ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ករណី​អ្នក​ជំងឺ​កូវីដ១៩ ស្ទើតែ​អស់​ហើយ​នៅ​កោះតៃវ៉ាន់ តែ​វិធានការ​គ្រប់គ្រង​នៅតែ​មាន​ជា​បន្ត


រូបឯកសារ៖ ប្រធានាធិបតីតៃវ៉ាន់លោកស្រី Tsai Ing-Wen ពាក់ម៉ាស ពេលចូលរួមក្នុងការធ្វើសមយុទ្ធយោធាមួយនៅក្រុង Tainan កោះតៃវ៉ាន់ កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០។

មន្រ្តី​តៃវ៉ាន់​បាន​រាយការណ៍​ថា មាន​ករណី​អ្នក​ឆ្លងវីរុស​កូរ៉ូណា​ថ្មី ពី​មួយ​ទៅ​ប្រាំមួយ​នាក់​ជា​រៀងរាល់ថ្ងៃ​ចាប់តាំងពី​ថ្ងៃទី ២៦ ខែមីនា​មក។ ច្បាប់​ស្តីពី​ជនអន្តោប្រវេសន៍ ការដាក់​មនុស្ស​ឲ្យ​នៅ​ដាច់​ដោយ​ឡែក និង​ការរក្សា​គម្លាត​ឲ្យ​នៅ​ឆ្ងាយ​ពី​គ្នា ត្រូវបាន​គេ​រំពឹង​ថា នឹង​ត្រូវ​បាន​អនុវត្ត​ជា​បន្ត​ទៀត។

ក្នុងពេល​សព្វថ្ងៃ​នេះ កោះតៃវ៉ាន់​រាយការណ៍​ថា ខ្លួន​មាន​ករណី​អ្នកឆ្លង​វីរុស​កូរ៉ូណា​ថ្មី ចំនួន​ពី ១ ទៅ ៦ ករណី​ក្នុង​មួយ​ថ្ងៃ។ សាលារៀន ការិយាល័យ និង​ភោជនីយដ្ឋាន កំពុង​ដំណើរការ​ទាំងអស់​ជា​ធម្មតា។ ក៏ប៉ុន្តែ រដ្ឋាភិបាល​កោះ​នេះ​ ត្រូវ​បាន​គេ​រំពឹង​ថា នឹង​រង់ចាំ​រហូត​ដល់​ការរាតត្បាត​ជា​សកល​នៃ​ជំងឺ​កូវីដ​១៩​នេះ ថយ​ចុះ​សិន មុន​នឹង​បន្ធូរបន្ថយ​ការរឹតត្បិត​ដែល​បាន​ជួយ​ទប់ស្កាត់​ការរីករាលដាល​នៃ​វីរុស ដែល​បាន​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​របស់​តៃវ៉ាន់។

មាន​ករណី​អ្នកឆ្លង​ថ្មី​តែ​មួយ​ករណី​ប៉ុណ្ណោះកាល​ពី​ថ្ងៃ​ទី ៥ ខែមេសា។ ជារៀងរាល់ថ្ងៃ​ចាប់តាំងពី​ថ្ងៃ​ទី ២៦ ខែមីនា​មក មជ្ឈមណ្ឌល​បញ្ជាការ​លើ​ផ្នែក​ជំងឺ​រាតត្បាត​កណ្តាល​របស់​កោះតៃវ៉ាន់ បាន​រាយការណ៍​ថា មាន​ករណី​អ្នកឆ្លង​ថ្មី ពី ២ ទៅ ៦ ករណី ហើយ​គ្មាន​សញ្ញា​គំរាម​កំហែង​ថា នឹង​រីករាលដាល​នៅ​ក្នុង​សហគមន៍​ឡើយ។ ករណី​អ្នកឆ្លង​ថ្មី​សរុប​កាលពី​ថ្ងៃច័ន្ទ​ទី ១៣ ខែមេសា មានចំនួន ៥ ករណី ដែល​ធ្វើឲ្យ​ចំនួន​អ្នក​ឆ្លង​សរុប​មាន ៣៩៣ នាក់ ដែល​ក្នុង​នោះ មាន​អ្នក​ស្លាប់​ចំនួន ៦ នាក់ និង​អ្នកជា​សះស្បើយ​ចំនួន ១១៤ នាក់។

