ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​ចិន​អាច​នឹង​ប្រើ​ងារ​ «ប្រធាន​បក្ស» ឡើង​វិញ​ ដែល​មិន​ត្រូវ​បាន​គេ​ប្រើ​តាំង​ពី​មរណភាព​របស់​លោក​ប្រធាន​ម៉ៅ


លោក​ប្រធានាធិបតី ស៊ី ជីងពីង ថ្លែង​ក្នុង​សន្និសីទ​កាសែត​មួយ​ក្នុង​កិច្ចប្រជុំ BRICS នៅ​ក្នុង​ក្រុង Xiamen ខេត្ត Fujian ប្រទេស​ចិន កាលពី​ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៧។
លោក​ប្រធានាធិបតី ស៊ី ជីងពីង ថ្លែង​ក្នុង​សន្និសីទ​កាសែត​មួយ​ក្នុង​កិច្ចប្រជុំ BRICS នៅ​ក្នុង​ក្រុង Xiamen ខេត្ត Fujian ប្រទេស​ចិន កាលពី​ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៧។

នៅ​ក្នុង​ប្រទេស​ចិន​ មាន​ប្រធាន​បក្ស​តែ​ម្នាក់​គត់​គឺ​លោក​ប្រធាន ម៉ៅ សេទុង។ លោក​បាន​ធ្វើ​ជា​ប្រធាន​គណៈកម្មាធិការ​កណ្តាល​របស់​បក្ស​កុម្មុយនិស្ត​ចិន​ ដែល​ជា​តំណែង​មួយ​មាន​អំណាច​ទាំង​ស្រុង ហើយ​ក្រុម​មេដឹកនាំ​គណបក្ស​នេះ​បាន​ឈប់​តែងតាំង​តំណែង​នេះ​ បន្ទាប់​ពី​មរណភាព​របស់​លោក​ប្រធាន ម៉ៅ ​នៅ​ក្នុង​ឆ្នាំ១៩៧៦។

ប៉ុន្តែ​តើ​ងារ​នេះ​ពិត​ជា​ត្រូវ​បាន​គេ​ឈប់​ប្រើ​មែន​ទេ? ប្រហែល​ជា​មិន​នោះ​ទេ ដោយ​សារ​តែ​មាន​សញ្ញា​មួយ​ចំនួន​នៅ​រដូវ​ក្តៅ​នេះ ដែល​លោក​ប្រធានាធិបតី ស៊ី​ ជីងពីង អាច​នឹង​ធ្វើ​ឲ្យ​ងារ​នេះ​ត្រូវ​បាន​គេ​ប្រើប្រាស់​ឡើង​វិញ។

កាលពី​ថ្ងៃទី៣០ ខែមិថុនា នៅ​ក្នុង​ក្បួន​យោធា​មួយ​នៅ​ក្នុង​បន្ទាយ​ទាហាន​ហុងកុង​របស់​កងទ័ព​រំដោះ​ប្រជាជន​ចិន ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា (PLA) លោក​ប្រធានាធិបតី ស៊ី បាន​ជួប​ជាមួយ​នឹង​ក្រុម​យោធា ដោយ​លោក​បាន​ថ្លែង​ស្វាគមន៍​ថា «សូម​ស្វាគមន៍​សមមិត្ត!»។ ក្រុម​យោធា​បាន​ស្រែក​ស្វាគមន៍​វិញ​ថា «សូម​ស្វាគមន៍​ លោក​ប្រធាន​បក្ស!» ជាជាង​ប្រើប្រាស់​ពាក្យ​ថា «សូម​ស្វាគមន៍​លោក​ប្រធានាធិបតី»។

ការណ៍​នេះ​បាន​កើត​ឡើង​ម្តង​ទៀត​កាលពី​ថ្ងៃទី៣០ ខែកក្កដា ក្នុង​ក្បួន​យោធា​មួយ​ដើម្បី​សាទរ​ខួប​លើក​ទី៩០​របស់​កងទ័ព PLA នៅ​ក្នុង​បន្ទាយ​ហ្វឹកហាត់​ទាហាន Zhurihe នៅ​ក្នុង​តំបន់ Inner Mongolia។ ទាហាន​នៅ​ទីនោះ​ដែល​ស្លៀកពាក់​សម្លៀកបំពាក់​យោធា​បង្កប់​ខ្លួន​បាន​ស្រែកស្វាគមន៍​ទៅលោក​ប្រធានាធិបតី ស៊ី​ វិញថា «សូម​ស្វាគមន៍​ លោក​ប្រធាន​បក្ស»។

