ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​ខ្វែង​គំនិត​គ្នា​លើ​ច្បាប់​កំណត់​សញ្ជាតិ​ខ្មែរ​តែ​មួយ ដោយ​ខ្លះ​ថា វា​បម្រើ​ប្រយោជន៍​បុគ្គល


រូបឯកសារ៖ គម្របខាងក្រៅនៃលិខិតឆ្លងដែន​កម្ពុជា។ (ខាន់ សុគុំមនោ/វីអូអេ)
រូបឯកសារ៖ គម្របខាងក្រៅនៃលិខិតឆ្លងដែន​កម្ពុជា។ (ខាន់ សុគុំមនោ/វីអូអេ)

ប្រជា​ពល​រដ្ឋ ​យល់​ឃើញ​ផ្សេងៗ​គ្នា​អំ​ពី​ច្បាប់«​សញ្ជាតិ​ខ្មែរ​តែ​មួយ»​សម្រាប់​អ្នក​កាន់​តំណែងកំពូល​៤ របស់​ជាតិ ​ដែល​បានដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​កាល​ពីដើម​ខែ​វិច្ឆិកា​កន្លង​មក។ ​ក្នុង​នោះមតិ​មួយ​ចំនួន​យល់​ថា​ ច្បាប់​នេះ​ អាច​ជា​ការ​ល្អ​សម្រាប់​ប្រទេស​ជាតិ​ ប៉ុន្តែមតិ​មួយ​ចំនួន​ទៀត​ចាត់​ទុក​ថា ​ច្បាប់​នេះ ​គ្រាន់​តែ​ជា​ការ​បម្រើ​ផល​ប្រយោជន៍​សម្រាប់បុគ្គល​ដែល​ជា​អ្នកនយោបាយ​តែ​ប៉ុណ្ណោះ។

ច្បាប់​កំណត់​សញ្ជាតិ​ខ្មែរ​តែ​មួយ​សម្រាប់​តំណែង​ប្រធាន​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ ប្រធាន​ព្រឹទ្ធ​សភា ​ប្រធាន​រដ្ឋសភា​ និង​នាយក​រដ្ឋមន្ត្រី​ត្រូវ​បាន​ដាក់​ឲ្យ​ប្រើ​ប្រាស់ជាផ្លូវ​ការ កាល​ពី​ថ្ងៃ​ទី៣ ​ខែវិច្ឆិកា​ ឆ្នាំ​២០២១ ​បន្ទាប់​ពី​មាន​ការ​ប៉ះ​ទង្គិចពាក្យសម្តី​ដាក់​គ្នា​ទៅវិញ​ទៅ​មក​រវាង​មេដឹក​នាំ​គណ​បក្ស​ប្រឆាំង​ លោក​ សម រង្សី ​ និ​ង​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ពាក់​ព័ន្ធ​សារ​ព័ត៌មាន​ The Guardian ​របស់​ចក្រ​ភពអង់គ្លេស​ដែល​ថា​ លោក ហ៊ុន សែន​ មាន​សញ្ជាតិស៊ីប។

ប៉ុន្តែ​កាសែត​នេះ​ បាន​កែតម្រូវ​អត្ថ​បទ​របស់​ខ្លួន​ឡើង​វិញ​ថា​ លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​មិន​មាន​សញ្ជាតិ​ស៊ីប​ទេ ​គឺ​មាន​តែ​ក្នុង​«បណ្ដា​ជន​ដែល​នៅ​ក្នុង​រង្វង់​អ្នក​ស្និទ្ធ​បំផុត»​នឹង​លោកនា​យក​រដ្ឋម​ន្ត្រី​ប៉ុណ្ណោះ។

ពលរដ្ឋ​មួយ​ចំនួន​ក្នុង​ទីក្រុង​ភ្នំពេញ​យល់​ថា​ ការ​ផ្ចាញ់​ផ្ចាល​គ្នា​របស់​អ្នក​នយោបាយ​ក្នុងការ​បង្កើត​ច្បាប់​នេះ អាច​ជា​ឧបករណ៍​ការពារ​ស្មារតី​ជាតិ​និយម ​តែ​ក៏​អាចត្រូវ​បាន​ប្រើ​ដើម្បី​សម្រេច​បំណង​នយោបាយ​របស់​ក្រុម​អ្នក​នយោបាយ​ណាមួយ​ផង​ដែរ​នៅ​ពេល​អនាគត។​ ទោះយ៉ាងណា​ ពលរដ្ឋ​មួយ​ចំនួន​មាន​គំនិត​រួម​មួយ​ថា​ ពួកគេ​ ចង់​ឃើញការ​បោះ​ឆ្នោត​ប្រកប​ដោយ​ភាព​ត្រឹម​ត្រូវ​ យុត្តិ​ធម៌ និ​ង​តម្លាភាពទៅ​វិញ​ ដែល​ជា​រឿង​មាន​ប្រយោជន៍សម្រាប់​ប្រទេស​កម្ពុជាទាំងមូល។​

