ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ច្បាប់​កំណត់​សញ្ជាតិ​ខ្មែរ​តែ​មួយ​សម្រាប់​តំណែង​កំពូល​របស់​រដ្ឋ​ចំនួន​បួន ចូល​ជា​ធរមាន


រូបឯកសារ៖ គម្របខាងក្រៅនៃលិខិតឆ្លងដែន​កម្ពុជា។ (ខាន់ សុគុំមនោ/វីអូអេ)

ព្រះ​មហាក្សត្រ​ខ្មែរ​ព្រះបាទ​នរោត្តម​សីហមុនី​ បាន​ឡាយ​ព្រះ​ហត្ថលេខា​ប្រកាស​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវការ​វិសោធន​កម្ម​រដ្ឋធម្មនុញ្ញ ដែល​កំណត់សញ្ជាតិ​ខ្មែរ​តែ​មួយ​សម្រាប់​តំណែង​បួន​សំខាន់​ៗ​នៃ​ក្បាល​ម៉ាស៊ីន​ដឹកនាំ​ជាតិ ក្នុង​នោះ​មាន​តំណែង​នាយករដ្ឋមន្រ្តី​ផង​ដែរ។

មន្ត្រី​មួយ​ចំនួន​មក​ពីគណបក្ស​កាន់​អំណាច​ និង​គណ​បក្ស​ជំទាស់​ បាន​តទល់​គ្នា​ទៅ​លើ​ការ​កំណត់​សញ្ជាតិ​នេះ ដោយ​ខាង​គណបក្ស​កាន់អំណាច​អះ​អាងថា ​ច្បាប់​នេះ​ នឹង​រួម​ចំណែក​ដល់​ការ​ពង្រឹង​ឯករាជ្យ​ភាព​ជាតិ។ ចំណែក​ខាង​គណបក្ស​ជំទាស់​ថា ​ច្បាប់នេះ ​មាន​ចេតនា​ការ​ពារ​អំណាច​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ដែល​បាន​ស្ថិត​ក្នុង​តំណែង​ជា​នាយក​មន្ត្រី​៣៦​ឆ្នាំ​មក​ហើយ។

បើ​តាម​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ច្បាប់​ធម្មនុញ្ញ​កំណត់​សញ្ជាតិ​ខ្មែរ​តែ​មួយ​សម្រាប់​តំណែង​ប្រធានក្រុមប្រឹក្សា​ធម្មនុញ្ញ​ ប្រធាន​ព្រឹទ្ធសភា ​សភា និង​នាយក​រដ្ឋមន្ត្រី ត្រូវ​បាន​ព្រះ​មហាក្សត្ស​រាជា​នុញ្ញាត​ឲ្យ​ប្រើ​ប្រាស់​កាល​ពី​ថ្ងៃទី៣ ខែវិច្ឆិកា​ ឆ្នាំ​២០២១​នេះ​។

ទំព័រ​ហ្វេស​ប៊ុក​របស់​លោក​នាយករដ្ឋមន្ត្រី​ បាន​ផ្តល់​ការ​អធិប្បាយ​កាលពី​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកាថា​ ច្បាប់​ធម្មនុញ្ញ​ស្តីពី​វិសោធ​នកម្ម​មាត្រា​១៩ថ្មី​ មាត្រា​១០៦​ថ្មី​ (មួយ)​ មាត្រា​១១៩ថ្មី​ និង​មាត្រា​ ១៣៧​ថ្មី​នៃ​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា​ និង​មាត្រា​៣​ និង​មាត្រា​៤​នៃ​ច្បាប់​ធម្មនុញ្ញ​បន្ថែម​ «សំដៅ​ធានា​នូវ​ដំណើរ​ការ​ជា​ប្រក្រតី​នៃ​ស្ថាប័ន​ជាតិ»។

រូបឯកសារ៖ លោក ឈាង វុន តំណាង​រាស្ត្រគណបក្ស​ប្រជាជន​កម្ពុជា ថ្លែង​នៅក្នុង​សន្និសីទ​ព័ត៌មាន​មួយ កាលពីថ្ងៃ​ទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧។ (ហ៊ុល រស្មី/វីអូអេ)
រូបឯកសារ៖ លោក ឈាង វុន តំណាង​រាស្ត្រគណបក្ស​ប្រជាជន​កម្ពុជា ថ្លែង​នៅក្នុង​សន្និសីទ​ព័ត៌មាន​មួយ កាលពីថ្ងៃ​ទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧។ (ហ៊ុល រស្មី/វីអូអេ)

