ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

រឿងក្តី​នៅ​តុលាការ​ត្រូវ​បាន​យល់ឃើញ​ថា ​ជា​តេស្ត​បញ្ជាក់​ពី​សេរីភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ប្រទេស​ថៃ

  • Ron Corben

ចាងហ្វាងគេហទំព័រ​​ Phuketwan ជនជាតិ​អូស្រា្តលី​លោក Alan Morison (ខាងស្តាំ) និង​អ្នក​រួមការងារ​នាង Chutima Sidasathien និយាយ​ទៅ​កាន់​ក្រុម​អ្នកសារព័ត៌មាន​មុន​ពេល​បង្ហាញ​ខ្លួន​នៅ​តុលាការ​ក្នុង​ការ​ចោទ​ប្រកាន់​ពី​បទ​រំលោភ​បំពាន​ច្បាប់​ឧក្រិដ្ឋកម្ម​តាម​បណ្តាញ​កុំព្យូទ័រ​។

នៅ​ក្នុង​ប្រទេសថៃ ​សំណុំរឿង​ឧក្រិដ្ឋកម្ម​នៃ​ការ​បង្ខូច​កេរិ៍្តឈ្មោះ​មួយ​ ដែល​ត្រូវ​បាន​ប្តឹង​ដោយ​កងទ័ព​ជើង​ទឹក​ថៃ​ប្រឆាំង​ទៅ​នឹង​ចាងហ្វាង​គ្រឹះស្ថាន​បោះ​ពុម្ព​ផ្សាយសញ្ជាតិ​អូស្រ្តាលី​មួយ​រូប​ និងអ្នកយក​ព័ត៌មាន​ថៃ​មួយ​រូប​ទៀត​ បញ្ជាក់​ឲ្យ​ឃើញ​ម្តង​ទៀត​អំពី​ការ​គាបសង្កត់​របស់​រដ្ឋាភិបាល​យោធាទៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន។

ចាងហ្វាង​គេហទំព័រ​បោះ​ពុម្ព​ផ្សាយ​សញ្ជាតិ​អូស្ត្រាលីលោក​ Alan Morison និង​អ្នក​យក​ព័ត៌មាន​ថៃ​នាង​ Chutima Sidasathian ​ប្រឈមមុខ​នឹងការ​ជាប់​ពន្ធនាគាររហូត​ដល់​ទៅ​ប្រាំ​ពីរ​ឆ្នាំ​ពីបទ​ចោទប្រកាន់​លើអត្ថបទ​ព័ត៌មាន​ចេញផ្សាយ​កាល​ពី​ខែមិថុនា​ ឆ្នាំ២០១៣​ នៅ​លើ​គេហទំព័រ​ព័ត៌មាន​របស់​ពួកគេ​ឈ្មោះថា​«Phuketwan»។

អត្ថបទ​នោះ​បាន​បោះពុម្ពផ្សាយ​ដោយ​ដកស្រង់​ព័ត៌មាន​ចេញ​ពី​ទីភ្នាក់ងារ​ព័ត៌មាន​ Reuters​ ដែល​បាន​រាយការណ៍​លាតត្រដាងអំពី​ប្រព័ន្ធ​រត់ពន្ធ​មនុស្ស​ដែល​នាំ​យក​ក្រុម​ជន​មូស្លីម​រ៉ូហ៊ីងយ៉ា (Rohingya)​ ពី​ប្រទេស​មីយ៉ាន់ម៉ា​ឆ្លង​កាត់​ប្រទេស​ថៃ។

របាយការណ៍​ដំបូង​បាន​ចោទ​ប្រកាន់​កងកម្លាំង​នាវា​ថៃ​ ថាបាន​ទទួល​ផល​ផលប្រយោជន៍​ពី​ជំនួញ​រត់​ពន្ធ​មនុស្ស​នេះ​ ក៏ប៉ុន្តែ​សារព័ត៌មាន​ Phuketwan ចុះផ្សាយ​ថា​ នេះ​មិន​សំដៅ​លើ​កងទ័ព​ជើង​ទឹក​ថៃ​ដោយ​ផ្ទាល់​នោះ​ទេ។

អ្នក​ទាំងពីរ​នាក់​បាន​បង្ហាញ​ខ្លួន​នៅ​តុលាការ​កាល​ពី​សប្តាហ៍​មុន ​ដើម្បី​ប្រឈមមុខ​នឹង​ការ​ចោទ​ប្រកាន់​ពីបទ​ឧក្រិដ្ឋកម្ម​បង្ខូច​កេរិ៍​ឈ្មោះ។ ចំណែក​ទីភ្នាក់ងារ​ព័ត៌មាន​ Reuters ដែល​អ្នក​កាសែត​របស់ខ្លួន​ក្នុង​ប្រទេស​ថៃ​បាន​ទទួល​ពាន​ង្វាន់​ Pulitzer Prize ​សម្រាប់​ការ​រាយការណ៍​អំពី​រឿង​ជន​រ៉ូហ៊ីងយ៉ា​នា​ឆ្នាំ​នោះ ​មិន​ត្រូវបាន​ចោទ​ប្រកាន់​ទេ​អ្វី​ឡើយ។

