គណបក្សសង្គ្រោះជាតិ បានច្រានចោលលទ្ធផលឆ្នោតជាតិដែលបានបោះកាលពីថ្ងៃអាទិត្យទី២៩ខែកក្កដាហើយប្រកាសបន្តធ្វើយុទ្ធនាការអន្តរជាតិ ដើម្បីដាក់គំនាបមកលើរដ្ឋាភិបាលថ្មីនៅកម្ពុជា។
លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិដែលបានចូលរួមដឹកនាំបាតុកម្មទ្រង់ទ្រាយតូចមួយនៅពីមុខរដ្ឋសភាសហរដ្ឋអាមេរិកក្នុងរដ្ឋធានីវ៉ាស៊ីនតោនកាលពីថ្ងៃអាទិត្យនេះបានប្រកាសថា៖
«ទីមួយគឺយើងប្រឆាំងដាច់ខាតចំពោះការបោះឆ្នោតក្លែងក្លាយហ្នឹង ហើយយើងសូមអំពាវនាវដល់សហគមន៍អន្តរជាតិជាមិត្តរបស់កម្ពុជាសូមកុំទទួលស្គាល់រដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោតហ្នឹងហើយសូមឱ្យបណ្តាប្រទេសជាមិត្តបន្តកិច្ចការរបស់ខ្លួនដើម្បីជួយកម្ពុជាតទៀត»។
តួលេខបឋមរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានឱ្យដឹងថាមានពលរដ្ឋជាង៨២ភាគរយបានចេញទៅបោះឆ្នោត បើទោះបីជាគណបក្សសង្គ្រោះជាតិបានអំពាវនាវឱ្យពលរដ្ឋនៅផ្ទះកុំចេញទៅបោះឆ្នោតក៏ដោយហើយក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិនៅទូទាំងពិភពលោកបានធ្វើបាតុកម្មព្រមៗគ្នាប្រឆាំងនឹងការបោះឆ្នោតនេះ។
លោក អេង ឆៃអ៊ាង បានអំពាវនាវទៅអ្នកគាំទ្រដែលនៅប្រទេសកម្ពុជាត្រៀមលក្ខណៈដើម្បីធ្វើសកម្មភាពប្រឆាំងនឹងរដ្ឋាភិបាលថ្មីនេះ៖
«ចាប់ពីថ្ងៃស្អែកតទៅគឺយើងអត់ដេកផ្ទះទៀតទេ។ យើងអត់រក្សាម្រាមដៃស្អាតទៀតទេគឺយើងនឹងធ្វើសកម្មភាពជាមួយគ្នាដើម្បីបញ្ចប់របបផ្តាច់ការនៅកម្ពុជាហើយខ្ញុំសូមឱ្យបងប្អូនកុំចាប់អារម្មណ៍ កុំយកចិត្តទុកដាក់អំពីតួលេខលទ្ធផលដែលប្រព័ន្ធផ្សព្វផ្សាយរបស់គណបក្សប្រជាជនបានប្រកាសហ្នឹងព្រោះយើងដឹងហើយថាតួលេខហ្នឹង លទ្ធផលហ្នឹងគឺជាតួលេខក្លែងក្លាយលទ្ធផលក្លែងក្លាយចេញពីការបោះឆ្នោតក្លែងក្លាយ»។
លោក អេង ឆៃអ៊ាង បានបដិសេធមិនបញ្ជាក់លម្អិតថា សកម្មភាពណាខ្លះដែលពលរដ្ឋខ្មែរត្រូវធ្វើនោះទេដោយលោកព្រួយបារម្ភថាអាចនឹងរងការបង្ក្រាបពីគណបក្សកាន់អំណាចនៅមុនពេលកំណត់។
មន្ត្រីគណបក្សសង្គ្រោះជាតិនិងអ្នកគាំទ្រនៅក្រៅប្រទេសបានធ្វើសកម្មភាពការទូតជាច្រើនចាប់តាំងពីតុលាការកំពូលបានរំលាយអតីតគណបក្សប្រឆាំងនេះកាលពីចុងឆ្នាំ២០១៧និងហាមឃាត់មន្ត្រីសំខាន់ៗចំនួន១១៨រូបមិនឱ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ។ ប៉ុន្តែអ្នកគាំទ្រនៅក្នុងប្រទេសកម្ពុជាមិនបានធ្វើសកម្មភាពអ្វីធំដុំទេដោយសារតែរងការគាបសង្កត់ពីអាជ្ញាធរកម្ពុជា។
លោក អ៊ុង ឫទ្ធី ប្រធានគណបក្សសង្គ្រោះជាតិនៅអាមេរិកបានបញ្ជាក់បន្ថែមថាចាប់ពីថ្ងៃនេះតទៅគឺអ្នកគាំទ្រគណបក្សនៅក្រៅប្រទេសនិងក្នុងប្រទេសត្រូវធ្វើសកម្មភាពតស៊ូមតិរួមគ្នា។
«បន្ទាប់ទៅយើងថ្នាក់ដឹកនាំសង្គ្រោះជាតិនៅក្នុងនិងក្រៅប្រទេសនឹងធ្វើការរួមគ្នាដើម្បីរិះរកយុទ្ធវិធីថ្មីក្នុងការធ្វើកិច្ចការបន្តទៀតក៏ប៉ុន្តែយើងអត់នៅស្ងៀមទេ។ យើងថាបងប្អូនយើងកុំឱ្យនៅស្ងៀមឱ្យសោះគឺដល់ពេលវេលាយើងត្រូវធ្វើការងារហើយនៅគ្រប់កន្លែងទាំងនៅក្នុងប្រទេសនិងក្រៅប្រទេសដើម្បីតស៊ូមតិរបស់ខ្លួនរៀងខ្លួនហើយយើងតស៊ូមតិទាំងក្នុងប្រទេសនិងក្រៅប្រទេសក្នុងការណែនាំទទួលសារនយោបាយពីយើងផងដើម្បីធ្វើការរួមគ្នាទាញយកលទ្ធិប្រជាធិបតេយ្យមកវិញ»។
មានគណបក្សនយោបាយចំនួន២០បានប្រកួតប្រជែងគ្នាដើម្បីដណ្តើមអាសនៈសភាចំនួន១២៥និងដើម្បីឈានទៅបង្កើតរដ្ឋាភិបាលថ្មី។ គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនដែលកាន់អំណាចជិត៤០ឆ្នាំត្រូវបានគេរំពឹងថាអាចនឹងទទួលបានជ័យជម្នះយ៉ាងច្រើននិងដោយងាយស្រួលដោយសារតែគ្មានគូប្រជែងណាដែលមានកម្លាំងប្រហាក់ ប្រហែល។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានប្រាប់បណ្តាញសារព័ត៌មាន AFP កាលពីល្ងាចថ្ងៃអាទិត្យថា គណបក្សរបស់លោករំពឹងនឹងឈ្នះបានជាង១០០អាសនៈក្នុងរដ្ឋសភា ដែលមានអាសនៈសរុបចំនួន១២៥ ដោយយោងទៅតាមតួលេខបឋមពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ លោក សុខ ឥសាន ចាត់ទុកថានេះគឺជា«ជ័យជម្នះដ៏ធំធេង»របស់គណបក្សប្រជាជនកម្ពុជា។
សហគមន៍អន្តរជាតិបានរិះគន់ការបោះឆ្នោតនេះផងដែរដោយសហរដ្ឋអាមេរិក សហគមន៍អឺរ៉ុបនិងប្រទេសជប៉ុនបានសម្រេចមិនបញ្ជូនអ្នកសង្កេតការណ៍ចូលរួមទេ។
លោកអាឡាំង លូវឹនសលគឺជាអ្នកតំណាងរាស្រ្តអាមេរិកាំងដែលតែងតែយកចិត្តទុកដាក់បញ្ហាកម្ពុជាក្នុងនោះបានបញ្ជាក់ថាលោកនឹងស្នើឱ្យសហរដ្ឋអាមេរិកមិនទទួលស្គាល់លទ្ធផលឆ្នោតនេះទេ។ រីឯរដ្ឋសភាសហរដ្ឋអាមេរិកបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឆ្នាំ២០១៨ដោយបានស្នើឱ្យដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិនិងទិដ្ឋាការមន្ត្រីរដ្ឋាភិបាលមួយចំនួនដែលធ្វើឱ្យខូចលទ្ធិប្រជាធិបតេយ្យកម្ពុជា។ សេចក្តីព្រាងច្បាប់នេះនឹងត្រូវព្រឹទ្ធសភាអនុម័តជាមុនសិនមុននឹងបញ្ជូនទៅការិយាល័យលោកប្រធានាធិបតីដើម្បីចុះហត្ថលេខាទៅជាច្បាប់បាន។
លោកស្រី រ៉ានី លូហ្ស៊ឹនស្គី អនុប្រធានសមាគមខ្មែរអាមេរិកាំងដើម្បីសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យបានបញ្ជាក់ថានេះជាកិច្ចការបន្ទាប់ដែលសហគមន៍ខ្មែរនឹងត្រូវធ្វើ៖
«នេះជាយុទ្ធនាការបន្តទៀតដែលយើងនឹងធ្វើហើយគ្រប់រដ្ឋទាំងអស់យើងសហការរួមគ្នាទាំងខាងអង្គការសង្គមស៊ីវិលទាំងខាងគណៈកម្មការស្ត្រីនៅក្នុងសហរដ្ឋអាមេរិកហើយជាមួយនឹងទាំងខាងគណបក្សសង្គ្រោះជាតិនៅខាងក្រៅនេះ។ យើងនឹងរួមគ្នាជាមួយអង្គការខ្ញុំគឺសិទ្ធិមនុស្សដើម្បីលទ្ធិប្រជាធិបតេយ្យនៅស្រុកអាមេរិកនេះ។ នេះជាកិច្ចការធំមួយទៀតដែលយើងត្រូវធ្វើយុទ្ធនាការត្រូវទូរស័ព្ទនិងចុះហត្ថលេខាលើញត្តិដើម្បីផ្ញើទៅខាងព្រឹទ្ធសភា»។
សហគមន៍អឺរ៉ុបក៏កំពុងតែពិនិត្យមើលឋានៈអនុគ្រោះពន្ធ«រាល់មុខទំនិញលើកលែងតែអាវុធ»ដែលកម្ពុជាកំពុងប្រើប្រាស់ដើម្បីនាំទំនិញចូលទីផ្សាររបស់ខ្លួនដោយសារលក្ខខណ្ឌក្នុងការទទួលបានឋានៈនេះមានភ្ជាប់នឹងការគោរពសិទ្ធិមនុស្ស៕