ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បក្ស​កាន់​អំណាច​បញ្ចូល​មន្ត្រី​យុត្តិធម៌​នៅ​តុលាការ​កំពូល​ក្នុង​គណៈកម្មាធិការ​កណ្តាល​បក្ស​របស់​ខ្លួន​ក្រោយ​ការ​រំលាយ​បក្ស​ជំទាស់


រូបឯកសារ៖ ទិដ្ឋភាពទូទៅមួយ ​នៅខាងមុខតុលាការកំពូល ក្នុង​រាជធានីភ្នំពេញ​។ (នូវ ពៅលក្ខិណា/VOA)
រូបឯកសារ៖ ទិដ្ឋភាពទូទៅមួយ ​នៅខាងមុខតុលាការកំពូល ក្នុង​រាជធានីភ្នំពេញ​។ (នូវ ពៅលក្ខិណា/VOA)

មន្ត្រី​សិទ្ធិ​មនុស្ស​ថ្លែង​ថា​ ការ​ដាក់​បញ្ចូល​មន្ត្រី​តុលាការ​កំពូល​ទៅ​ក្នុង​គណៈកម្មាធិការ​កណ្តាល​គណបក្ស​គ្រប់​គ្រង​ប្រទេស​នឹង​ធ្វើ​ឲ្យ​មហាជន​មាន​ការ​សង្ស័យ​អំពី​​ឯករាជ្យភាព​​របស់​ស្ថាប័ន​តុលាការ​កំពូល​មួយ​នេះ។

គណបក្ស​កាន់​អំណាច​របស់​នាយករដ្ឋមន្ត្រី​ខ្មែរ​ លោក​ ​ហ៊ុន សែន ​បាន​សម្រេច​ដាក់​បញ្ចូល​មន្ត្រី​យុត្តិធម៌​នៅ​តុលាការ​កំពូល​ និង​មេធាវី​ការពារ​ក្តី​រដ្ឋាភិបាល​ ក្នុង​គណៈកម្មាធិការ​កណ្តាល​បក្ស​របស់​ខ្លួន​ ក្រោយ​មហាសន្និបាត​បក្ស​រយៈពេល​បី​ថ្ងៃ​ ​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ ​កាលពី​ថ្ងៃ​ទី​១៩​ ដល់​ថ្ងៃ​ទី​២១​ ខែ​មករា​ ឆ្នាំ​២០១៨។​ ​នេះ​បើ​យោង​តាម​បញ្ជី​ឈ្មោះ​នៃ​សមាជិក​គណៈកម្មាធិការ​កណ្តាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​ត្រូវ​បាន​បាន​ផ្សព្វផ្សាយ​ដោយ​អង្គភាព​ព័ត៌មាន​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល។

យោង​តាម​បញ្ជី​ឈ្មោះ​សមាជិក​គណៈកម្មាធិការ​កណ្តាល​ដែល​ចេញ​ផ្សាយ​ដោយ​អង្គភាព​ Fresh News​ កាល​ពី ថ្ងៃ​ច័ន្ទ​នេះ​ ​បាន​ឲ្យ​ដឹង​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ មាន​សមាជិក​គណៈកម្មាធិការ​កណ្តាល​ និង​អចិន្ត្រៃយ៍​សរុប​រហូត​ដល់​ទៅ​ ៨៦៥​ រូប​ ក្នុង​នោះ​គឺ​មាន​លោក​ ជីវ កេង​ អតីត​ប្រធាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ និង​បច្ចុប្បន្ន​ជា​ចៅក្រម​តុលាការ​កំពូល​ អ្នកស្រី​ ជា លាង​ អគ្គ​ព្រះរាជ​អាជ្ញា​តុលាការ​កំពូល​ ​និង​ជាសហ​ព្រះរាជអាជ្ញា​ជាតិ​នៅ​សាលាក្តី​ខ្មែរ​ក្រហម​ និង​លោក​ គី​ តិច ​មេធាវី​របស់​រដ្ឋាភិបាល​លោក​ ហ៊ុន សែន។