អ្នក​កាសែត​ទាំង​ពីរ​នាក់ បាន​ទទួល​ការគាំទ្រ​កម្រិត​អន្តរជាតិ​គ្រប់​ទិស​ទី​ពី​ក្រុម​អង្គការ​សិទ្ធិមនុស្ស និង​ប្រព័ន្ធផ្សព្វផ្សាយ ​ព្រមទាំង​អង្គការ​សហប្រជាជាតិ​ផងដែរ​ ដែលលោក​ Morison ​ក៏​បាន​ស្វាគមន៍​ការ​គាំទ្រ​នេះ​យ៉ាង​កក់​ក្តៅ។

«វា​គឺ​អស្ចារ្យ​ខ្លាំង​ណាស់​ដែល​ដឹងថា​ មាន​មនុស្ស​ជា​ច្រើន​គាំទ្រ​គំនិត​អំពី​សេរីភាព​សារព័ត៌មាន​ និង​ សេរីភាព​នៃ​ការ​បញ្ចេញ​មតិ។ រឿងនោះ​ពិត​ជា​មាន​ឥទ្ធិពល​ខ្លាំងណាស់​ ពីព្រោះ​ថា​ បញ្ហា​របស់​ជន​រ៉ូហ៊ីងយ៉ា គឺ​ជារឿង​ដែល​គេ​មើល​ឃើញ​ច្បាស់​ក្រឡែត ហើយ​តម្រូវ​ការ​នៃ​សេរីភាព​សារព័ត៌មាន​ និង​ លទ្ធិប្រជាធិបតេយ្យ​ក៏​មាន​ភាព​ច្បាស់​ក្រឡែត​ផង​ដែរ។

កាសែត​ Phunketwan ធ្លាប់​បានរបាយការណ៍​ជា​យូរ​មក​ហើយ​អំពី​ជំនួញ​រត់​ពន្ធ​មនុស្ស។ នៅ​ក្នុង​ខែ​ឧសភា​ ឆ្នាំនេះ​ ប្រទេស​ថៃ​បាន​បើក​ការ​បង្ក្រាប​ដែល​នាំ​ទៅ​ដល់​ការ​ចាប់​ខ្លួន​មនុស្ស​រាប់សិប​នាក់​ បន្ទាប់​ពី​រណ្តៅ​សាកសព​រួម​ចំនួន​២០០​កន្លែង​ ដែល​ភាគ​ច្រើន​នៃ​សព​ទាំង​នោះ​ជា​ពួក​ជន​រ៉ូហ៊ីងយ៉ា​ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​ភាគខាង​ត្បូង​ប្រទេស​ថៃ​ និង​នៅ​ប្រទេស​ម៉ាឡេស៊ី​ជិតខាង។

អ្នក​រាយការណ៍​ព័ត៌មាន​របស់​កាសែត​ Phuketwan ​ជាច្រើន​នាក់​ធ្លាប់​បាន​បដិសេធ​សំណើរ​របស់​កងទ័ព​ជើងទឹក​ថៃ​ ដែល​បាន​និយាយ​ថា ​ពួក​គេ​នឹង​ទម្លាក់​ការ​ចោទ​ប្រកាន់ ប្រសិន​បើ​អ្នក​កាសែត​ទាំង​នោះ​ធ្វើកា​រសុំទោស​ជាសាធារណៈ។ ក៏ប៉ុន្តែ​ អ្នក​កាសែត​ទាំងនោះ​និយាយថា​ ពួកគេ​មិន​ចាំបាច់​ធ្វើ​ការ​សុំទោស​អ្វី​ទេ​ពី​ព្រោះពួកគេ​គ្រាន់​តែ​ធ្វើ​ការងារ​របស់​ខ្លួន​ប៉ុណ្ណោះ។

លោក Benjamin Zawacki ​ដែល​ជា​អ្នក​តស៊ូមតិ​ និង​ជា​សាស្ត្រាចារ្យ​គោចរ​នៅ​សាកលវិទ្យាល័យ​ច្បាប់​ Harvard Law School មាន​ប្រសាសន៍​ថា​ ករណី​នេះ​ គឺ​ជាការ​ធ្វើ​តេស្ត​សាកល្បង​លើ​សេរីភាព​សាព័ត៌មាន​ និង​លើ​ការ​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​យោធា​ ដើម្បី​ស្វែងរក​ដោះស្រាយ​ចំពោះ​ករណី​នេះ​ឲ្យ​បាន​ចប់ចុង​ចប់​ដើម។