លោក ​ថោង ណាឫទ្ធិ ​អាយុ​៣៧​ ឆ្នាំ​ បាន​ប្រាប់វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះ​ថា ​ច្បាប់សញ្ជាតិ​ខ្មែរ​តែ​មួយ​នេះ​ គួរ​តែ​មាន​ចាប់​ពីចៅ​ហ្វាយ​ស្រុក ​ចៅ​ហ្វាយ​ខេត្ត ​និង​អ្នក​តាក់​តែង​ច្បាប់​ ទើប​ជា​ការ​ល្អប្រសើរ។ ​ប៉ុន្តែ​អ្វី​ដែល​សំខាន់​ជាង​នេះ​ លោក​ថា​ ​ការ​បោះ​ឆ្នោត​ដែល​សេរី ​ត្រឹម​ត្រូវ​ និង​យុត្តិធម៌ ទើប​ជា​រឿង​ដែល​មាន​ប្រយោជន៍​សម្រាប់​សង្គម​ជាតិ។

លោក​លើក​ឡើង​ថា៖ ​«តាម​គំនិត​ខ្ញុំ​ច្បាប់​សញ្ជាតិ​[ខ្មែរ​តែ]​មួយ ​ដូច​ជា​មិន​មាន​ផល​ប៉ះពាល់អ្វីដល់​គណបក្ស​ប្រឆាំង​ទេ ​ពីព្រោះ​គណបក្ស​ប្រឆាំង​គេលា​លែង​សញ្ជាតិថ្មើរ​ណា​ក៏បាន​ដែរ​ ឲ្យ​តែ​ការ​បោះ​ឆ្នោត​ សុក្រឹត ​យុត្តិធម៌​ សេរី ​[និង] ​មាន​ការ​សង្កេត​ចេញ​ពី​អង្គការ​ជាតិ ​និង​អន្តរជាតិ​ច្បាស់​លាស់​អ៊ីចឹង»។​

លោក ​ថោង ណាឫទ្ធិ ​បង្ហាញ​ពី​បំណង​ប្រាថ្នា​របស់​លោក​ឲ្យ​មាន​ការកំណត់​អាណត្តិ​នាយក​រដ្ឋ​មន្ត្រី​ក្នុង​ការ​ដឹក​នាំ​ប្រទេស​ផង​ដែរ។ ​

លោក​និយាយ​ថា៖​ «ច្បាប់​ដែល​សំខាន់ៗ​ដែល​គួរ​តែ​ធ្វើ​ ដូច​ជា​ច្បាប់​កំណត់​អាណត្តិ​នាយក​រដ្ឋ​មន្ត្រី ​ អាយុ​នាយក​រដ្ឋ​មន្ត្រី ​[បើ]​អ៊ីចឹង​ គឺ​ល្អ​ជាង»។ ​

ចំណែក​អ្នក​រត់​កង់​បី​ម្នាក់ លោក​ អ៊ូច ភិរក្សា ​អាយុ ​៣៥​ឆ្នាំ ​យល់​ឃើញ​ថា​ ការ​បង្កើត​ច្បាប់​នេះ ​ជា​ការ​បម្រើ​ប្រយោជន៍បុគ្គល​ជា​ជាង​ការ​បម្រើ​ផល​ប្រយោជន៍​សាធារណជន​ទូទៅ។ ​ប៉ុន្តែ​លោកនិយាយ​សម្រាល​មក​វិញ​ថា ​ច្បាប់​នេះ ​ក៏​ល្អ​សម្រាប់​ការពារ​អធិបតេយ្យ​ភាព​ជាតិ​ផង​ដែរ។​

