ការផ្សព្វផ្សាយព័ត៌មានពីកាសែតអន្តរជាតិល្បីៗមួយចំនួនដែលថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្ថិតក្នុងចំណោមថ្នាក់ដឹកនាំរដ្ឋ ឬក៏ក្រុមអ្នកមានទ្រព្យសម្បត្តិបានទិញសញ្ជាតិស៊ីប នៃសាធារណរដ្ឋស៊ីបឬ Cyprusបានបង្ខំឲ្យលោក ហ៊ុន សែននិងគណបក្សកាន់អំណាចកម្ពុជាងាកទៅធ្វើច្បាប់កំណត់សញ្ជាតិខ្មែរតែមួយគត់សម្រាប់ការឡើងកាន់តំណែងរដ្ឋកំពូលៗក្នុងប្រទេស តួយ៉ាងដូចជាតំណែងនាយករដ្ឋមន្ត្រី។
បើតាមលិខិតរបស់លោក សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជាចុះថ្ងៃទី៦ខែតុលា គណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលកណបក្ស បានគាំទ្រចំពោះការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដែលទាក់ទងដល់ការកំណត់ឲ្យមានសញ្ជាតិខ្មែរតែមួយ ចំពោះថ្នាក់ដឹកនាំជាតិ ដែលកាន់តួនាទីជាប្រធាន ព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ។
កាលពីថ្ងៃទី៦ ខែតុលាដដែលនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ជាឲ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក កើត រិទ្ធ សិក្សាអំពីការរៀបចំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញចុងក្រោយនេះ ហើយថា ការកំណត់ឲ្យមានសញ្ជាតិខ្មែរតែមួយសម្រាប់តំណែងសំខាន់ៗខាងលើគឺ «ដើម្បីបង្ហាញនូវការស្មោះត្រង់ចំពោះជាតិនិងបញ្ចៀសនូវការជ្រៀតជ្រែកពីបរទេស»។
ប្រតិកម្មរបស់លោក ហ៊ុន សែន ក្នុងការកំណត់សញ្ជាតិខ្មែរតែមួយសម្រាប់ក្បាលម៉ាស៊ីនដឹកនាំជាតិ ត្រូវបានគេមើលឃើញថាធ្វើឡើង បន្ទាប់ពីអតីតមេដឹកនាំគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី ដែលកាន់លិខិតឆ្លងដែនសញ្ជាតិបារាំងនិងកំពុងនិរទេសខ្លួននៅឯក្រៅប្រទេសត្រូវគេរាយការណ៍មកថា បានចោទប្រកាន់លោក ហ៊ុន សែន ថាបានទិញលិខិតឆ្លងដែននិងបានទទួលសញ្ជាតិពីប្រទេសស៊ីប(Cyprus) ដែលជាកោះមួយនៅទ្វីបអឺរ៉ុប។
ក្នុងសារបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកកាលពីថ្ងៃពុធលោក ហ៊ុន សែន បានថ្លែងចំអកទៅអ្នកនយោបាយដែលកាន់សញ្ជាតិច្រើនក្នុងន័យដើមថា៖«បើលេងកុំខឹង បើខឹងកុំលេង ព្រោះទ្វារត្រូវបានបិទជារៀងរហូតហើយសម្រាប់ពួកសញ្ជាតិពីរ ដែលប៉ុនប៉ងកាន់តំណែងកំពូលនេះ ពិសេសតំណែងនាយករដ្ឋមន្ត្រី»។
លោកបន្ថែមថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ កំណត់សញ្ជាតិខ្មែរតែមួយនេះ នឹងត្រូវការសំឡេង២ភាគ៣នៃ រដ្ឋសភា។ បើតាមអ្នកជំនាញច្បាប់មួយចំនួន ការធ្វើវិសោធនកម្មនេះនឹងប្រព្រឹត្តទៅដោយរលូន ព្រោះសភាស្ថិតក្រោមការគ្រប់គ្រងរបស់គណបក្សប្រជាជនកម្ពុជា។
សំណុំរឿងសញ្ជាតិស៊ីបនេះត្រូវបានសារព័ត៌មាន The Guardianដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស ចេញសេចក្តីកែតម្រូវ នៅថ្ងៃទី៦ខែតុលាថា មេដឹកនាំកម្ពុជាលោក ហ៊ុន សែនមិនស្ថិតក្នុងចំណោមបុគ្គលដែលបានទទួលលិខិតឆ្លងដែនរបស់ប្រទេសស៊ីបទេ។