លោក​ ស៊ី ជា​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន​ និង​ជា​ប្រធាន​នៃ​គណៈកម្មការ​យោធា​មជ្ឈិម។ ប៉ុន្តែ​ខណៈ​ពេល​គណបក្ស​រៀបចំ​សមាជ​ជាតិ​លើក​ទី១៩​របស់​ខ្លួន ដែល​ជា​ការ​ជួបជុំ​ក្នុង​រយៈពេល​៥ឆ្នាំ​ម្តង​ នឹង​ចាប់ផ្តើម​នៅ​ក្នុង​ក្រុង​ប៉េកាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាង​មុខ និងអាច​មាន​ការកែប្រែពិធីការ​ដែល​មាន​ស្រាប់​ខ្លះ។ លោក Deng Xiaoping លោក Jiang Zemin និង​លោក Hu Jintao ពេញចិត្ត​នឹង​ប្រើ​ប្រាស់​ងារ​ អគ្គលេខាធិការ ជា​ជាងប្រធាន​បក្ស។ ប៉ុន្តែ​អ្នក​វិភាគ​មួយ​ចំនួន​គិត​ថា លោក​ប្រធានាធិបតី ស៊ី ចង់​ប្រើប្រាស់​ងារជា​ប្រធាន​គណៈកម្មាធិការ​កណ្តាល​បក្ស​ឡើង​វិញ។​

លោក​ Tai Ming Cheung ដែល​ជា​អ្នក​វិភាគ​លើ​បញ្ហា​សន្តិសុខ​ជាតិ​ និង​កិច្ច​ការពារ​ជាតិ​របស់​ចិន និង​តំបន់​អាស៊ី​ខាង​កើត​បាន​ប្រាប់ VOA ​ថា ការ​ត្រួតពិនិត្យ​ទាហាន​បង្កប់​ខ្លួន​របស់​លោក​ប្រធានាធិបតី​បង្ហាញ​ថា «ប្រសិន​បើ​កងទ័ព PLA និង​ប្រទេស​ចិន​ប្រឡូក​នៅ​ក្នុង​សង្គ្រាម លោក​គឺ​ជា​ទទួល​ខុស​ត្រូវ»។

លោក Cheung ដែល​ដឹកនាំ​វិទ្យាស្ថាន​សិក្ស​ពី​ជម្លោះ និង​កិច្ចសហប្រតិបត្តិការ​សកល​នៅ​សាកលវិទ្យាល័យ California ក្នុង​ទីក្រុង San Diego បាន​ថ្លែង​ថា «នេះ​ជា​សញ្ញា​ដ៏​សំខាន់​ ជា​ពិសេស​គឺ​ចំ​ពេល​វេលា​នេះ​តែ​ម្តង»។

លោក Cheung បាន​ថ្លែង​ថា នៅ​ក្នុង​សមាជ​បក្ស មាន​ការ​រំពឹង​ទុក​ថា បេក្ខជន​ដែល​នឹង​ស្នង​តំណែង​របស់​លោក​ប្រធានាធិបតី ស៊ី នឹង​ព្យាយាម​ដណ្តើម​តំណែង​របស់​លោក។ លោក​បាន​ប្រាប់​ VOA ផ្សាយ​ជា​ភាសា​ចិន​ថា «ប៉ុន្តែ​មិន​មាន​មេដឹកនាំ​នយោបាយ​ណា​មួយ​ស្ថិត​នៅ​ក្នុង​ក្បួន​យោធា​នោះ​ទេ ដូច្នេះ​វា​ទំនង​ថា លោក​នឹង​មិន​រៀបចំ​ឲ្យ​មាន​អ្នក​ស្នង​តំណែង​នោះ​ទេ ប៉ុន្តែ​វា​ទំនង​បង្ហាញ​ថា លោក​ជា​អ្នក​គ្រប់គ្រង​យោធា»។

