ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស ទាមទារ​ឲ្យ​បញ្ឈប់​ការ​ធ្វើ​ទុក្ខបុកម្នេញ​ផ្លូវ​ច្បាប់​ដោយ​គ្មាន​មូលដ្ឋាន​លើ​ក្រុម​ជំទាស់


លោក ​ប្រេដ អាដាមស៍ (Brad Adams)​ នាយកអង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ប្រចាំតំបន់​អាស៊ី។
លោក ​ប្រេដ អាដាមស៍ (Brad Adams)​ នាយកអង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ប្រចាំតំបន់​អាស៊ី។

អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស ​Human Rights Watch ដែល​មាន​ទីស្នាក់​ការ​នៅ​សហរដ្ឋ​អាមេរិក​នៅ​សប្ដាហ៍​នេះ ​បាន​អំពាវនាវ​សារ​ជា​ថ្មី​ ​ដោយ​ទាមទារ​ឲ្យ​អាជ្ញាធរ​កម្ពុជា​ ទម្លាក់​ចោល​ការ​ធ្វើ​ទុកបុកម្នេញ​តាម​ប្រព័ន្ធ​តុលាការ​លើ​ក្រុម​សមាជិក​ សកម្មជន​ និង​តំណាង​រាស្ត្រ​គណបក្ស​​ប្រ​ឆាំង។​

សាលា​ឧទ្ធរណ៍​របស់​កម្ពុជា​ គ្រោង​បើកសវនាការលើ​បណ្ដឹង​សារទុក្ខ​របស់​អ្នក​ទោស​នយោបាយ​ខាង​គណបក្ស​ប្រឆាំង១១នាក់​ដែល​ត្រូវ​បាន​កាត់ទោស​ពី​បទ​ថា​បាន​បង្ក​សកម្មភាព​កុប្បកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​នៅ​ក្នុង​បាតុកម្មអហិង្សា​មួយ ដែល​ក្រោយ​មក​ក្លាយ​ជា​ហិង្សា​នៅ​ថ្ងៃ​ទី១៥ ​ខែ​កក្កដា​ ឆ្នាំ២០១៤។ អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស Human Rights Watchបាន​ចាត់​ទុក​ការ​ចាប់​ក្រុម​សមាជិក​បក្ស​ប្រឆាំង​ទាំង​នោះមក​កាត់​ទោសថា​ បាន​ធ្វើ​ឡើង​ដោយមាន​ហេតុ​ផល​នយោបាយ​ ​និង​ជា​យុទ្ធសាស្ត្រ​របស់​លោក​ ​ហ៊ុន សែន​ ​ក្នុង​ការ​ធ្វើ​ឱ្យ​ក្រុម​ប្រឆាំង​ចាញ់​ការ​បោះឆ្នោតខែ​កក្កដា​ ​ឆ្នាំ​២០១៨​ខាង​មុខ។​

អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស ​Human Rights Watch ដែល​មាន​ទីស្នាក់​ការ​នៅ​សហរដ្ឋ​អាមេរិក​នៅ​សប្ដាហ៍​នេះ ​បាន​អំពាវនាវ​សារ​ជា​ថ្មី​ ​ដោយ​ទាមទារ​ឲ្យ​អាជ្ញាធរ​កម្ពុជា​ ទម្លាក់​ចោល​ការ​ធ្វើ​ទុកបុកម្នេញ​តាម​ប្រព័ន្ធ​តុលាការ​លើ​ក្រុម​សមាជិក​ សកម្មជន​ និង​តំណាង​រាស្ត្រ​គណបក្សប្រ​ឆាំង។​ ​នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​របស់​អង្គការ​ឃ្លំាមើល​សិទ្ធិ​មនុស្ស​Human Rights Watch​ ដែល​ ​VOAបាន​ទទួល។​

សេចក្តី​ប្រកាស​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​នេះ ដែល​បានធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ចន្ទ​ និង​មាន​ចំណង​ជើង​ថា​ «បញ្ឈប់​ការចាប់​ឲ្យ​ទទួល​ទោស​ ដោយ​គ្មាន​មូលដ្ឋាន»​ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ អាជ្ញាធរ​ គួរតែ​បញ្ឈប់​ទាំង​អស់​នូវ​ការ​ចោទ​ប្រកាន់​ឲ្យ​មាន​ទោស​អំពី​ការ​ប្រព្រឹត្ត​អំពើ​«កុប្បកម្ម» ដែល​មាន​ចរិត​នយោ​បាយ​ប្រឆាំង​នឹង​សមាជិក​១១នាក់​ ​អ្នក​គំាទ្រ​ ​និង​សកម្មជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​កម្ពុជា​ ដែល​ឥឡូវ​ត្រូវ​បាន​គេ​រំលាយ។​

