ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បេក្ខជន​នាយក​រដ្ឋមន្ត្រី​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​បោះឆ្នោត​នៅ​ខេត្ត​តាកែវ


លោក​យ៉ង សាំងកុមារ​ ប្រធានគណៈកម្មាធិការ​នាយក​គណបក្សប្រជាធិបតេយ្យ​មូលដ្ឋាន​ (គ.ប.ម)​​ ថ្លែងជាមួយ​អ្នកសារព័ត៌មាន​​ នៅមុខការិយាល័យបោះឆ្នោតមួយកន្លែង​ស្ថិតក្នុងខេត្តតាកែវ​កាលពីថ្ងៃ​ទី​២៩​ ខែ​កក្កដា​ ឆ្នាំ​២០១៨។ (ហ៊ុល រស្មី/VOA)
លោក​យ៉ង សាំងកុមារ​ ប្រធានគណៈកម្មាធិការ​នាយក​គណបក្សប្រជាធិបតេយ្យ​មូលដ្ឋាន​ (គ.ប.ម)​​ ថ្លែងជាមួយ​អ្នកសារព័ត៌មាន​​ នៅមុខការិយាល័យបោះឆ្នោតមួយកន្លែង​ស្ថិតក្នុងខេត្តតាកែវ​កាលពីថ្ងៃ​ទី​២៩​ ខែ​កក្កដា​ ឆ្នាំ​២០១៨។ (ហ៊ុល រស្មី/VOA)

គណបក្ស​នយោបាយ​ដែល​កើត​ថ្មី​ជាច្រើន ​បាន​ចូលរួម​ការ​បោះឆ្នោត​នៅ​ថ្ងៃ​អាទិត្យ​នេះ​ ដោយ​ក្នុង​នោះ​មាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​មួយ​ដែរ។ មេដឹកនាំ​មួយ​រូប​របស់​គណបក្ស​នេះ​ បាន​ទៅ​បោះឆ្នោត​នៅ​ខេត្ត​តាកែវ​ ជាទី​ដែល​ពលរដ្ឋ​មួយ​ចំនួន​មិន​ព្រម​ទៅ​បោះឆ្នោត​ ដោយ​សារ​គ្មាន​វត្តមាន​របស់​គណបក្ស​ប្រឆាំង​ ឬ​ទៅ​បោះឆ្នោត​ទាំង​ការ​ភ័យ​ខ្លាច។

បេក្ខជន​នាយក​រដ្ឋមន្ត្រី​របស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ លោក​ យ៉ង សាំងកុមារ​ បាន​បោះឆ្នោត​នៅ​សាលា​បឋមសិក្សា​មួយ​កន្លែង​ ស្ថិត​ក្នុង​ស្រុក​តាំ្រកក់​ ខេត្ត​តាកែវ ហើយ​លោក​បាន​បង្ហាញ​ជំនឿ​ចិត្ត​ថា​ ពលរដ្ឋ​នឹង​បោះឆ្នោត​គាំទ្រ​ឲ្យ​គណបក្ស​លោក​មាន​សំឡេង​នៅ​ក្នុង​សភា។

ការបោះឆ្នោត​ជាតិ​សម្រាប់​នីតិកាល​ទី៦​ នៃ​រដ្ឋសភា​ បាន​ចាប់ផ្ដើម​នៅ​ទូទាំង​ប្រទេស​នា​ព្រឹក​ថ្ងៃ​អាទិត្យ​ទី​២៩ ខែ​កក្កដា​ ឆ្នាំ​២០១៨ ហើយ​បាន​បិទ​បញ្ចប់​នៅ​ថ្ងៃ​អាទិត្យ​ដដែល​នេះ។ នៅ​ខេត្ត​តាកែវ​ មាន​ការិយាល័យ​បោះឆ្នោត​ចំនួន១៥៤៥​កន្លែង​ ដែល​ត្រូវ​បាន​ដាក់​ដំណើរ​ការ​ឲ្យ​ពល​រដ្ឋ​បង្ហាញ​ឆន្ទៈ​នយោបាយ​របស់​ពួកគេ។

ថ្លែង​ប្រាប់​ក្រុម​អ្នកកាសែត​ បន្ទាប់​ពី​បាន​បោះឆ្នោត​រួច​នោះ​ លោក​ យ៉ង សាំង​កុមារ មានប្រសាសន៍​ថា​ បរិយាកាស​ក្នុង​ថ្ងៃ​បោះឆ្នោត​ មាន​សភាព​ធម្មតា និង​គ្មាន​អំពើ​ហិង្សា​ ហើយ​ថា គណបក្ស​លោក​នឹង​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​ពលរដ្ឋ​រស់​នៅ​ក្នុង​ខេត្ត​តាកែវ។

«ខ្ញុំ​អត់​ចង់​និយាយ​ថា​ ពី​ប៉ុន្មាន​កៅអី​ទេ​ ប៉ុន្តែ​យើង​នឹង​មាន​សំឡេង​មួយ​ដែល​មាន​ឥទ្ធិពល​ខ្លាំង​ក្នុង​សភាជាតិ»។

នៅ​ពេល​ដែល​គ្មាន​វត្តមាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ លោក យ៉ង សាំងកុមារ​ ដែល​ជា​អតីត​ប្រធាន​អង្គការ​កសិកម្ម​មួយ​ និង​ជា​អ្នកនយោបាយ​ថ្មីថ្មោង​ បាន​ទទួលស្គាល់​ការ​រិះគន់​ជាច្រើន​ពី​ប្រទេស​កាន់​លទ្ធិប្រជាធិបតេយ្យ​ និង​ក្រុម​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ ចំពោះ​ការ​បោះឆ្នោត​ដ៏​ចម្រូង​ចម្រាស់​នេះ​ ដោយ​ហេតុ​តែ​គ្មាន​គណបក្ស​សង្គ្រោះ​ជាតិ។​

លោក​អះអាង​ថា​ សម្ពាធ​ពី​អន្តរ​ជាតិ​ នឹង​បន្ត​កើតមាន​ក្នុង​ករណី​ដែល​គណបក្សប្រជាជន​ដែល​ជា​គណបក្ស​កាន់​អំណាច​ បាន​ឈ្នះ​ក្នុង​ការ​បោះឆ្នោត​នេះ​ តទៅ​ទៀត​នោះ។

«ជាពិសេស​បើ​សិន​គណបក្ស​កាន់អំណាច​សព្វថ្ងៃ​ហ្នឹង​គឺ​ឈ្នះ​ឆ្នោត​ អីចឹង​ទៅ​ក៏​នៅ​នឹង​ទទួល​នូវ​អា​សម្ពាធ​ហ្នឹង​បន្ត​ទៀត។ ផ្ទុយទៅវិញ​ បើ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ ខ្ញុំ​គិត​ថា​ រឿង​ហ្នឹងនឹង​មិន​កើត​មាន​ឡើង​ទេ ពីព្រោះ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​អត់មាន​ពាក់​ព័ន្ធ​ទេ​ រឿង​អា​បញ្ហា​ រឿង​សិទ្ធិ​សេរីភាព​នយោបាយ​ រឿង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ រឿង​ហាម​មិន​ឲ្យ​អ្នក​នយោបាយ​១១៨​រូប​ ធ្វើ​រឿង​ចាប់​ឃុំឃាំង​ ប្រធាន​គណបក្ស​យើង​អត់​មាន​ពាក់ព័ន្ធ​ទេ។ យើង​ជា​គណបក្ស​មួយ​ ដែល​លើក​ស្ទួយ​លទ្ធិប្រជាធិបតេយ្យ​សេរីនិយម​ពិត​ប្រាកដ​ បាទ»។

លោក​យ៉ង សាំងកុមារ​ ប្រធានគណៈកម្មាធិការ​នាយក​គណបក្សប្រជាធិបតេយ្យ​មូលដ្ឋាន​ (គ.ប.ម) ​បង្ហាញទឹកថ្នាំលើម្រាម​ដៃ​ បន្ទាប់ពីការ​បោះឆ្នោត​នៅក្នុងបន្ទប់​នៃ​ការិយាល័យ​បោះឆ្នោត​មួយស្ថិតក្នុងសាលាបឋមសិក្សា​មួយ​កន្លែង​នៅក្នុងស្រុក​ត្រាំកក់​ ខេត្តតាកែវ​ កាលពីថ្ងៃ​ទី​២៩ ខែ​កក្កដា​ ឆ្នាំ​២០១៨។ (ហ៊ុល រស្មី/VOA)
លោក​យ៉ង សាំងកុមារ​ ប្រធានគណៈកម្មាធិការ​នាយក​គណបក្សប្រជាធិបតេយ្យ​មូលដ្ឋាន​ (គ.ប.ម) ​បង្ហាញទឹកថ្នាំលើម្រាម​ដៃ​ បន្ទាប់ពីការ​បោះឆ្នោត​នៅក្នុងបន្ទប់​នៃ​ការិយាល័យ​បោះឆ្នោត​មួយស្ថិតក្នុងសាលាបឋមសិក្សា​មួយ​កន្លែង​នៅក្នុងស្រុក​ត្រាំកក់​ ខេត្តតាកែវ​ កាលពីថ្ងៃ​ទី​២៩ ខែ​កក្កដា​ ឆ្នាំ​២០១៨។ (ហ៊ុល រស្មី/VOA)

នៅ​មុន​បោះឆ្នោត​ជាតិ​កម្ពុជា​បាន​មក​ដល់​នោះ​ មាន​ការ​រិះគន់​ពី​រដ្ឋាភិបាល​នៃ​ប្រទេសប្រជាធិបតេយ្យ​និង​អង្គការ​សិទ្ធិមនុស្ស​ជាច្រើន​ ថា​ការបោះឆ្នោត​នេះ​ ជា​ការ​បោះឆ្នោត​មិន​ពិត​ប្រាកដ​ និង​បោក​ប្រាស់​ប្រជា​រាស្ត្រ​ខ្មែរ​ និង​ជា​ដំណើរ​បើក​ផ្លូវ​ឲ្យ​លោក ហ៊ុន សែន​ បាន​បន្ត​អំណាច​របស់​លោក​បន្ថែម​ទៀត ព្រោះ​គណបក្ស​សង្គ្រោះ​ជាតិ​ ត្រូវ​បាន​គេ​ផាត់​ចេញ​ពី​ការ​បោះឆ្នោត។

ក្រុម​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស​ ដែល​បាន​តាម​ដាន​យ៉ាង​ដិត​ដល់​អំពី​វិបត្តិ​នយោបាយ​កម្ពុជា​ក្រោយ​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ឆ្នាំ​២០១៧​ បាន​ព្រមាន​ដល់​ការបោះឆ្នោត​នេះ​ថា​ នឹង​ធ្វើ​ឲ្យ​ប្រព័ន្ធ​នយោបាយ​ប្រជាធិបតេយ្យ​ស្ថិត​ក្នុង​ភាព​គ្រោះថ្នាក់​នៅ​ទូទាំង​តំបន់​អាស៊ីអាគ្នេយ៍។

ចំណែក លោក​ Stephane Dujarricអ្នកនាំពាក្យ​អគ្គលេខាធិការ​អង្គការ​សហ​ប្រជាជាតិ​ (អ.ស.ប.) បាន​ថ្លែង​ថា​ លោក​អគ្គលេខាធិការ​អ.ស.ប. រំឭកឡើង​វិញ​ថា ដំណើរការ​នយោបាយ​មួយ​ប្រកប​ដោយ​បរិយាបន្ន និង​ពហុ​និយម​នៅតែ​សំខាន់​សម្រាប់​ការពារ​វឌ្ឍនភាព ដែល​ប្រទេស​កម្ពុជា​សម្រេច​បាន​ក្នុង​ការ​ពង្រឹង​សន្តិភាព។

ពលរដ្ឋ​មួយ​ចំនួន​ដែល​បាន​ទៅ​បោះឆ្នោត​នៅ​ការិយាល័យ​បោះឆ្នោត​ ដែល​លោក​ យ៉ង សាំងកុមារ​ បាន​ទៅ​បោះឆ្នោត​នោះ​ និយាយ​ថា​ ពួកគេ​បាន​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ ដើម្បី​បន្ត​សុខ​សន្តិភាព និង​ការ​បង្កើត​ការ​ងារ​បន្ថែម​ទៀត។ តែ​មាន​ពលរដ្ឋ​មួយ​ចំនួន​ទៀត​ មិន​បញ្ជាក់​ថា​ ខ្លួន​បោះ​ឆ្នោត​ ឲ្យ​គណបក្ស​ណា​នោះ​ទេ។

កញ្ញា​ វង្ស សារឿន អាយុ​២០​ ឆ្នាំ និង​ជា​កម្មការិនី​រោងចក្រ​ម្នាក់និយាយ​ថា​ កញ្ញា​បាន​បោះឆ្នោត​ឲ្យ​លោក​ ហ៊ុន សែន ​បាន​បន្ត​ដឹកនាំ​ប្រទេស​ទៀត​ ហើយ​សុំ​ឲ្យ​លោក​បង្កើត​ការងារ​ឲ្យបាន​ច្រើន​សម្រាប់​ពលរដ្ឋ​ខ្មែរ។

«សុំ​សំណូមពរ​ឲ្យ​សម្ដេច​តេជោ​ កាន់តែ​មាន​រោងចក្រ​ច្រើន​ ហើយ​មាន​ការងារ​ធ្វើ​នៅ​ប្រទេស​ខ្មែរ​យើង​ច្រើន»។

អ្នកស្រី ​អ៊ូ សារុន​ វ័យ៧៧ឆ្នាំ​ រស់នៅ​ក្បែរ​ទី​រួម​ខេត្ត​តាកែវ​ ស្រឡាញ់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ដោយសារ​ស្នាដៃ​របស់​លោក​ក្នុង​ការ​រំដោះ​ពលរដ្ឋ​ខ្មែរ​ពី​សម័យ​ខ្មែរក្រហម ​ប៉ុល ពត។

«ស្រឡាញ់​គាត់​ ព្រោះ​គាត់​រំដោះ​ រំដោះ​ប្រជាជន​ពី​របប​ ប៉ុល ពត​ មក​ដើម្បី​កុំ​ឲ្យ​វា​រហេមរហាម»។

សំឡេង​មិន​គាំទ្រ​ដល់​ការ​បោះឆ្នោត​នៅ​ថ្ងៃ​អាទិត្យ​នេះ ក៏បាន​កើត​មាន​ឡើងដែរ​ ទោះ​ជា​ប្រជាពលរដ្ឋ​បាន​ចេញ​ទៅ​បោះឆ្នោត​នៅ​ខេត្ត​តាកែវ​ក្នុង​បរិយាកាស​ស្ងៀមស្ងាត់​ និង​មិន​អ៊ូអរ​ខ្លាំង​ដូច​អាណត្តិ​មុន​ក៏​ដោយ​។ អ្នក​ដែល​ត្រូវ​មាន​សិទ្ធិ​បោះឆ្នោត​មួយ​ចំនួន​និយាយ​ថា​ ពួកគេ​បាន​ទៅ​បោះឆ្នោត​ ទាំង​មាន​សម្ពាធ​ខាង​សន្តិសុខ​នៃ​មុខរបរ​រកស៊ី​របស់​ពួកគេ ឯ​ខ្លះ​ទៀត​ លើកឡើង​ថា​ ពួកគេ​មិន​ទៅ​បោះឆ្នោត​ ដោយ​សារ​គ្មាន​គណបក្ស​សង្គ្រោះ​ជាតិ​ ហើយ​មិន​ដឹង​បោះឆ្នោត​ឲ្យ​អ្នកណា។

អ្នកបោះឆ្នោត​ម្នាក់ ​ដែល​សុំ​មិន​ប្រាប់​ឈ្មោះ បាន​និយាយថា​ លោក​ទៅ​បោះ​ឆ្នោត​ទាំង​ដឹង​ថា​ ការបោះឆ្នោត​នេះ​«គ្មាន​ប្រយោជន៍»។ លោក​បន្ថែម​ថា​ លោក​ទៅ​បោះ ដោយ​បារម្ភ​អំពី​ការ​ឃ្លាំមើល​របស់​អាជ្ញាធរ​មូលដ្ឋាន៕

XS
SM
MD
LG