ការចេញសេក្តីកែសម្រួលនេះ កើតមានឡើងបីថ្ងៃក្រោយ ការចេញសេចក្តីរាយការណ៍បង្ហាញលទ្ធផលស្រាវជ្រាវ«The Pandora Papers Investigation» ដែលបង្ហាញថា អតីតអ្នកជំនួញនិងសមាជិកព្រឹទ្ធសភារុស្ស៊ីមួយរូបគឺលោក Leonid Lebedev និងក្រុមអប្បជនាធិបតេយ្យរុស្ស៊ីជាច្រើននាក់ទៀត ថ្នាក់ដឹកប្រទេសអារ៉ា ប៊ីសា អូឌីត មានលិខិតឆ្លងដែនស៊ីប។ មនុស្សមួយចំនួនដែលនៅក្បែរមេដឹកនាំកម្ពុជាលោក ហ៊ុន សែន ក៏ត្រូវបានគេរកឃើញថាស្ថិតក្នុងចំណោមមនុស្សរាប់ពាន់នាក់ដែលមិនមែនជាពលរដ្ឋអឺរ៉ុបតែបានទទួលលិខិតឆ្លងដែនស៊ីប។
ដំណាលគ្នានេះ ក្រសួងយុត្តិធម៌កម្ពុជាបានដាក់លិខិតយ៉ាងតក់ក្រហល់ទៅកាន់ក្រសួងយុត្តិធម៌និងសណ្តាប់ធ្នាប់សាធារណៈនៃសាធារណរដ្ឋស៊ីប (Cyprus) ដើម្បីស្នើសុំកិច្ចសហការស្រាវជ្រាវបញ្ជាក់ការពិតពាក់ព័ន្ធនឹងការចោទមកលើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា មានលិខិតឆ្លងដែន (ស៊ីប)នៃសាធារណរដ្ឋស៊ីប។
បើតាមលិខិតរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក កើត រិទ្ធ ចុះថ្ងៃទី០៦ ខែតុលា ក្រសួងយុត្តិធម៌កម្ពុជាបានពិនិត្យឃើញថា នាពេលថ្មីៗនេះ មានសារព័ត៌មាន មួយចំនួនដូចជា The Guardian និង The Washington Post បានផ្សព្វផ្សាយនូវលទ្ធផលនៃការស្រាវជ្រាវមួយ ដែលគេហៅថា «The Pandora Papers Investigation» ក្នុងនោះក៏មានព័ត៌មានបំផ្លើសខុសពីការពិត ដែលចោទប្រកាន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថាមានលិខិតឆ្លងដែននៃសាធារណរដ្ឋស៊ីប។
ក្រសួងយុត្តិធម៌កម្ពុជាស្នើរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងសណ្តាប់ធ្នាប់សាធារណៈនៃសាធារណរដ្ឋស៊ីបអ្នកស្រី Stephie Dracos ឲ្យស្រាវជ្រាវជុំវិញការចោទប្រកាន់ខាងលើនេះ ដើម្បីបញ្ជាក់ជូនប្រជាជនកម្ពុជា និងធានារក្សាកិត្តិយសរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែននិងប្រទេសកម្ពុជា។
អ្នកវិភាគនយោបាយលោក សេង សារី បានប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថា ច្បាប់តម្រូវឲ្យមានសញ្ជាតិខ្មែរតែមួយសម្រាប់តំណែងនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំជាន់ខ្ពស់នៅកម្ពុជា អាចប្រឈមនឹងការរិះគន់ពីមហាជន ដោយសារតែការដឹកនាំបែបឯកបក្ស ស្របពេលការធ្វើច្បាប់នេះកើតឡើងក្នុងស្ថានភាពជាប់គាំងនយោបាយ។
លោកនិយាយថា៖ «ហើយមួយទៀតហ្នឹងគឺ ច្បាប់នេះគឺហាក់ដូចជា កើតចេញពីអារម្មណ៍ក្រៀវក្រោធពីជម្លោះពាក្យសម្តីរវាងមេដឹកនាំនៃគណបក្សប្រឆាំងជាមួយនឹងគណបក្សកាន់អំណាច»។
ប្រធានការពារសមាគមសិទ្ធិមនុស្សអាដហុកលោក នី សុខា យល់ថាសំណើរបស់លោកនាយករដ្ឋមន្ត្រីឲ្យមានវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញទាក់ទិនការកំណត់សញ្ជាតិដើម្បីកាន់តួនាទីនយោបាយ និងច្បាប់ធំៗជាការផ្ចាញ់ផ្ចាលខាងនយោបាយ ដែលនឹងមិនធ្វើឲ្យប្រសើរឡើងនៃស្ថានភាពសិទ្ធិមនុស្ស និងនយោបាយនៅក្នុងប្រទេស។
លោកបានថ្លែងថា៖ «អ្វីដែលគេមើលឃើញចម្បងធំនោះគឺថាគ្មានអ្វីក្រៅពីដើម្បីបញ្ចប់ជីវិតនយោបាយ មានន័យថា ដើម្បីបញ្ចប់នូវជីវិតនយោបាយរបស់ក្រុមបក្សប្រឆាំងដែលកំពុងតែនិរទេសខ្លួននៅស្រុកក្រៅដែលគាត់មានសញ្ជាតិពីរហ្នឹងឯង។ ដូច្នេះអានេះវាមិនមែនជារឿងមួយដែលល្អទេ ប្រសិនបើយើងជំរុញឲ្យមានការបង្កើតច្បាប់នៅក្នុងស្ថានភាពបែបហ្នឹង...គេអាចមើលឃើញអំពីចេតនានយោបាយទៅវិញមិនមែនជាដើម្បីប្រយោជន៍ទៅដល់សង្គមជាតិទាំងមូល»។