សេចក្តី​ប្រកាស​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ Human Rights Watch ​នេះ បាន​ធ្វើឡើង​ ​នៅ​គ្រា​ដែលសាលា​ឧទ្ធរណ៍​ត្រៀម​បើក​សវនាការ​កាត់​ក្តី​អ្នកទាំងនោះ​នៅ​ថ្ងៃ​ទី​១០​ ខែ​ឧសភា។​ ​អ្នក​ទាំង​នោះ​ ត្រូវបាន​តុលាការ​រាជធានី​ភ្នំពេញ​ ​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ពី​ប្រាំពីរ​ ​ទៅ​២០​ឆ្នាំ។​

លោក​ប្រេដអាដាមស៍ (Brad Adams)​ នាយក​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស Human Rights Watch​ប្រចាំ​តំបន់​អាស៊ី​ ត្រូវបាន​ស្រង់​ប្រសាសន៍​តាម​ន័យ​ដើមក្នុង​សេចក្តី​ប្រកាស​នោះ​ថា៖​

«ការ​នាំយកមក​កាត់​ទោស​សមាជិក​គណបក្ស​សង្គ្រោះជាតិ​ទាំង១១​នាក់​នេះ​ ​គឺជា​ករណី​ដំបូង​ក្នុង​ចំណោម​ករណី​ក្លែងក្លាយ​ជាច្រើន​ទៀត​ ​ដែល​បាន​នាំ​យក​មក​ប្រឆាំងនឹងក្រុមជំទាស់​ បន្ទាប់​ពី​គណ​បក្ស​នេះ​ ស្ទើរតែ​ឈ្នះ​ការបោះ​ឆ្នោត​ដែល​មាន​ជម្លោះ​ កាលពី​ឆ្នាំ​២០១៣»។​

​លោក​បាន​ថ្លែង​បន្ថែមថា៖​

«លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន សែន​ ​និង​គណបក្ស​កាន់​អំណាច​គឺ​គណបក្ស​ប្រជាជន​កម្ពុជា​ ទំនង​ជា​បាន​សម្រេចចិត្ត​រាំង​ខ្ទប់​ក្រុម​ជំទាស់​ខាង​នយោបាយ​ដើម្បីឲ្យ​ពួកគេ​ចាញ់​នៅ​ឯ​ហិបឆ្នោត»។

​លោក​ ​ជិន ម៉ាលីន​ ​អ្នក​នាំពាក្យក្រសួងយុត្តិធម៌មាន​ប្រសាសន៍ប្រាប់VOA​ថា ការអំពាវនាវ របស់​លោក​ ​ប្រេដ អាដាមស៍​ ​ជា​ការ​ធ្វើ​សកម្មភាព​បម្រើ​ដល់​ប្រយោជន៍​បុគ្គល​ និង​ជាការ​បញ្ចេញ​នូវ​ទស្សន​ចង​គំនុំ​របស់​បុគ្គល​ ​និង​មាន​ភ្ជាប់​នូវ​បុព្វហេតុ​នយោបាយ​ ដែល​អង្គការ​នេះ​តែង​តែ​បាន​ធ្វើ​កន្លង​មក។​ ​

លោក​ថា​ ប្រសិន​បើ​អង្គការ​សិទ្ធិមនុស្ស​មួយ​នេះ​ចង់​ជួយ​ក្រុម​អ្នក​មាន​ទោស​ទាំង​នោះ​ អង្គការ​នេះ​គួរ​ចុះ​មក​ធ្វើ​ការ​ជាមួយ​ប្រព័ន្ធ​យុត្តិធម៌​កម្ពុជា​ ដើម្បី​ស្វែងរក​ភស្តុតាង ដើម្បី​បញ្ជាក់​ពី​ភាព​ទៀង​ត្រង់​របស់​ក្រុម​សមាជិក​បក្ស​ប្រឆាំង​ទាំ​ងនោះ។​