ប្រធាន​គណៈ​កម្មការ​កិច្ច​ការ​បរទេស សហ​ប្រតិ​បត្តិការ​អន្តរជាតិ​ ឃោសនាការ​ និង​ព័ត៌មាន​នៃ​រដ្ឋ​សភាលោក ​ឈាង​ វុន​ ដែល​មាន​សញ្ជាតិ​បារាំង​ មាន​ប្រសាសន៍​ថា ​ការ​កំណត់​ឲ្យ​ឥស្សរជន​កាន់​តំណែង​បួន​ខាង​លើ​មាន​សញ្ជាតិ​ខ្មែរ​តែ​មួយ​នេះ បង្ហាញ​ពី​ការ​គិត​គូរ​ដល់​ការ​ពង្រឹង​អធិបតេយ្យ​ភាព​ជាតិ​ និង​ឯករាជ្យ​ភាពជាតិ។

លោក​ប្រាប់​វីអូអេនៅ​ថ្ងៃសុក្រនេះ​យ៉ាងដូច្នេះ៖ «ខ្ញុំចង់​និយាយ​ថា ​ជា​ស្មារតី​ទេ​ ជា​ស្មារតី​ជាតិ​ ជា​ស្មារតី​ជាតិ​ កិត្យានុភាព​ជាតិ​ ឯករាជ្យ​ភាព​ជាតិ​ មិន​ឲ្យ​មាន​ការ​ជ្រៀត​ជ្រែក​ពី​ខាង​ក្រៅ​មក​ ការ​កំណត់​ត្រឹម​បួន​តួនាទី​ហ្នឹង​ ប្រធាន​ព្រឹទ្ធសភា​ ប្រធាន​រដ្ឋសភា​ នាយក​រដ្ឋមន្ត្រី និង​ប្រធាន​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ គឺ​តិច​តួច​ហើយ​។ ប្រទេស​មួយ​ចំនួន​ធំ​ទៀត​ គេ​មិន​អនុញ្ញាត​ឲ្យ​តំណាងរាស្ត្រ​ ឬក៏​សមា​ជិករដ្ឋាភិបាល​ ឬមន្ត្រី​ជាន់​ខ្ពស់​ធំៗ​ផ្សេង​ទៀត​ មាន​សញ្ជាតិ​ដទៃ​ទេ​។ នែ៎​អាហ្នឹង​មើល​ថា​ បរិបទ​ប្រទេស​កម្ពុជា​យើង​ ក៏​យើង​ត្រូវ​តែ​អនុវត្ត​ដូច​គេ​ដូច​ឯង​អ៊ីចឹង​ដែរ​។ យើង​មិន​មែន​រស់​ដាច់​ពី​គេ​[​ឯ]ណា»។

លោក​ថា​ លោក​មិន​មាន​មហិច្ឆតា​កាន់​តំណែង​មួយ​ក្នុង​ចំណោម​តំណែង​កំពូល​ទាំង​បួន​នោះ​ទេ។ លោក​ប្រាប់​វីអូអេ​យ៉ាង​ដូច្នេះ​ទៀត​ថា៖

«​មនុស្ស​ម្នាក់​ៗ មានបំណង​គ្រប់​ៗ​គ្នា​ មិន​មែន​អត់​មាន​បំណង​ទេ​ មនុស្ស​មួយៗ​។ ខ្លួន​ខ្ញុំផ្ទាល់​ បំណង​របស់​ខ្ញុំ​ គឺ​បាន​រួម​ចំណែក​ មក​បម្រើ​ប្រទេស​ជាតិ​ក្នុង​តួនាទី​ណា​ក៏បាន​ដែរ​។ ខ្ញុំ​គ្មាន​មហិច្ឆតា​ចង់​ធ្វើ​ប្រធាន​ព្រឹទ្ធសភា​ ឬ​ប្រធាន​រដ្ឋសភា ឬនាយក​រដ្ឋមន្ត្រី​ ឬប្រធាន​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ទេ​ អ៊ីចឹង​ហើយ​ខ្ញុំ​យល់​ឃើញ​ថា​ ចំពោះ​ខ្លួន​ខ្ញុំ​ ដូច​គ្មាន​អី​ប៉ះ​ពាល់​អី​ទេ»។