លោក​ថ្លែង​ថា៖ ​«បើ​យើង​និយាយពី​រូប​ភាព​ទូទៅ​ គឺ​វាឆ្លុះ​បញ្ចាំង​ល្អ​សម្រាប់​ការ​ពារ​ជាតិ ​សម្រាប់​ការ​ពារ​ទឹក​ដី​ ហើយ​ការ​ពារ​ប្រទេ​សពី​ជន​បរទេស​ដែល​ចូល​មក​គ្រប់​គ្រង់​លើទឹក​ដីខ្លួន​អ៊ីចឹង​ទៅ។ ​ប៉ុន្តែ​បើ​យើង​និយាយ​ស៊ី​ជម្រៅ ​បច្ចុប្បន្ន គឺ​ការ​ពារ​លក្ខណៈ​គ្រួសារ​ហើយ»។​

លោក​បន្ត​ថា៖ ​«អ៊ីចឹង​ការ​បង្កើត​ច្បាប់​សញ្ជាតិ​មួយ​ហ្នឹង​ គឺ​បង្កើត​ដើម្បី​ផល​ប្រយោជន៍របស់​គេ​ ហើ​យ​ប្រើ​រូប​ភាព​ផល​ប្រយោជន៍​ជាតិ។ ​បើអនាគត ​ប្រសិន​បើ​មាន​ក្រុម​ផ្សេង​មក​កាន់​តំណែង​ អាហ្នឹង​គេ​អាច​កែ​ប្រែ​ច្បាប់​ហ្នឹង​ទៀត​អ៊ីចឹង​ទៅ»។​

ដោយឡែក ពលរដ្ឋ​ម្នាក់​ទៀត​ ​លោក ​កែវ រ៉ា​ អាយុ​៣១​ឆ្នាំ ​ចង់​ឃើញការ​អនុវត្តច្បាប់ និ​ងការ​គោរព​ច្បាប់​នេះ​ ឲ្យ​បាន​ត្រឹម​ត្រូវ​ ដោយ​មិន​មែ​ន​ត្រឹម​តែ​បង្កើត​ច្បាប់​នេះរួច​ហើយ ​គិតថា ​គ្រប់​គ្រាន់ ​ហើយ​ទទួលយក​បាន​ទាំង​អស់​នោះ​ឡើយ​ក្នុង​ការពារ​ប្រយោជន៍​ប្រទេស​ជាតិ។​

យុវជន​ម្នាក់​ទៀតជានិស្សិត​ផ្នែក​រដ្ឋ​បាល​សាធារណៈឆ្នាំទី​៣ ​នៅ​សាកលវិទ្យា​ល័យ​ភូមិន្ទ​នីតិសាស្រ្ត​ និង​វិទ្យា​សាស្រ្ត​សេដ្ឋ​កិច្ច​ លោក​ ប៉ៅ ពេជ្រសំណាង​ អាយុ​២០ឆ្នាំ ​បាន​ប្រាប់​វីអូអេ​ថា​ ការ​ធ្វើ​វិសោធនកម្ម​រដ្ឋ​ធម្មនុញ្ញដើម្បី​បង្កើត​ច្បាប់​សញ្ជាតិ​ខ្មែរ​តែ​មួយគត់​នេះ​ អាចជា​ការរារាំង​ដល់​គណ​បក្ស​ជំទាស់​មិន​ឲ្យ​ប្រឡូក​ក្នុង​ឆាក​នយោបាយ​នៅ​កម្ពុជា​ ខណៈសមាជិក​ខ្លះ​នៃ​គណបក្ស​ជំទាស់​នោះ មាន​សញ្ជាតិ​ពីរ។ ​

យ៉ាងណាក៏ដោយ​ លោក​ជឿ​ថា ​ច្បាប់​នេះ​ក៏​ល្អ​ដែរសម្រាប់ឲ្យ​ថ្នាក់​ដឹក​នាំអាចបម្រើ​ផល​ប្រយោជន៍​ដល់​ពល​រដ្ឋ​ខ្មែរ​ ដោយ​មិន​ស្ថិត​ក្រោម​គំនាប​បរទេស​ណា​មួយ​នោះ។ ​