«អីចឹងទេ​ ប្រសិន​បើ​គាត់​ចង់​ជួយ​ដល់​សកម្មភាព​ទាំងអស់​នោះ​ គាត់​គួរតែ​ធ្វើ​ គាត់​គួរតែ​ចូលរួម​ក្នុង​ដំណើរការ​នីតិវិធី​តុលាការ​ទៅ​វិញ​ណ៎ា!​ បាន​ន័យ​ថា​ សិក្សា​ទៅ​លើ​ទិដ្ឋភាព​ផ្លូវ​ច្បាប់​ឲ្យ​បាន​ច្បាស់​លាស់​ហើយ​បង្ហាញ​នូវ​មូលដ្ឋាន​ទល្ហីករណ៍​ផ្នែកច្បាប់​ហ្នឹង​ឲ្យបាន​រឹងម៉ាំ​ ក្នុងការ​ធ្វើការ​ការ​ពារ​ក្តី​ហើយ​ការ​ពារ​ដល់​អ្នកទាំង​អស់នោះ​ ដូចជា​តាមរយៈការ​រក​មេធាវី​ដែល​ពូកែ​ ឬ​ក៏​ធ្វើការ​សិក្សា​ស្រាវជ្រាវ​លើ​ទិដ្ឋភាព​ច្បាប់​ ធ្វើ​សេចក្ដី​វិភាគ​ឲ្យមាន​មូលដ្ឋាន​ច្បាប់​រឹងម៉ាំ​ ហើយ​ចូលរួម​ក្នុងការ​ការ​ពារ​ក្តី​ជា​ការ​ប្រសើរ​ជាង​ ជាជាង​ការ​ធ្វើ​ដែល​ជា​ទម្លាប់​របស់​គាត់​ ក្នុង​ការ​ទិតៀន​រិះគន់​បន្តុះបង្អាប់​ជា​កំហឹង​បុគ្គល​ ជាជាងបេសកកម្ម​សិទ្ធិមនុស្ស»។

សមាជិក​និង​សកម្មជន​ទាំង១១​នាក់​របស់​គណបក្ស​ប្រឆាំង​សង្គ្រោះជាតិ​ ត្រូវបាន​ចាប់​ដាក់​គុក​តាំងពី​ឆ្នាំ​២០១៤​ ​នៅ​ឯមជ្ឈមណ្ឌល​កែប្រែ​ម១​ ចំពោះ​តួនាទី​ដែល​ត្រូវ​បាន​គេ​សង្ស័យ​នៅក្នុង​បាតុកម្ម​ថ្ងៃ​ទី​១៥​ ​ខែ​កក្កដា​ ​ឆ្នាំ២០១៤។

​បាតុកម្ម​នោះ​ បាន​អំពាវនាវ​ឲ្យ​បើក​ឡើវិញ​សួន​ប្រជាធិបតេយ្យ​ ដែល​នា​ពេល​មួយ​នោះ​ ​ត្រូវ​បាន​កាន់កាប់​ដោយ​គណបក្សសង្គ្រោះ​ជាតិ​ដើម្បីតវ៉ា​ប្រឆាំង​អ្វី​មួយ​ដែល​គណបក្ស​ប្រឆាំង​ចាត់ទុកថា​ជា​ការគៃ​បន្លំការ​បោះ​ឆ្នោត​ខែ​កក្កដា​ ឆ្នាំ២០១៣​ និង​ការ​រឹតត្បិត​លើ​ការ​ប្រមូល​ផ្តុំ​ដោយ​សន្តិវិធី។​ ​នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ Human Rights Watch ដែល​បាន​ចោទ​លោក​ ​ហ៊ុន សែន ​ថា​បាន​ប្រើប្រាស់​តុលាការ​ជា​ឧបករណ៍​ដើម្បី​គាប​សង្កត់​នៅ​មុន​ការ​បោះឆ្នោត​ខែ​កក្កដា​ឆ្នាំ​២០១៨​នេះ។​

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​នេះ បាន​ពណ៌នា​ពី​ហេតុការណ៍​នៃ​អំពើ​ហិង្សា​ ដែល​បាន​កើតឡើង​កាលពី​ថ្ងៃទី​១៥ ​ខែកក្កដា​ឆ្នាំ​២០១៤​កន្លង​ទៅ​ថា​ ការ​ធ្វើ​បាតុកម្ម​បាន​ក្លាយ​ជា​ការ​វាយ​ប្រតប់​គ្នា​ដ៏ច្របូក​ច្របល់ នៅ​ពេល​ក្រុម​ប៉ូលីស​សន្តិសុខ បាន​ប៉ុនប៉ង​ដោយ​បង្ខំ​ ដើម្បី​រំកិល​អ្នកតវ៉ា​ ហើយ​អ្នកតវ៉ា​ជាច្រើន​បាន​ឆ្លើយ​តប​វិញ​ជាមួយ​អំពើ​ហិង្សា។

