ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

កូន​​ប្រសា​ប្រុស​របស់​លោក ត្រាំ នឹង​ធ្វើ​សក្ខីកម្ម​អំពី​រុស្ស៊ី​នៅ​សភា

  • Michael Bowman

រូបឯកសារ៖ ទីប្រឹក្សា​ជាន់​ខ្ពស់​របស់​សេត​វិមាន​ លោក Jared Kushner ស្ថិត​នៅ​ក្នុង​បន្ទប់​មួយ​នៃ​សេត​វិមាន ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​ខែ​មិថុនា។

រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន បាន​ងាក​មក​យក​ចិត្ត​ទុកដាក់​លើ​ការ​ស៊ើប​អង្កេត​លើ​ករណី​ជ្រៀតជ្រែក​របស់​រុស្ស៊ី​ក្នុង​នយោបាយ​អាមេរិក នៅពេល​ដែល​គណៈ​កម្មាធិការ​សភា​ស្វែងរក​ព័ត៌មាន​ពី​កូន​ប្រុស និង​កូន​ប្រសា​ប្រុស​របស់​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ និង​ពី​អ្នក​គ្រប់គ្រង​ខាង​យុទ្ធនាការ​បោះឆ្នោត​ឆ្នាំ​២០១៦ របស់​លោក ត្រាំ។

មាន​ការ​ផ្តោត​យក​ចិត្ត​ទុកដាក់​យ៉ាង​ខ្លាំង​លើ​ការ​បង្ហាញ​ខ្លួន​របស់​លោក Jared Kushner ដែល​ជា​កូន​ប្រសារបស់​លោក​ប្រធានាធិបតី នៅ​វិមាន​សភាអាមេរិក​កាលពី​ថ្ងៃច័ន្ទ​ និង​ថ្ងៃ​អង្គារ​នេះ។

លោក Jared Kushner គឺជា​បុរស​ម្នាក់ ដែល​ជា​ទូទៅ​ធ្លាប់​ត្រូវ​បាន​គេ​ឃើញ​ជា​សាធារណៈ តែ​កម្រ​ថ្លែង​អ្វី​ជា​សាធារណៈ​ណាស់។ លោក​គឺជា​ទី​ប្រឹក្សា​ម្នាក់​ដ៏​ជិតស្និទ្ធ​បំផុត​របស់​លោក​ប្រធានាធិបតី ត្រាំ។ លោក Kushner ទទួល​ការ​ខុសត្រូវ​លើ​ការ​សម្រេច​កិច្ច​ព្រមព្រៀង​សន្តិភាព​មួយ​នៅ​មជ្ឈឹម​បូព៌ា ហើយ​ដឹកនាំ​កិច្ច​ខិតខំ​ប្រឹងប្រែង​មួយ​ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​រីកចម្រើន​នៅ​ក្នុង​រដ្ឋាភិបាល​សហព័ន្ធ។

លោក Kushner ត្រូវបាន​តម្រូវ​ឲ្យ​បង្ហាញ​ខ្លួន​នៅ​មុខ​គណៈកម្មាធិការ​សភា​ចំនួន​ពីរ ដែល​មិន​ត្រូវ​ផ្សព្វផ្សាយ​ជា​សាធារណៈ។ លោក​ត្រូវបាន​រំពឹង​ថា នឹង​ឆ្លើយ​សំណួរ​អំពី​ការ​ទាក់ទង​ជាមួយ​រុស្ស៊ី ដែល​រួមមាន​កិច្ចប្រជុំ​កាលពី​ខែ​ធ្នូ​ឆ្នាំ​មុន ជាមួយ​នឹង​ឯកអគ្គរដ្ឋទូត​រុស្ស៊ី និង​កិច្ច​ប្រជុំ​មួយ​ទៀត​កាលពី​ខែ​មិថុនា​ឆ្នាំ​មុន ជាមួយ​នឹង​មេធាវី​ជនជាតិ​រុស្ស៊ី​ម្នាក់ និង​បុគ្គល​មួយ​ចំនួន​ផ្សេងទៀត​ ដែល​មាន​ទំនាក់​ទំនង​ជាមួយ​នឹង​រដ្ឋាភិបាល​ក្រុង​មូស្គូ។