តំណាងរាស្ត្រ​រូប​នោះ ​បាន​បញ្ជាក់​ច្បាស់​ៗថា លោក​អាច ​នឹង​បោះ​បង់​សញ្ជាតិ​បារំាង​ភ្លាមៗ ប្រសិន​បើ​មាន​ការ​កំណត់​ថា​ សមាជិក​សភា ក៏ត្រូវ​មាន​សញ្ជាតិ​ខ្មែរ​តែ​មួយ​នោះ។

«ខ្ញុំបើ​គេ​ទាំង​អស់​គ្នា​ យល់​ឃើញ​ថា​ ត្រូវ​កំណត់​រហូត​ដល់​សមាជិក​សភា ខ្ញុំ​លា​លែង​ភ្លាម​ ព្រោះ​ខ្ញុំ​មាន​វាសនា​ត្រឡប់​មក​ធ្វើ​ការ​ក្នុង​ប្រទេស​ជាតិ​វិញ​នេះ។ ហើយ​យើង​គិត​មើល​ទៅ​នៅ​ក្នុង​សាកល​លោក​ កម្រ​ណាស់​ដែល​ទៅ​រស់​នៅ​ស្រុក​គេ​ម្ភៃ​សាម​សិប​ឆ្នាំ​ហើយ​ ហើយ​បាន​វិល​ត្រឡប់​មក​បម្រើ​ប្រទេស​ជាតិ​វិញ​នេះ​ គឺ​យើង​ត្រូវ​ដឹង​ថា​ ជា​គុណ​បំណាច់​ដ៏ធំធេង​ណាស់»។

លោក ឈាង វុន​ យល់​ថា​ ច្បាប់​កំណត់​សញ្ជាតិ​នេះ ​អាច​បម្រើ​ប្រទេស​ជាតិ​បាន ដោយ​ស្មោះ​ត្រង់​ ដោយ​សុទ្ធ​ចិត្ត​ និង​ដោយ​មាន​មនសិការ​ជាតិ​ពិត​ប្រាកដ​ និង​ក៏មិន​ផ្សា​ភ្ជាប់​ជាមួយ​នឹង​បញ្ហា​ផ្សេង​ទៀត​ដែរ។

ការ​កំណត់​សញ្ជាតិ​ខ្មែរ​តែមួយនេះ ដែល​ទទួល​បាន​ទាំង​ការ​រិះគន់ និង​ការ​គាំទ្រ​ពី​មន្ត្រី​ក្នុង​ជួរ​រដ្ឋា​ភិបាល ធ្វើ​ឡើង​ក្រោយ​មាន​ការ​ចេញ​សេចក្តី​រាយ​ការណ៍​របស់​កាសែត​អន្តរជាតិ​ធំៗ​មួយ​ចំនួន​ដូច​ជា​ The Guardian​ របស់​ចក្រភព​អង់គ្លេស​ថា ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន​ សែន​ មាន​សញ្ជាតិ​ស៊ីប ​(Cypriot) ដែល​ជា​ប្រទេស​មួយ​នៅអឺរ៉ុប។

មេបក្ស​ប្រឆាំង​លោក​ សម រង្ស៊ី​ ដែល​មាន​សញ្ជាតិ​បារាំង ក៏​បន្ទរ​តាម​សារព័ត៌មាន​នោះ​ និង​ចោទ​លោក ហ៊ុន សែន ថា គ្មាន​ភក្តី​ភាព​ចំពោះ​ប្រទេស​ជាតិ។ លោក​ ហ៊ុន សែន ​ក៏វាយ​បក​ភ្លាមៗ​ ដោយ​ស្នើ​ក្រសួង​យុត្តិធម៌ឲ្យរៀប​ចំ​វិសោធនកម្ម​ច្បាប់​ធម្មនុញ្ញ​កំណត់​សញ្ជាតិ​ខ្មែរ​តែ​មួយ​សម្រាប់​តំណែង​បួន​សំខាន់ៗ​នេះ។