លោក Tom Fingar ដែល​ជា​អ្នក​ស្រាវជ្រាវ​របស់​វិទ្យាស្ថាន Shorenstein Asia-Pacific នៃ​សាកលវិទ្យាល័យ Stanford បាន​និយាយ​ថា៖«ការ​ស្រែក​ស្វាគមន៍​របស់​កងទ័ព PLA ទៅ​កាន់​លោក​ប្រធានាធិបតី ស៊ី ដោយ​ប្រើ​ពាក្យ​ប្រធាន​បក្ស​ ជា​ជាង​ លោក​ប្រធានាធិបតី​ បង្ហាញ​ថា កងទ័ពបម្រើ​បក្ស មិន​មែន​បម្រើ​ប្រជាជន​ចិន​នោះ​ទេ។ ខ្ញុំ​មិន​យល់​ថា ការណ៍​នេះ​ជា​ការ​លើក​តម្កើង​លោក​ប្រធានាធិបតី ស៊ី ឲ្យ​ដូច​លោក​ប្រធាន​ ម៉ៅ​ នោះ​ទេ។ វា​ជា​ងារ​ត្រឹមត្រូវ​មួយ​នៅ​ក្នុង​កម្មវិធី​របស់​យោធា ហើយ​វា​អាច​ជា​កំហុស​មួយ​ក្នុង​ការ​គិត​ថា​នេះ​ជា​ការ​ប្រមូល​ផ្តុំ​អំណាច»។​

​លោក Fingar បាន​បន្ត​ថា គណបក្ស​បាន​ជ្រើសរើស​លោក ស៊ី ជា​ប្រធាន​បក្ស​ដើម្បី​មាន​មនុស្ស​ម្នាក់​ដោះស្រាយ «បញ្ហា​ការិយាល័យធិបតេយ្យ​ដែល​ជាប់​គាំង​ ប៉ុន្តែ​លោក​ ស៊ី មិន​ទាន់​ធ្វើ​បាន​នោះ​ទេ ដូច្នេះ​លោក​នឹង​មិន​ឈរ​ឈ្មោះ​សា​ជា​ថ្មី​សម្រាប់​តំណែង​ដ៏​មាន​អំណាច​នេះ​នោះ​ទេ»។

ទោះ​ជា​យ៉ាង​នេះ​ក្តី លោក​បាន​បន្ថែម​ថា «ប្រសិន​បើ​គេសួរ​ខ្ញុំថា​ តើខ្ញុំគិតថា​លោក Xi នឹង​ត្រូវ​បាន​គេ​ជ្រើស​រើស​ម្តង​ទៀត​ដែរ​ឬ​ទេ? ចម្លើយ​របស់​ខ្ញុំគឺ​ថា ប្រាកដ​ណាស់។ លោក​ ស៊ី​ ស្ថិត​ក្នុង​តំណែង​កំពូល​ ដោយសារ​តែ​មិន​មាន​ជម្រើស​ណា​ល្អ​ជាង​នេះ។ តើ​អាណត្តិ​របស់​លោក​មាន​ត្រឹម​កម្រិត​ណា? នេះ​ជា​សំណួរ​ ហើយ​សមាជិក​បក្ស​នៅ​តែ​ខ្វែង​គំនិត​គ្នា​លើ​បញ្ហា​នេះ ដោយសារ​តែ​ពួកគេ​មិន​មាន​កាលបរិច្ឆេទ​សម្រាប់​តំណែង​នេះ»។

លោក Cheung និយាយ​ថា ទោះ​ជា​យ៉ាង​ណា នៅ​តែ​មាន​ការ​ទស្សន៍ទាយ​ថា លោក​ប្រធានាធិបតី ស៊ី «នឹង​ប្រើប្រាស់​សភា​ដើម្បី​បន្ត​ពង្រឹង និង​ប្រមូល​ផ្តុំ​អំណាច​របស់​លោក»។​

នេះ​នៅ​តែ​ជា​ចម្ងល់​មួយ​សម្រាប់​ប្រជាជន​ចិន​ជាច្រើន​ ដែល​នៅ​ចង​ចាំ​ជំនាន់​របស់​លោក​ប្រធាន​ម៉ៅ និង​អ្នក​ផ្សេង​ទៀត​ដែល​ឆ្ងល់​ថា ហេតុអ្វី​បាន​ជា​លោក​ប្រធានាធិបតី ស៊ី ចាប់​អារម្មណ៍​ចង់​បង្កើត​តួនាទី​និង​ងារ​ប្រធាន​បក្ស​នេះឡើង​វិញ។ ទោះ​ជា​យ៉ាង​ណា កាលពីខែ​តុលា គណបក្ស​បាន​ផ្តល់​ងារ​ «ដ៏​សំខាន់​របស់​បក្ស» ទៅ​ឲ្យ​លោក​ប្រធានាធិបតី ស៊ី។