ដោយឡែក អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក អ៊ូ ច័ន្ទរ័ត្ន ដែលទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញ និងជាអនុប្រធានបណ្តោះអាសន្នរបស់«គណបក្សកែទម្រង់កម្ពុជា» មានប្រសាសន៍ថា ការចង់បានរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនក្នុងបញ្ហាសញ្ជាតិនេះ អាចប៉ះពាល់ដល់សិទ្ធិធ្វើនយោបាយរបស់ពលរដ្ឋខ្មែរដែលកាន់សញ្ជាតិពីរ ហើយរស់នៅក្រៅប្រទេស ក៏ដូចជាឯកភាពជាតិ។
លោកបានថ្លែងថា៖ «រឿងដែលដាក់រដ្ឋធម្មនុញ្ញរឹតត្បិតមិនឲ្យមានសញ្ជាតិពីរនេះ ខ្ញុំជឿថា ធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋខ្មែរដែលរស់នៅក្រៅប្រទេសទាំងអស់ហ្នឹង។ វាជាការដកហូតសិទ្ធិរបស់ខ្មែរនៅក្រៅប្រទេសហ្នឹង ហើយវាធ្វើឲ្យប៉ះពាល់ដល់ឯកភាពជាតិទៀត»។
រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន បានប្រាប់វីអេអូតាមសារតេឡេក្រាមនៅថ្ងៃព្រហស្បតិ៍នេះថា ក្រសួងយុត្តិធម៌មិនទាន់អាចបញ្ជាក់ពីរយៈពេលកំណត់នៃការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ពាក់ព័ន្ធ ដើម្បីកំណត់ឲ្យនាយករដ្ឋមន្ត្រី និងប្រធានរដ្ឋសភា ព្រឹទ្ធសភានិងប្រធានក្រុមប្រឹក្សាធម្មនុញ្ញា មានសញ្ជាតិខ្មែរតែមួយនៅឡើយនោះទេ។
ពាក់ព័ន្ធនឹងការស្នើសុំកិច្ចហការស្រាវជ្រាវពីប្រទេសស៊ីប ឬCyprusក្នុងករណីចោទប្រកាន់ថាលោកហ៊ុន សែនមានសញ្ជាតិ ស៊ីបនោះ មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌លើកឡើងថាក្រសួងមិនទាន់ទទួលបានការឆ្លើយតបពីក្រសួងយុត្តិធម៌និងសាធារណការនៃសាធារណរដ្ឋស៊ីបនៅឡើយទេគិតត្រឹមថ្ងៃព្រហស្បតិ៍នេះ។
នៅពេលកាសែតThe Guardianកែតម្រូវព័ត៌មានខ្លួនថាលោកហ៊ុន សែនគ្មានសញ្ជាតិស៊ីប ឬស៊ីបនោះ មេធាវីរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីថ្លែងការណ៍មួយដែរ ដោយបដិសេធ និងទាត់ចោលទាំងស្រុង នូវការចុះផ្សាយដោយ«គ្មានសច្ចភាព គ្មានមូលដ្ឋាននិងផ្ទុយពីការពិត» ចំពោះការផ្សាយបំភ្លៃការពិត ដែលថា លោក ហ៊ុន សែន មានលិខិតឆ្លងដែនប្រទេសស៊ីប (Cyprus)។
បើតាមកាសែតThe Guardian ប្រទេសស៊ីបដែលស្ថិតក្នុងសហភាពអឺរ៉ុប មានកម្មវិធីផ្តល់លិខិតឆ្លងដែនដ៏ចម្រូងចម្រាសមួយឈ្មោះថា «កម្មវិធីលិខិតឆ្លងដែនមាស» (Golden Passport Scheme) ដែលបើកផ្លូវឲ្យអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភស្នើសុំលិខិតឆ្លងដែន និងអាចទិញសិទ្ធិដើម្បីរស់នៅ និងធ្វើការនៅក្នុងសហភាពអឺរ៉ុបក្នុងឆ្នាំ២០១១។ ការផ្តល់សញ្ជាតិ ស៊ីប ក៏ត្រូវធ្វើឡើងក្នុងឆ្នាំដដែលនោះដែរ។
ក្នុងកម្មវិធិលិខិតឆ្លងដែនមាសនេះ អ្នកមានទ្រព្យសម្បត្តិមហាសាល អាចស្នើសុំលិខិតឆ្លងដែនរបស់សាធារដ្ឋស៊ីប ប្រសិនបើពួកគេបោះទុនរកស៊ីក្នុងទឹកប្រាក់យ៉ាងហោចណាស់ ២លានអឺរ៉ូ (ឬប្រមាណ២លាន៣សែនដុល្លារអាមេរិក)នៅក្នុងវិស័យអចលនទ្រព្យ ផ្សារភាគហ៊ុន និងទៅលើបណ្ណបំណុលរដ្ឋាភិបាល ឬជំនួញនានានៅក្នុងប្រទេសដែនកោះមួយនេះ៕