ដំណាល​គ្នា​នឹង​ការ​ប្រកាស​របស់​លោក​ ហ៊ុន​ សែន កាសែត​ The Guardian ក៏​បាន​ចេញ​សេចក្តី​កែ​តម្រូវ​ខ្លឹមសារ​ព័ត៌មាន​ខ្លួន​ថា​ លោក​នាយក​រដ្ឋមន្ត្រី​ខ្មែរ​មិន​មាន​សញ្ជាតិ​ស៊ីប​ទេ គឺ​មាន​តែ​ក្នុង​«បណ្ដា​ជន​ដែល​នៅ​ក្នុង​រង្វង់​អ្នក​ស្និទ្ធ​បំផុត»​នឹង​លោកនា​យក​រដ្ឋម​ន្ត្រី។ ​

ផែន​ការ​វិសោធនកម្ម​រដ្ឋធម្ម​នុញ្ញចុង​ក្រោយ​នេះ​ ត្រូវ​បាន​គេមើលឃើញថា ​វា​មិន​មែន​ឆ្លើយ​តប​តែ​ទៅ​នឹង​ដៃគូ​ប្រជែង​ចម្បង​នឹង​លោក ហ៊ុន សែន ​គឺលោក​ សម​ រង្ស៊ី​ ដែល​កំពុង​រស់នៅ​ក្រៅ​ប្រទេស​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ថែមទាំងបាន​សំដៅ​ទៅ​អ្នក​នយោ​បាយ​បក្ស​ជំទាស់​ផ្សេង​ទៀត​ ដែល​ជា​សហការី​លោក សម រង្ស៊ី​ និងដែល​មាន​សញ្ជាតិ​ពីរ គឺ​ខ្មែរ​ផង អាមេរិក ​កាណាដា​ និង​អូស្ត្រាលី​ផង​ជាដើម។

រូបឯកសារ៖ លោក អ៊ុំ សំអាន អតីត​អ្នកតំណាងរាស្ត្រ​នៃ​គណបក្ស​សង្គ្រោះជាតិ​ នៅ​ក្នុង​បន្ទប់​ផ្សាយ​របស់​វីអូអេ​ក្នុង​រាជធានី​ភ្នំពេញ។
រូបឯកសារ៖ លោក អ៊ុំ សំអាន អតីត​អ្នកតំណាងរាស្ត្រ​នៃ​គណបក្ស​សង្គ្រោះជាតិ​ នៅ​ក្នុង​បន្ទប់​ផ្សាយ​របស់​វីអូអេ​ក្នុង​រាជធានី​ភ្នំពេញ។

អតីត​តំណាង​រាស្ត្រគណបក្ស​សង្គ្រោះជាតិ ​លោក ​អ៊ុំ សំអាន ដែល​មាន​សញ្ជាតិ​អាមេរិកាំង ​បាន​កត់​សម្កាល់​ថា​ច្បាប់​កំណត់​ដែល​ផ្តួច​ផ្តើម​ដោយ​លោក​ ហ៊ុន សែន នោះ​ គឺ​មិន​មាន​អ្វីក្រៅ​តែ​ពី​ការ​ប្រឹង​ប្រែង​ការ​ពារ​អំណាច​របស់​លោក​ ហ៊ុន សែន និង​គ្រួសារ​របស់​គាត់​តែ​ប៉ុណ្ណោះ​។

លោក​ប្រាប់​វីអូអេ​ពី​សហរដ្ឋ​អាមេរិក​ថា៖ «ច្បាប់​នេះ​ គឺ​ធ្វើ​ឡើង​ដើម្បី​ ធ្វើ​ម៉េច​ឲ្យ​លោក ហ៊ុន សែន​ នៅកាន់​អំណាច​តែ​ម្នាក់​ឯង​ អត់​មានអ្នក​ផ្សេង​អាច​ទៅ​ដណ្តើម​អំណាច​ពី​គាត់​បាន​។ អាហ្នឹង​ ធ្វើ​ច្បាប់​នេះ​ គឺ​ដើម្បីផល​ប្រយោជន៍​លោក ហ៊ុន សែន​ ត្រកូល ​ហ៊ុន​ ហើយ​និង​គណបក្ស​ប្រជាជន​តែ​ប៉ុណ្ណោះ​ឯង​ មិន​មែន​សម្រាប់​ផល​ប្រយោជន៍​ជាតិ​នោះ​ទេ»។

