ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​ប៉ាគីស្ថាន​​និយាយ​ថា សង្គ្រាម​របស់​សហរដ្ឋ​អាមេរិក​ប្រឆាំង​នឹង​ក្រុម​ភេរវកម្ម​មិន​អាច​ឈ្នះ​បាន​ទេ​បើ​គ្មាន​ប៉ាគីស្ថាន​នោះ


លោក Khawaja Asif រដ្ឋ​មន្ត្រី​ការ​បរទេស​ប៉ាគីស្ថាន​ធ្វើ​សន្និសីទ​កាសែត​មួយ​នៅ​ថ្ងៃ​បញ្ចប់​នៃ​សន្និសីទ​រយៈពេល​៣ថ្ងៃ នៅ​ក្នុង​ក្រុង​អ៊ីស្លាម៉ាបាដ កាលពី​ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៧។
លោក Khawaja Asif រដ្ឋ​មន្ត្រី​ការ​បរទេស​ប៉ាគីស្ថាន​ធ្វើ​សន្និសីទ​កាសែត​មួយ​នៅ​ថ្ងៃ​បញ្ចប់​នៃ​សន្និសីទ​រយៈពេល​៣ថ្ងៃ នៅ​ក្នុង​ក្រុង​អ៊ីស្លាម៉ាបាដ កាលពី​ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៧។

ប្រទេស​ប៉ាគីស្ថាន​បាន​សន្យា​ស្ថិត​នៅ​ទាក់​ទង​ជាមួយ​សហរដ្ឋ​អាមេរិក​ដើម្បី​ប្រយុទ្ធ​ភេរវកម្ម​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ដែល​ជា​ប្រទេស​ជិតខាង ​ក៏ប៉ុន្តែ ​និយាយ​ថា សង្គ្រាម​នោះ​មិន​អាច​ឈ្នះ​បាន​ទេដោយ​គ្មាន​ការ​ចូលរួម​របស់​រដ្ឋាភិបាល​ប៉ាគីស្ថាន​នោះ។​

លោក Khawaja Asif រដ្ឋ​មន្ត្រី​ការ​បរទេស​ប៉ាគីស្ថាន​បាន​ធ្វើ​កំណត់​សម្គាល់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន​នៅ​ឯ​ការ​បញ្ចប់​សន្និសីទ​រយៈ​ពេល​៣​ថ្ងៃ​របស់​ឯកអគ្គ រដ្ឋ​ទូត​ប៉ាគីស្ថាន​ប្រចាំ​នៅ​រដ្ឋធានី​សំខាន់ៗ​របស់​ពិភពលោក​ដើម្បីរៀបចំការ​ឆ្លើយ​តប​ដ៏ធំ​ទូលាយដល់​គោល​នយោបាយ​ថ្មី​របស់​សហរដ្ឋ​អាមេរិក​ស្តីពី​ប្រទេស​អាហ្វហ្គានីស្ថាន។

លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​ដូណាល់ ​ត្រាំ ​បាន​រិះគន់​ប្រទេស​ប៉ាគីស្ថាន​កាលពី​ខែ​មុន​នៅពេល​ដែល​លោក​ប្រកាស​គោល​នយោបាយ​ស្តី​ពី​សង្គ្រាម​នៅ​អាហ្វហ្គានីស្ថាន​ដែល​គេ​រង់ចាំ​ជាយូរយារ​ណាស់​មក​ហើយ។ លោក​ប្រធានា​ធិបតី​ត្រាំ​បាន​ចោទ​ប្រកាន់​រដ្ឋាភិបាល​ក្រុង​អ៊ីស្លាម៉ាបាដ​ពី​ការ​ផ្តល់​ទី​ជម្រក​ដល់​ពួកភេរវ​ជន​ដែល​មាន​ចំណង​ទាក់​ទង​ជាមួយ​ក្រុម​តាលីបង់ ​និង​បណ្តាញ​ហាក់កានី​ (Haqqani) ដែល​កំពុងធ្វើ​ឲ្យ​អន្តរាយ​កិច្ច​ខំ​ប្រឹងប្រែង​ដែល​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក​ដើម្បី​ធ្វើ​ឲ្យ​មាន​ស្ថិរភាព​នៅប្រទេស​អាហ្វហ្គានីស្ថាន និង​កំពុង​រៀប​ចំ​ការវាយ​ប្រហារ​ទៅលើ​កងទ័ព​អាមេរិកាំង។