ដូច្នេះ លោក​ ស៊ី​ បាន​ក្លាយ​ជា​មេដឹកនាំ​ដែល​ត្រូវ​បាន​គណបក្ស​តែងតាំង​លើក​ទី៤ ចាប់​តាំង​ពី​ពេល​ដែល​គណបក្ស​កុម្មុយនិស្ត​គ្រប់គ្រង​ប្រទេស​ចិន​នៅ​ក្នុង​ឆ្នាំ១៩៤៩។

ប្រវត្តិសាស្ត្រ​អាច​ពន្យល់​ថា ហេតុអ្វី​បាន​ជា​ប្រជាជន​ចិន​មួយ​ចំនួន​ព្រួយ​បារម្ភ​ពី​ការ​ប្រើប្រាស់​ងារ​របស់​លោក​ប្រធាន​ម៉ៅ​ឡើង​វិញ។

បើ​តាម​លោក Pokong Chen អ្នក​និពន្ធ​សៀវភៅ​មួយ​ចំនួន​អំពី​ប្រទេស​ចិន ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​ទូរទស្សន៍​របស់​ VOA ជា​ភាសា​ចិន​ឈ្មោះ Pro & Con បាន​និយាយ​ថា ការ​លុប​ចោល​ងារ​នេះ «តំណាង​ឲ្យ​ការ​បញ្ចប់​សម័យ​កាល​ម៉ៅ និង​បដិវត្តន៍​វប្បធម៌។ ប្រសិន​បើ​លោក​ប្រធានាធិបតី​ ស៊ី បង្កើត​ងារ​នេះ​ឡើង​វិញ វា​ដូច​ជា​បង្កើត​សម័យកាល​នៃ​បដិវត្តន៍​វប្បធម៌​ឡើង​វិញ​ដូច្នោះ​ដែរ»។​

បដិវត្តន៍​វប្បធម៌​វណ្ណៈ​អធន​មហា​អស្ចារ្យ ឬ​ជា​ភាសា​អង់គ្លេស Great Proletarian Cultural Revolution របស់​ប្រធានម៉ៅ បាន​ចាប់​ផ្តើម​ក្នុង​ខែឧសភា ឆ្នាំ១៩៦៦ និង​បាន​បណ្តាល​ឲ្យ​មាន​ភាព​ចលាចល​នៅ​ក្នុង​នយោបាយ​និង​សង្គម​អស់​រយៈពេល​មួយ​ទសវត្សរ៍​នៅ​ក្នុង​កិច្ចប្រឹងប្រែង​របស់​លោក​ដើម្បី​បង្កើន​ការ​គ្រប់គ្រង​របស់​លោក​លើ​គណបក្ស​កុម្មុយនិស្ត​ឡើង​វិញ។

មុន​បដិវត្តន៍​វប្បធម៌ មាន​ចលនា​មហា​លោត​ផ្លោះ (Great Leap Forward) ពី​ឆ្នាំ១៩៥៨ ដល់​ឆ្នាំ១៩៦២។ ចលនា​នេះ​ជា​ចលនា​សេដ្ឋកិច្ច និង​សង្គម​ដែល​មាន​គោលបំណង​ប្រែក្លាយ​ប្រទេស​នេះ​យ៉ាង​ឆាប់​រហ័ស​ពី​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ពឹងផ្អែក​លើ​វិស័យ​កសិកម្ម​ ឲ្យ​ក្លាយ​ទៅ​ជា​សង្គមនិយម​និង​ឧស្សាហកម្ម​ទំនើប។​ គេ​ចាត់​ទុក​ថា ចលនា​មហា​លោត​ផ្លោះ​ជា​អ្នកត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ស្លាប់​មនុស្ស​រាប់​សិប​លាន​នាក់​ នៅ​ក្នុង​គ្រោះ​ទុរ្ភិក្ស​ដែល​បណ្តាល​មក​ពី​ការ​ប្រមូល​កសិផល​ជា​កំហិត ជា​ពេល​មួយ​ដែល​អ្នក​ដែល​ធ្វើ​កសិកម្ម​ឯកជន​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា «អ្នក​ប្រឆាំង​នឹង​បដិវត្តន៍»។​

លោក Wenqian Gao ដែល​ជា​ទឹប្រឹក្សា​ជាន់​ខ្ពស់​ផ្នែក​គោលនយោបាយ​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​ចិន និង​ធ្លាប់​ជា​អ្នក​ស្រាវជ្រាវ​ជាន់​ខ្ពស់​នៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ប្រវត្តិ​គណបក្ស​កុម្មុយនិស្ត​ចិន (Research Center on Party Literature of the Communist Party of China) ​បាន​និយាយ​ថា៖«គ្រោះ​មហន្តរាយ​ទាំង​អស់​ដែល​បាន​កើត​ឡើង​ក្នុង​ពេល​នៃ​ការ​កាន់​អំណាច​របស់​បក្ស​កុម្មុយនិស្ត​គឺ​ដោយ​សារ​តែ​អំណាច​ដ៏​មហាសាល​របស់​លោក​ប្រធាន​ម៉ៅ»។