លោក Huang Ching-tai ដែល​ជា​សាស្ត្រាចារ្យ និង​ជា​វេជ្ជបណ្ឌិត​ផ្នែក​ជំងឺឆ្លង​នៅ​មន្ទីរពេទ្យ Chang Gung Memorial Hospital បាន​ថ្លែង​ថា ក្រុម​មន្ត្រី​ប្រហែលជា​នឹង​បន្ត​អនុវត្ត​វិធានការ​គ្រប់គ្រង​ក្នុងពេល​មាន​ការ​រាតត្បាត​នៃ​ជំងឺ​នេះ រហូត​ដល់​វិបត្តិ​នេះ​មាន​ភាពធូរស្រាល​នៅ​ឯ​ក្រៅ​ប្រទេស។ លោក​ថ្លែង​បន្ត​ទៀត​ថា ការបន្ត​អនុវត្ត​វិធានការ​នេះ នឹង​ជួយ​ធានា​ថា គ្មាន​អ្នក​ផ្ទុក​វីរុស​កូរ៉ូណា​ណា​ម្នាក់ ​នឹង​ចូល​មក​កោះតៃវ៉ាន់ ហើយ​ចម្លង​ដល់​អ្នក​នៅ​ជុំវិញ​ខ្លួន​នោះ​ឡើយ។ លោក Huang Ching-tai បាន​ថ្លែង​បន្ត​ក្នុង​សម្តី​ដើម​ថា៖

«បច្ចុប្បន្ន​នេះ ស្ថានភាព​នៅ​កោះតៃវ៉ាន់​ត្រូវបាន​ចាត់ទុក​ថា​ជា​ស្ថានភាព​ល្អ​មួយ ហើយ​យើងទាំងអស់​គ្នា​មាន​អារម្មណ៍​ធូរស្រាល ក៏ប៉ុន្តែ បើ​មើល​ទៅ​ស្ថានភាព​ពិភពលោក​ទាំងមូល​វិញ មិន​ឃើញ​ថា នឹង​មាន​ភាពប្រសើរ​ឡើង​នោះ​ទេ។ ដូច្នេះ​ការ​ពិត​បើសិនជា​ថ្ងៃនេះ យើង​អាច​រក្សា​ស្ថានភាព​នេះ​បាន នោះ​មាន​ន័យ​ថា ដើម្បី​ធានា​ថា ថ្ងៃស្អែក និង​ពេល​អនាគត​យើង អាច​បន្ត​រក្សា​ស្ថានភាព​នេះ​បាន យើង​ត្រូវ​បន្ត​ប្រុងប្រយ័ត្ន​ដោយ​គ្មាន​ការធ្វេសប្រហែស​ឡើយ។ យើង​មិន​អាច​និយាយ​បាន​ថា យើង​ឆ្លង​ផុត​ពី​ការរាតត្បាត​នៃ​ជំងឺ​កូវីដ​១៩​នេះ​ទេ»។

វិធានការ​គ្រប់គ្រង​ក្នុង​ពេល​មាន​ការ​រាតត្បាត​នៃ​ជំងឺ​នេះ រួមមាន​ការហាមឃាត់​ជា​បណ្តោះ​អាសន្ន​មិន​ឲ្យ​ភ្ញៀវទេសចរ​បរទេស​ចូល​ក្នុង​កោះតៃវ៉ាន់ និង​តម្រូវ​ឲ្យ​មាន​ការ ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ពី​គេ​រយៈពេល ១៤ ថ្ងៃ ចំពោះ​អ្នក​ដែល​ធ្វើ​ដំណើរ​មក​ដល់​កោះតៃវ៉ាន់​ទាំងអស់​រួមទាំង​អ្នកធ្វើដំណើរ​ឆ្លងកាត់​មុន​ទៅ​កន្លែង​ផ្សេង​ផងដែរ។ ករណី​អ្នកឆ្លង​នៅ​កោះតៃវ៉ាន់​ភាគច្រើន ជា​ពលរដ្ឋ​តៃវ៉ាន់​ដែល​ធ្វើ​ដំណើរ​មក​កោះតៃវ៉ាន់​វិញ ពី​ប្រទេស​ដែល​មាន​ការរាតត្បាត​នៃ​ជំងឺ​កូវីដ​១៩​នេះ។

