ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​ចិនបង្កើន​ជំនួយ​ដល់​​ហ្វីលីពីន​​នៅពេល​ដែល​ស្វះស្វែង​ធ្វើ​ឲ្យ​​ទំនាក់​ទំនង​កាន់​តែ​ខ្លាំង​ឡើង


ប្រធានាធិបតី​ហ្វីលីពីន​ Rodrigo Duterte និង​ប្រធានាធិបតី​ចិន​ឈរ​ថតរូប​នៅ​ក្នុង​កិច្ច​ប្រជុំ​ទ្វេរភាគី​ Belt and Road Forum សម្រាប់​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​នៅ​វិមាន​ប្រជាជន​ក្រុង​ប៉េកាំងកាលពី​ថ្ងៃទី១៥​ ឧសភា ២០១៧។
ប្រធានាធិបតី​ហ្វីលីពីន​ Rodrigo Duterte និង​ប្រធានាធិបតី​ចិន​ឈរ​ថតរូប​នៅ​ក្នុង​កិច្ច​ប្រជុំ​ទ្វេរភាគី​ Belt and Road Forum សម្រាប់​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​នៅ​វិមាន​ប្រជាជន​ក្រុង​ប៉េកាំងកាលពី​ថ្ងៃទី១៥​ ឧសភា ២០១៧។

ប្រទេស​​ចិន​នឹងបង្កើន​ជំនួយ​ដល់​ប្រទេស​ហ្វីលីពីន រួមមាន​សំ ណើរ​ស្វះស្វែង​រក​ប្រេង​រួម​គ្នា​​នៅ​ផ្ទៃ​ទឹក​ហើយនឹង​ជំនួយ​អាវុធ​ដើម្បី​ជួយ​រដ្ឋា​ភិបាល​ក្រុង​ ម៉ានីល​ប្រយុទ្ធ​ប្រឆាំង​ការបះបោរ​ពួក​ឧទ្ទាម​ឥស្លាមដែល​ចង្អុល​បង្ហាញ​ថា ​ភាគីទាំង២​ចង់បាន​មិត្តភាព​ដ៏​រឹងមាំ ​ថ្វីបើ​ជម្លោះ​ដែន​សមុទ្រ​មិនទាន់​ដោះ​ស្រាយ​នៅ​ឡើយ។

ក្រុមហ៊ុន​៣រួមមាន​ក្រុមហ៊ុន​ប្រេង CNOOC ដែល​កាន់កាប់​ដោយ​រដ្ឋ​ចិន​កំពុង​រង់ចាំ​ការចុះហត្ថលេខារបស់​ប្រធានា​ធិបតី​ហ្វីលីពីន Rodrigo Duterte ​ដើម្បី​ស្វែងរក​ប្រេង​នៅ​ផ្ទៃទឹក​ដែល​មាន​ទំហំ​៧​ពាន់១រយ២០​គីឡូម៉ែត្រ​ការ៉េ​នៅឆ្នេរ​ភាគ​ខាង​លិច​នៃ​ប្រទេស​ហ្វីលីពីន។

​កាល​ពី​សប្តាហ៍​មុន ​កងកម្លាំង​ប្រដាប់​អាវុធ​ហ្វីលីពីន​បាន​និយាយ​នៅ​លើ​គេហទំ​ព័ររបស់​ខ្លួន​ថា ​ចិន​បាន​ជួយ​កាំភ្លើង​វែង​ចំនួន​៣ពាន់​ដើម ​ដោយ​មាន​គ្រាប់​ចំនួន​៣​លានគ្រាប់​ដើម្បី​ជួយ​យោធា​ប្រយុទ្ធ​ប្រឆាំងពួក​ឧទ្ទាម​ក្រុម Maute ដែល​គាំទ្រ​ក្រុមរដ្ឋ​ឥស្លាម​នៅ​ក្នុង​ទីក្រុង​ភាគ​ខាង​ត្បូង​ដែល​ហែកហួរ​ដោយ​សង្គ្រាម។

