ​លោក​លើក​ឡើង​ថា​ អ្នកស្រី​ ក៏​ជាប់​ចោទ​ពី​បទ​«រួម​គំនិត​ក្បត់» ​ដែល​ប្រព្រឹត្ត​ទៅ​នៅ​កម្ពុជា​ផង​ដែរ។​

លោក​ថ្លែង​ថា៖ ​«កន្លង​មក​ សមត្ថកិច្ច​ថៃ​ គេ​បាន​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​របស់​គេ​ក្នុង​ការស្នាក់​នៅ​ខុស​ច្បាប់​នៅ​ស្រុក​គេ។ ​ អ៊ីចឹង​គេ​រក​ឃើញ​ជន​ហ្នឹង​ស្នាក់​នៅ​ខុស​ច្បាប់។​ដូច្នេះ​អនុវត្ត​តាម​ច្បាប់​ថៃ គេ​ចាប់​បញ្ជូន​ជន​ហ្នឹង​មក​ឲ្យ​យើង​វិញ​ ដែល​ជា​ជន​ជាតិ​ខ្មែរ​រស់​នៅ​ស្រុក​គេ​ ដោយ​គ្មាន​ច្បាប់​ទម្លាប់។ ​ ហើយ​វា​ត្រូវ​នឹង​ឈ្មោះ​ ឡាញ់ ថាវរី ​និង​មាន​ដីកា​ចាប់​ខ្លួន​ពី​តុលាការ​របស់​យើង​ដែរ​ពី​បទ​សម​គំនិត»។​

លោក ​ខៀវ សុភ័គ​ បាន​ឲ្យ​ដឹង​ទៀត​ថា​ នា​ពេល​បច្ចុប្បន្ន​ អ្នកស្រី ​ឡាញ់ ថាវរី​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស​ក្នុង​រាជធានី​ភ្នំពេញ ​ដោយ​រង់ចាំ​នីតិវិធី​របស់​តុលាការ​បន្ត​ទៀត។​

អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​រូប​នេះ​បន្ថែម​ថា ​ រដ្ឋាភិបាល​កម្ពុជា​មិន​បាន​ស្នើ​ឲ្យ​មាន​ការ​ចាប់ខ្លួន​អ្នកស្រី​ ឡាញ់ ថាវរី​ ឡើយ ​ ហើយ​ការ​ចាប់​ខ្លួន​នេះ​គឺ​ធ្វើ​ឡើង​ដោយ​អាជ្ញាធរ​ថៃ ​ក្រោម​ការ​អនុវត្ត​ក្នុង​ដែន​សមត្ថកិច្ច​នៅ​ប្រទេស​ថៃ។​

វីអូអេ​មិន​ទាន់​ទទួល​បាន​ការ​ឆ្លើយ​តប​ពី​ស្ថានទូត​ថៃ​ប្រចាំ​នៅ​កម្ពុជា ​តាម​សារ​អ៊ីម៉ែល​នៅ​ឡើយ​ទេ ​គិត​ត្រឹម​ថ្ងៃ​ចន្ទ។​

កាល​ពីដើម​ខែ​វិច្ឆិកា​ ឆ្នាំ​២០២១​នេះ ​ បុរស​ពីរ​នាក់​ដែល​ម្នាក់ ​ជា​សកម្ម​ជន​សង្គម​និង​ម្នាក់ ​ជា​សកម្ម​ជន​គណបក្ស​សង្គ្រោះ​ជាតិត្រូវ​បាន​អាជ្ញាធរ​ថៃ​ចាប់​ខ្លួន​ ហើយ​បញ្ជូន​មក​កម្ពុជា។ ​ សកម្ម​ជន​ទាំង​ពីរ​នាក់​នោះ​ រួម​មាន​លោក ​វឿន វាសនា ​ដែល​ជា​សកម្ម​ជន​សង្គម​ហើយ​តែងតែ​រិះគន់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន។​ កាល​ពី​កន្លង​ទៅ ​លោក​បាន​និពន្ធ​កំណាព្យ​មួយ​ក្រោម​ចំណង​ជើង​ថា​« ហ៊ុន សែន​ក្បត់​ជាតិ»។ ​ ចំណែក​សកម្ម​ជន​ម្នាក់​ទៀត​មក​ពី​គណ​បក្ស​សង្គ្រោះជាតិ​ គឺ​លោក​វឿង សំណាង។​ ​