​កិច្ច​ប្រជុំ​នោះ​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង ក្រោយ​ពេល​ដែល​កូន​ប្រុស​របស់​លោក ត្រាំ គឺ​លោក Donald Trump Jr បាន​បង្ហាញ​ខ្លឹមសារ​អ៊ីម៉ែល​មួយ​ចំនួន​របស់​លោក ដោយ​បង្ហាញ​ចំណាប់​អារម្មណ៍​លើ​ការ​លើកឡើង​របស់​មេធាវី​ជនជាតិ​រុស្ស៊ី​ម្នាក់ ដែល​ថា មេធាវី​រូប​នេះ​អាច​ផ្តល់​ព័ត៌មាន​ដែល​អាច​ប៉ះពាល់​ខ្លាំង​ដល់​កេរ្តិ៍ឈ្មោះ​របស់​លោកស្រី Hillary Clinton ដែល​ជា​ដៃគូ​ប្រកួត​របស់​លោក ត្រាំ សម្រាប់​ការ​បោះឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី​អាមេរិក​ឆ្នាំ២០១៦។

លោក Donald Trump Jr និង​លោក​ Paul Manafort ដែល​ជា​អ្នក​គ្រប់គ្រង​ខាង​យុទ្ធនាការ​បោះឆ្នោត​របស់​លោក ត្រាំ ក៏​បាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​នោះ ហើយ​ត្រូវបាន​តម្រូវ​ឲ្យ​បង្ហាញ​ខ្លួន​នៅ​ចំពោះ​មុខ​គណៈកម្មាធិការ​យុត្តិធម៌​ប្រចាំ​ព្រឹទ្ធសភា នៅ​សប្តាហ៍​នេះ។ ក៏​ប៉ុន្តែ ការ​បង្ហាញ​ខ្លួន​របស់​អ្នក​ទាំង​ពីរ ត្រូវបាន​ពន្យារ​ពេល ដោយ​ផ្អែក​តាម​ការ​ព្រមព្រៀង​គ្នា​ដែល​ថា អ្នក​ទាំងពីរ​នឹង​ផ្តល់​កំណត់ត្រា និង​ព័ត៌មាន​ផ្សេងៗ​ឲ្យ​គណៈកម្មាធិការ​សភា។

ស្រប​ពេល​ដែល​មាន​ការ​ស្វែងរក​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ការ​ស៊ើប​អង្កេត​លើ​រដ្ឋាភិបាល​រុស្ស៊ី និង​ក្រុម​ការងារ​ផ្ទៃក្នុង​របស់​លោក ត្រាំ ការ​ចោទ​សួរ​ពី​ក្រុម​អ្នក​សារព័ត៌មាន​បាន​ចាប់ផ្តើម​ផ្តោត​លើ​ការ​លើកលែង​ទោស​ពី​ប្រធានាធិបតី ដែល​អាច​កើត​មាន​ឡើង។ ក្រុម​អ្នក​ការពារ​ច្បាប់​របស់​លោក ត្រាំ លើក​ឡើង​ថា ​រដ្ឋធម្មនុញ្ញ​ផ្តល់​អំណាច​ដ៏​ធំធេង​ដល់​លោក ត្រាំ សម្រាប់​ការ​លើកលែង​ទោស ក៏​ប៉ុន្តែ​បាន​ទទូច​ថា លទ្ធភាព​នេះ​មិន​ត្រូវបាន​ពិចារណា​នោះ​ទេ។

លោក Jay Sekulow មេធាវី​របស់​លោក ត្រាំ បាន​ថ្លែង​យ៉ាង​ដូច្នេះ នៅក្នុង​បទសម្ភាសន៍​ជាមួយ​នឹងទូរទស្សន៍ ABC ក្នុង​កម្មវិធី This Week ថា៖ «‍យើង​មិន​ស្រាវជ្រាវ​លើ​បញ្ហា​នេះ​ទេ ពីព្រោះ​ថា បញ្ហា​ស្តី​ពី​ការ​លើកលែង​ទោស​នេះ មិន​ត្រូវបាន​យក​មក​ពិភាក្សា​នោះទេ។ គ្មាន​អ្វី​ដែល​ត្រូវការ​ការ​លើកលែង​ទោស​នេះ​ឡើយ»។