លោក ​អ៊ុំ​ សំអាន​ ដែល​ធ្លាប់​ជាប់​ពន្ធនាគារ​ ពាក់​ព័ន្ធ​នឹង​រឿង​ព្រំដែន​កម្ពុជា​វៀត​ណាម និង​ដែល​ត្រូវ​លោក​ ហ៊ុន សែន​ គំរាម​ចាប់​ខ្លួន​មុន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​នោះ​ យល់​ថា​ កា​រកំណត់​អាណត្តិ​នាយក​រដ្ឋមន្ត្រី​ គឺ​ជា​កិច្ច​ការ​ចំាបាច់​ ដែល​កម្ពុជា​គួរ​ធ្វើ។

លោក​បន្ថែម​ថា៖ «​ច្បាប់​ដែលមាន​ប្រយោជន៍​សម្រាប់​ប្រទេស​ជាតិ​នោះ ​គួរ​តែ​ធ្វើ​ច្បាប់​ដើម្បី​កំណត់​អាណត្តិ​នាយក​រដ្ឋមន្ត្រី​ត្រឹម​ពីរ​អាណត្តិ​បាន​ហើយ ព្រោះ​កុំ​ឲ្យ​អ្នកដែល​កាន់​អំណាច​យូរ​អស់​មួយ​ជីវិត​ហ្នឹង​ នាំឲ្យមាន​ អ្នក​ដែល​កាន់​អំណាច​យូរហ្នឹង​ គឺ​នាំ​ឲ្យ​មាន​អំណាច​ផ្តាច់​ការ​ អំពើ​ពុក​រលួយ​ មាន​បក្ខ​ពួក​និយម​អីជា​ដើម​នោះ​ អាហ្នឹង​ដែល​យើង​ត្រូវ​គិត ​អាហ្នឹង​ គឺ​បញ្ហា​ហ្នឹង​សំខាន់​ជាង»។

​លោក​បន្តថា ​បើ​សិន​ជា ​ត្រូវ​មក​ធ្វើ​នយោបាយ​នៅ​កម្ពុជា​វិញ​ ហើយ​ត្រូវ​លះ​បង់​សញ្ជាតិ​អាមេរិកាំង​នោះ លោក​ក៏​សុខ​ចិត្ត​ដែរ។ លោក​បន្ថែម​ថា ​អ្វី​ដែល​សំខាន់នោះ គឺ​ឆន្ទៈ​របស់​មេដឹកនាំ​ក្នុង​ការ​រក្សា​ឯករាជ្យ​ភាព​ អធិប​តេយ្យភាព និង​អព្យាក្រឹត​ភាព​របស់​ប្រទេស។

«អ្នកសញ្ជាតិ​មួយ​ហ្នឹង​ ដូច​ជា​លោក​ ដូច​ជា ​ប៉ុល​ ពត ជាដើម​ គាត់​រណប​ចិន​ ហើយ​សម្លាប់​ខ្មែរ​យើង​អស់​ជាង​មួយ​លាន​នាក់​ឃើញ​ទេ! ដូច្នេះ​ដែល​លោក​ ហ៊ុន​ សែន​ គាត់​ថា​ អ្នក​មាន​សញ្ជាតិ​មួយ​ហ្នឹង​ កុំ​ឲ្យ​មាន​ការ​ជ្រៀត​ជ្រែក​ពី​បរទេស​ ទៅ​លើ​កិច្ច​ការ​ដឹកនាំ​ប្រទេស​ជាតិ។ អាហ្នឹង​មិន​មែន​ជា​ការ​ពិត​ទេ​។​ យើង​ឃើញ​ជាក់​ស្តែង​ទាំង​ ប៉ុល ពត​ ទាំង​លោក ហ៊ុន សែន​ គឺ​អែប​ចិន​ដូច​គ្នា​។ ហើយ​លោក ​ហ៊ុន សែន​ ក៏​អែប​យួន​ផង​ដែរ​ គាត់​រណប​យួន​ផង​ដែរ។ អាហ្នឹង​យើង​ឃើញ​ជាក់​ស្តែង»។