គណបក្ស​ប្រជាជន​កម្ពុជា​ដែល​មាន​ឈ្មោះ​ ​ថា​ «បក្ស​ប្រជាជន​បដិវត្តន៍​ខ្មែរ»​ បាន​ចេញ​សេចក្តី​សម្រច​ចិត្ត​មួយ​ ​ដោយ​បាន​បញ្ជាក់​ពី​ហេតុផល​នៃ​ការ​បង្កើន​ចំនួន​សមាជិក​គណៈកម្មាធិការ​កណ្តាលបក្ស​ដែល​បាន​ក្តាប់​អំណាច​ក្នុង​ប្រទេស​កម្ពុជា​ជិត​ ​៤០​ ឆ្នាំ​ ​ក្រោយ​ការ​ដួល​រលំ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ ឬ​ខ្មែរ​ក្រហម។​

យោង​តាម​លិខិតសេចក្តី​សម្រេច​ចិត្ត​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ​ចុះ​ថ្ងៃ​ ទី​២១​ ខែ​មករា​ ឆ្នាំ​២០១៨​ ដែល​ VOA​ បាន​ទទួល​កាល​ពី​ថ្ងៃ​ច័ន្ទ​ ​បាន​បញ្ជាក់​ឲ្យ​ដឹង​តាម​ន័យ​ដើម​ថា៖​

«ក្នុង​គោលដៅ​លើក​កម្ពស់​សមត្ថភាព​ដឹកនាំ​របស់​គណបក្ស​ឲ្យ​ស្រប​ទៅ​នឹង​សំណូមពរ​នៃ​សភាពការណ៍ និង​ភារកិច្ច​នា​ដំណាក់កាល​ថ្មី​នេះ​ មហា​សន្និបាត​សម្រេច​កែសម្រួល​រចនា​សម្ព័ន្ធ​នៃ​គណៈកម្មាធិការ​កណ្តាល​ពី​ចំនួន​ ៥៤៥​ រូប​ ដល់​ ៨៦៥​ រូប​ ដោយ​បាន​លុប​ឈ្មោះ​សមាជិក​គណៈកម្មាធិការ​កណ្តាល​ដែល​ទទួល​មរណភាព​ ចំនួន​២២​រូប​ និង​បោះឆ្នោត​ជ្រើសតាំង​បន្ថែម​សមាជិក​គណៈកម្មាធិការ​កណ្តាល​ចំនួន​ ៣៤២​ រូប»។​

លោក​ ស៊ឹង សែនករុណា​ អ្នកនាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​ Adhoc យល់​ថា​ ការ​ដាក់​បញ្ចូល​មន្ត្រី​តុលាការ​កំពូល​ទៅ​ក្នុង​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​នឹង​បង្ក​ការ​រិះគន់​ពី​មហាជនលើ​ការ​កាត់​ក្តី​របស់​តុលាការ​នេះ​ ​ដោយ​ហេតុ​ថា​ មន្ត្រី​តុលាការ​មិន​គួរ​ជា​សមាជិក​នៃ​គណបក្ស​នយោបាយ​នោះ​ទេ។

លោក​ថ្លែង​ប្រាប់ VOA ថា៖

«ខ្ញុំ​ថា​ អឺ​យើង​នៅ​មើល​ឃើញ​ថា​ ​ស្ថាប័ន​តុលាការ​នៅ​មិន​ទាន់មាន​ឯករាជ្យភាព​នោះ​ទេ​ ពីព្រោះ​ ​យើង​ឃើញ​ជាក់ស្តែង​ហើយ​ ​ជា​ការ​ដាក់​បញ្ចូល​បេក្ខភាព​ចៅក្រម​ ​ទៅ​ក្នុង​គណបក្ស​នយោបាយ​ដូច្នេះ​ ហើយ​គណបក្ស​នយោបាយ​ដែល​មាន​តួនាទី​ដឹកនាំ​រដ្ឋ​ទៅ​ទៀត​ អីចឹង​ជៀស​មិន​ផុត​ពី​ការ​រិះគន់​និង​លម្អៀង​ទេ។​ អី​ចឹង​ឯករាជ្យភាព​នៅ​មិន​ទាន់​មាន​នៅ​ឡើយ​ទេ​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​យើង​នឹង​បាទ»។​