ការ​ចាប់​ខ្លួន​អ្នក​ទាំងពីរ​ត្រូវ​បាន​អាជ្ញាធរ​អះអាង​ថា​ ជា​ការ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​ក្នុង​ប្រទេស​ថៃ ​ហើយ​ពួកគេ​ជាប់​បណ្តឹង​នៅ​តុលាការ​កម្ពុជា​ពី​បទ​«រួម​គំនិត​ក្បត់»។​

អ្នក​នាំពាក្យ​សមាគម​សិទ្ធិ​មនុស្ស​អាដហុក ​លោក​ ស៊ឹង សែនករុណា ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​ថា​ លោក​ទទួល​បាន​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ការ​ចាប់​ខ្លួន​អ្នកស្រី ​ឡាញ់ ថាវរី ​តាម​រយៈ​ព័ត៌មាន​លើ​បណ្តាញ​សង្គម ​និង​ការ​បញ្ជាក់​ពី​ក្រុម​ការងារ​តាម​ខេត្ត​ពី​ការ​បញ្ជូន​ខ្លួន​អ្នកស្រី​មក​កម្ពុជា ​តាម​ច្រក​ព្រំដែន​ប៉ោយប៉ែត​ក្នុង​ខេត្ត​បន្ទាយ​មានជ័យ។​

លោក​បន្ត​ថា​ បច្ចុប្បន្ន​សង្គម​ស៊ីវិល​ និង​អង្គការ​សហ​ប្រជាជាតិ​ កំពុង​តែ​តាម​ដាន​និង​បញ្ជាក់​ពី​កន្លែង​ឃុំ​ខ្លួន​ឲ្យ​បាន​ច្បាស់​លាស់ ​ដោយសារ​សាច់​ញាតិ​មាន​ការ​ព្រួយ​បារម្ភ​ បន្ទាប់​ពី​មិន​មាន​ដំណឹង​ ក្រោយ​ពី​ការ​ចាប់​ខ្លួន។​

លោក​បញ្ជាក់​ថា​ ករណី​ចាប់​ខ្លួន​អ្នកស្រី​ ឡាញ់ ថាវរី​ក៏​ដូចជា​ការ​ចាប់​ខ្លួន​អ្នក​ផ្សេង​ទៀត ដែរកើត​ឡើង​ក្រោយ​ពួកគេ​រិះគន់​រដ្ឋាភិបាល​កម្ពុជា។​

លោក​ថ្លែង​ថា៖ ​«អ្វី​ដែល​យើង​មាន​ការ​កត់​សម្គាល់​ហ្នឹង​គឺ​បាន​បង្កើត​ឡើង​អំពី​អ្នក​ទាំងអស់​ហ្នឹង​ជា​សកម្ម​ជន​នយោបាយ។​ គាត់​មាន​ការ​រិះគន់​លើ​អ្វី​ដែល​ជា​ទស្សនៈ​របស់​គាត់​ទៅ​លើ​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​ជា​ដើម។​ហើយ​យើង​ឃើញ​ថា ​ អ្នក​ទាំង​អស់​ហ្នឹង​ក្រោយ​ពី​មាន​ការ​បញ្ចេញ​មតិ​តាម​បណ្តាញ​សង្គម​អី​ទាំង​អស់​ហ្នឹង​ ហើយ​ជា​ការ​កត់​សម្គាល់​របស់​យើង​ បន្ទាប់​មក​យើង​ឃើញ​មាន​ចំណាត់​ការ​បន្ត​បន្ទាប់​ពី​ខាង​សមត្ថកិច្ច​ថៃ​ទៅ​លើ​ពួក​គាត់​ ហើយ​បញ្ជូន​មក​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​តែ​ម្តង»។​

កាល​ពី​ថ្ងៃ​ទី​២០ ​ខែ​វិច្ឆិកា​ ​នាយក​រង​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ប្រចាំ​តំបន់​អាស៊ី​ លោក​ Phil Robertson ​បាន​បង្ហោះ​សារ​លើ​បណ្តាញ​សង្គម​ Twitter ​ជុំវិញ​ការ​ចាប់​បញ្ជូន​ខ្លួន​អ្នក​ស្រី ឡាញ់ ថាវរី​ ជា​ភាសា​អង់គ្លេស ​និង​ត្រូវ​បាន​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​ថា៖ ​