លោក Gao ដែលជា​អ្នក​ប្រវត្តិសាស្ត្រ​ផ្តោត​លើ​គណបក្ស​កុម្មុយនិស្ត​ចិន​បាន​និយាយ​ថា៖«នេះ​ហើយ​ជា​មូលហេតុ​ដែល​បន្ទាប់​ពី​មរណភាព​របស់​ប្រធាន​ម៉ៅ មេដឹកនាំ​ចាស់ៗ​ដែល​ដឹក​នាំ​ដោយ​លោក Deng Xiaoping បាន​លុប​បំបាត់​តួនាទី​នេះ​ចេញ​ពី​គណបក្ស។ តំណែង​នេះ​បាន​បង្កើត​លក្ខខណ្ឌ​សមរម្យ​មួយ​សម្រាប់​អំណាច​ផ្តាច់​ការ និង​ខ្វះ​ការ​ត្រួត​ពិនិត្យ​ផ្ទៃ​ក្នុង​របស់​បក្ស​»។​

ប្រសិន​បើ​លោក​ប្រធានាធិបតី​ ស៊ី​ មាន​អំណាច​ប្រមូល​ផ្តុំ​រួច​ទៅ​ហើយ​ តើ​លោក​នឹង​នៅ​តែ​ចង់​ធ្វើ​ជា​ប្រធាន​បក្ស​ទៀត​ឬ​ទេ?

លោក Gao ដែល​បាន​និយាយ​នៅ​ក្នុង​កម្មវិធី Pro & Con បាន​ផ្តល់​មូលហេតុ​ចំនួន​ពីរ «ទី​១ ងារ​ជា​ប្រធាន​បក្ស​ និង​ជា​អគ្គលេខាធិការ​បក្ស​មាន​អំណាច​ខុស​គ្នា។ អគ្គលេខាធិការ​បក្ស ដែល​សព្វថ្ងៃ​ជា​ងារ​របស់​លោក​ប្រធានាធិបតី ស៊ី ជា​ការ​សម្របសម្រួល​សម្រាប់​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ការិយាល័យ​នយោបាយរ​បស់​គណបក្ស​កុម្មុយនិស្ត។ លោក​មាន​អំណាច​ស្មើ​នឹង​សមាជិក​ដទៃ​ទៀត​របស់​គណៈកម្មាធិការ និង​តំណាង​ឲ្យ​សំឡេង​ឆ្នោត​ចំនួន​តែ​មួយ​ប៉ុណ្ណោះ»។

លោក Gao បាន​ថ្លែង​ថា នៅ​ក្រោម​អំណាច​ដែល​បង្កើត​ឡើង​ដោយ​លោក​ប្រធាន​ម៉ៅ ប្រធាន​បក្ស​ «មាន​អំណាច​វ៉េតូ និង​មាន​អំណាច​នៅ​លើ​អ្នក​ណាៗ​ទាំង​អស់។

លោក Gao បាន​បន្ថែម​ថា៖ «មូលហេតុ​ទី២​គឺ​ថា លោក​ប្រធានាធិបតី ស៊ី​ចង់​រក្សា​អំណាច​របស់​លោក​ បន្ទាប់​ពី​សមាជ​បក្ស​លើក​ទី២០។ បើ​និយាយឲ្យ​ចំ​ទៅ ដោយសារ​តែ​ប្រធាន​បក្ស និង​អគ្គលេខាធិការ​ជា​តំណែង​ពីរ​ផ្សេង​គ្នា លោក​ប្រធានាធិបតី ស៊ី អាច​ប្រកែក​ថា ការ​កំណត់​អាណត្តិ​ឲ្យ​កាន់​តំណែង​ត្រឹម​ពីរ​អាណត្តិ​សម្រាប់​អគ្គលេខាធិការ​បក្ស​មិន​អាច​ប្រើប្រាស់​ជាមួយ​នឹង​លោក​បាន​នោះ​ទេ»៕

ប្រែ​សម្រួល​ដោយ ប៊ុន ប៉េងហ៊ុយ

XS
SM
MD
LG