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ជា​ច្រើន​រាប់បញ្ចូល​មនុស្ស​មួយ​ចំនួន​នៃ​សមាជិក​ទាំង​១១​នាក់​នោះ បាន​ព្យាយាម​បញ្ឈប់អំពើ​ហិង្សា​ ក្នុង​នោះ​មាន​បី​នាក់​បាន​ព្យាយាម​ការ​ពារ​សមាជិក​កម្លាំង​សន្តិសុខ​ពី​ការ​វាយប្រហារ។​ ​ការ​របួស​ស្នាម​ត្រូវបាន​រាយការណ៍​ថា​ បាន​កើតមាន​ទៅ​លើ​ឆ្មាំ​សន្តិសុខ​៤១​នាក់​ និង​អ្នក​តវ៉ា​ប្រាំ​មួយ​នាក់។​

ការ​រៀបរាប់​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​នេះ បាន​ឲ្យដឹង​ទៀត​ថា​ អ្នក​ទាំង​១១​ ក្រោយ​មក​ទៀត​ក៏​ត្រូវបាន​ចាប់​ខ្លួន​ ដែល​ជា​ផ្នែក​មួយ​នៃ​ការ​បង្រ្កាប​របស់​រដ្ឋាភិបាល​មកលើ​ក្រុម​ជំទាស់​ខាង​នយោបាយ​ និង​សកម្ម​ជន​ខាង​ការងារ​សង្គម។​ ​ជាមួយគ្នា​នោះ​ដែរ​ ​មនុស្ស​ប្រាំ​នាក់​ដែល​ត្រូវ​បានចាប់ខ្លួន​ គឺ​ជា​សមាជិក​សភា​ ​ហើយ​១៩​នាក់​ទៀត​ជា​សកម្មជន​ និង​អ្នកការ​ពារ​សិទ្ធិមនុស្ស​ ដែល​ពួកគេ​ទាំង​អស់​ ត្រូវ​បាន​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ​ភ្លាម​ ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ចព្រមព្រៀង​នយោបាយ​រវាង​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្រ្គោះជាតិ។​ ទោះ​យ៉ាង​ណា​ក៏​ដោយ​ រដ្ឋាភិបាល ​មិន​ទម្លាក់​ចោល​រាល់​បទ​ចោទ​ប្រកាន់​ថា​ បាន​ធ្វើ​សកម្មភាព​កុប្បកម្ម និងការ​ញុះញង់​ប្រឆាំង​នឹង​អ្នក​ដែល​ត្រូវ​បាន​ដោះ​លែង​ទាំង​នោះ​ទេ ដោយ​បាន​ធ្វើ​ឲ្យ​ពួក​គេ​ អាច​ប្រឈម​នឹង​ការ​ចាប់​ខ្លួន​គ្រប់​ពេល​វេលា។

លោក​ ប្រេដ អាដាមស៍​ ​(Brad Adams)​ នាយក​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្សHuman Rights Watch ​ប្រចាំ​តំបន់​អាស៊ី​ បាន​ថ្លែង​ក្នុង​សេចក្តី​ប្រកាស​ដដែល​ ដែល​ចេញផ្សាយ​កាល​ពី​ថ្ងៃ​ចន្ទ​ក្នុង​ន័យ​ដើម​បន្ត​ថា៖​

«ទោះ​បី​ជា​រដ្ឋាភិបាល បាន​ហាមឃាត់​ក្រុមប្រឆាំង​ខាង​នយោបាយ​មិន​ឲ្យ​ចូល​រួម​ការបោះឆ្នោត​ខែ​កក្កដា​ក្តី​ អាជ្ញាធរ​កម្ពុជាបាន​បន្ត​ជាមួយ​ការ​កាត់ក្តី​ប្រជាជន​ដែល​ងើបឈរ​ជំទាស់​នឹង​លោក ហ៊ុន សែន​ និង​គណបក្ស​កាន់​អំណាច»។

