គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៅថ្ងៃព្រហស្បតិ៍នេះ បានអនុម័តបញ្ជូនបន្តទៅគណៈកម្មការជំនាញរដ្ឋសភានូវសេចក្តីព្រាងច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីកំណត់អ្នកកាន់តំណែងកំពូលរដ្ឋសំខាន់ៗចំនួនបួនឲ្យ«មានសញ្ជាតិខ្មែរតែមួយ» ដែលជាការផ្ចុងផ្តើមរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
អ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង បានប្រាប់វីអូអេ ក្រោយការប្រជុំនោះថា គ្មានការខ្វែងគំនិត នៅពេលសមាជិកនៃគណៈកម្មាធិការសភាពិនិត្យ និងពិភាក្សាអំពីសេចក្តីព្រាងច្បាប់វិសោធនកម្មនេះទេ។ លោកថា សភាជាតិ នឹងបើកសម័យប្រជុំពេញអង្គឆាប់ៗនេះ ព្រោះវិសោធនកម្មមាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញនេះ ជាកិច្ចការបន្ទាន់ និងចាំបាច់មួយក្នុងការពង្រឹងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
លោកថ្លែងថា ៖ «អាហ្នឹងជាជំហ៊ានមួយដែលយើង ខិតខំពង្រឹងឯករាជ្យ អធិបតេយ្យភាព ហើយនឹងលទ្ធិប្រជាធិបតេយ្យរបស់យើង»។
បើតាមសេចក្តីព្រាងច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញចុងក្រោយនេះ ឥស្សរជននយោបាយដែលចូលកាន់តំណែងជាប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវតែមានសញ្ជាតិខ្មែរតែមួយ។
ការបើកកិច្ចប្រជុំរបស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា កើតមានឡើង បន្ទាប់ពីប្រធានក្រុមប្រឹក្សាធម្មនុញ្ញលោក អ៊ឹម ឈុនលឹម ទូលថ្វាយព្រះមហាក្សត្រព្រះបាទសម្តេចព្រះបរមនាថនរោត្តមសីហមុនីថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដើម្បីកំណត់សញ្ជាតិខ្មែរតែមួយនេះ «អាចធ្វើទៅបាន» និងស្របតាមស្ថានភាពជាក់ស្តែង។ ព្រះមហាក្សត្រក្រោយមក ក៏ព្រះរាជទានភ្លើងខៀវដល់ក្រុមប្រឹក្សាធម្មនុញ្ញឲ្យបន្តការធ្វើវិសោធនកម្មនេះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រាប់គណៈរដ្ឋមន្ត្រីរបស់លោកកាលពីសប្តាហ៍មុនថា សំណើវិសោធនកម្មនេះ នឹងបញ្ជាក់បន្ថែមថា លោកមានសញ្ជាតិខ្មែរតែមួយគត់ ដើម្បីរក្សាផលប្រយោជន៍ជាតិ និងបញ្ចៀសការជ្រៀតជ្រែកពីបរទេស៕