ស្រប​ពេល​ជាមួយ​គ្នា​នោះ សេតវិមាន​បាន​ទទូចថា ការ​ផ្តោត​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​របស់​ក្រុម​អ្នក​សារព័ត៌មាន​ជុំវិញ​ទំនាក់​ទំនង​រវាង​រុស្ស៊ី និង​ក្រុម​ការងារ​ផ្ទៃក្នុង​របស់​លោក​ ត្រាំ គឺជា​ការ​ដែល​ធ្វើ​ឲ្យ​យល់​ខុស។

អ្នកស្រី Sarah Huckabee Sanders អ្នក​នាំពាក្យ​សេតវិមាន បាន​ថ្លែង​យ៉ាង​ដូច្នេះ នៅក្នុង​បទសម្ភាសន៍​ជាមួយ​នឹង​ទូរទស្សន៍ ABC ក្នុង​កម្មវិធី This Week ថា៖ «‍បញ្ហា​ចម្បង​បី​ ដែល​ប្រជាពលរដ្ឋ​អាមេរិក​យក​ចិត្ត​ទុកដាក់​នោះ គឺ​បញ្ហា​អន្តោប្រវេសន៍ បញ្ហា​ការថែទាំ​សុខភាព និង​បញ្ហា​ការងារ។ ប៉ុន្តែ បញ្ហា​បី​ដែល​ក្រុម​អ្នក​សារព័ត៌មាន​យក​ចិត្ត​ទុក​ដាក់​នោះ គឺ​មាន​តែ​រុស្ស៊ី​មួយ​មុខ​គត់»។

សមាជិក​សភា​នៃ​គណបក្ស​នយោបាយ​ទាំងពីរ​របស់​សហរដ្ឋ​អាមេរិក ក៏​បាន​បង្ហាញ​ការ​យល់​ឃើញ​របស់​ខ្លួន​ទាក់ទង​នឹង​បញ្ហា​រុស្ស៊ី​នេះ​ដែរ។ ប្រធាន​គណៈកម្មាធិការ​យុត្តិធម៌​ប្រចាំ​ព្រឹទ្ធសភា​ បាន​ជំរុញ​ឲ្យ​មាន​ការ​បញ្ចេញ​ព័ត៌មាន​ទាំងស្រុង ដែល​ចាប់​បាន​ដោយ​ទីភ្នាក់ងារ​ស៊ើបការណ៍​របស់​អាមេរិក អំពី​ការណ៍​ដែល​ឯកអង្គរដ្ឋទូត​រុស្ស៊ី បាន​រាយការណ៍​ឲ្យ​រដ្ឋាភិបាល​ក្រុង​មូស្គូ អំពី​កិច្ច​សន្ទនា​រវាង​ឯកអង្គរដ្ឋ​ទូត​រុស្ស៊ី និង​លោក Jeff Sessions ដែល​ជា​អ្នក​គាំទ្រ​យុទ្ធនាការ​បោះឆ្នោត​របស់​លោក ត្រាំ និង​បច្ចុប្បន្ន​នេះ​ជា រដ្ឋមន្ត្រី​យុត្តិធម៌​អាមេរិក។

ស្រប​ពេល​ជាមួយ​គ្នា​នោះ សមាជិក​ជាន់​ខ្ពស់​នៃ​គណបក្ស​ប្រជាធិបតេយ្យ​ប្រចាំ​គណៈកម្មាធិការ​ស៊ីបការណ៍​សម្ងាត់​ប្រចាំ​ព្រឹទ្ធសភា បាន​តិះទៀន​លើ​ការ​លើកឡើង​អំពី​ការ​លើកលែង​ទោស​ពី​ប្រធានាធិបតី លើ​អ្នក​ទាំង​ឡាយ​ណា​ដែល​ស្ថិត​នៅក្រោម​ការ​ស៊ើប​អង្កេត​អំពី​ការ​ជ្រៀតជ្រែក​របស់​រុស្ស៊ី​នៅ​ក្នុង​នយោបាយ​អាមេរិក៕

ប្រែ​សម្រួល​ដោយ ទែន សុខស្រីនិត

XS
SM
MD
LG