រដ្ឋលេខាធិការ​ និង​ជាអ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​ លោក ជិន ម៉ាលីន បាន​ការ​ពារ​ច្បាប់​កំណត់​សញ្ជាតិ​ខ្មែរ​តែ​មួយ​នេះ​ថា ​មិន​មាន​គោល​ដៅ​ច្បាម​អំណាច​ឲ្យ​មក​នៅ​តែ​ក្នុង​ដៃ​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា​ទេ តែ​ជា​ច្បាប់​កំណត់​ឲ្យ​អ្នក​មាន​បំណង​ប៉ង​យក​តំណែង​ទាំង​បួន​ខាង​លើ​នោះ ​ត្រូវ​មាន​សញ្ជាតិ​ខ្មែរ​តែ​មួយ​គត់។

លោក​ថ្លែង​ថា៖ «​អត់​ទេ​ ច្បាប់​នេះ​ មាន​ទាក់​ទង​រឿង​ប្រមូល​អំណាច​ឲ្យ​អ្នកណា​។ គេ​កំណត់​ទៅ​លើ​មុខ​តំណែង​តើ​!​ មុខ​តំណែង​ទាំងបួន​ហ្នឹង​ គេ​អត់​កំណត់​ទៅលើ​បុគ្គល​ណា​ណ៎ា!​ អីចឹង​អ្នក​ណា​ក៏​ដោយ​ ឲ្យ​តែ​ចង់​បាន​មុខ​តំណែង​ទាំង​បួន​ហ្នឹង ​ត្រូវ​តែ​លាលែង​សញ្ជាតិ​ផ្សេង​ចេញ។​ អាហ្នឹង​ គឺ​មាន​ជម្រើស​តើ​ហ្នឹង​ហើយ​!»។

អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​ លោក ​អ៊ូ ច័ន្ទរ័ត្ន​ ដែល​ជា​ស្ថាបនិក​នៃគណបក្ស​កែទម្រង់​កម្ពុជា​ បាន​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ​អ្នក​នយោ​បាយ​ខ្មែរ​គ្មាន​ជម្រើស​ណា ក្រៅ​ពី​ទទួល​យក​ច្បាប់​កំណត់​សញ្ជាតិខ្មែរនេះ​ទេ​ ដោយ​សារ​តែ​វា​បាន​ក្លាយ​ជា​ច្បាប់​រួច​ទៅ​ហើយ។ លោក​បន្ត​ថា ច្បាប់​នេះ​ ក៏​មិន​អាច​ការពារ​អំណាច​របស់​គណបក្ស​ប្រជា​ជន​ទាំង​ស្រុង​បាន​ដែរ ប៉ុន្តែវា​អាច​ប៉ះ​ពាល់​ដល់​ពល​រដ្ឋ​ខ្មែរ​រាប់​លាន​នាក់​ដែល​មាន​សញ្ជាតិ​ពីរ​ និង​រស់​នៅ​ក្រៅ​ប្រទេស​កម្ពុជា។

បើ​តាម​លោក​ អ៊ូ ច័ន្ទរ័ត្ន​ ការ​លះបង់​សញ្ជាតិ​អាមេរិកាំង​របស់​លោក ​ដើម្បី​ប្រយោជន៍​ជាតិ​នោះ ជា​រឿង​ងាយ​ស្រួល​បំផុត​។

លោក​ថ្លែង​ថា៖ «អារឿង​ការ​លះ​បង់​ ដើម្បី​កាន់​តំណែង​ធំ​ៗ​ហ្នឹង​ ខ្ញុំ​ជឿ​ថា វា​ជា​ហេតុផល​មួយ​ងាយ​មែន​ទែន​ ជន​ជាតិ​ណា​ក៏​ដោយ​ យើង​ថា ​យើង​ធ្វើ​ដើម្បី​កុំ​ឲ្យ​មាន​ជន​ជាតិ​ដទៃ​ហ្នឹង​អាច​មក​កាន់​តំណែង​ខ្ពស់​ហ្នឹង​បាន​។ ខ្ញុំ​ឧទាហរណ៍តែ​ជន​ជាតិ​ ដែល​នៅ​ជុំវិញ​ប្រទេស​យើង​ហឹ្នង។ បើ​សិន​ជា​គេ​ឈាន​ដល់​កម្រិត​ ទៅ​កាន់​តំណែង​អស់​ហ្នឹង​ គេ​ក៏​អាច​លះបង់​សញ្ជាតិ​ហ្នឹង​បាន​ដែរ​ សញ្ជាតិ​របស់​គេ​។ អាហ្នឹង​វាអត់​មាន​អី​សំខាន់​ទេ លះ​បង់​ទៅ ហើយ​មក​កាន់​ទៅ​ ប៉ុន្តែ​សំខាន់​មែន​ទែន​ឆន្ទៈ​តើ! មនសិការ​របស់​បុគ្គល​ហ្នឹង​ទេ​»។