ការ​ចោទ​ប្រកាន់​ទាំង​អស់​នេះ​បាន​ធ្វើ​ឲ្យ​មាន​ភាពតានតឹង​ដល់​ទំនាក់​ទំនង​ដ៏​ផុយស្រួយ​រួចទៅ​ហើយ​រវាង​រដ្ឋាភិបាល​ក្រុង​អ៊ីស្លាម៉ាបាដ និង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន។

លោក Asif រដ្ឋ​មន្ត្រី​ការ​បរទេស​ប៉ាគីស្ថាន​បាន​ប្រាប់​ពួក​អ្នក​យក​ព័ត៌មាន​បន្ទាប់​ពី​សន្និសីទ​នោះ​ថា៖ «យើង​ចង់នៅទាក់​ទង​ជាមួយ​សហរដ្ឋ​អាមេរិក។ ​មិនមាន​ការ​ងឿង​ឆ្ងល់​ឡើយ​អំពី​រឿង​នេះ។ ក៏ប៉ុន្តែ ​ទំនាក់​ទំនង​នេះ​នឹង​ត្រូវ​បាន​ជំរុញ​ឡើង​ដោយ​ផល​ប្រយោជន៍​របស់​ប៉ាគីស្ថាន។ យើង​ចង់​មាន​ទំនាក់​ទំនង​មួយ​ដែល​ផ្អែក លើ​ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក‍»។​

លោក​បាន​ច្រាន​ចោល​ម្តងទៀត​នូវការ​ចោទ​ប្រកាន់​ថា ​ប្រទេស​របស់​លោក​កំពុង​ផ្តល់ទី​ជម្រក​ដល់​ពួក​ភេរវជន​ដែល​កំពុង​រៀប​ចំ​ផែនការ​វាយ​ប្រហារ​ដ៏​ប្រល័យ​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន។ លោក Asif បាន​រំលឹក​ឡើង​វិញ​ថា ​ប៉ាគីស្ថាន​បាន​បាត់​ជី​វិត​ពលរដ្ឋ​របស់​ខ្លួនរាប់​ពាន់នាក់​រួមទាំង​កងកម្លាំង​សន្តិសុខ​ហើយ​បានខាត​បង់​សេដ្ឋ​កិច្ច​យ៉ាង​ខ្លាំងខណៈ​ដែល​ប្រយុទ្ធ​ប្រឆាំង​ភេរវកម្ម​នោះ។

លោករដ្ឋ​មន្ត្រី​ការ​បរទេស​ប៉ាគីស្ថាន​បាន​និយាយ​ថា៖ «ខ្ញុំ​គិត​ថា មនុស្ស​ដែល​កំពុង​អង្គុយ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​មិន​មាន​ការ​យល់​ដឹង​ពី​បញ្ហា​នេះ​ទេ ​ខ្ញុំគិតថា ​ពួកគេ​មិន​ខ្វល់ខ្វាយ ​ប្រសិនបើ​មិនខ្វល់ខ្វាយ​ទាំងស្រុង ​យ៉ាង​ហោច​ណាស់​ក៏មិនខ្វល់​ ខ្វាយមួយ​ផ្នែកអំពី​អ្វី​ដែលកំពុង​កើត​ឡើង​យ៉ាង​ពិត​ប្រាកដ​នៅ​ក្នុង​តំបន់​នេះ‍»។

លោក​រដ្ឋ​មន្ត្រី​ការ​បរទេស Asif ​បាន​ជំរុញឲ្យ​សហរដ្ឋ​អាមេរិក​គោរពការ​ធ្វើ​ពលិ​កម្មរបស់​ប៉ាគីស្ថាននៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ភេរវកម្ម​ហើយ​បាន​ព្រមាន​ថា ការ​ទម្លាក់​កំហុស​ទៅលើប្រទេស​របស់​លោក​ចំពោះ​ការ​បរាជ័យ​របស់​កងទ័ព​អន្តរជាតិ​ដើម្បី​ការពារ​ប្រទេស​អាហ្វហ្គានីស្ថាន​នឹង​ទទួល​ផល​ប្រឆាំង​តបត​វិញ។