ក៏ប៉ុន្តែ​ ​លោក​ អ៊ុក គឹមសិទ្ធ​ អ្នក​នាំពាក្យតុលាការ​កំពូល​ ​និង​ជា​អគ្គ​ព្រះ​រាជអាជ្ញា​រង​នៃ​តុលាការ​ដដែល​នេះ​ ​បាន​ទាត់​ចោល​ ​ការ​ចោទ​ប្រកាន់​ដែរថា​ ​តុលាការ​កំពូល​នឹង​មិន​មាន​ឯករាជ្យភាព​ក្នុង​ការ​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​របស់​ខ្លួន​ ​ដោយ​លោក​ បាន​អះអាង​ថា​ មន្ត្រី​យុតិ្តធម៌​មាន​សិទ្ធិ​ក្នុង​ការ​ធ្វើ​ជា​សមាជិក​នៃ​គណបក្ស​នយោបាយ។​ លោក​ថា​ ភាព​ជា​សមាជិក​នៃ​គណបក្ស​នយោបាយ​របស់​មន្ត្រី​តុលាការ​មិន​អាច​មាន​ឥទ្ធិពល​លើ​កាត់​ក្តី​នោះ​ឡើយ។​

អ្នក​នាំ​ពាក្យ​រូប​នេះ​បញ្ជាក់​ប្រាប់ VOA ថា៖

«អឺ​ដូច​ជា​មិន​ត្រឹមត្រូវ​ទេ​ ​ព្រោះ​តុលាការ​ធ្វើការ​ទៅ​តាម​ ​ស្មារតី​ និង​សតិសម្បជញ្ញៈ​របស់​ខ្លួន​ ​ប៉ុន្តែ​ការ​ជ្រើស​រើស​គណបក្ស​នយោបាយ​ ​អាហ្នឹង​ជា​សិទ្ធិ​របស់​ ​បុគ្គល​ម្នាក់ៗ»។​

ប៉ុន្តែ​ទោះជា​យ៉ាង​ណា​ក្តី ​នៅ​ក្នុង​ក្តី​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បាន​ធ្វើឡើង​កាល​ពី​ពាក់​កណ្តាល​ ​ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ​លោក​ ឌិត មន្ទី​ ​ត្រូវ​គេ​រាយការណ៍​ថា​ ​បាន​ធ្វើ​ជា​ប្រធាន​ក្រុមប្រឹក្សា​អង្គ​ជំនុំ​ជម្រះ​ និង​លោក​ ជីវ កេង​ ជា​សមាជិក​ក្រុមប្រឹក្សា​អង្គ​ជំនុំ​ជម្រះ​ ខណៈ​ដែលអ្នកស្រី​ ជា​ លាង​ ជា​អគ្គ​ព្រះរាជអាជ្ញា។​

មហា​សន្និបាត​រយៈពេល​បី​ថ្ងៃ​របស់​គណបក្ស​គ្រប់គ្រង​ប្រទេស​ បាន​ធ្វើ​ឡើង​ ​ក្រោយ​មួយ​ថ្ងៃ​នៃ​ការ​ចេញ​របាយការណ៍របស់​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ ​(Human Rights Watch)​ ​ដែល​បាន​រិះគន់​លើ​ការ​បង្ក្រាប​ចុង​ក្រោយ​នានា​របស់​រដ្ឋាភិបាល​លោក​ ហ៊ុន សែន​ ទៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​គណបក្ស​ប្រឆាំង​ ​និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស។​

