ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហ​ភាព​អឺរ៉ុប​ព្រមាន​ចាត់​វិធានការ​លើ​ការ​បង្ក្រាប​នយោបាយ​នៅ​កម្ពុជា


រូបឯកសារ៖​ លោកស្រី Federica Mogherini អនុប្រធាន​​គណៈ​កម្មាការ​អឺរ៉ុប ​ដែល​ទទួល​បន្ទុក​ផ្នែក​កិច្ចការ​បរទេស ​និង​សន្តិសុខ​របស់​សហ​ភាព​អឺរ៉ុប​ថ្លែង​នៅ​ឯ​សន្និសីទ​ប្រព័ន្ធផ្សព្វផ្សាយ​មួួយ​នៅ​ក្នុង​ទីក្រុង​ព្រុចស៊ែល​ កាលពី​ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨។ (រូបភាព AP)
រូបឯកសារ៖​ លោកស្រី Federica Mogherini អនុប្រធាន​​គណៈ​កម្មាការ​អឺរ៉ុប ​ដែល​ទទួល​បន្ទុក​ផ្នែក​កិច្ចការ​បរទេស ​និង​សន្តិសុខ​របស់​សហ​ភាព​អឺរ៉ុប​ថ្លែង​នៅ​ឯ​សន្និសីទ​ប្រព័ន្ធផ្សព្វផ្សាយ​មួួយ​នៅ​ក្នុង​ទីក្រុង​ព្រុចស៊ែល​ កាលពី​ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨។ (រូបភាព AP)

សហភាព​​អឺរ៉ុប​​ចេញ​​សេចក្ដី​សម្រេច​​ព្រមាន​​​ចាត់​​​វិធានការ​​​តបត​​​នឹង​​​រដ្ឋាភិបាល​​​កម្ពុជា​ចំពោះ​​​ការ​​បង្ក្រាប​​នយោបាយ​​​លើ​​ក្រុម​​នយោបាយ​​ជំទាស់​ ​អង្គការ​សង្គម​​ស៊ីវិល ​​និង​បណ្ដាញ​​​សារ​ព័ត៌មាន​​​ដែល​​​មិន​​​ចំណុះ​​​រដ្ឋ​អំណាច​ខ្មែរ។

ក្រុម​ប្រឹក្សាទទួលបន្ទុកកិច្ចការបរទេសនៃសហភាពអឺរ៉ុប​បានចេញនូវសេចក្ដី​សម្រេចមួយនៅថ្ងៃ​ច័ន្ទនេះ​ព្រមាន​ចាត់​វិធានការ​តបត​នឹង​រដ្ឋាភិបាល​កម្ពុជា​ចំពោះ​ការបង្ក្រាបនយោបាយ​ដ៏ជ្រាល​ជ្រៅ​លើក្រុមនយោបាយជំទាស់​ ​អង្គការ​សង្គមស៊ីវិល និង​បណ្ដាញ​សារ​ព័ត៌មាន​ដែល​មិន​ចំណុះ​រដ្ឋ​អំណាច​ខ្មែរ។​

សហភាពអឺរ៉ុបបានគំរាមដាក់ទណ្ឌកម្មប្រទេសកម្ពុជា
សូម​រង់ចាំ

No media source currently available

0:00 0:01:55 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

សេចក្ដីសម្រេច​ ដែល​ត្រូវ​បាន​អនុម័ត​ក្រោយ​ការ​ប្រជុំ​រដ្ឋ​មន្ត្រី​ការ​បរទេស​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ នា​ទីក្រុង​ព្រុចសែល​បាន​ទទូច​ម្តង​ទៀត​ឲ្យ​រដ្ឋាភិបាល​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន ​សែន កែប្រែ​ស្ថាន​ការណ៍​នយោបាយ​ឱ្យ​ដូច​ដើមវិញ ​ដោយ​ដោះ​លែង​លោក​កឹម​ សុខា ​និងដាក់​ឱ្យ​ដំណើរ​ការ​ឡើង​វិញ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ​ដែល​ត្រូវ​បានរំលាយដោយ​សេចក្ដី​សម្រេច​ដ៏​ចម្រូង​ចម្រាស​មួយ​របស់​តុលាការ​កំពូល ​កាល​ពី​ខែវិច្ឆិកា ​ឆ្នាំមុន។​

ក្រុម​ប្រឹក្សា​ដដែល​បាន​ទទូច​ឲ្យរដ្ឋាភិបាល​ក្រុង​ភ្នំពេញបញ្ឈប់​ការ​ប្រើប្រាស់​ស្ថាប័ន​តុលាការ​ជា ​«ឧបករណ៍​នយោបាយ​ក្នុង​ការ​បៀតបៀន ​យាយី​ និង​គំរាម​កំហែង​គូ​ជំទាស់​ផ្នែក​នយោបាយ ​សង្គម​ស៊ីវិល ​សកម្មជន​សិទ្ធិ​ការងារ​ និង​អ្នក​ការពារសិទ្ធិ​មនុស្ស» ​ហើយ​ថា​ បើ​សិន​ជា​ស្ថាន​ការណ៍​មិន​ល្អ​ដូច​ប្រក្រតី​វិញ​ទេ ​សហ​ភាព​អឺរ៉ុប​ក៏​អាច​នឹង​ពិចារណា​ចាត់​វិធានការ​ដាក់​គោល​ដៅ​ជាក់លាក់​គឺ​ Specific ​Targeted​ Measure ​ដែល​ទំនង​ជា​សំដៅ​ដល់​ទណ្ឌកម្ម​ចំពោះមន្ត្រី​អ្នក​មុខ​ អ្នក​ការ​ក្នុង​រដ្ឋបាល​ខ្មែរដែល​មាន​ចំណែក​ទទួល​ខុស​ត្រូវ​ក្នុង​ការ​បង្ក្រាប​ផ្នែក​នយោបាយ។​

