ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​លោកស្រី​គ្លីនតុន​រិះគន់​សារ​តាម​ប្រព័ន្ធ Twitter ស្តី​ពី​ប្រទេស​កូរ៉េខាង​ជើង​របស់​ប្រធានាធិបតី​ត្រាំ


អ្នក​ស្រី ​​Hillary Clinton ​ធ្វើ​ទស្សនកិច្ច​នៅ​កូរ៉េ​ខាង​ជើង​ទីក្រុង​សេអ៊ូល និងថ្លែង​នៅ​ក្នុង​កម្មវិធី​កាលពី​ថ្ងៃទី​១៨ តុលា ២០១៧។
អ្នក​ស្រី ​​Hillary Clinton ​ធ្វើ​ទស្សនកិច្ច​នៅ​កូរ៉េ​ខាង​ជើង​ទីក្រុង​សេអ៊ូល និងថ្លែង​នៅ​ក្នុង​កម្មវិធី​កាលពី​ថ្ងៃទី​១៨ តុលា ២០១៧។

លោកស្រី Hillary Clinton អតីត​បេក្ខជន​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​បាន​រឹះគន់​យ៉ាង​ខ្លាំង​ដល់​វោហាសាស្រ្ត​ប្រកប​ដោយ​ការរំខាន​របស់​ប្រធា​នាធិបតី​ដូណាល់ ​ត្រាំអំពីប្រទេស​កូរ៉េខាង​ជើង ​ខណៈ​ដែល​ថ្លែង​នៅក្នុង​ប្រទេស​កូរ៉េខាង​ត្បូង​កាល​ពី​ថ្ងៃ​ពុធ។

លោកស្រី​គ្លីនតុន​បាន​និយាយ​នៅ​ក្នុងសុន្ទរកថា​មួយ​ទៅកាន់​វេទិកា World Knowledge Forumក្នុង​ទីក្រុង​សេអ៊ូល​ថា៖ «មិនមាន​ហេតុផល​សម្រាប់​យើង​ចូលចិត្ត​ធ្វើ​សង្គ្រាម​និងរឹះគន់​បង្ករហេតុ​នោះ​ទេ‍»។

លោកស្រី​គ្លីនតុន​បាន​លើ​ក​ឡើង​នូវ​បញ្ហា​នៃ​ការពណ៌នា​បន្តុះ​បង្អាប់​របស់​ប្រធា​នាធិបតី​ត្រាំ​ដល់ Kim Jong Unថា «បុរស​មាឌតូច​ដែល​ចូល​ចិត្ត​កាំជ្រួច‍»ហើយ​នឹង​ការ​គំរាម​កំហែង​របស់​លោកត្រាំ​ដើម្បី​ឆ្លើយតប​ទៅនឹងការ​បង្ករហេតុ​របស់​កូរ៉េខាង​ជើង​ដោយ«ភ្លើង​និង​កំហឹង‍»។

លោកស្រី​គ្លីនតុន​បាន​មាន​ប្រសាសន៍​ថា៖ «ដោយ​ជោគវាសនា​របស់​មនុស្ស​រាប់​លាននាក់​ពឹងផ្អែកលើសេចក្តី​សម្រេច​ខាង​ការទូត​ដល់​វិបត្តិ​កូរ៉េខាង​ជើងនោះ គេ​មិន​ត្រូវ​និយាយពីការគំរាម​កំហែង​ដើម្បី​ចាប់​ផ្តើម​សង្គ្រាម​ជាការ​ប្រកប​ដោយ​គ្រោះ​ថ្នាក់​និង​មិន​គិត​វែងឆ្ងាយ​នោះ​ទេ‍»។

