ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សវនាការ​អសាធារណៈ​សាលា​ឧទ្ធរណ៍​​​សម្រេច​ឲ្យ​សកម្មជន​គណបក្ស​ប្រឆំាង​១១នាក់​មាន​ទោស​ដដែល


រូបឯកសារ៖ លោក មាជ សុវណ្ណារ៉ា ត្រូវ​​នាំ​​ខ្លួន​នៅ​តុលាការ​កំពូល​កាល​ពី​ថ្ងៃ​ពុធ ទី​៤ ខែ​មីនា ឆ្នាំ​២០១៥។ (VOA)
រូបឯកសារ៖ លោក មាជ សុវណ្ណារ៉ា ត្រូវ​​នាំ​​ខ្លួន​នៅ​តុលាការ​កំពូល​កាល​ពី​ថ្ងៃ​ពុធ ទី​៤ ខែ​មីនា ឆ្នាំ​២០១៥។ (VOA)

បន្ទាប់ពី​តុលាការ​ភ្នំពេញ​បាន​កាត់​ទោស​អតីត​មន្រ្តី​ ​និង​សកម្មជន​គណ​បក្ស​​ប្រឆាំង​ចំនួន​១១​នាក់​ឲ្យ​ជាប់​ពន្ធនាគារ​ម្នាក់ៗ​ចន្លោះ​ពី៥​ឆ្នាំ​ទៅ​២០ឆ្នាំ​ ​នៅ​ព្រឹក​ថ្ងៃ​ព្រសហ្បតិ៍​នេះ​​​សាលា​ឧទ្ធរណ៍ក៏​បាន​​សម្រេច​តម្កល់​​សាលក្រម​របស់​សាលា​ដំបូង​នេះ។​ ​មន្រ្តី​សិទ្ធិ​មនុស្ស​លើក​ឡើង​ថា​ ​សំណុំ​រឿង​អ្នក​ទាំង​១១​នាក់​នេះ​​ត្រូវដោះ​ស្រាយ​​តាម​រយៈ​ការចចា​នយោបាយ។​

សាលា​ឧទ្ធរណ៍​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​បាន​សម្រេច​ទាត់​ចោល​បណ្តឹង​របស់​លោក​ ​មាជ សុវណ្ណារ៉ា​ ​មន្ត្រី​ជាន់​ខ្ពស់​គណ​បក្ស​សង្គ្រោះ​ជាតិ​ ​និង​សកម្ម​ជន​គណ​បក្សនេះ​១០​នាក់​ផ្សេង​ទៀត​ ​ដែល​ប្តឹង​ទាស់​ការ​សម្រេច​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ​កាត់​ទោស​ឲ្យ​ពួកគេ​ជាប់​ពន្ធនាគារ​ម្នាក់ៗ​ពី​៧​ទៅ​២០​ឆ្នាំ។​ ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មន្រ្តី​ជាន់​ខ្ពស់​សាលា​ឧទ្ធរណ៍។​

លោក​ ​ទូច ថារិទ្ធ​ ​អ្នក​នាំ​ពាក្យ​សាលា​ឧទ្ធរណ៍​ប្រាប់​ ​VOA​ ​នារសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ​លោក​ប្លង់ សំណាង​ ​ប្រធាន​ក្រុម​ប្រឹក្សា​អង្គ​ជំនុំ​ជម្រះ​សាលា​ឧទ្ធរណ៍​ ​បាន​សម្រេច​តម្កល់​សាលក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ទុកជា​បាន​ការ​ ​ដោយ​យោង​មូល​ហេតុ​ថា​ ​ការ​សម្រេច​របស់​សាលា​ដំបូង​មាន​ភាព​ត្រឹម​ត្រូវ​តាម​ច្បាប់។​ ​លោក​បន្ថែម​ថា​ ​សវនាការ​នៅ​ព្រឹក​ថ្ងៃ​ព្រសហ្បតិ៍​នេះ​ ​ជា​សវនាការ​អសាធារណៈ​ ​មិន​អនុញ្ញាត​ឲ្យ​សាធារណជន​ ​ឬ​អ្នក​សារ​ព័ត៌មាន​ចូល​ស្តាប់​នោះ​ទេ។