សាលារៀន​នៅ​កោះតៃវ៉ាន់​ពិនិត្យ​សិស្ស​ជារៀងរាល់ថ្ងៃ រក​រោគសញ្ញា ដូចជា​គ្រុនក្តៅ ហើយ​សកម្មភាព​ក្រៅ​សាលា គឺ​មាន​កម្រិត។ ហាង ធនាគារ និង​អគារ​ការិយាល័យ បាន​ស្នើសុំ​អតិថិជន​ឲ្យ​នៅ​ចម្ងាយ ១ម៉ែត្រ​កន្លះ ឬ ពាក់ម៉ាស ដែល​នេះ​ការអនុត្ត​ជា​ទូទៅ​ស្រាប់​ទៅ​ហើយ​នៅ​កោះតៃវ៉ាន់។ ពិធី​នានា ដែល​ធ្វើឡើង​នៅក្នុង​អាគារ ឬ លំនៅដ្ឋាន មិន​ត្រូវ​ឲ្យ​មាន​មនុស្ស​លើស​ពី ១០០ នាក់​ឡើយ។

កោះតៃវ៉ាន់បាន​រក្សា​ចំនួន​អ្នកឆ្លង​វីរុស​កូរ៉ូណា​ឲ្យ​មាន​កម្រិតទាប បើ​ប្រៀបធៀប​ទៅ​នឹង​ប្រទេស​ជិតខាង​ជាច្រើន​នៅ​អាស៊ី។ កោះតៃវ៉ាន់ ធ្វើ​ដូច​នេះ​បាន តាម​រយៈ​ការបញ្ឈប់​ជើងហោះហើរ​តាំងពី​ដំបូងៗ ពី​តំបន់​នៅ​ប្រទេស​ចិន ដែល​ជា​ប្រភព​ដើម​នៃ​វីរុស​នេះ និង​តាមរក​អ្នក​ដែលបាន​ទាក់​ទង​ជាមួយ​អ្នកជំងឺ។

កាលពី​ថ្ងៃច័ន្ទ ទី១៣ ខែមេសា រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល និង​សុខុមាលភាព​កោះតៃវ៉ាន់ លោក Chen Shih-chung បាន​បដិសេធ​មិន​និយាយ​ថា នៅ​ពេល​ណា ទើប​កោះតៃវ៉ាន់​អាច​ដក​ការរឹតបន្តឹង​នេះ ក៏ប៉ុន្តែ​លោក​បាន​និយាយ​ថា កោះ​នេះ​បាន​ឈាន​ដល់​ដំណាក់កាល​មាន​ស្ថិរភាព និង​ស្ថិត​ក្នុង​«ដំណាក់កាល​អង្កេតមើល»។ លោក​បាន​ថ្លែង​បន្ថែម​ថា ការបង្កើត​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ១៩ បាន នឹង​រឹតតែ​ជា​រឿង​ដ៏​ល្អ​មួយ​ថែម​ទៀត។ លោក Chen Shih-chung បាន​ថ្លែង​បន្ត​ក្នុង​សម្តី​ដើម​ថា៖

«វិធី​ដែល​យើង​អាច​ធ្វើ​ឲ្យ​ស្ថានភាព​សុខភាព​មាន​ស្ថេរភាព និង​អនុញ្ញាត​ឲ្យ​មនុស្ស​គ្រប់គ្នា​ត្រឡប់​ទៅ​ធ្វើ​សកម្មភាព​តាម​ធម្មតា​វិញ គឺ​ជា​អ្វី​ដែល​យើង​តែងតែ​គិតគូរ»។

លោក Liang Kuo-yuan ប្រធាន​វិទ្យាស្ថាន​ស្រាវជ្រាវ Polaris Research Institute ក្នុង​ទីក្រុង​តៃប៉ិ បាន​និយាយ​ថា ឧស្សាហកម្ម​សេវាកម្ម​របស់​តៃវ៉ាន់ កំពុង​ជួប​ការលំបាក ក្រោម​វិធានការ​គ្រប់គ្រង​ក្នុង​ពេល​មាន​ការរាតត្បាត​នៃ​ជំងឺ​នេះ ដោយ​មាន​អតិថិជន​កាន់តែ​តិចទៅៗ។ នេះ ដោយសារ​ថា ប្រជាពលរដ្ឋ​មាន​ការស្ទាក់ស្ទើរ​ក្នុង​ការចេញ​ទៅ​ក្រៅ។

