ប្រទេសចិននឹងរៀបចំសមាជខាងនយោបាយដ៏ធំមួយនៅសប្តាហ៍ក្រោយ ដែលជាសមាជបក្សធ្វើឡើងជារៀងរាល់៥ឆ្នាំម្តង ដែលនឹងរុះរើថ្នាក់ដឹកនាំកំពូលរបស់ប្រទេសនោះ។ ការរង់ចាំថាតើមេដឹកនាំណានឹងស្ថិតនៅកាន់អំណាចឬមេដឹកនាំណានឹងចាកចេញនោះ នឹងត្រូវធ្វើការសម្រេចដោយគណៈកម្មាធិការអចិន្រ្តៃយ៍ការិយាល័យនយោបាយ ហើយថាតើមេដឹកនាំចិន ស៊ី ជីងពីង នឹងប្រើប្រាស់សមាជនេះដើម្បីពង្រឹងអំណាចរបស់លោកយ៉ាងដូចម្តេចក្នុងឋានៈជាមេដឹកនាំកំពូលរបស់ប្រទេសនោះ។
ការជាប់ឆ្នោតម្តងទៀតរបស់លោក ស៊ី ជាអគ្គលេខាធិការបក្សមិនមានការមន្ទិលសង្ស័យឡើយ ក៏ប៉ុន្តែ សំណួរដ៏សំខាន់មួយគឺថា តើនាយករដ្ឋមន្រ្តី Li Keqiang នៃប្រទេសចិននឹងស្ថិតនៅក្នុងតួនាទីរបស់លោកជាមេដឹកនាំកំពូលម្នាក់នៃមេដឹកនាំកំពូល៧នាក់នៅក្នុងគណៈកម្មាធិការអចិន្រ្តៃយ៍ដែរឬទេ។ ពួកអ្នកវិភាគជាច្រើនជឿជាក់ថា លោក Li នឹងនៅបន្តកាន់អំណាច។
សំណួរមួយទៀតគឺ តើនឹងមានអ្វីនឹងកើតមានឡើងដល់មនុស្សម្នាក់ដែលត្រូវបានគេចាត់ទុកជាមនុស្សអំណាចទី២របស់ចិនគឺលោក Wang Qishan។ ដូចជាលោកលីដែរ លោក Wang ក៏ជាសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ដែរ។ លោកជាអធិរាជប្រឆាំងនឹងអំពើពុករលួយរបស់ប្រទេសចិន ហើយជាប្រធានគណៈកម្មការកណ្តាលអធិការកិច្ចខាងពិន័យរបស់បក្សដែរ។
អ្នកវិភាគខ្លះជឿជាក់ថា ជំនួបកាលពីពេលថ្មីៗនេះរបស់លោក Wang ជាមួយលោកនាយករដ្ឋមន្រ្តីសិង្ហបូរី Lee Hsien Loong និងលោក Steve Bannon អតីតប្រធានយុទ្ធសាស្រ្តរបស់សេតវិមានជាសញ្ញាមួយថា លោកអាចស្ថិតនៅក្នុងតំណែងនោះតទៅទៀត តែអ្នកវិភាគខ្លះមិនជឿដូចនោះទេ។
ក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ លោក Wang បានដឹកនាំយុទ្ធនាការដ៏ខ្លាំងមួយដែលគេឃើញពួកមន្រ្តីស័ក្តិទាបៗជាងមួយលាននាក់បានទទួលទោសហើយបានទម្លាក់បុណ្យស័ក្តិឥស្សរជនជាន់ខ្ពស់ដែលមានទំនាក់ទំនងខាងនយោបាយជាច្រើននាក់ដែរ។ យុទ្ធនាការនេះមិនត្រឹមតែផ្តោតគោលដៅលើបញ្ហាពុករលួយនៅក្នុងគណបក្សនិងរដ្ឋាភិបាលនោះទេ ក៏ប៉ុន្តែ ក៏ដៅលើគូប្រកួតប្រជែងខាងនយោបាយរបស់ប្រធានាធិបតី ស៊ី ជីងពីង ផងដែរ៕