លោក​បញ្ជាក់​ថា៖​

«តុលា​ការ​សាលា​ឧទ្ធរណ៍​ហ្នឹង​គេ​តម្កល់​សាលក្រម​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ហ្នឹង​ទុកជា​បាន​ការដ​ដែល។​ ​ក្រោម​មូល​ហេតុ​ដោយ​សារតែ​បទ​ល្មើស​ហ្នឹង​មាន​ហេតុ​ផល​ ​និង​មាន​ការ​ផ្តើម​ចោទ​របស់​ព្រះ​រាជ​អាជ្ញា​ហ្នឹង​ស្រប​តាម​គោល​ការណ៍​ច្បាប់​អស់​ហើយ។​ អីចឹង​សាលា​ឧទ្ធរណ៍​យល់​ឃើញ​ថា​ ការ​សម្រេច​របស់​តុលាការ​ក្រុង​ភ្នំពេញ​ហ្នឹង​ស្រប​តាម​ច្បាប់ ​ អីចឹង​គេ​តម្កល់​សាលក្រម​ទុកជា​បាន​ការ​ដដែល»។​

លោក​ ​មាជ សុវណ្ណារ៉ា​ ​មន្រ្តី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន​២០​ឆ្នាំ​ពីបទ​ដឹក​នាំ​ ​និង​ចូល​រួម​ក្នុង​ចលនា​កុប្បកម្ម​ទាក់​ទង​នឹង​ការ​ប្រើ​ហិង្សា​នៅ​ទីលាន​ប្រជា​ធិបតេយ្យ​កាលពី​ថ្ងៃ​ទី​១៥កក្កដាឆ្នាំ​២០១៤​ ​ដែល​បណ្ដាល​ឲ្យ​កង​សន្តិសុខ​ខណ្ឌ​ ​និង​អ្នក​តវ៉ា​ជិត​៤០​នាក់​រង​របួស​ ​ក្នុង​ការប៉ះទង្គិច​គ្នា​ជា​មួយ​ក្រុម​បាតុករ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​បាន​តុលាការ​រំលាយ​កាល​ពី​ឆ្នាំ​មុន។ ​ចំណែក​សកម្មជន​គណ​បក្ស​សង្គ្រោះ​ជាតិ​ចំនួន​៧​នាក់​ទៀតត្រូវ​បាន​តុលាការ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ក្នុង​ម្នាក់ៗ​ចាប់​ពី​៥​ឆ្នាំ​ដល់​៧​ឆ្នាំ​ពី​បទ​ចូល​រួម​ធ្វើ​កុប្បកម្ម​ពាក់​ព័ន្ធនឹង​អំពើ​ហិង្សា​ដូច​គ្នា។

ការ​សម្រេច​របស់​សាលា​ឧទ្ធរណ៍​ធ្វើ​ឡើង​តែ​ប៉ុន្មានថ្ងៃ​ប៉ុណ្ណោះ​ ​ក្រោយ​ពេល​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ ​Human Rights Watch​ ​ដែល​មាន​ទីស្នាក់​ការ​នៅ​សហ​រដ្ឋ​អាមេរិក​នៅ​សប្ដាហ៍​នេះ​ ​បាន​អំពាវនាវ​សារជា​ថ្មី​ ​ដោយ​ទាមទារ​ឲ្យ​អាជ្ញាធរ​កម្ពុជា​ទម្លាក់​ចោល​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​តាម​ប្រព័ន្ធ​តុលា​ការ ​លើ​ក្រុម​សមាជិកសកម្មជន​ ​និង​តំណាង​រាស្ត្រ​គណ​បក្សប្រឆាំង។ អង្គការ​ដ​ដែលក៏​បានចាត់​ទុក​ការ​ចាប់​ក្រុម​សមាជិក​គណបក្ស​ប្រឆាំង​ទាំង​នោះ​មក​កាត់​ទោសថា ​បាន​ធ្វើ​ឡើង​ដោយ​មាន​ហេតុ​ផល​នយោបាយ​ ​និង​ជា​យុទ្ធ​សាស្ត្រ​របស់​លោក​ ​ហ៊ុន សែន​ ​ក្នុង​ការ​ធ្វើ​ឲ្យ​ក្រុម​ប្រឆាំង​ចាញ់​ការ​បោះ​ឆ្នោត​ខែ​កក្កដា​ ​ឆ្នាំ​២០១៨​ខាង​មុខ។​

