ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ឧត្តមសេនីយ៍​កំពូល​អាមេរិក​ជួប​ជាមួយ​ប្រធានាធិបតី​ចិន​ដើម្បី​ពិភាក្សា​អំពី​ការ​គំរាមកំហែង​របស់​កូរ៉េខាងជើង


ប្រធាន​នាយសេនាធិការ​ចម្រុះ​អាមេរិក​ Joseph Dunford ជជែក​ជាមួយ​ប្រធានាធិបតី​ Xi Jinping ក្នុង​ការប្រជុំ​នៅ សាល​​ Great Hall ក្នុង​ទីក្រុង​ប៉េកាំង​កាល​ពី​ថ្ងៃទី​១៧ សីហា ២០១៧។

ឧត្តមសេនីយ៍​កំពូល​របស់​អាមេរិក​និយាយ​ថា សហរដ្ឋអាមេរិក​និង​កូរ៉េខាងត្បូង​នឹង​បន្ត​ដំណើរ​ការ​សមយុទ្ធ​យោធា​រួម​គ្នា​នៅ​សប្តាហ៍​ក្រោយ​នេះ ដែល​ប្រឆាំង​នឹង​សំពាធ​ពី​ចិន​និង​កូរ៉េខាងជើង​ដែល​ឲ្យ​បញ្ឈប់​សមយុទ្ធ​យោធា​ប្រចាំ​ឆ្នាំ​នេះ។

លោក Joseph Dunford ប្រធាន​នាយសេនាធិការ​ចម្រុះ​អាមេរិក​បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ក្នុង​ទីក្រុង​ប៉េកាំង​ថា សហរដ្ឋអាមេរិក​មិន​មាន​ផែនការ​នឹង​ផ្អាក​សមយុទ្ធ​យោធា​ជាមួយ​នឹង​កូរ៉េខាងត្បូង​នោះ​ទេ ដែល​សមយុទ្ធ​យោធា​នេះ​បាន​បណ្តាល​ឲ្យ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​និង​រដ្ឋាភិបាល​ក្រុងព្យុងយ៉ាង មាន​ការ​ខឹង​សម្បារ។

សមយុទ្ធ​យោធា​ប្រចាំ​ឆ្នាំ​រវាង​សហរដ្ឋ​អាមេរិក​និង​កូរ៉េខាងត្បូង ដែល​ហៅ​ថា Ulchi-Freedom Guardian បាន​ចាប់​ផ្តើម​ជាមួយ​នឹង​អ្វី​ដែល​ក្រុម​មន្ត្រី​យោធា​ហៅ​ថា ជា​ការ​ចាប់​ផ្តើម​ដ៏​ទន់ភ្លន់​មួយ​កាល​ពី​ថ្ងៃ​ពុធ ដែល​ដំណើរការ​សមយុទ្ធ​យោធា​ធំ​នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​ចន្ទ​សប្តាហ៍​ក្រោយ។

លោក Dunford ទទួល​ស្គាល់​ថា ដំណោះស្រាយ​យោធា​មួយ​ទៅ​លើ​ការ​គំរាមកំហែង​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​នឹង​ទៅ​ជា​គួរ​ឲ្យ​ភ័យ​ខ្លាច ប៉ុន្តែ​លោក​បាន​ថ្លែង​ថា ការ​អនុញ្ញាត​ឲ្យ​មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន ផលិត​កាំជ្រួច​មីស៊ីល​បាញ់​ឆ្លងទ្វីប​ដែល​បំពាក់​ក្បាល​នុយក្លេអ៊ែរ​ដែល​អាច​គំរាមកំហែង​ដល់​សហរដ្ឋអាមេរិក គឺ​មិន​គួរ​ឲ្យ​ជឿ​នោះ​ទេ។

ឧត្តមសេនីយ៍​កំពូល​អាមេរិក​បាន​មាន​ប្រសាសន៍​ថា លោក​ប្រធានាធិបតី ដូណាល់ ត្រាំ បាន​ស្នើ​ដល់​មេដឹកនាំ​យោធា​ឲ្យ​បង្កើត​ជម្រើស​យោធា​ដែល​អាច​ទទួល​យក​បាន​នានា។ លោក​បាន​និយាយ​ថា «នេះ​គឺ​ជា​អ្វី​ដែល​យើង​កំពុង​ធ្វើ‍»៕

XS
SM
MD
LG