លោក​បាន​បន្ថែម​ទៀត​ថា៖​

​«ករណី​នេះ​ ត្រូវ​បាន​គេ​មួល​បង្កាច់​យ៉ាង​ជាក់លាក់​ ដោយសារ​មនុស្ស​ដែល​ត្រូវបាន​គេ​ចោទប្រកាន់​ មិន​ត្រឹម​តែ​មិន​បាន​ប្រព្រឹត្ត​អំពើ​ហិង្សា​ទេ​ តែ​ថែមទាំង​បាន​ខិតខំ​រារាំង​អំពើ​ហិង្សា​នោះ​ទៀត​ផង។ សេចក្តីសម្រេច​របស់​តុលាការ​ នៅក្នុង​ករណី​នេះ​ បានផ្ញើ​សារ​ទូលំ​ទូលាយ​មួយ​ដល់​សហគមន៍​អន្ត​រជាតិ​ថា​ អនាគត​នៃ​ការ​មាន​យោបល់​រិះគន់រដ្ឋាភិបាល នឹង​ស្ថិត​ក្នុង​ស្ថាន​ភាព​គ្រោះថ្នាក់»។​

លោក​ ​ជិន ម៉ាលីន​ ​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​ អះអាង​ថា​ វា​ជា​ការ​ដែល​មិនអាច​ទទួល​យក​បាន​ទេ​ ចំពោះការ​ចោទប្រកាន់​របស់​លោក​ ប្រេដ អាដាមស៍​ ប្រឆាំង​នឹង​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា​។

លោក​ថា​ មន្ត្រីអង្គការ​សិទ្ធិមនុស្ស​រូបនេះ​ បាន​ធ្វើ​សេចក្តីសន្និដា្ឋន​ដោយ​ប្រើ​អារម្មណ៍​ផ្ទាល់​ខ្លួន​ដោយ​មិន​បាន​ផ្អែក​លើ​ជំហរ​គតិយុត្តិ។​

«អ្វី​ដែល​គាត់​សន្និដ្ឋាន​ គឺ​គាត់​សន្និដ្ឋាន​ជា​របៀប​ ជា​របៀប​កំហឹង​ផ្ទាល់​ខ្លួន​របស់​គាត់​ទៅវិញ​ គឺ​ថា​ឲ្យតែ​ការ​អនុវត្តន៍​ច្បាប់​ទៅ​លើ​សកម្មជន​នយោបាយ​ បក្ស​នយោបាយ​ គាត់​គិតថា​ អា​ហ្នឹង​ជា​ការ​រឹតត្បិត​សេរីភាព​ផ្នែក​នយោបាយ​ សេរីភាព​នៃ​ការ​បញ្ចេញ​មតិ»។​

អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​រូប​នេះ ថ្លែង​បន្ថែម​ថា៖

«អីចឹង​បាន​ជាយើង​ស្នើ​សុំ​ឲ្យ​គាត់​ ថា​បើ​សិន​ជា​គាត់​ចង់​ជួយ​អ្នក​ទាំង​អស់​ហ្នឹង​មែន​ គួរ​តែ​ចូលរួម​ក្នុង​ដំណើរ​ការ​នីតិវិធី​ បាន​ន័យ​ថា​ បង្ហាញ​នូវ​មូលដ្ឋាន​ទឡ្ហីករណ៍​រឹងមាំ​ ជា​ទិដ្ឋភាព​បច្ចេកទេស​ ​ជា​ទិដ្ឋ​ភាព​ផ្លូវ​ច្បាប់​ បានន័យថា​ សិក្សា​ស្វែងរក​ភស្តុតាង​បន្ថែម​ ទឡ្ហីករណ៍​បន្ថែម​ ឬ​មួយ​ក៏​រក​មេធាវី​ដែល​ពូកែ​ ធ្វើការ​តតាំង​គ្នា​ ដើម្បី​អះអាង​ថា​ អ្នកទាំង​អស់​ហ្នឹង​មិន​មាន​ពិរុទ្ធភាព អាហ្នឹង​ជា​ការ​ប្រសើរ​ជាង»។​

រឿងរ៉ាវ​របស់​ក្រុម​សមាជិក​របស់​គណបក្ស​ប្រឆាំង​ទាំង១១​នាក់​នេះ​ ត្រូវ​បាន​អ្នកនយោបាយ​ទាំង​ពីរ​បក្ស​គឺ​បក្ស​សង្គ្រោះ​ជាតិ​ និង​បក្ស​ប្រជាជន​កម្ពុជា​ ធ្លាប់​លើក​យក​មក​និយាយ​ម្ដងម្កាល ដើម្បី​ឈាន​ទៅ​រក​ដំណោះ​ស្រាយ​មួយ​ នៅមុន​ការ​បង្ក្រាប​យ៉ាង​ទូលំ​ទូលាយ​លើ​មេដឹកនាំ​គណបក្ស​ប្រឆាំង​ ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ​ និង​អង្គការ​សង្គម​ស៊ីវិល​នៅ​ឆ្នាំ​២០១៧។​