លោក​និយាយ​ថា៖ ​«បើទោះបី​ការ​ធ្វើ​វិសោធនកម្ម​នេះ​ ធ្វើ​ក្នុង​បរិបទ​នយោ​បាយ​មែន​ ដើម្បី​កម្ទេចបក្ស​ប្រឆាំង​ដើម្បី​កុំ​ឲ្យ​មាន​សិទ្ធិ​មាន​អី​ ចូល​ធ្វើ​នយោ​បាយ​វិញ​ ប៉ុន្តែ​ក៏​វា​អាស្រ័យ​ទៅ​នឹង​ការ​អនុវត្ត​ច្បាប់​នៅ​ក្នុង​ផ្ទៃប្រទេស​ដែរ​ណា៎។ ​យើង​ដឹង​ស្រាប់​ហើយ​ថា ​រដ្ឋាភិ​បាល​គាត់​គ្រប់​គ្រង​បី​ស្ថាប័ន​ហើយ​ហ្នឹង!​ សូម្បី​តែ​តុលាការ​ក៏​គាត់​គ្រប់​គ្រង​ដែរ។​ អ៊ីចឹង​ខ្លាច​ច្បាប់​មាន​តែ​នៅ​លើ​ក្រដាស»។​

នៅ​ក្នុង​សំណុំ​រឿង​សញ្ជាតិ​នេះ​ សេចក្តី​រាយការណ៍​ស៊ើប​អង្កេត​កាល​ពី​ឆ្នាំ​២០១៩​របស់​ទីភ្នាក់​ងារ​ព័ត៌មាន​ Reuters ​បាន​រក​ឃើញ​ថា ​រដ្ឋាភិបាល​ស៊ីប​ បាន​ផ្ដល់​សញ្ជាតិ​ដល់​អភិជន​នយោបាយ​ និង​ពាណិជ្ជករ​ជំនិតៗ​នឹង​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន​ រួម​មាន​គ្រួសារ​នាយ​ឧត្ដម​សេនីយ៍​ ​នេត សាវឿន ​អគ្គ​ស្នង​ការ​នគរបាល​ជាតិ ​និង​ជា​ក្មួយ​ប្រសារ​របស់​លោក ​ហ៊ុន សែន ​គ្រួសារ​របស់លោក​ អូន ព័ន្ធ​មុនីរ័ត្ន ​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ ​និង​គ្រួសារ​របស់​លោក ឡៅ ម៉េង​ឃីន សមាជិក​ព្រឹទ្ធសភា​ជាដើម។

ប្រធាន​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​អាដ​ហុក​ លោក​ នី សុខា​ កត់​សម្គាល់ថា​ ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​គួរ​តែ​ធ្វើ​ឡើង​ក្នុង​ការ​បម្រើផល​ប្រយោជន៍​ជាតិ​ ដោយមិន​គួរ​ធ្វើ​ឡើង​ក្រោម​ជម្លោះ​នយោ​បាយ​ក្នុង​ន័យ​យក​ឈ្នះ​ចាញ់គ្នា​នោះទេ។​ ហើយ​ការ​ធ្វើ​វិសោធន​កម្ម​ចុងក្រោយ​នេះ ​មិន​មាន​ភាព​ចាំបាច់​នោះ​ដែរ​ ស្រប​ពេល​ប្រទេសកម្ពុជា​កំពុង​មាន​ភាពចម្រូងចម្រាសផ្នែក​នយោ​បាយ​នៅ​ឡើយ។ ​

លោក​បាន​ថ្លែង​ថា៖ ​«ខ្ញុំ​គិត​ថា ​រយៈ​ពេល​នេះ​ គឺ​ជា​រយៈ​ពេល​ដែល​ខ្លី​ណាស់​ មិន​មានការ​ស្រាវជ្រាវ​ណាមួយ​ដែល​បញ្ជាក់​ថា​ ទាល់​តែ​អ្នក​មាន​សញ្ជាតិ​មួយ​ទើប​មាន​ភាព​កក់​ក្តៅ​ក្នុង​ការ​កសាង​ប្រទេស​ជាតិ​ ហើយ​អ្ន​ក​មាន​សញ្ជាតិ​ពីរ​អត់​ [ស្រឡាញ់]​ទេ។​ វា​អត់​ទាន់​មាន!​ ហើយ​បើ​យើង​និយាយ​ពី​កាតព្វកិច្ច​សិទ្ធិ​មនុស្ស​វិញ​ ​យើង​គិត​ថា ​សិទ្ធិ​មនុស្ស​គេ​អត់​មាន​ប្រកាន់​ជាតិ​សាសន៍​ ពណ៌​សម្បុរ​ នយោបាយ​អី​ហូរ​ហែ​ទេ។ ​បើ​សិន​ជា​យើង​មាន​ការ​បែង​ចែក​អ៊ីចឹង​ ហាក់​បី​ដូច​ជា​ធ្វើ​ហ្នឹង​វា​ប្រាស​ចាក​ទៅ​នឹង​គោល​ការណ៍​សិទ្ធិ​មនុស្ស​ជា​សកល​ហើយ»។​

អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ លោក ​សុខ ឥសាន​ បាន​ថ្លែងការពារ​វិសោធនកម្ម​រដ្ឋ​ធម្មនុញ្ញនេះ​ថា ​ជា​ការបញ្ជាក់​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​ថា​ កម្ពុជា​កំពុង​ដើរ​នៅ​ក្នុង​គន្លង​ប្រជា​ធិប​តេយ្យ​ ដោយ​ពលរដ្ឋ​ទាំង​អស់​សុទ្ធតែ​មាន​សិទ្ធិ​សេរី​ភាព​ក្នុង​ការ​បញ្ចេញ​មតិ​រៀងៗ​ខ្លួន​ក្នុង​រឿង​នេះ។ ​

លោក​បានប្រាប់​វីអូអេ​នៅថ្ងៃ​ពុធ​ថា៖​ «ទី​មួយ​ដែល​ក្មួយ​លើក​ឡើង​ថា​ មាន​ការ​យល់​ឃើញ​ខុសៗ​គ្នា​ហ្នឹង អាហ្នឹង​ហើយ​វា​បញ្ជាក់​ថា​ កម្ពុជា​កំពុង​ដើរ​លើ​ផ្លូវ​ប្រជា​ធិប​តេយ្យ​សេរី​ហើយ​ ពីព្រោះ​ថា​ ប្រជា​ពលរដ្ឋ​ម្នាក់ៗ​សុទ្ធ​តែ​មាន​សិទ្ធិបញ្ជេញ​មតិ​តាម​ការ​យល់​ឃើញ​របស់​ខ្លួន។ ​ចំណុច​ទី​ពីរ​ គឺ​ការ​ធ្វើ​វិសោធន​កម្ម​នេះ​ គឺ​បាន​សម្រេច​លទ្ធ​ផល​ជា​វិជ្ជមាន​ ហើយ​កំពុង​ដាក់​ឲ្យ​អនុវត្ត​ជា​ធរមាន​ហើយ»។​

លោក​បាន​បន្ថែម​ថា​ ​ការ​ធ្វើ​ច្បាប់​នេះ​ឡើង​ គឺ​អនុវត្ត​ត្រឹម​ត្រូវ​ទៅ​តាម​នីតិ​វិធី​នៃ​ការ​តាក់តែងច្បាប់ ​ដោយ​មិន​មាន​ការ​រើស​អើង​និន្នាការ​នយោបាយ​ និង​ស្រប​តាម​សេចក្តី​ត្រូវ​ការ​របស់​ប្រទេស​ជាតិ​ដែលចង់​បាន​មេ​ដឹក​នាំដែល​មាន​ឧត្តមគតិ​ ​គោល​ជំហរច្បាស់​លាស់​ និង​មាន​មនសិការ​ស្នេហា​ជាតិ​ពិត​ប្រាកដ។​

លោក​មាន​ប្រសាសន៍​ថា៖ ​«យើង​ធ្វើ​ច្បាប់​នេះ​ គឺ​ការពារ​ទុក​ជា​មុន​គឺ​មិន​មាន​រើស​អើងចំពោះ​មហា​ជន​ ប្រជា​ជន​ទូទៅ​ទេ ​ជាពិសេស​មន្រ្តី​ដែល​មក​ពី​បរទេស​ហ្នឹង​ មក​រួម​ចំណែក​ច្រើន​ណាស់​ក្នុង​ការ​កសាង​អភិវឌ្ឍ​ប្រទេស​ជាតិ។ ​លើក​លែង​តែ​តួនាទី​ក្នុង​តំណែង​ជា​ប្រធាន​ស្ថាប័ន​កំពូល​ទាំង​បួន​របស់​ជាតិ​តែ​ប៉ុណ្ណោះ​ទេ។ ​អា​ហ្នឹង​ហើយ​ជា​សំណូម​ពរ​ត្រូវ​ការ​ដើម្បី​កុំ​ឲ្យ​មេដឹក​នាំ​កំពូល​អាង​មាន​ការ​អី​រត់​ចោល​ស្រុក​ រត់​ចោល​ប្រជាជន»៕​

អត្ថបទ​ទាក់ទង

XS
SM
MD
LG