នៅ​ក្នុង​សំណុំ​រឿង​សញ្ជាតិ​នេះ​ ការ​ស៊ើប​អង្កេត​កាល​ពី​ឆ្នាំ​២០១៩​ របស់​ទីភ្នាក់​ងារ​ព័ត៌មាន​ Reuters បាន​រក​ឃើញ​ថា ​រដ្ឋាភិបាល​កោះ​ស៊ីប​ បាន​ផ្ដល់​សញ្ជាតិ​ដល់​អភិជន​នយោបាយ​ និង​ពាណិជ្ជករ​ជំនិតៗ​នឹង​លោក​នាយក​រដ្ឋ​មន្ត្រី រួម​មាន​គ្រួសារ​នាយ​ឧត្ដម​សេនីយ៍ ​នេត សាវឿន អគ្គ​ស្នង​ការ​នគរបាល​ជាតិ និង​ជា​ក្មួយ​ប្រសារ​របស់​លោក ហ៊ុន សែន គ្រួសាររបស់រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធ​មុនីរ័ត្ន និង​គ្រួសារ​របស់​សមាជិក​ព្រឹទ្ធសភា​លោក ឡៅ ម៉េង​ឃីន។

លោក ​សេង សារី​ អ្នកវិភាគ​នយោបាយ​ មើល​ឃើញ​ថា ​ច្បាប់​កំណត់​សញ្ជាតិ​ពីរ​នេះ​ គឺ​មាន​គោល​ដៅ​ពីរ​ ទីមួយ​រារាំង​លោក​សម រង្ស៊ី មិន​ឲ្យបាន​ឡើង​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​ និង​បង្អាក់​ដំណើរ​ឈាន​មក​តំណែង​នេះ​របស់​អ្នក​នយោបាយ​ជាន់​ខ្ពស់​មួយ​រូប​របស់​គណបក្ស​ប្រជាជន​កម្ពុជា គឺ​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធ​មុនីរ័ត្ន។

លោក​ថ្លែង​ថា៖ «ច្បាប់​ហ្នឹង ​វា​ជា​ច្បាប់​មួយ​ដែល​គេហៅ​ថា​ ព្រួញ​មួយ​បាញ់​បាន​សត្វ​ពីរ»។

លោក សេង សារី បន្ថែម​ថា ​ច្បាប់​កំណត់​សញ្ជាតិ​នេះ​ ក៏​មិន​អាច​រារាំង​ការ​វិល​ត្រឡប់​របស់​ក្រុម​ថ្នាក់​ដឹកនាំ និង​សមាជិក​បក្ស​ជំទាស់​មក​ធ្វើ​នយោបាយ​ក្នុង​ប្រទេស​បាន​ដែរ។ ចំណុច​សំខា​ន់នោះ ​គឺ​នៅត្រង់​ថា ​តើ​ក្រុម​អ្នក​នយោ​បាយ​ជំទាស់​ទាំង​នោះ ​ហ៊ាន​លះ​បង់​សញ្ជាតិ​ប្រទេស​ផ្សេង​បាន​ដែរ​ ឬ​យ៉ាង​ណា បើ​សិន​ចង់​បាន​តំណែង​បួន​សំខាន់ៗនេះ។ លោក​សង្កត់​ធ្ងន់​ថា​ អ្វី​ដែល​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​គួរ​ធ្វើនោះ គឺ​រក​ផ្លូវ​មក​ចូលរួម​ការ​បោះ​ឆ្នោតក្រុម​ប្រឹក្សា​ឃុំសង្កាត់​ឆ្នាំ​២០២២​ និង​ការ​បោះឆ្នោត​ជាតិ នៅ​ឆ្នាំ​២០២៣​ ជា​មុន​សិន៕

XS
SM
MD
LG