«ខ្ញុំ​មិន​បាន​ឃើញ​ថា​ ពួក​គេ​កំពុង​តែ​ស្ថិត​នៅ​ក្នុង​ពន្ធនាគារ​ទេ​ ហើយ​ខ្ញុំ​ក៏​មិន​បានឃើញ​ពួកគេ​សុំទោស​អ្វី​ដែរ។ ដូច្នេះ​ អ្នក​ទាំងពីរ​នាក់​នោះ​គួរ​រក​បែបផែន​មូលដ្ឋាន​ច្បាប់​ណាមួយ​ដែលបង្ហាញថា​ ករណី​នេះ​ត្រូវ​បាន​ច្រាន​ចោល​ ឬ​ក៏​ត្រូវ​ទទួល​ការ​កាត់ទោស​រួច​សុំ​ឲ្យ​មាន​ការ​លើក​លែង​ទោស​ ឬ​ក៏​មាន​ការ​ផាកពិន័យ​រួម​ទាំង​ព្យួរការ​កាត់​ទោស​ ឬ​ក៏​អ្វី​មួយ​ដែល​ស្រដៀង​គ្នា​នេះ។ នេះ​ជា​ការ​រំពឹង​ទុក​របស់​ខ្ញុំ»។

នៅ​ស្រប​ពេល​ដែល​ថ្ងៃ​កំណត់​នៃ​ការ​កាត់ទោស​ និង​ការ​ថ្លែង​ការពារ​ខ្លួន​ត្រូវ​បាន​គេ​បង្ហាញ​ឲ្យ​ដឹងនៅ​សប្តាហ៍​នេះ​ សាល​ដីកា​ចុង​ក្រោយ​នៃ​ករណី​នេះ​ នៅ​មិន​ទាន់​ត្រូវ​បាន​គេ​កំណត់​នៅឡើយ​ទេ​ រហូត​ដល់​ពាក់​កណ្តាល​ខែសីហា​ខាង​មុខ​នេះ។

លោក​ Kinglsey Abbott ​អ្នក​ប្រឹក្សា​ផ្នែក​ច្បាប់​មក​ពី​ក្រុម​បេសកកម្ម​អន្តរជាតិ​នៃ​អ្នក​វិនិច្ឆ័យ​ទោស បាន​និយាយ​ថា ​រដ្ឋាភិបាល​ថៃ​គួរ​តែ​បោះបង់​ចោលការចោទ​ប្រកាន់​ ជា​ជាង​បណ្តោយ​ឲ្យ​ករណី​នេះ​បន្ត​ទៅ​តុលាការ។

«ការ​ព្រួយបារម្ភ​របស់ពួក​យើង​នៅ​ពេល​នេះ​ គឺ​យើង​ចង់​ឃើញ​ការ​កាត់ទោសមួយ​ប្រកបដោយ​យុត្តិធម៌​សម្រាប់​អ្នក​កាសែត​ទាំង​ពីរ​នេះ។ ហើយ​ខ្ញុំ​បាន​ត្រឹម​តែ​អំពាវនាវ​ម្តងហើយ​ម្តង​ទៀត​ឲ្យមាន​ការ​ទម្លាក់​ការ​ចោទ​ប្រកាន់​ចំពោះ​អ្នក​កាសែត​ទាំងពីរ​នាក់​នោះ​ជា​បន្ទាន់​ ហើយ​ដោយ​គ្មាន​លក្ខខណ្ឌ។ ហេតុផល​ចម្បង​គឺ​ថា​ យើង​មាន​ការ​ព្រួយបារម្ភ​អំពី​ការ​ប្រើប្រាស់​ច្បាប់​ឧក្រិដ្ឋកម្ម​បង្ខួច​កេរ្តិ៍​ឈ្មោះ​ ដើម្បី​កាត់ទោស​លើ​អ្វី​ដែល​គួរតែ​ជា​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ»៕

ស្ថានភាព​នៃ​សេរីភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ថៃ​ កំពុង​ស្ថិត​នៅ​ក្រោម​សម្ពាធ​មួយ​ រួម​ទាំង​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​រដ្ឋាភិបាល​ស៊ីវិល​នា​ពេល​ថ្មីៗ​នេះ​ ក៏​ដូចជា​ក្នុង​រដ្ឋាភិបាល​ក្រោម​ការ​ដឹកនាំ​របស់​នាយករដ្ឋមន្ត្រី​ Yingluck Shinawatra ដែល​ត្រូវ​បាន​ទម្លាក់​ចេញ​ពី​ដំណែង។

យោង​តាម​អង្គការ​ អ្នក​កាសែត​គ្មាន​ព្រំដែន​ (Reporters without Borders) ​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ប៉ារីស ​ប្រទេសថៃ​មាន​ចំណាត់​ថ្នាក់​ទី​១៣៤ ធ្លាក់​ពី​ចំណាត់​ថ្នាក់​ទី១៣០ ក្នុង​ឆ្នាំ​២០១៤។ អង្គការ​ Freedom House ​ដែល​ជា​អ្នក​ឃ្លាំមើល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​មួយ​ បាន​ដាក់​ចំណាត់​ថ្នាក់​ប្រព័ន្ធផ្សព្វផ្សាយ​ថៃថា​ «មិនទាន់មាន​សេរីភាព»​នៅ​ឡើយ​ទេ»៕

ប្រែសម្រួល​ដោយ​ ហេង វ៉ាន់ហុង

XS
SM
MD
LG