តួលេខ​របស់​ក្រសួង​ការងារ​កោះតៃវ៉ាន់ បង្ហាញ​ថា អ្នកធ្វើការ​ចំនួន ២,៦៩៣ នាក់ ក្នុង​ឧស្សាហកម្ម​ម្ហូប​អាហារ ភេសជ្ជៈ និង​ផ្ទះសំណាក់ ត្រូវ​បាន​ឲ្យ​ឈប់​ជា​បណ្តោះ​អាសន្ន​ដោយ​គ្មាន​ប្រាក់ខែ នៅក្នុង​រយៈពេល​ពីរ​សប្តាហ៍​ចុងក្រោយ​នៃ​ខែមីនា។ ចំនួន​នោះ គឺ​ច្រើន​ជាង​នៅក្នុង​វិស័យ​ដទៃ​ទៀត។

ក្នុង​ពេល​ឥឡូវ​នេះ ក្រុមហ៊ុន​ដែល​រៀបចំ​ពិធី​នានា មាន​អតិថិជន​តិចតួច​ណាស់ ដែល​នេះ​មួយ​ផ្នែក​ដោយសារតែ​ការហាមឃាត់​មិន​ឲ្យ​មាន​ការជួបជុំ​ក្នុង​អាគារ ឬ លំនៅដ្ឋាន ដែល​មាន​មនុស្ស​លើស​ពី ១០០ នាក់។ ក្រុមហ៊ុន​ប្រតិបត្តិការ​ផ្នែក​ទេសចរណ៍ មិន​មាន​អតិថិជន​ដែល​ជា​ធម្មតា​មក​ពី​ជប៉ុន កូរ៉េខាងត្បូង និង​តំបន់​អាស៊ី​អាគ្នេយ៍ ដោយសារតែ​វិធានការ​មិន​អនុញ្ញាត​ឲ្យ​ភ្ញៀវទេសចរ​បរទេស​ចូល​កោះតៃវ៉ាន់។ ប្រជាពលរដ្ឋ​តៃវ៉ាន់ ភ័យខ្លាច​ក្នុង​ការចេញ​ទៅ​ក្រៅ ដែល​ធ្វើ​ឲ្យ​ហាង និង​ភោជនីយដ្ឋាន គ្មាន​អតិថិជន។

លោក Liang Kuo-yuan ថ្លែង​បន្ត​ថា អតិថិជន​បារម្ភ​ថា អាច​មាន​អ្នកណា​ម្នាក់ ធ្វើ​ដំណើរ​តាម​យន្តហោះ​ចូល​មក​កោះ​តៃវ៉ាន់ ហើយ​ចម្លង​វីរុស​នោះ​ដល់​មនុស្ស​គ្រប់គ្នា។ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក បាន​គាំទ្រ​ការភ័យ​ខ្លាច​ទាំងនោះ។ លោក​បាន​បន្ថែម​ថា វិធានការ​របស់​រដ្ឋាភិបាល​ដែល​តម្រូវ​ឲ្យ​ពាក់ម៉ាស និង​ការរក្សា​គម្លាត​ឲ្យ​នៅ​ឆ្ងាយ​ពី​គ្នា​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ កាន់តែ​ភ័យខ្លាច។

«អាជីវកម្ម​ខ្លះ ប្រហែល​ជា​នឹង​បាន​ប្រសើរ​ឡើង។ ឧទាហរណ៍​ប្រសិនបើ​ហាង​លក់​ទំនិញ មាន​ទំហំ​ធំ ហើយ​មាន​កន្លែង​ទំនេរ​ច្រើន​នោះ ប្រជាពលរដ្ឋ នឹង​ហ៊ាន​ទៅ​ទិញ​ទំនិញ​នៅ​ទីនោះ។ ក៏ប៉ុន្តែ ប្រសិនបើ​អ្នក​និយាយ​អំពី​ភោជនីយដ្ឋាន​មួយ ដែល​ពេញ​ទៅ​ដោយ​មនុស្ស​នោះ ខ្ញុំ​ជឿ​ថា មនុស្ស នឹង​មិន​ហ៊ាន​ទៅ​ភោជនីយដ្ឋាន​នោះ​ទេ»៕

ប្រែសម្រួលដោយ​អ្នកស្រី លី ម៉ូរីវ៉ាន់

XS
SM
MD
LG