​លោក​ស្រី​ក៏មាន​ប្រសាសន៍ទៀត​ថា «ការ​ជ្រើសរើស​ធ្វើ​ការ​ប្រយុទ្ធ​ជាមួយ​គីម ជុង​អ៊ុន គ្រាន់​តែ​ធ្វើឲ្យ​ជន​នោះ​សប្បាយចិត្ត​តែប៉ុណ្ណោះ‍» ហើយ​និងធ្វើ​ឲ្យ​មេដឹកនាំ​រដ្ឋាភិបាល​ក្រុង​ព្យូងយ៉ាង​ទទួល​បានការ​ចាប់​អារម្មណ៍​ពី​អន្តរជាតិ​តែ​ប៉ុណ្ណោះ។ ​នៅ​សប្តាហ៍​នេះ លោក Rex Tillerson រដ្ឋមន្រ្តី​ការបរទេស​សហរដ្ឋ​អាមេរិក​បាន​ការពារ​សារ​តាម​ប្រព័ន្ធ Twitter ប្រកប​ដោយ​ការរំខាន​ហើយ​នឹង​អត្ថាធិប្បាយ​ជាសាធារណៈ​របស់​ប្រធានា​ធិបតី​ត្រាំ​ថាជា​ការ​ប៉ុនប៉ង​ដើម្បីធ្វើ​ឲ្យ​មាន​សកម្មភាព​ដែល​ជំរុញ​ព្រឹត្តិការណ៍​ធ្វើឲ្យ​កិច្ចការ​ការទូត​ជឿន​លឿន​ទៅ​មុខ។

ខណៈ​ដែល​លោកស្រី​គ្លីនតុន​មិន​យល់​ស្រប​ជាមួយ​វិធី​ដ៏​គគ្លើន​របស់​ប្រធានាធិប តី​ត្រាំ​នោះ លោកស្រី​គ្លីនតុន​ហាក់ដូច​ជាយល់ស្រប​ជាមួយ​យុទ្ធសាស្រ្ត​ខាង​ការទូត​ដោយការ​បង្ខំ​របស់​ប្រធានា​ធិបតី​ត្រាំ​ដើម្បីដាក់ការ​គាប​សង្កត់​ទៅលើ​រដ្ឋាភិបាល​គីម ជុងអ៊ុន​ដើម្បី​បោះបង់​ចោល​កម្មវិធី​អាវុធ​នុយក្លែអ៊ែ​ររបស់​ខ្លួន។

លោកស្រី​គ្លីនតុន​បានយល់​ស្របថា ​ការរីកចម្រើន​ដ៏ឆាប់​រហ័ស​របស់​កូរ៉េខាង​ជើងឆ្ពោះ​ទៅកាន់​ការ​អភិវឌ្ឍ​កាំជ្រួចបាល់លីស្ទិក​អន្តរ​ទ្វី​ប​ដែល​បំពាក់​ទៅ​ដោយ​អាវុធ​នុយក្លែអ៊ែ​ដែល​អាច​បាញ់​ដល់​ដីគោក​របស់​សហរដ្ឋ​អាមេរិក​ជា​ការ​គំរាម​កំហែង​ខាង​សន្តិសុខ​ដល់​សហរដ្ឋ​អាមេរិក។

ក៏ប៉ុន្តែ លោកស្រី​អតីត​រដ្ឋ​មន្រ្តី​ការបរទេស​គ្លីនតុន ​មិន​បាន​ផ្តល់អនុសាសន៍គោល​នយោបាយ​ផ្សេង​ទៀត​ដើម្បី​រារាំង​ការសាកល្បង​អាវុធ​នុយក្លែអ៊ែរ​និង​កាំ ជ្រួច​មីស៊ីល​បន្តទៀត​របស់​កូរ៉េខាង​ជើង​ទេ។លោកស្រី​មិនបាន​ស្នើរការ​ជំរុញ​លើក​ទឹក​ចិត្ត​ឬសម្បទាន​ដើម្បី​សម្រុះ​សម្រួល​ការចរចា​ហើយ​មិនបានផ្តល់​អត្ថាធិប្បាយ​ស្តីពី​សំណើ​របស់​ចិននិង​រុស្ស៊ី​ដើម្បី​បញ្ឈប់​កម្មវិធី​នុយក្លែអ៊ែ​ររបស់​កូរ៉េ​ខាង​ជើងនៅ​ក្នុងការ​ដោះដូរ​ការផ្អាកការ​ធ្វើ​សមយុទ្ធ​ខាង​យោធា​របស់​សហរដ្ឋ​អាមេរិក​និង​កូរ៉េខាង​ត្បូងទេ។

តែ​ផ្ទុយ​ទៅ​វិញ ​លោកស្រី​បាន​បន្ទរតាម​រដ្ឋបាល​របស់​ប្រធានា​ធិបតី​ត្រាំក្នុងការ​គាំទ្រថា សហគមន៍​អន្តរជាតិត្រូវតែ​បង្កើន​ការដាក់​ទណ្ឌកម្ម​សេដ្ឋ​កិច្ច​លើ​កូរ៉េខាង​ជើង​ដើម្បី​បង្ខំ​ឲ្យ​គីម ជុង​អ៊ុនបោះបង់ចោល​អាវុធ​នុយក្លែអ៊ែរ ​បើពុំ​ដូច្នេះទេ ​នឹង​ប្រ​ឈម​ការ​ដួលរលំហើយ​លោកស្រី​បាន​បន្ទរ​តាម​ថា ​ចិន​ត្រូវតែ​ធ្វើ​ឲ្យ​បានកាន់តែ​ច្រើន​ឡើង​ថែម​ទៀត​ដើម្បី​អនុវត្តការដាក់​ទណ្ឌកម្ម ហើយ​ក្នុង​ពេលវេលា​ដ៏​សំ​ខាន់​នេះ ​សម្ព័ន្ធមិត្ត​របស់​សហរដ្ឋ​អាមេរិក​ចាំ​បាច់រក្សា​ភាព​ធ្វើ​ឲ្យ​ញញើត​ខាង​យោធា​ដ៏​ខ្លាំង​មួយ។

លោកស្រី​គ្លីនតុន​ក៏បាន​រិះ​គន់​ពី​សកម្មភាព​សងសឹក​របស់​ចិន​ប្រឆាំង​នឹង​ក្រុម ហ៊ុន​របស់​កូរ៉េខាង​ត្បូង​ដែល​ធ្វើ​ពាណិជ្ជកម្ម​នៅ​ក្នុង​ប្រទេស​ចិន​បន្ទាប់​ពីការ​ដាក់​ពង្រាយ​ប្រព័ន្ធការពារ​កាំជ្រួច​មីស៊ីល​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង​មក។

លោកស្រី​គ្លីនតុន​ក៏មាន​ប្រសាសន៍​ដែរ​ថា ​សហរដ្ឋ​អាមេរិក​និង​សម្ព័ន្ធ​មិត្ត​របស់​ខ្លួន​ត្រូវ​តែ​ធ្វើ​ការ​ឆ្លើយតប​ដោយ​កម្លាំង​សមាមាត្រ​ទៅ​នឹង​ការ​បង្ករហេតុ​របស់​កូរ៉េខាង​ជើង ​ខណៈ​ដែល​ប្រធានា​ធិបតី​ត្រាំ​បាន​និយាយ​ថា ​សហរដ្ឋ​អាមេរិក​នឹង​កំទេច​កូរ៉េខាង​ជើង​ឲ្យ​ក្លាយ​ទៅ​ជា​ផេះ ​ប្រសិន​បើ​រង​ការវាយ​ប្រហារ​នោះ។

ចំណាត់​ការ​ខាង​យោធា​ណា​មួយ​ដើម្បី​កំចាត់​ទីកន្លែង​នុយក្លែអ៊ែរ​ឬ​កាំ​ជ្រួច​មីស៊ីល​របស់​កូរ៉េខាង​ជើង​ប្រថុយ​ប្រថាន​នឹង​ធ្វើ​ឲ្យ​សង្គ្រាមដែល​អាច​ធ្វើ​ឲ្យ​អន្តរាយ​និង​មាន​អស្ថិរភាព​នៅ​ក្នុង​តំបន់។ ក៏ប៉ុន្តែ ពួក​មេដឹកនាំ​និង​អ្នកវិភាគ​មួយ​ចំនួន​និយាយ​ថា ការដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​តែ​មួយ​មុខ​នឹង​មិន​បង្ខំ​ឲ្យ​មេដឹកនាំ​នៅ​ក្រុង​ព្យុងយ៉ាង​បោះ​បង់​ចោលនូវភាព​កំញើញ​នុយក្លែអ៊ែរ​របស់​ខ្លួន​ទេ ​ជាពិសេស ចំពោះ​ភាសា​គំរាម​កំហែង​របស់​ប្រធានាធិបតី​ត្រាំ​នោះ។

លោកGary Samoreអតីត​អ្នក​សម្រប​សម្រួល​ការត្រួតត្រា​អាវុធ​របស់​សេតវិមាន​ក្នុង​អំឡុង​រដ្ឋបាល​របស់​ប្រធានា​ធិបតី ​បារ៉ាក់ ​អូបាម៉ា ដែលបច្ចុប្បន្ននេះធ្វើការនៅ​សាលា Kennedy School of Government នៅ​ឯ​សាកល​វិទ្យាល័យHarvard បាន​និយាយថា៖ «​ខ្ញុំគិតថា ​យើង​ត្រូវ​តែ​សុខ​ចិត្ត​ទទួល​យក​ការពិតថា ​យើងនឹង​ត្រូវ​រស់​នៅ​ជាមួយ​ប្រទេស​កូរ៉េខាង​ជើង​ដែល​មាន​អាវុធ​នុយក្លែអ៊ែរ​នៅ​ពេល​អនា​គត​ខ្លី​ខាងមុខ​។ ​ជាក់ស្តែង ​ការ​គ្មាន​អាវុធ​នុយក្លែអ៊ែ​លែង​ជា​គោល​ដៅពិត​ប្រាកដ​ទៀត​ហើយ​នោះ‍»។

លោកស្រី​គ្លីនតុន​ក៏​មាន​ប្រសាសន៍​ដែរថា សហរដ្ឋ​អាមេរិក​ត្រូវការ​កម្លាំង​មួយ​ដែល​មានភាព​មាំមួន ចុះ​សម្រុង​គ្នា​និង​អាច​ទស្សន៍ទាយ​បាន​ដើម្បី​រក្សា​សន្តិភាព​នៅ​ក្នុង​តំបន់​អាស៊ី ​ហើយ​ថា ​វិធី​ដោះស្រាយ​របស់​ប្រធានា​ធិបតី​ត្រាំជាការ​មិន​ប្រយ័ត​ប្រយ៉ែង​និង​ទទួល​ផលផ្ទុយវិញ។

លោកស្រី​គ្លីនតុន​និយាយ​ទៀត​ថា ​សម្ព័ន្ធ​មិត្ត​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ​បាន​សម្តែង​នូវការ​ព្រួយ​កង្វល់​ពីភាព​ដែល​អាច​ទុក​ចិត្ត​បាន​របស់​សហរដ្ឋ​អាមេរិក​ក្រោយ​ពីមាន​ការរិះគន់​កាល​ពី​អតីតកាល​របស់​ប្រធានា​ធិបតីត្រាំទៅលើ​ពាណិជ្ជ កម្ម​មិនយុត្តិធម៌​និង​ការ​បង់​ប្រាក់​ខាងការពារ​ប្រទេស​មិន​គ្រប់គ្រាន់​ដើម្បី​ទទួល​កងទ័ព​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​តំបន់។

ប្រធានា​ធិបតី​ដូណាល់ ​ត្រាំ​មាន​គម្រោង​ទៅ​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​លើក​ដំបូង​របស់​លោក​នៅ​តំបន់​អាស៊ី​នៅ​ដើម​ខែ​វិច្ឆិកា​ខាង​មុខនេះ។ លោក​ប្រធានា​ធិបតី​នឹង​ធ្វើដំណើរ​ទៅកាន់​ប្រទេសជប៉ុន ​កូរ៉េខាង​ត្បូង​និង​ប្រទេស​ចិន​មុនពេល​អញ្ជើញ​ចូលរួម​សន្និសីទ​កំពូល​ពាណិជ្ជកម្ម​និងសន្តិសុខ​នៅ​ប្រទេស​វៀត​ណាម​និង​ហ្វី​លីពីន។

ការិយាល័យ​ប្រធានា​ធិបតី​របស់​កូរ៉េខាង​ត្បូង​បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ថា ​កូរ៉េខាង​ត្បូង​រំពឹងថាលោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​ដូណាល់ ត្រាំ​មិនត្រឹម​តែ​ធ្វើសុន្ទរកថា​ដើម្បីគាំទ្រ​សម្ព័ន្ធភាព​រវាង​កូរ៉េខាង​ត្បូង​និង​សហរដ្ឋ​អាមេរិកនិងការ​ឆ្លើយ​តប​បញ្ហា​នុយក្លែអ៊ែរ​របស់​កូរ៉េខាង​ជើង​ទេ ​ក៏ប៉ុន្តែ​នឹង​ធ្វើ​សុន្ទរកថាពី​ទស្សនៈ​គោល​នយោបាយ​របស់​លោកស្តីពី​ឧបទ្វីប​និង​តំបន់អាស៊ី​ភាគ​ឦសាន្ត​ដែរ៕

ប្រែ​សម្រួល​ដោយ​ជឹង ប៉ូជីន

វីដេអូថ្មីៗបំផុត

XS
SM
MD
LG