លោក​ ​អំ សំអាត​ ​មន្រ្តី​ជាន់​ខ្ពស់​ផ្នែក​អង្កេត​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​ ​លើក​ឡើង​ថា លោក​សោកស្តាយ​ចំពោះ​ការ​សម្រេច​របស់​សាលា​ឧទ្ធរណ៍​នា​ព្រឹក​នេះ។​ ​លោក​បន្ថែម​ថា​ ​ជា​ការ​កត់​សម្គាល់​របស់​លោក​ ​រៀង​រាល់​សំណុំ​រឿង​របស់​មន្រ្តី​ ​ឬ​សកម្មជន​នយោបាយ​ ​និង​សកម្មជន​សិទ្ធិ​មនុស្ស​ផ្សេងៗ​ ​តុលា​ការគ្រប់​ជាន់​ថ្នាក់តែង​សម្រេច​ដូចៗ​គ្នា​ ​រហូត​មាន​ការដោះ​ស្រាយ​តាម​ផ្លូវ​នយោបាយ។​

លោក​មាន​ប្រសាសន៍​ថា៖​

«ទាក់​ទងជា​មួយ​នឹង​សកម្មជន​គណ​បក្សនយោបាយ​ហ្នឹង ​ភាគ​ច្រើន​គេ​ច្រើន​តែដោះ​ស្រាយ​គ្នា​តាម​របៀប​នយោបាយ។ ​ដូច​យើង​ឃើញ​ហើយ ​ករណី​ហ្នឹង​ដែរពី​ដំបូង​ឡើយ​យើង​ឃើញ​ថា​ មាន​ការ​ចាប់​ម្តង​ទៅ​ហើយ ហើយមាន​ការចចា​ផ្នែក​នយោបាយ ឬ​ក៏​ស្ថានភាព​នយោបាយ​មាន​ការ​ធូរស្រាល​ទៅ​ ក៏​មាន​ការ​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន​អី​អីចឹងទៅ»។​

ទំព័រ​ហ្វេសប៊ុក​ ​និង​គេហ​ទំព័រ​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូនៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ​បញ្ជាក់​ថា​ ​នីតិ​វិធី​បណ្តឹង​ឧទ្ធរណ៍​របស់​អ្នក​ទាំង​១១រូប​បាន​អនុវត្តយ៉ាង​យូរ​ ​ដែល​ត្រូវ​បាន​ចាប់​ផ្តើម​តាំង​ពីឆ្នាំ​២០១៦​ ​ហើយ​ត្រូវ​បាន​បញ្ចប់​ក្នុង​សវនាការ​រយៈ​ពេល​៣​ថ្ងៃ​គឺពី​ថ្ងៃ​ទី​២៣​ ​ដល់​ថ្ងៃ​ទី២៥ ​ខែ​មេសា ​ឆ្នាំ​២០១៨​នេះ។​

អង្គការ​លីកាដូ​បន្ថែម​ថា​ ​អំឡុង​ពេល​សវនាការ​លាលា​ឧទ្ធរណ៍​ ​ការ​ផ្តល់​សក្ខីកម្ម​ដោយ​ផ្ទាល់គឺ​ត្រូវ​បាន​គេ​កំហិត​យ៉ាង​ខ្លាំង។​ ​ក្នុង​នោះ​ភាគី​ដើម​បណ្តឹង​មិន​បាន​ចំណាំ​ថា​ ​ជន​ជាប់​ចោទ​ទាំង​នោះ​ជា​អ្នក​ប្រព្រឹត្ត​អំពើ​ហិង្សា​លើរូប​គាត់ ​ឬ​ក៏​អត់​នោះ​ទេ។​ សេចក្តី​ថ្លែង​ហេតុ​របស់​សមា​ជិក​សន្តិសុខ​ខណ្ឌដូន​ពេញ​ស្ទើរតែ​ដូច​គ្នា​ទាំង​ស្រុង​ ហើយ​សេចក្តី​ថ្លែង​ហេតុ​របស់​សមា​ជិក​សន្តិសុខ​ខណ្ឌដូន​ពេញដែល​អវត្ត​មាន​ចំនួន​៤០​នាក់​ ​ត្រូវ​បាន​ថតទុក​និង​អាន​ជំនួស​ ​ដែល​នេះ​ជាការ​រារាំង​មិន​ឲ្យ​មាន​នីតិ​វិធី​សួរដេញ​ដោល​ពី​សំណាក់​មេធាវី​ជន​ជាប់​ចោទ។​ ​ចំណែក​ភស្តុតាង​ជា​វីដេអូ​ ដែល​ត្រូវ​បាន​ដាក់​ជូន​តុលាការ​ បាន​បង្ហាញ​ថា​ ​ជន​ជាប់​ចោទ​មួយ​ចំនួន​មាន​ភាព​សកម្ម​ក្នុង​ការ​ព្យាយាម​រារាំង​មិន​ឲ្យ​មាន​អំពើ​ហិង្សា​កើត​ឡើង៕

XS
SM
MD
LG