យោង​តាម​របាយការណ៍​ពិភពលោក​ឆ្នាំ​២០១៨ ​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ដែល​មាន​កម្រាស់​ ៦៤៣​ ទំព័រ​ បាន​លើក​ឡើង​អំពី​ប្រទេស​កម្ពុជា​ ដោយ​ផ្តោត​លើ​ការ​បង្ក្រាប​ខាង​នយោបាយ​យ៉ាង​ទូលំ​ទូលាយ​នៅ​ក្នុង​ឆ្នាំ​ ២០១៧​ ​ដែល​បាន​ធ្វើឲ្យ​រលត់​យ៉ាង​មាន​ប្រសិទ្ធភាព​នៃ​ប្រព័ន្ធ​ប្រជាធិបតេយ្យ​ដែល​មិន​មាំ​ទាំ​របស់​ប្រទេស​ ដោយ​មិន​ខ្វល់​ពី​សិទ្ធិ​មូលដ្ឋាន​ផ្សេងៗ។​

របាយការណ៍​ដដែល​ក៏​បាន​ឲ្យ​ដឹង​បន្ថែមទៀត​ក្នុង​ន័យ​ដើមថា៖

«លោក​ ​ហ៊ុន សែន​ ​ដែល​គ្រប់គ្រង​កិច្ចការ​សន្តិសុខ​ និង​តុលាការ​ប្រទេស​កម្ពុជា​ បាន​ពង្រីក​យុទ្ធនាការ​ចាប់​ខ្លួន​គេ​ឯង​តាម​តែ​អំពើ​ចិត្ត​របស់​លោក​ ​និង​ការ​កាត់​ទោស​មិន​ពេញ​លេញ​តាម​នីតិវិធី​ច្បាប់​ប្រឆាំង​នឹង​សកម្មជន​ និង​ក្រុម​ជំទាស់​ខាង​នយោបាយ»។​

របាយ​ការណ៍​បាន​បន្ត​ទៀត​ថា​៖ ​«រយៈពេល​ពេញ​មួយ​ឆ្នំា​ ​២០១៧​នេះ​ ​អាជ្ញាធរ​បាន​គាប​សង្កត់​ការ​តវ៉ា​ និង​ដាក់​បម្រាម​លើ​ការ​ជួបជុំ​ និង​ការ​ហែរ​ក្បួន។​ ​អង្គការក្រៅ​រដ្ឋាភិបាល​ជាច្រើន​ត្រូវ​បាន​គំរាមកំហែង​ជា​មួយ​នឹង​ការ​បិទ​ទ្វារ​ ឬ​ត្រូវ​បាន​បិទ។​ ​ហើយ​នៅ​ដំណាច់​ឆ្នាំ​២០១៧​ ​មាន​អ្នកទោស​នយោបាយ​ប្រមាណ​២០​នាក់​ ​បន្តជាប់​ក្នុង​ការ​ឃុំឃាំង»។​

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ លោក​ ​សុខ ឥសាន​ ​ធ្លាប់​បាន​បដិសេធ​មិន​ទទួល​ស្គាល់​របាយ​ការណ៍​នេះ​ ​ដោយ​សារ​តែ​របាយការណ៍​ដែល​ចេញ​ដោយ​អង្គការ​សិទ្ធិ​មនុស្ស​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក​មួយ​នេះ​ ​មិន​បាន​ឆ្លុះបញ្ចាំង​ពី​ទិដ្ឋភាព​ពិត​នៃ​ការ​វិវត្ត​ខាង​នយោបាយ​នៅ​កម្ពុជា​នោះ​ទេ។​

VOA​ ​មិនទាន់​ទាក់​ទង​លោក​ ​សុខ ឥសាន​ ​បាន​ទេ​នៅ​ថ្ងៃ​អង្គារ​នេះ​ ដើម្បី​សុំ​ការ​អធិប្បាយ​ទាក់​ទិនឥទ្ធិពល​នយោបាយ​របស់​គណបក្ស​កាន់​អំណាច​ទៅ​លើ​តុលាការ​កំពូល។​ ​ក៏ប៉ុន្តែ អ្នក​នាំពាក្យ​គណ​បក្ស​ប្រជាជន​កម្ពុជា​រូប​នេះ​ ​បាន​បញ្ជាក់​ប្រាប់ VOA​ ​កាល​ពី​ពេល​កន្លង​មក​ថា​ គណបក្ស​គ្រប់​គ្រង​ប្រទេស​មិន​មាន​ឥទ្ធិពល​អ្វី​ទាំង​អស់​ ​លើ​ការ​កាត់​ក្តី​នៅ​តុលាការ​កំពូល​ ​ទោះបី​ជាសមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍មួយ​រួប​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ គឺ​លោក​ ​ឌិត មន្ទី​ ​កំពុង​ធ្វើ​ជា​ប្រធាន​តុលាការ​កំពូល។ ​

លោក​ សុខ​ ឥសាន​ បាន​ថ្លែង​បញ្ជាក់​យ៉ាង​ដូច្នេះ៖​

«អាហ្នឹង​គេ​មាន​នីតិ​វិធី​ការងារ​របស់​គេ​ មិនមែន​ជា​មន្ត្រី​ថ្នាក់​ខ្ពស់​របស់​គណបក្ស​ហើយ​ ធ្វើការ​ឲ្យ​គណបក្ស​ឯណា​ គេ​ផ្អែក​ទៅលើ​គោលការណ៍​ច្បាប់។ បាទ​ ឧបមា​ថា​ យើង​ធ្វើ​អី​មួយ​ យើង​មិន​ផ្អែក​ទៅ​លើ​អា​ដេញ​អត្តនោម័តិ​របស់​ខ្លួន​ ឬ​ក៏​និន្នាការ​នយោបាយ​ទេ បើ​យើង​ធ្វើ​ការ​ផ្អែក​ទៅលើ​គោលការណ៍​ច្បាប់​តាម​តួនាទី​ ភារកិច្ច​ ដែល​កំណត់​នៅ​ក្នុង​ច្បាប់​ អា​ហ្នឹង​ខ្ញុំ​យល់​ថា​ មិន​អាច​ចោទ​ថា​ និន្នាការ​ហ្នឹង​ទៅ​គណបក្ស​នេះ​ ទៅ​គណបក្ស​នោះ​បាន​ទេបាទ​»។

យោង​តាម​បញ្ជី​ថ្មី​នៃ​សមាជិក​គណៈកម្មាធិការ​កណ្តាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​បញ្ជាក់​ឲ្យ​ដឹង​ពី​មន្ត្រី​មួយ​ចំនួន​ទៀត​ដែល​កំពុង​បម្រើការ​ក្នុង​ស្ថាប័ន​យុត្តិធម៌​ ក្នុង​នោះ​មានលោក​ ​គឹម សន្តិភាព​ ​អ្នក​នាំពាក្យ​ក្រសួង​យុតិ្តធម៌​ លោក​ ​យូ ប៊ុនឡេង​ ​ប្រធាន​សាលា​ឧទ្ធរណ៍។​ ​កូន​ប្រុស​ទាំង​បី​របស់​លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន សែន គឺ​លោក​ ហ៊ុន​ ម៉ាណែត​ លោក​ ហ៊ុន ម៉ានិត​ និង​ លោក​ ហ៊ុន ម៉ានី​ ក៏​បាន​ក្លាយ​ជា​សមាជិក​គណៈកម្មាធិការ​កណ្តាល​នេះ​ផង​ដែរ។​ ក្រៅ​ពី​នេះ​ មន្ត្រី​សាធារណៈ​ និង​អ្នក​សារព័ត៌មាន​ដែល​ចំណុះ​នឹង​រដ្ឋាភិបាល​ក៏​ត្រូវ​បាន​បញ្ចូល​ជា​សមាជិក​គណៈកម្មាធិការ​កណ្តាល​ ​និង​អចិន្ត្រៃយ៍​ផង​ដែរ៕ ​

អត្ថបទ​ទាក់ទង

XS
SM
MD
LG