ការ​ប្រជុំ​ក្រុម​ប្រឹក្សាទទួលបន្ទុកកិច្ចការបរទេសនៃសហ​ភាពអឺរ៉ុប​ដែល​ចេញ​សេចក្ដី​សម្រេច​នេះត្រូវ​បាន​ដឹក​នាំដោយ​អ្នកស្រី​ Federica ​Mogherini ​អនុ​ប្រធាន​គណៈ​កម្មាការ​អឺរ៉ុប ​ដែល​ទទួល​បន្ទុក​ផ្នែក​កិច្ចការ​បរទេស ​និង​សន្តិសុខ​របស់​សហ​ភាព​អឺរ៉ុប។​

ការ​ទទួល​បាន​បុព្វសិទ្ធិ​ក្នុង​នាម​ជា​ប្រទេស​ដែលទំនិញ​ចូល​ទីផ្សារ​អឺរ៉ុប​ដោយ​ឥត​បង់​កម្រៃ​ពន្ធ​គយ​ ​កម្ពុជា​ក៏​ត្រូវបាន​ក្រុម​ប្រឹក្សា​ផ្នែក​កិច្ចការ​បរទេស​នៃ​សហ​ភាព​អឺរ៉ុប​ព្រមាន​ផង​ដែរ​ថា ​ខ្លួន​នឹង​តាម​ដាន​ស្ថាន​ការណ៍​កម្ពុជា​យ៉ាង​ដិត​ដល់ ​ហើយលក្ខណៈ​សម្បត្តិ​របស់​ប្រទេស​នេះ​ក្នុង​ការ​បន្ត​ទទួល​បាន​ការ​អនុគ្រោះ​ ឬ​អត់​ក្នុង​ពេល​អនាគត​គឺ​ត្រូវផ្សារភ្ជាប់​ជាមួយ​ស្ថាន​ការណ៍​នៃ​ការ​អនុវត្ត​លទ្ធិ​ប្រជា​ធិបតេយ្យ ​និង​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស។​

លោក ផៃ ស៊ីផាន ​អ្នក​នាំពាក្យ​ទីស្តីការ​គណៈរដ្ឋមន្រ្តី​ បាន​ថ្លែង​ប្រាប់ ​VOA ​ថា រដ្ឋាភិបាល​កម្ពុជា​មាន​ការ​សោកស្តាយ​ចំពោះ​ចំណាត់ការ​របស់​សហភាព​អឺរ៉ុប​ ដែល​លោក​ថា​ បាន​យល់​ច្រឡំ​អំពី​ស្ថាន​ការណ៍​នយោបាយ ​និង​ការ​អនុវត្ត​ច្បាប់​ជាក់​ស្តែង​នៅ​កម្ពុជា។​

ការ​ចេញ​សេចក្ដី​សម្រេច​នេះ​ធ្វើ​ឡើង​មួយ​ថ្ងៃ​ក្រោយ​ពី​ការ​បោះ​ឆ្នោត​អសកលនៅ​ប្រទេស​កម្ពុជា ​ដែល​ជា​លទ្ធផលគណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន ​សែន ​បាន​ក្លាយ​ជា​គណបក្ស​នយោបាយ​តែ​មួយ​គត់​ដែលអង្គុយ​ក្នុង​ព្រឹទ្ធ​សភា ​ក្នុង​ពេល​អវត្តមាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គូ​ប្រជែងត្រដំ​ត្រសង​ជាមួយ​គណ​បក្ស​កាន់​អំណាច។​

នៅ​ឯ​សហ​រដ្ឋ​អាមេរិក​ឯណោះ​វិញ​ ​សមាជិក​ព្រឹទ្ធ​សភា​ដែល​មាន​កិត្តិនាម​ល្បី​ជា​ច្រើន​រូប ​បាន​ និង​កំពុង​មូល​មតិ​គ្នា​ធ្វើច្បាប់​ CARI Act «ស្តី​ពី​ការទទួលខុសត្រូវ​របស់​កម្ពុជា និងធ្វើឱ្យ​ការវិនិយោគ​ត្រឡប់​ដូចដើមវិញ‍‍»​ ​ដើម្បី​ឆ្លើយ​តបនឹងការ​បង្ក្រាប​នយោបាយ​ និង​ការ​កើន​ឡើង​នៃ​អំណាច​សេដ្ឋកិច្ច​នយោបាយ​របស់​ចិន​នៅ​កម្ពុជា​ផង​ដែរ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG