មន្រ្តីជាន់ខ្ពស់និងសកម្មជនគណបក្សសង្គ្រោះជាតិជាប់ឃុំជាង១០នាក់ កំពុងរងពិន័យក្នុងពន្ធនាគារ បន្ទាប់ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានធ្វើប្រតិកម្មនឹងលោក មាជ សុវណ្ណារ៉ា ដែលចោទថាលោកបានលួចប្រើប្រាស់ទូរស័ព្ទចេញពីពន្ធនាគារ។ នេះបើតាមការលើកឡើងរបស់លោក អ៊ូ ច័ន្ទរ័ត្ន តំណាងរាស្រ្តគណបក្សប្រឆាំង ដែលត្រូវបានតុលាការរំលាយ។
នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ៣រូប ដែលត្រូវបានតុលាការរំលាយ និងព្យួរសិទ្ធិនយោបាយ រួមមានលោក អ៊ូ ច័ន្ទរ័ត្ន លោក ម៉ៅ មុនីវណ្ណ និងលោក កង គឹមហាក់ បានចូលសួរសុខទុក្ខសកម្មជននិងមន្រ្តីជាន់ខ្ពស់គណបក្សនេះជាង១០រូបដែលកំពុងជាប់ឃុំក្នុងពន្ធនាគារព្រៃសពាក់ព័ន្ធនឹងបទល្មើសផ្សេងៗគ្នា។
លោក អ៊ូ ច័ន្ទរ័ត្ន តំណាងរាស្រ្តគណបក្សប្រឆាំងមួយរូបដែលត្រូវបានតុលាការព្យួរសិទ្ធិធ្វើនយោបាយរយៈពេល៥ឆ្នាំ ប្រាប់ VOA នារសៀលថ្ងៃព្រហស្បតិ៍នេះថា លោក និងតំណាងរាស្រ្តពីររូបទៀតបានជួបជាមួយមន្រ្តីជាន់ខ្ពស់ និងសកម្មជនចំនួន១៤នាក់ ក្នុងនោះរួមមានលោក អ៊ុំ សំអាន ផង ប៉ុន្តែលោកថា មិនមានការអនុញ្ញាតឲ្យក្រុមលោកជួបជាមួយលោក មាជ សុវណ្ណារ៉ា នោះទេ។ លោកបន្ថែមថា ទាំងលោក មាជ សុវណ្ណារ៉ា និងមន្រ្តី ព្រមទាំងសកម្មជនទាំងនោះ កំពុងរងពិន័យ ក្រោយការធ្វើប្រតិកម្មរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីសប្តាហ៍មុន លើការប្រើទូរស័ព្ទពីក្នុងពន្ធនាគាររបស់លោក មាជ សុវណ្ណារ៉ា។
លោក អ៊ូ ច័ន្ទរ័ត្ន បញ្ជាក់ថា៖
«ពួកគាត់បានប្រាប់មកខ្ញុំថាក្នុងមួយរយៈនេះអត់បានជួបក្រុមគ្រួសារទេ ប្រហែល ជា១០ថ្ងៃហើយ គេមិនឲ្យជួប។ ហើយទី២ ការផ្លាស់ប្តូរកន្លែងសម្រាករបស់គាត់ហ្នឹង ដាក់នៅកន្លែងដែលគ្មានកង្ហារ មិនឲ្យប្រើប្រាស់កង្ហារទេ ហើយបច្ចុប្បន្ននេះវាមានមូសច្រើន។ ហើយខ្ញុំបានឃើញស្លាកស្នាម គាត់លាត់ដៃលាត់ជើងអី ឃើញគាត់មានមូសខាំច្រើនមែន។ ហើយទី៣ គ្រប់បន្ទប់របស់ពួកគាត់ហ្នឹងសុទ្ធតែបំពាក់កាមេរ៉ា ហើយគាត់ថាវាធ្វើឲ្យប៉ះពាល់ដល់ភាពអៀនខ្មាសរបស់គាត់ ពិបាកផ្លាស់ខោផ្លាស់អាវក្តី វាប៉ះពាល់ដល់សិទ្ធិផ្ទាល់ខ្លួន»។
លោក អ៊ូ ច័ន្ទរ័ត្ន បន្ថែមថា លោក និងអ្នកកំពុងជាប់ឃុំទាំងជាង១០នាក់នោះ រំពឹងថានឹងអាចមានការដោះលែង ឬបន្ធូរបន្ថយទោសពួកគេក្នុងថ្ងៃបុណ្យជាតិផ្សេងៗនាពេលខាងមុខបន្ទាប់ពីពួកគេមួយចំនួនបានអនុវត្តទោសក្នុងពន្ធនាគារបាន២ភាគ៣រួចមក។
លោកមានប្រសាសន៍ថា៖
«បើទុកពួកគាត់យូរពេកទៅវាប៉ះពាល់ដល់អនាគតផ្ទាល់ខ្លួនរបស់គាត់ ក៏ដូចជាក្រុមគ្រួសារ ហើយអ្នកខ្លះក៏គ្នាទើបតែមានប្រពន្ធ មានកូន អីអញ្ចឹងទៅ វាប៉ះពាល់ដល់អនាគតកូនប្រពន្ធរបស់គាត់ដែរ។ ហើយមនុស្សទាំងអស់នេះ មិនមែនជាមនុស្សដែលកាចឃោរឃៅ កាប់សម្លាប់ លួចប្លន់អីទេ។ ហើយជាមនុស្សមានឧត្តមគតិ មានមនសិការគិតគូរពីប្រទេសជាតិ។ ដូច្នេះអាចជាធនធានមនុស្សសម្រាប់ប្រទេសជាតិយើងដែរ មែនទែនទៅ បើមានការដោះលែង»។
លោក មាជ សុវណ្ណារ៉ា និងសកម្មជនគណបក្សប្រឆាំងជាង១០នាក់ទៀត ត្រូវបានសាលាដំបូងរាជធានីភ្នំពេញផ្តន្ទាទោសដាក់ពន្ធនាគារក្នុងម្នាក់ៗពី៧ ទៅ២០ឆ្នាំ ពីបទដឹកនាំ និងចូលរួមបាតុកម្មរំដោះទីលានប្រជាធិបតេយ្យ នៅខែកក្កដា ឆ្នាំ២០១៤។ ចំណែកលោក អ៊ុំ សំអាន ត្រូវបានសមត្ថកិច្ច ចាប់ខ្លួននៅលើទឹកដីខេត្តសៀមរាប កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦ ក្រោមបទចោទ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍និងបទញុះញង់ឲ្យមានការរើសអើង បន្ទាប់ពីលោកបានបង្ហោះឯកសារផែនទីស្ដីពីព្រំដែនកម្ពុជា-វៀតណាម។
លោក នុត សវនា អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ ប្រាប់ VOA ថា ពន្ធនាគារអនុវត្តទៅតាមគោលការណ៍ និងបទបញ្ជាផ្ទៃក្នុងដែលបានផ្សព្វផ្សាយដល់អ្នកកំពុងជាប់ឃុំ ឲ្យដឹងពីការប្រើប្រាស់សម្ភារៈដែលត្រូវបានហាមឃាត់។ លោកបន្ថែមថា សកម្មជន និងអតីតមន្រ្តីបក្សប្រឆាំងទាំងជាង១០នាក់នោះ បានប្រព្រឹត្តល្មើសនឹងបទបញ្ជា ដោយមានការប្រើប្រាស់ទូរស័ព្ទ និងប្រើប្រាស់លុយក្នុងពន្ធនាគារជាដើម។
លោក នុត សវនា បញ្ជាក់ថា៖
«ពិន័យហ្នឹងមានជាអាទិ៍ដូចជាការផ្អាកឲ្យមានការសួរសុខទុក្ខ ហើយបើគាត់កាត់ទោសហើយហ្នឹងគឺយើងមិនដាក់ឈ្មោះគាត់ បើគាត់គ្រប់លក្ខខណ្ឌក៏យើងមិនដាក់ឈ្មោះគាត់ឲ្យទៅទទួលការលើកលែង ឬក៏បន្ធូរបន្ថយទោសដែរ។ ហើយនិងពិន័យមួយចំនួនទៀតទាក់ទងនឹងការចេញមកហាត់ប្រាណនៅខាងក្រៅអីហ្នឹង យើងឲ្យគាត់នៅក្នុងបន្ទប់មិនឲ្យចេញមកក្រៅ។ អាហ្នឹងពិន័យរូបភាពអស់ហ្នឹង»។
លោក នុត សវនា បន្ថែមថា លោកមិនទាន់អាចបញ្ជាក់បានថា តើពន្ធនាគារនឹងដាក់ពិន័យអ្នកជាប់ឃុំទាំងនោះរហូតដល់ពេលណានៅឡើយ។
លោក ស៊ឹង សែនករុណា មន្រ្តីផ្នែកអង្កេតនៃសមាគមការពារសិទ្ធិមនុស្សអាដហុក លើកឡើងថា ការដាក់ពិន័យទៅលើអ្នកជាប់ឃុំដែលបានប្រើប្រាស់ទូរស័ព្ទក្នុងពន្ធនាគារទាំងនោះ គឺជាការរំលោភសិទ្ធិមនុស្ស។ លោកបន្ថែមថា មន្រ្តីពន្ធនាគារដែលជាអ្នកឃ្លាំមើលអ្នកជាប់ឃុំ គួរតែជាអ្នកទទួលខុសត្រូវក្នុងករណីនេះ។
លោកមានប្រសាសន៍ថា៖
«យើងដឹងហើយមុននឹងចូលទៅដល់ក្នុងមន្ទីរឃុំឃាំងហ្នឹង ឃើញហើយមានការដកហូតសម្ភារៈផ្សេងៗ ត្រួតពិនិត្យ ហើយប្តូរផ្លាស់ខោអាវអីហ្នឹងរួចស្រេចហើយ។ អញ្ចឹងបើសិនជាមិនមានចេតនាផ្តល់ ឬក៏មិនផ្តល់ឱកាសពីអ្នកដែលគាត់ត្រួតពិនិត្យហ្នឹងទេ ប្រហែលជាមិនអាចនាំយកសម្ភារៈផ្សេងៗ អាចយកទៅប្រើប្រាស់ក្នុងពន្ធនាគារហ្នឹងបានទេ»។
ថ្លែងក្នុងពិធីចែកសញ្ញាបត្រមួយកាលពីចុងខែមីនានេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសខ្លាំងៗថា លោកនឹងមិនស្នើឲ្យមានការលើកលែង ឬបន្ធូរបន្ថយទោសដល់សកម្មជន និងមន្រ្តីគណបក្សប្រឆាំងដែលកំពុងជាប់ពន្ធនាគារនោះទេ។ លោកនាយករដ្ឋមន្រ្តីក៏បានបញ្ជាឲ្យសមត្ថកិច្ចដកហូតទូរស័ព្ទពីលោក មាជ សុវណ្ណារ៉ា អតីតមន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិភ្លាមៗ បន្ទាប់ពីលោកបានបញ្ចេញប្រតិកម្មទៅនឹងលោក មាជ សុវណ្ណារ៉ា ថា បានប្រើប្រាស់ទូរស័ព្ទធ្វើនយោបាយចេញពីក្នុងពន្ធនាគារ៕