«នេះ​កាន់​តែ​បញ្ជាក់​ច្បាស់​ថា ​ [អាជ្ញាធរ]​អន្តោ​ប្រវេសន៍​ថៃ​បាន​ធ្វើ​រឿង​ដ៏​មិន​គួរ​ឲ្យ​ជឿ​សា​ជា​ថ្មី​ម្តង​ទៀត!​ប្រទេស​ថៃ​បាន​រំលោភ​បំពាន​យ៉ាង​កម្រោល​លើ​ការ​ការពារ​និង​សិទ្ធិ​ជន​ភៀស​ខ្លួន​ដោយ​បញ្ជូន​ជន​ភៀសខ្លួន​ អ្នក​ស្រី​ ឡាញ់​ ថាវរី ​មក​កម្ពុជា​កាល​ព្រឹក​ថ្ងៃ​នេះទោះបី​អ្នកស្រី​ត្រូវ​បាន​ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន​(UNHCR) ​ប្រចាំ​តំបន់​អាស៊ី​ទទួល​ស្គាល់​ជា​ជនភៀសខ្លួន​ក៏ដោយ។ ​ នេះ​ជា​រឿង​ហួស​ហេតុ ​និង​មិន​អាច​ទទួល​យក​បាន​ជា​ដាច់​ខាត»!​

កាល​ពី​ថ្ងៃ​ទី​១២​ ខែ​វិច្ឆិកា ឆ្នាំ​២០២១ ​ ​ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន​(UNHCR) ​បាន​រិះគន់​ការ​ចាប់​ខ្លួន​សកម្មជន​គណបក្ស​ប្រឆាំង​ និង​បញ្ជូន​មក​ប្រទេស​កម្ពុជា​វិញ ​ដោយ​បារម្ភ​អំពី​ការ​ធ្វើ​បាប​ក្នុង​ប្រទេស​កម្ពុជា។ ​ អង្គការ​នេះ​បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​ថៃ​ស៊ើប​អង្កេត​ករណី​នេះ​ និង​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ថៃ​គោរព​កាតព្វកិច្ច​អន្តរជាតិ​ជា​មូលដ្ឋាន​របស់​ខ្លួន ​ជា​ពិសេស​គោល​ការណ៍​នៃ​ការ​ការពារ​ជន​ភៀស​ខ្លួន។​

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះជាតិ ​អ្នកស្រី​ មូរ សុខហួរ ​ក៏​បាន​បង្ហោះ​សារ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​អ្នកស្រី​ កាល​ពី​ថ្ងៃ​ទី២០ ​ខែ​វិច្ឆិកា​ថា៖ ​«សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ចំនួន​៥០០៧ ​មក​ពី​គណបក្ស​ប្រឆាំង​ដែល​ជាប់​ឆ្នោត​ក្នុង​ឆ្នាំ២០១៧ ​ ​អាសនៈ​របស់​ពួក​គេ​ត្រូវ​បាន​ដកហូត​ដោយ​របប​លោក​ ហ៊ុន សែន។​អ្នក​ខ្លះ​ភៀស​ខ្លួន​ទៅ​ប្រទេស​ថៃ ​ហើយ​ទទួល​ស្គាល់​ដោយ​ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន​(UNHCR) ​ថា​ជា​ជន​ភៀសខ្លួន។​ ពេល​នេះ​ពួកគេ​ត្រូវ​បាន​និរទេស​ដោយ​អយុត្តិ​ធម៌​ដើម្បី​ប្រឈម​មុខ​នឹង​ការ​ជាប់​ពន្ធនាគារ​នៅ​កម្ពុជា»។​

គួរ​បញ្ជាក់​ថា​ក្រោយ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​កាល​ពី​ចុង​ឆ្នាំ​២០១៧ ​ សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​ចំនួន​បាន​រត់​ភៀស​ខ្លួន​ទៅ​នៅ​ប្រទេស​ថៃ ​ ហើយ​សកម្មជន​ខ្លះ​ទទួល​បាន​សិទ្ធិ​ជ្រក​កោន​នយោបាយ​នៅ​ទី​នោះ​ផង​ដែរ។ ​

កាល​ពី​កន្លង​ទៅ​ លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ ធ្លាប់​បាន​ថ្លែង​ថា​ ​លោក​អាច​ចាប់​ខ្លួន​សកម្មជន​ខ្មែរ​ដែល​ស្នាក់​នៅ​ប្រទេស​ថៃ​ពេល​ណា​ក៏​បាន៕

XS
SM
MD
LG