លោកប្រធានាធិបតី Donald Trump បាននិយាយថា៖ «ពេលវេលានៃការដែលគ្រាន់តែនិយាយនោះ បានចប់ហើយ។ ឥឡូវនេះ ដល់ពេលវេលាដែលត្រូវធ្វើសកម្មភាពម្ដង»។
បន្ទាប់ពីបានឡើងកាន់តំណែងជាប្រធានាធិបតីភ្លាម លោក Trump បានចុះហត្ថលេខាលើបទបញ្ជាប្រធានាធិបតីជាច្រើន ដែលដកចេញនូវបទបញ្ញត្តិនានារបស់រដ្ឋាភិបាល។ លោកក៏បានទទួលជោគជ័យនៅក្នុងការតែងតាំងលោក Neil Gorsuch ដែលមានគំនិតអភិរក្សនិយម ឲ្យធ្វើជាចៅក្រមតុលាការកំពូលផងដែរ។
ប៉ុន្តែ ចាប់តាំងពីដំបូងមក ការកាន់តំណែងជាប្រធានាធិបតីរបស់លោក Trump មានភាពប្រទាំងប្រទើស ហើយពេលខ្លះមានការមិនចុះសម្រុងគ្នាទៀតផង ដែលបណ្ដាលឲ្យផ្ទុះការតវ៉ាពីអ្នកដែលប្រឆាំងនឹងលោក ក៏ដូចជាអ្នកស្មោះស្ម័គ្រនឹងរូបលោកផងដែរ។
អត្រាគាំទ្រលោក Trump ជាសាធារណៈ គឺមានចំនួនតិចជាង ៤០ ភាគរយ ដែលជាពិន្ទុទាបសម្រាប់ប្រធានាធិបតីថ្មី។ នេះបើយោងតាមការបញ្ជាក់របស់លោក Kyle Kondik អ្នកវិភាគមកពីសាកលវិទ្យាល័យ Virginia។
លោក Kyle Kondik បាននិយាយថា៖ «អត្រាគាំទ្រលោកប្រធានាធិបតី Trump មានចំនួនតិចតួចមិនដែលមានពីមុខមកនោះទេ សម្រាប់ប្រធានាធិបតីថ្មី។ ជាទូទៅ ប្រធានាធិបតីតែងតែមានការគាំទ្រច្រើនបំផុតនៅពេលដែលពួកគេទើបតែឡើងកាន់តំណែងដំបូងៗ។ ប៉ុន្តែ សម្រាប់លោក Trump វិញ គឺមិនដូច្នោះនោះទេ»។
លោក Trump ទទួលបានជោគជ័យចម្រុះលើគោលនយោបាយអន្តោប្រវេសន៍ ដែលជាបញ្ហាសំខាន់មួយនៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតកាលពីឆ្នាំមុន។ ការលួចឆ្លងព្រំដែនខុសច្បាប់មានការធ្លាក់ចុះ ប៉ុន្តែ ការហាមឃាត់ការធ្វើដំណើរបណ្ដោះអាសន្នរបស់លោកចំពោះប្រទេស ៦ ដែលមានប្រជាជនភាគច្រើនជាអ្នកកាន់សាសនាឥស្លាម នៅតែប្រឈមនឹងការជំទាស់ពីតុលាការដដែល។
ប៉ុន្តែ មិនមានបញ្ហាណាមួយ ដែលរុកគូនលោក Trump ជាងបញ្ហាការចោទប្រកាន់ដែលថា យុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក Trump បានឃុបឃិតជាមួយនឹងរដ្ឋាភិបាលរុស្ស៊ី ដើម្បីជ្រៀតជ្រែកចូលទៅក្នុងការបោះឆ្នោតកាលពីឆ្នាំមុននោះទេ។ ការចោទប្រកាន់នេះ ត្រូវបានលោក Trump ហៅម្ដងហើយម្ដងទៀតថាជា «ការតាមព្យាបាទលើរូបលោក»។
ការដកប្រធានទីភ្នាក់ងារ FBI លោក James Comey ចេញពីតំណែង ដោយលោក Trump បានបណ្ដាលឲ្យមានការតែងតាំងទីប្រឹក្សាពិសេសលោក Robert Mueller សម្រាប់ការស៊ើបអង្កេតលើករណីចោទប្រកាន់ដែលថាយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក Trump ឃុបឃិតជាមួយនឹងរដ្ឋាភិបាលរុស្ស៊ី។
ព័ត៌មានដែលថាលោក Donald Trump Junior បានជួបជាមួយនឹងមេធាវីរុស្ស៊ីកាលពីឆ្នាំមុន ដែលបានបង្ហាញឲ្យឃើញនូវព័ត៌មានមិនល្អអំពីលោកស្រី Hillary Clinton ដែលជាគូប្រជែងរបស់លោក Trump នៅក្នុងការបោះឆ្នោតកាលពីឆ្នាំមុននោះ បានបន្ថែមបញ្ហាដល់ការចោទប្រកាន់អំពីការឃុបឃិតជាមួយនឹងរដ្ឋាភិបាលរុស្ស៊ីបន្ថែមទៀត។
សមាជិកគណបក្សប្រជាធិបតេយ្យ រួមទាំងលោក Chuck Shumer មេដឹកនាំគណបក្សប្រជាធិបតេយ្យនៅក្នុងព្រឹទ្ធសភា បានបង្ហាញក្ដីព្រួយបារម្ភអំពីបញ្ហានេះ។
លោក Chuck Shumer បាននិយាយយ៉ាងដូច្នេះថា៖ «ព័ត៌មានអំពីករណីដែលលោក Donald Trump Junior បានជួបជាមួយនឹងមេធាវីរុស្ស៊ីកាលពីឆ្នាំមុននេះ គួរតែបញ្ចប់នូវការអះអាងរបស់លោកប្រធានាធិបតី Trump និងរដ្ឋបាលរបស់លោក ដែលថាមិនមានភស្តុតាងណាមួយបង្ហាញពីគោលបំណងរបស់យុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក Trump នៅក្នុងការសហការ ឬក៏ឃុបឃិតជាមួយនឹងរដ្ឋាភិបាលរុស្ស៊ីនោះ»។
ការផ្ដោតលើករណីប្រទេសរុស្ស៊ីនេះ គឺជាការរំខានមួយប៉ះពាល់ដល់របៀបវារៈសភារបស់លោក Trump ប៉ុន្តែ ចំណុចនេះអាចមានការប្រែប្រួល។ នេះបើយោងតាមការបញ្ជាក់របស់លោក John Fortier មកពីអង្គការ Bipartisan Policy Center។
លោក John Fortier បាននិយាយថា៖ «ខ្ញុំគិតថា រយៈពេល ៦ ខែដំបូងនៃការកាន់អំណាចរបស់លោក Trump មិនមែនជាពេលវេលានៃការវាយតម្លៃដ៏ល្អឥតខ្ចោះមួយទៅលើសមត្ថភាពរបស់ប្រធានាធិបតីពាក់ព័ន្ធនឹងបញ្ហាទាំងនេះនោះទេ ដោយសារតែ ជារឿយៗ ការអនុម័តច្បាប់មួយគឺត្រូវការពេលវេលាយូរ»។
មានការងឿងឆ្ងល់តិចតួចប៉ុណ្ណោះដែលថា ការកាន់អំណាចជាប្រធានាធិបតីរយៈពេល ៦ ខែដំបូងរបស់លោក Donald Trump បានកែប្រែរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននោះ ទោះបីជាការសន្យារបស់លោកអំពីការផ្លាស់ប្ដូរ ជាការសន្យាដែលមានលក្ខណៈគ្រាន់តែល្អមើលតែប៉ុណ្ណោះក៏ដោយ។ នេះបើយោងតាមការបញ្ជាក់របស់លោក Kyle Kondik។
លោក Kyle Kondik បាននិយាយថា៖ «រដ្ឋបាលរបស់លោក Trump គឺនៅក្មេងខ្ចីនៅឡើយ។ នៅមានពេលសម្រាប់រឿងរ៉ាវទាំងនេះវិវត្តទៅរកភាពប្រសើរជាងមុនសម្រាប់លោក Trump ប៉ុន្តែក៏នៅមានពេលដែលរឿងរ៉ាវទាំងនេះវិវត្តទៅរកភាពកាន់តែអាក្រក់ទៅៗផងដែរ៕
ប្រែសម្រួលដោយ ភី សុភាដា