កិច្ចការ​ជំនួញ រួមជាមួយ​ជំនួយ​ហេដ្ឋារចនាសម្ព័ន្ធ​មក​ពី​ចិន ​បង្ហាញថា​ប្រ​ទេស​ទាំង២ត្រូវ​ការ​គ្នា​ទៅ​វិញ​ទៅមក​ទៅតាម​ការណ៍​ដែល​អាច​ធ្វើ​ទៅ​រួច។ប្រទេស​ទាំង​២​មាន​សន្តិភាព​នៅ​ឆ្នាំ​២០១៦​បន្ទាប់​ពីឈ្លោះ​ប្រកែកគ្នាអស់​រយៈ​ពេល​៤​ឆ្នាំ​លើ​អធិបតេយ្យ​ភាព​ដែន​សមុទ្រ។

លោកRamon Casiple នាយក​ប្រតិបត្តិ​វិទ្យាស្ថាន​គាំទ្រ​ហ្វីលីពីន​សម្រាប់​ការ​ធ្វើ​កំណែ​ទម្រង់​ខាង​នយោបាយ​និងការ​រៀប​ចំការ​បោះឆ្នោត​និយាយ​ថា «ពួកមន្រ្តី​ក្នុង​ប្រទេស​ចិនចង់បានកិច្ចសហការទៅតាម​លទ្ធភាព​ដែល​ពួកគេ​អាច​ធ្វើ​បាន‍»។

​លោក​និយាយថា «​ខ្ញុំ​ចង់​និយាយថា ​ជន​ជាតិ​ហ្វីលីពីន​ជាអ្នក​ជាតិ​និយម ​ជាពិ​សេស ​ចំពោះសមុទ្រ​ចិនខាងត្បូង ក៏ប៉ុន្តែ ខ្ញុំ​គិតថា បន្ទាប់​មក​មិត្ត​ភាពក៏ទទួល​ស្វាគមន៍នៅ​ក្នុង​ប្រទេស​នេះ​ដែរ‍»។

រដ្ឋាភិបាល​ក្រុង​ប៉េកាំង​កំពុង​ស្វះស្វែង​រកសម្ព័ន្ធភាព​កាន់តែ​ខ្លាំងឡើង​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ដើម្បី​បន្ធូរ​បន្ថយ​អារិភាព​លើ​ការ​ទាម​ទារ​របស់​ខ្លួនស្ទើរតែទាំងអស់​នៅ​តំបន់សមុទ្រ​ចិន​ខាង​ត្បូង។ ​តុលាការ​អាជ្ញាកណ្តាល​ពិភពលោក​បាន​កាត់​សេចក្តី​កាលពី​ពាក់​កណ្តាល​ឆ្នាំ​២០១៦​ថា ប្រទេស​ចិន​ខ្វះ​មូលដ្ឋាន​ខាង​ផ្លូវច្បាប់​ដើម្បី​អះអាង​នូវ​សិទ្ធិ​ទាមទារ​ទាំង​នោះ។

ការទាមទារ​របស់ចិន​ជាន់​គ្នា​លើ​តំបន់​សេដ្ឋ​កិច្ច​ផ្តាច់​មុខរបស់​ប្រទេស​៤​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​រួមមាន​ប្រទេស​ហ្វីលីពីន​ដែរ។ ​ប្រទេស​ទាំង​នោះបាន​ក្តៅ​ក្រហាយ​និង​ការត្រួតត្រា​ផ្លូវ​នាវាចរណ៍​និង​ការ​ស្ថាបនា​ប្រជុំ​កោះ​សិប្បនិមិត្ត​សម្រាប់​ហេដ្ឋា រចនា​សម្ព័ន្ធ​ខាងយោធា​របស់​ចិន។

ចិន​កំពុងផ្តល់​ជំនួយ​និង​ការ​វិនិយោគទុន​ដល់​ប្រទេស​ទាមទារ​អធិបតេយ្យ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​រួមមាន ព្រុយណេ ម៉ាឡេស៊ី វៀតណាម​ហើយ​នឹង​ប្រទេស​ហ្វីលីពីន។ ក៏ប៉ុន្តែ ​លោក Rodrigo Duterte ប្រធានា​ធិបតី​នៃ​ប្រទេស​ហ្វីលីពីន​បាន​ស្វាគមន៍ប្រកប​ដោយ​ការសាទរ​ពិសេស​ដែល​ជា​ផ្នែក​មួយ​នៃការ​ផ្លាស់​ប្តូរពីការ​ពឹងផ្អែក​លើ​សហរដ្ឋ​អាមេរិក។

លោក Song Seng Wun សេដ្ឋវិទូ​ឯកទេស​ខាង​តំបន់​អាស៊ី​អាគ្នេយ៍​នៅ​អង្គភាព​ធនាគារ​ឯកជន​របស់​ក្រុមហ៊ុន CIMB ​ក្នុង​ប្រទេស​សឹង្ហបូរី​និយាយ​ថា ចិន​បាន​ទទួល​ជោគជ័យក្នុងការ​ផ្តល់ជំនួយ​ជាថ្នូរនឹង​ការ​អនុគ្រោះ​ខាង​នយោបាយ​នៅ​គ្រប់​ទី​កន្លែង​ក្នុង​តំបន់​អាស៊ីដែលអាស្រ័យលើផលប្រយោជន៍ភាគី​ម្ខាងទៀត។លោក Song បាន​និយាយថា«ករណីនេះ​ជានិច្ច​កាល​ភាគីម្ខាង​ទៀតទទួល​ស្វា​ គមន៍​ខ្លាំង​ឡើង។ ​ករណី​នៃ​ហ្វីលីពីន ​ជាការ​ពិត ​ប្រទេស​នេះ​មាន​ប្រធា​នាធិបតី​ ហើយប្រធានាធិបតី​នេះ​ពិតជាចង់​ធ្វើ​ដូច្នេះ។ ដូច្នេះ ចិន​មាន​ជ័យ​ជម្នះ​លើ​សហរដ្ឋ​អាមេរិក‍»។

សហរដ្ឋ​អាមេរិក​ជា​សម្ព័ន្ធមិត្តរបស់​ហ្វីលីពីន​ចាប់​តាំង​ពីការ​ធ្វើ​អាណា​និគម​របស់​អាមេរិក​នៅ​ប្រទេសតំបន់​អាស៊ី​អាគ្នេយ៍​នេះ​បាន​បញ្ចប់​នៅ​ឆ្នាំ​១៩៤៦​មក។ ​ចិន​ជំ​ទាស់​ប្រឆាំង​វត្តមាន​យោធា​របស់​សហរដ្ឋ​អាមេរិក​នៅ​ជិតសមុទ្រ​មាន​ជម្លោះ​នោះ ទោះ​ជាយ៉ាង​ណាក៏ដោយ ប្រធានា​ធិបតី Duterte មាន​ការ​មិន​សប្បាយ​ចិត្ត​អំពី​ការរិះគន់​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ដល់យុទ្ធនាការ​ប្រឆាំង​ឆ្នាំ​ញៀនដ៏​ប្រ​ល័យ​របស់​លោក។

ក៏ប៉ុន្តែ ប្រធានា​ធិបតី Duterte បាន​ងាកមកសហរដ្ឋ​អាមេរិកកាល​ពី​សប្តាហ៍មុន​ដោយមានការ​ស្នើ​ភាព​ជាដៃគូ​ខាង​សេដ្ឋ​កិច្ចកាន់​តែ​ខ្លាំង​ឡើង។

ពួក​អ្នក​វិភាគ​និយាយ​ថា ចិនប្រហែល​បាន​ផ្តល់​អាវុធ​ជាលើក​ទី​២​ដើម្បី​ទប់ទល់នឹង​ជំនួយ​របស់​សហរដ្ឋ​អាមេរិក។

សហរដ្ឋ​អាមេរិក​បាន​ចូលរួមការ​យាមល្បាត​ខាង​នាវា​ជាមួយ​ប្រទេស​ហ្វីលីពីន​ហើយ​ចាប់តាំង​ពី​ឆ្នាំ​២០០២មក សហរដ្ឋ​អាមេរិកបាន​ដាក់កងទ័ព​ពិសេស​ពី​៥០​ទៅ​១រយនាក់​នៅលើ​កោះ Mindanao ភាគ​ខាង​ត្បូង​ដើម្បី​ជួយបង្ក្រាប​ពួក​ឧទ្ទាម​ដូចជា​ក្រុម Maute ជា​ដើម។

មជ្ឈមណ្ឌល​ស្រាវ​ជ្រាវPewបាន​ប្រាប់​ឲ្យដឹង​កាល​ពី​ខែមុន​ថា មនោ​សញ្ចេតនា​វិជ្ជមាន​របស់​ជន​ជាតិ​ហ្វីលីពីន​ចំពោះ​ចិន​បាន​កើនឡើង​ចំនួន១៧ភាគ​រយ​គត់​ចាប់​តាំង​ពី​ឆ្នាំ​២០១៤​មក។ មជ្ឈមណ្ឌល​ស្រាវជ្រាវ​នោះ​បាន​រក​ឃើញ​ថា មនោ សញ្ចេតនាវិជ្ជមានចំពោះ​សហរដ្ឋ​អាមេរិក​បាន​ធ្លាក់​ពី៩២ភាគរយ​មក​៧៨ភាគ រយ​ក្នុង​រយៈពេល​២ឆ្នាំ​កន្លងមក​នេះ។

ចិនបាន​សន្យា​ផ្តល់​ជំនួយ​ដែល​មានទឹក​ប្រាក់​២៤​ពាន់លាន​ដុល្លារបន្ទាប់​ពីប្រធា​នាធិបតី Duterte ​ទៅ​បំពេញ​ទស្សនកិច្ច​ទីក្រុង​ប៉េកាំងនៅ​ខែតុលា។ ​៣​ខែ​ក្រោយ​មក ​ចិន​និង​ហ្វីលីពីន​បាន​ព្រមព្រៀង​គ្នាធ្វើការ​វិនិយោគទុន​របស់​ចិន​ដែល​មាន​ទឹក​ប្រាក់៣ពាន់​៧រយលាន​ដុល្លារ​សម្រាប់​គម្រោង​៣០។

ចិនក៏​ប្រកួត​ប្រជែង​ជាមួយ​ជប៉ុន​សម្រាប់​ជំនួយ​និងការ​វិនិយោគទុន​ដែល​មាន​ទឹក​ប្រាក់១៦៧ពាន់​លាន​ដុល្លារ​សម្រាប់​ការខំ​ប្រឹងប្រែង​របស់​ហ្វីលីពីន​រយៈ​ពេល​៥ឆ្នាំ​ដើម្បី​ធ្វើ​ឲ្យ​ទំនើប​នូវ​ហេដ្ឋា​រចនា​សម្ព័ន្ធ។ ជប៉ុន​ដែល​ជា​សម្ព័ន្ធ​មិត្ត​របស់​សហ រដ្ឋ​អាមេរិកហើយដែលមាន​ជម្លោះ​ខាង​នយោបាយ​របស់​ខ្លួន​ជាមួយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ដែរនោះកំពុង​ប្រកួត​ប្រជែង​ជាមួយ​ចិន​បង្កើន​សម្ព័ន្ធ​ភាពនៅ​តំបន់​អាស៊ី​ដែល​កំពុង​អភិវឌ្ឍន៍។

លោក Jonathan Ravelas ប្រធាន​យុទ្ធសាស្រ្ត​ទីផ្សារ​នៅ​អង្គការ Banco de Oro UniBank ក្នុង​ទីក្រុង​ម៉ានីល​បាន​និយាយ​ថា «ប្រសិន​បើ ​អស់​លោក អ្នក ​ក្រឡេក​មើល​ជំនួយ​អភិវឌ្ឍន៍ផ្លូវការ​វិញ ​លោក ​អ្នកឃើញជំនួយ​កាន់តែ​ច្រើន​ឡើង​មកពី​ជប៉ុន​ច្រើន​ជាងមកពី​ចិន‍»។

​ពួក​អ្នក​សិក្សា​ស្រាវជ្រាវ​ជាន់​ខ្ពស់​នៅ​ក្រុង​ម៉ានីល​និយាយ​ថា ជនជាតិ​ហ្វីលីពីន​ចង់​បាន​ជំនួយ​របស់​ចិន​ដែល​មានកំណើន​សេដ្ឋ​កិច្ច​១១,២លាន​លាន​ដុល្លារ​នៃ​សេដ្ឋ​កិច្ច​ចិន ដរាប​ណា​ជំនួយ​នោះ​មិនមាន​ចំណង​ខាង​នយោបាយដូចជា​ការបន្ធូ​បន្ថយ​ការតានតឹង​នៅសមុទ្រ​មាន​ជម្លោះ។

​ការ​ខំ​ប្រឹងប្រែង​ពីមុន​របស់​ចិន​ក្នុងការរុករក​ប្រេង​នៅ​សមុទ្រ​រួមគ្នា​ជាមួយ​ប្រទេស​នានា​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ ​បាន​ទទួល​បរាជ័យ ​ពីព្រោះតែ​បញ្ហា​អំពី​ថា​តើ​អ្នក ​ណាជាម្ចាស់​ការ​រកឃើញ​នេះ។

ក្រុមហ៊ុន​ប្រេង CNOOC របស់​ចិន ​កាន់កាប់​អណ្តូង​ប្រេង Calamian ​ចំនួន​៥១ ភាគរយ​ដែល​បាន​ត្រូវ​គេចាត់​ទុក​ជា​ការរុករក​រួម​គ្នា​នៅពេល​ឥឡូវ​នេះ ​ខណៈ​ដែល​ក្រុមហ៊ុន​ប្រេង​ជាតិ​ហ្វីលីពីន Philippine National Oil Company មាន​ភាគ​ហ៊ុន​២៨​ភាគរយ។ ក្រុមហ៊ុន​ថាមពល​សិង្ហបូរី Jadestoneមាន​ភាគហ៊ុន​ដែរ។

​ចិន​និង​ហ្វីលីពីន​បាន​ពិភាក្សា​គ្នា​ពី​កិច្ច​សហប្រតិបត្តិការរុករក​ប្រេង​នៅ​សមុទ្រ​ចាប់​តាំងពី​ចុង​ឆ្នាំ​ទៅ។

លោកRavelaបាន​និយាយ​ទៀត​ថា «គេ​គ្រប់​គ្នា​កំពុងចាំ​មើលនៅ​ក្រៅ​សង្វៀន។កិច្ច​ព្រមព្រៀង​លម្អិត​មាន​ភាព​ស្មុគ្រស្មាញ​ណាស់។ ​និយាយ​សង្ខេប​តើ​ប្រាក់​ចំណូល​នោះ​នឹង​ត្រូវ​ធ្វើការ​បែងចែក​យ៉ាង​ដូចម្តេច? តើ​លក្ខខណ្ឌ​អ្វីខ្លះ​ដែល​ចិន​នឹង​នាំយក​មកកាន់​តុ​ចរចា​នោះ?៕

ប្រែ​សម្រួល​ដោយ​ជឹង ប៉ូជីន

XS
SM
MD
LG