ហាងទំនិញស្ទើរតែគ្មានទំនិញលក់គឺជាសញ្ញាដំបូងមួយបង្ហាញថា វីរុសកូរ៉ូណាប្រភេទថ្មីកំពុងតែរីករាលដាល (ឬរាតត្បាត) នៅក្នុងសហរដ្ឋអាមេរិក។ មនុស្សម្នាចាប់ផ្តើមនាំគ្នាទិញស្បៀងអាហារនិងគ្រឿងផ្គត់ផ្គង់ទុកបន្ថែមជាងអ្វីដែលពួកគេត្រូវការ។
លោក Ken Yeager គឺជានាយកកម្មវិធីស្ត្រេស ទុក្ខសោក និងការរឹងមាំឡើងវិញនៅឯមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Wexner នៃសាកលវិទ្យាល័យ Ohio State។ លោកបានថ្លែងតាមប្រព័ន្ធ Skype ថា៖«នៅពេលដែលសមត្ថភាពទប់ទល់នឹងបញ្ហារបស់មនុស្សម្នាក់ៗត្រូវបានប្រើប្រាស់ខ្លាំងហូួសសមត្ថភាព ពួកគេនឹងចាប់ផ្តើមធ្វើនូវអ្វីមួយដើម្បីគ្រប់គ្រងភាពមិនប្រាកដប្រជា»។
លោក Yeager ថ្លែងថា មានវិធីដែលប្រសើរជាងនេះជាច្រើនដើម្បីទប់ទល់នឹងបញ្ហាស្ត្រេស។
លោកបានថ្លែងថា៖ «ពួកគេអាចធ្វើការសន្ទនាជាមួយនឹងក្រុមគ្រួសារ ដោយដឹងថា ពួកគេនៅផ្ទះនិងមានសុវត្ថិភាព ដោយប្រើប្រាស់វិធីប្រាស្រ័យទាក់ទងគ្នាតាមរយៈមធ្យោបាយជាច្រើនដែលយើងមាននាពេលសព្វថ្ងៃនេះ»។
ជាមួយនឹងការប្រើប្រាស់ការឆ្លើយឆ្លងដោយមានវីដេអូ ម្នាក់ៗអាចឃើញសមាជិកក្រុមគ្រួសារនិងមិត្តភក្តិរបស់ពួកគេ បើទោះបីជាពួកគេនៅឆ្ងាយពីគ្នាក្តី។ ពួកគេក៏អាចហាត់ប្រាណដើម្បីជួយពួកគេបំបាត់ស្ត្រេសផងដែរ។
លោក Scott Bea ដែលជាពេទ្យចិត្តសាស្ត្រមួយរូបនៅឯគ្លីនិក Cleveland ជំនាញផ្នែកព្យាបាលអារម្មណ៍តប់ប្រមល់ថ្លែងថា៖
«យើងដឹងថា វាមានសារៈសំខាន់សម្រាប់សុខភាពផ្លូវកាយនិងសុខភាពផ្លូវចិត្តរបស់យើង។ មានការស្រាវជ្រាវបង្ហាញថា លំហាត់ប្រាណគឺជាវិធីដ៏ល្អសម្រាប់ព្យាបាលការបាក់ទឹកចិត្ត និងបញ្ហាតប់ប្រមល់»។
លោក Yeager ថ្លែងថា វិធីសំខាន់មួយផ្សេងទៀតគឺការដាក់គោលដៅក្នុងជីវិត សូម្បីតែគោលដៅតូចមួយក៏ជួយផងដែរ។
លោក Yeager ថ្លែងថា៖«យើងត្រូវមានរឿងដែលជោគជ័យ។ យើងត្រូវមានអ្វីដែលយើងធ្វើបានលទ្ធផល ដែលយើងអាចនិយាយបានថា យើងធ្វើវាបានសម្រេចហើយ ព្រោះវាអាចជួយឲ្យយើងបំបាត់អារម្មណ៍ប្រមល់របស់យើង»។
លោកក៏បានថ្លែងថា វាអាចជួយឲ្យយើងមើលត្រឡប់ទៅក្រោយពីរបៀបដែលយើងដោះស្រាយបញ្ហាប្រឈមទាំងនោះ។
លោក Yeager ថ្លែងថា៖«យើងទាំងអស់គ្នារីកចម្រើនទៅមុខខ្លាំងបំផុត នៅពេលដែលយើងរស់នៅក្នុងកាលៈទេសៈមួយដែលយើងមិនស្ថិតក្នុងស្ថានភាពជីវិតដែលងាយស្រួលរបស់យើង។ ហើយវេលានេះហើយជាពេលដែលយើងទាំងអស់គ្នាភាគច្រើនកំពុងតែរស់នៅក្នុងជីវិតដែលមិនមែនងាយស្រួលទៀតនោះទេ»។
លោក Bea ថ្លែងថា បើទោះបីជាយើងរស់នៅក្នុងស្ថានភាពមិនប្រាកដប្រជានិងស្ត្រេសក៏ដោយ យើងកុំភ្លេចសើចផង។
លោក Bea ថ្លែងថា៖«ការសើចសប្បាយល្អសម្រាប់យើង។ ខ្ញុំគិតថា វាជាវិធីមួយដើម្បីធ្វើឲ្យខួរក្បាលយើងដំណើរការល្អ ហើយអាចការពារយើងឲ្យមានប្រព័ន្ធការពារល្អជាងមុនផងដែរ។ ការសើចសប្បាយគឺជាឱសថដ៏ល្អមួយ»។
លោក Bea ថ្លែងថា នៅពេលដែលយើងចែករំលែកបទពិសោធន៍របស់យើង សូម្បីតែពីចម្ងាយក្តី វាគឺជាវិធីដ៏ល្អមួយដើម្បីរួបរួមសហគមន៍យើងជាថ្លុងមួយ៕
ប្រែសម្រួលដោយ ស្រេង លក្ខិណា