លោករដ្ឋ​មន្ត្រី​ការ​បរទេស​ប៉ាគីស្ថាន​បាន​ពោល​អះអាង​ថា «សហរដ្ឋ​អាមេរិក​ត្រូវ​ទទួល​ស្គាល់​ថា ការ​ប្រឆាំង​ភេរវកម្ម​របស់​ប៉ាគីស្ថាន​បាន​កើន​ឡើង ហើយ​ត្រូវ​ប្រើ​ប្រាស់​បទពិសោធន៍​របស់​យើង​ដើម្បី​ឈ្នះ​សង្គ្រាម​ប្រឆាំង​ភេរវកម្ម​នេះ ​ពី​ព្រោះ​តែ​សង្គ្រាម​នេះ​មិន​អាច​ឈ្នះ​បាន​ទេ​បើ​មិន​មាន​ការ​ចូលរួម​របស់​ប៉ាគីស្ថាន​ ឬ​បើ​ប្រឈម​មុខ​ជាមួយ​ប៉ាគីស្ថាន​នោះ»។ ​លោក​ប្រធានា​ធិបតី​ត្រាំ​បាន​ចុច​ចំ​ប៉ាគីស្ថាន​ថា​មិន​បាន​ធ្វើ​ឲ្យ​ល្មម​គ្រប់​គ្រាន់​ប្រឆាំង​នឹង​ក្រុម​ជន​សកម្ម​ប្រយុទ្ធ​ដែល​កំពុង​ប្រតិបត្តិការ​នៅ​លើ​ទឹក​ដី​របស់​ខ្លួន ​ក៏ប៉ុន្តែ ​មិន​បាន​បញ្ជាក់​ថាតើ​លោក​ប្រធានាធិបតី​រៀប​ចំ​ផែនការ​យ៉ាង​ដូចម្តេចដើម្បី​គៀប​សង្កត់​ប្រទេស​នោះ​ឲ្យ​ចាត់​វិធានការ​ប្រឆាំង​នឹង​ការ​ផ្តល់​ទី​ជម្រក​ដល់​ពួក​ភេរ​វជន​នៅ​លើ​ទឹក​ដី​របស់​ប៉ាគីស្ថាន​នោះ។

បណ្តាញ​ព័ត៌មាន​របស់​សហរដ្ឋ​អាមេរិក​បាន​រាយការណ៍​ពី​លទ្ធភាព​នៃ​ការ​ដាក់​ទណ្ឌកម្ម​នៅ​ក្រោម​ការពិចារណា​ដូចជា​ការ​បង្កើន​ដាក់​ការ​គៀប​សង្កត់​ខាង​ការទូត​ និង​សេដ្ឋកិច្ច​ ហើយ​និង​ពង្រីក​ការ​វាយ​ប្រហារ​តាម​យន្តហោះ​គ្មាន​មនុស្ស​បើក (Drone) ​ប្រឆាំង​ភេរវកម្ម​នៅ​ខាង​ក្នុង​ប្រទេស​ប៉ាគីស្ថាន។ ​លោក​រដ្ឋ​មន្ត្រី​ការ​បរ​ទេស​ប៉ាគីស្ថាន Asif ​បាន​ព្រមាន​ប្រឆាំង​នឹង​សកម្ម​ភាព​ដោយ​ការ​បង្ខិត​បង្ខំ​ណា​មួយ​របស់​សហរដ្ឋ​អាមេរិក។

លោករដ្ឋ​មន្ត្រី​ការបរទេស​ប៉ាគីស្ថាន​ព្រមាន​ថា៖ «យើង​នឹង​ការពារ​បូរណភាព​ទឹកដី​របស់​យើង​ ហើយ​យើង​នឹង​មិន​ធ្វើ​ឲ្យ​គ្រោះ​ថ្នាក់​ដល់​បូរណភាព​ទឹកដី​របស់​យើង ឬសេចក្តី​ថ្លៃ​ថ្នូរ​ជាតិ​របស់​យើង​ទោះបី​មាន​ការ​លះបង់​ប៉ុន្មាន​ក៏ដោយ‍។​ហើយ​យើង​រំពឹង​នឹង​ទទួល​បាន​ការ​គោរព​នេះ​ពី​សហរដ្ឋ​អាមេរិក‍»។

លោក​រដ្ឋ​មន្ត្រី​ការ​បរទេស​ប៉ាគីស្ថាន​បាន​ទទួល​សារភាព​ថា ​ការ​លប់​បំបាត់​ពួក​ជន​សកម្មប្រយុទ្ធ​ចេញ​ពី​សង្គម​ប៉ាគីស្ថាន​ទាំង​មូលនឹង​ត្រូវ​ចំណាយ​ពេល​វេលា។លោករដ្ឋ​មន្ត្រី​ការ​បរទេស​ប៉ាគីស្ថាន Asif បាន​និយាយ​ទៀត​ថា​ «អស់​លោក ​អ្នក ​ត្រូវតែ​ផ្លាស់​ប្តូរ​វប្បធម៌​ទាំង​មូល​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ពួក​ជីហាដ​អាហ្វហ្គានីស្ថាន​ក្នុង​ទសវត្សរ៍​១៩៨០។​ លោក ​អ្នក ​ត្រូវ​ការ​ប្តូរដើម្បី​ធ្វើ​សង្គ្រាម​ប្រឆាំង​ពួក​ជីហាដ ដូច្នេះ លោក ​អ្នក​បាន​បង្កើត​ការ​ផ្លាស់​ប្តូរ​នោះ​តាមរយៈ​កម្មវិធី​ដែល​ផ្ចុងផ្តើម​ដោយ​រដ្ឋ។ ឥឡូវនេះ ​លោក ​អ្នក ​កំពុង​ព្យាយាម​ប្រែក្រឡះ​បញ្ហា​នេះ‍»។

លោក​បាន​និយាយ​ទៀត​ថា «វាជា​ពេលវេលា​ដើម្បី​ផ្លាស់​ប្តូរគំនិត​ចាស់»។

លោក​រដ្ឋមន្ត្រី​ការបរទេស​ប៉ាគីស្ថាន​បាន​និយាយ​សំដៅ​ដល់​ក្រុម​បះបោរ​អាហ្វ ហ្គានីស្ថាន​ដែល​គាំទ្រ​ដោយ​សហរដ្ឋ​អាមេរិក​ប្រឆាំង​នឹង​ការ​ត្រួតត្រា​របស់​សូវៀតក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​នៅ​ទសវត្សរ៍​១៩៨០។

លោកស្រី Hillary Clinton ​បាន​សារភាព​ខណៈ​ដែល​ផ្តល់​កសិណសាក្សី​ជា​រដ្ឋ​មន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​ក្នុង​អំឡុង​សវនាការ​សភា​កាល​ពី​ខែ​មេសា ​ឆ្នាំ ២០០៩​ថា ទីភ្នាក់ងារ CIA ​របស់​សហរដ្ឋ​អាមេរិក​បាន​សហការណ៍​ជាមួយ​ទីភ្នាក់ងារ​ចារកម្ម​របស់​ប៉ាគីស្ថាន​គឺ​សេវាកម្ម​អន្តរ​ស៊ើបការណ៍​សម្ងាត់​ ឬ ISI បាន​បង្កើត ផ្តល់ថវិ​កា ​ហ្វឹកហាត់​ និង​បំពាក់​អាវុធ​ដល់​ជន​ជាតិ​អាហ្វហ្គានីស្ថាន​ និង​ពួក​អ្នក​ស្ម័គ្រ​ចិត្ត​មក​ពី​ពិភព​ឥស្លាម​ដើម្បី​ប្រយុទ្ធ​កងទ័ព​ឈ្លាន​ពាន​រុស្ស៊ី ។

ក្រោយមក ភ្នាក់ងារ​ចារកម្ម​របស់​ប៉ាគីស្ថាន​គឺ​សេវាកម្ម​អន្តរ​ស៊ើបការណ៍​សម្ងាត់​ឬ ISI ​បាន​ប្រើ​ប្រាស់​ចំណង​ទាក់​ទង​របស់​ខ្លួន​ជាមួយ​ភាគី​អាហ្វហ្គានីស្ថាន​នានា​ដើម្បី​ព្យាយាមធ្វើ​ឲ្យមាន​អនុភាព​លើ​កិច្ចការ​នៅ​ក្នុង​រដ្ឋធានី​កាប៊ុល​ក្នុង​អំឡុងនៃ​សង្គ្រាម​ស៊ីវិល​ទសវត្សរ៍​១៩៩០​ដែល​បាន​ចាប់​ច្បាម​អាហ្វហ្គានីស្ថាន​បន្ទាប់​ពី​ការ​ដកកងទ័ព​សូវៀត។

ទីភ្នាក់ងារ​ចារកម្ម​ប៉ាគីស្ថាន ក៏បាន​រងការ​ចោទ​ប្រកាន់​ពីការ​ប្រើពួក​ជន​សកម្ម​ប្រយុទ្ធ​ដែល​បាន​បង្កើត​នៅ​ក្នុង​ប្រទេស​ដើម្បី​ធ្វើ​ឲ្យ​មាន​ការ​ងើប​បះបោរ​ទាមទារ​បំបែក​រដ្ឋ​នៅផ្នែក​នានា​ដែល​ត្រួតត្រា​ដោយឥណ្ឌា​នៃ​តំបន់ Kashmir ​ដែល​បែង​ចែក​នោះ​ដែរ។

ពួក​អ្នក​រិះគន់​និយាយថា ការគាំទ្រ​ពី​ស្ថាប័ន​យោធា​ដ៏​មាន​អំណាច​បាន​ធ្វើ​ឲ្យ​ក្រុម ជន​សកម្ម​ប្រយុទ្ធ​ជ្រាប​ចូល​ហើយ​និង​មាន​ឥទ្ធិពលក្នុង​សង្គម​ប៉ាគីស្ថាន​ដែល​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​បានក្លាយ​ជា​បញ្ហា​ខាង​សន្តិសុខ​ដ៏​សំខាន់​នៅ​ក្នុង​ប្រ​ទេស​ហើយ​នឹង​ជា​ប្រភព​នៃ​ការ​រាលដាល​នៃលទ្ធិ​ជ្រុល​និយម​សាសានា។

ពួក​មន្ត្រី​អាហ្វហ្គានីស្ថាន​ និង​សហរដ្ឋ​អាមេរិក​មាន​ការ​មន្ទិល​សង្ស័យ​អំពី​ថាតើ​ទីភ្នាក់ងារ​ចារកម្ម​របស់​ប៉ាគីស្ថាន​គឺ​សេវាកម្ម​អន្តរ​ស៊ើបការណ៍​សម្ងាត់ ឬ ISIនឹង​កាត់​បន្ថយ​ចំណង​ទាក់​ទង​សម្ងាត់​របស់​ខ្លួន​ជាមួយ​ក្រុម​តាលីបង់​ និង​ហាក់កានី ​ពី​ព្រោះ​តែ​រដ្ឋាភិបាល​ក្រុង​អ៊ីស្លាម៉ាបាដ​ប្រើ​ប្រាស់​ក្រុម​ទាំង​នោះ​ដើម្បី​ទប់​ទល់​ការ​កើនឡើង​នូវ​ឥទ្ធិពល​របស់​ប្រទេស​ឥណ្ឌា​ដែល​ជា​គូ​ប្រកួត​ប្រជែង​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ដែ​ ឬ​ទេ។

លោក Asif រដ្ឋមន្ត្រី​ការ​បរទេស​ប៉ាគីស្ថានបាន​ចាក​ចេញ​ទៅ​កាន់​ប្រទេស​ចិន​ដែល​ជា​សម្ព័ន្ធ​មិត្ត​ដ៏ធំ​របស់​ប៉ាគីស្ថាន ​ភ្លាមៗ​បន្ទាប់​ពី​ថ្លែង​ទៅ​កាន់​ពួក​អ្នក​យក​ព័ត៌មាន​ដោយ​និយាយថា ​ការ​ចរចា​របស់​លោក​ជាមួយ​ពួក​មន្ត្រី​ចិន​នឹង​ផ្តោត​លើ​ស្ថាន​ភាពនោះ​បន្ទាប់ពី​ការ​ប្រកាស​គោល​នយោបាយ​កាល​ពី​ខែសីហា​របស់​លោក​ប្រធានា​ធិបតី​ត្រាំ។ លោក Asif មាន​គម្រោង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​រុស្ស៊ី អ៊ីរ៉ង់​និង​ប្រទេស​តួកគី​នៅ​ចុង​ខែ​នេះ​មុន​ពេល​ធ្វើ​ដំណើរ​ទស្សនកិច្ច​ដ៏​សំខាន់​ទៅ​កាន់​រដ្ឋ​ធានី​វ៉ាស៊ីនតោន៕

ប្រែ​សម្រួល​ដោយជឹង ​ប៉ូជីន

វីដេអូថ្មីៗបំផុត

XS
SM
MD
LG