ក៏ប៉ុន្តែ​រឿងរ៉ាវ​របស់​ពួកគេ​ ត្រូវ​បាន​ធ្វើ​ឲ្យ​ស្ងប់​ទៅវិញ​ ក្រោយ​គណបក្ស​របស់​ពួកគេ​ត្រូវ​បាន​រំលាយ​ដោយ​តុលាការ​កំពូល​ តាម​សំណើ​របស់​គណបក្ស​នយោបាយ​និង​រដ្ឋាភិបាល​កាល​ពី​ថ្ងៃ​ទី​១៦​ ខែ​កញ្ញា​ ឆ្នាំ​២០១៧។

លោក​ ​សុន ឆ័យ​ ​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​រំលាយ មាន​ប្រសាសន៍​ប្រាប់​ VOA​ ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ ​ការ​ស៊ើបអង្កេត​ឯករាជ្យ​មួយ​ គួរ​តែ​ត្រូវ​បាន​ធ្វើឡើង​ ដើម្បី​បញ្ជាក់​ឲ្យ​ច្បាស់​ពីឫសគល់​នៃ​ការ​ប៉ះទង្គិច​គ្នា​រវាង​ភាគី​ក្រុម​អ្នក​តវ៉ា និង​អាជ្ញាធរ​មាន​សមត្ថកិច្ច។​

«ខ្ញុំ​ថា​រឿង​អំពើ​ហិង្សា​នេះ​ បើ​តាម​តែ​យើង​ដឹង​គឺ​វា​មាន​កើត​ឡើង​ទាំង​សងខាង​ ហើយ​ការ​វាយ​ដំ​ទៅ​លើ​អ្នក​ធ្វើបាតុកម្ម​ពីសំណាក់​ក្រុម​សន្តិសុខ​មូលដ្ឋាន​នោះ​ មាន​ជា​ច្រើន​លើក​ ច្រើន​ឃ្លា​ដែរ​ ដូច្នេះ​វា​ត្រូវ​តែ​មាន​ការ​ស៊ើប​អង្កេត​ឯករាជ្យ​មួយ​ ដើម្បី​ឲ្យដឹង​ថា​តើ​អំពើ​ហិង្សា​ហ្នឹង​វា​ចេញ​ពី​ប្រភព​ណា​ ហើយ​អ្នកណា​បាន​ប្រព្រឹត្ត​អំពើ​ហិង្សា​កម្រិត​ណា? ដូច​យើង​ដឹង​ហើយ​ថា​ ការ​ជឿ​ទុកចិត្ត​ទៅលើ​សមត្ថភាព​ នៃ​អាជ្ញាធរ​ក្នុង​ការ​ស៊ើប​អង្កេត​ការណ៍​ពិត​ហ្នឹង​នៅតែ​ជា​បញ្ហា​ចោទ​នៅឡើយ»។​

​នៅ​ក្រោយ​វាយ​បង្ក្រាប​យ៉ាង​បង្គ្រប់របស់​រដ្ឋាភិបាល​កម្ពុជា​មក​លើ​ក្រុម​ជំទាស់​ខាង​នយោបាយ​នេះ​ ​លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន សែន​ ​ត្រូវ​គេ​រាយការណ៍​ថា​ ទំនង​ជានឹង​ឈ្នះ​ការ​បោះ​ឆ្នោត​ខែ​កក្កដា ឆ្នាំ​ ២០១៨។ ការ​បញ្ជាក់​ពី​ជ័យជំនះរបស់​លោក​ ​ហ៊ុន សែន​ ​ត្រូវ​បាន​អ្នកឃ្លាំមើលស្ថានការណ៍​កម្ពុជា​ មើល​ឃើញ បន្ទាប់​ពី​គណបក្ស​ប្រឆាំង​គឺ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គូប្រជែង​ដ៏​ប្រកៀកប្រកិត​ជាមួយ​គណបក្ស​កាន់អំណាច ​ត្រូវ​បាន​តុលាការ​កំពូល​រំលាយចោល​នៅ​ឆ្នាំ​២០១៧​នោះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG