ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពួក​អ្នកគាំទ្រ​ប្រជា​ធិបតេយ្យ​ចិន​យក​ចិត្ត​ទុក​ដាក់​ការតវ៉ា​ប្រឆាំង​នៅ​ប្រទេស​អ៊ីរ៉ង់


រូបឯកសារ៖ បាតុករ​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​មាន​ការ​ដោះ​លែង​អ្នក​សារព័ត៌មាន Gao Yu។​ បាតុកម្ម​នេះ​ធ្វើ​ឡើង​នៅ​មុខ​ការិយាល័យ​ទំនាក់​ទំនង​របស់​ចិន​ក្នុង​ទីក្រុង​ហុង​កុង។
រូបឯកសារ៖ បាតុករ​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​មាន​ការ​ដោះ​លែង​អ្នក​សារព័ត៌មាន Gao Yu។​ បាតុកម្ម​នេះ​ធ្វើ​ឡើង​នៅ​មុខ​ការិយាល័យ​ទំនាក់​ទំនង​របស់​ចិន​ក្នុង​ទីក្រុង​ហុង​កុង។

ពួក​អ្នក​គាំទ្រ​លទ្ធិ​ប្រជា​ធិបតេយ្យ​ចិនយក​ចិត្ត​ទុកដាក់​ការ​តវ៉ា​ប្រឆាំង​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់។​ពួក​សកម្ម​ជន​ចិនទាំង​នោះ​បាន​សម្តែង​នូវ​ក្តី​សង្ឃឹម​ចំពោះ​ការ​ងើប​ឡើងស្រដៀងគ្នា​ដើម្បី​បញ្ចប់​ការត្រួតត្រា​ដ៏​តឹងរ៉ឹង​របស់​ចិន​ទៅលើ​សិទ្ធិ​ពលរដ្ឋ​និង​សេរីភាព​សារព័ត៌មាន។

ការតវ៉ា​ប្រឆាំង​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់កំពុងធ្វើ​ឲ្យ​ល្បីខ្ទរ​ដល់​ពួក​អ្នកគាំទ្រ​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​ខាង​ក្នុងនិង​ខាងក្រៅ​ប្រទេស​ចិន ​ពួកគេជា​ច្រើនបាន​សម្តែង​នូវ​ សេចក្តី​សង្ឃឹម​ថា ​ការ​ងើប​បះបោរប្រហាក់​ប្រហែល​គ្នា​មួយអាចកើត​មាន​ឡើង​ដល់​ប្រទេស​ដែល​មាន​ការ​ត្រួតត្រា​ដ៏​តឹងរ៉ឹងហើយ​នឹង​បញ្ចប់​ការ​ត្រួតត្រា​ដ៏​តឹងរ៉ឹង​ទៅលើ​សិទ្ធិ​ពល​រដ្ឋ​និង​សេរីភាព។

​នៅពេល​ជាមួយ​គ្នា​នោះ​ ​ពួក​អាជ្ញាធរ​ចិន​បាន​ចាត់​វិធានការ​ដ៏​ឆាប់​រហ័ស​ដើម្បី​រឹត​បន្តឹង​ការ​ត្រួតត្រា​បណ្តា​ញ​ប្រព័ន្ធ​អ៊ិនធឺណិត ​និងកម្រិត​ការ​ពិភាក្សា​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល។

លោកHu Jiaជា​សកម្មជនសិទ្ធិ​ពលរដ្ឋ​ចិន​និង​ជា​អ្នក​រឹះគន់​គណបក្ស​កុម្មុយនិស្ត​ចិន បាន​និយាយ​ថា៖«ការគៀប​សង្កត់​កាន់​តែ​ខ្លាំង​ឡើង​ពីរដ្ឋាភិបាល វា​កាន់តែ​បង្កើនការ​ភ្ញាក់​រលឹក​កាន់​តែ​ខ្លាំង​ឡើង​ពីការ​ជឹះជាន់​សង្កត់​សង្កិន‍។របៀប​ដែល​ប្រជា​ពលរដ្ឋ​អ៊ីរ៉ង់រៀប​ចំការ​តវ៉ាប្រឆាំ​ង​និង​របៀប​ដែល​ប៉ូលិស​បង្ក្រាប​ការតវ៉ា​ប្រ​ឆាំង​របស់​ពួកគេ​ ​បន្ទាប់​ពីមាន​ការ​បញ្ជា​ពី​ពួក​អាជ្ញាធរ​នោះ នឹង​មាន​ឥទ្ធិពល​ដល់​ប្រជា​ពលរដ្ឋ​និង​ប៉ូលិស​តាម​មូលដ្ឋាន​របស់​ចិន‍»។

គណបក្ស​កុម្មុយនិស្ត​ចិន​ត្រូវបា​នគេ​ដឹងឮជាទូទៅ​ថា បាន​សិក្សា​ពីភាព​ចលា​ចល​ខាង​នយោបាយ​នៅ​ផ្នែក​ផ្សេងៗ​ទៀត​នៃ​ពិភពលោក​នៅ​ក្នុងការ​ស្វែង​រកមេរៀន​ដែល​ខ្លួន​អាចប្រើ​ប្រាស់​ដើម្បីធ្វើ​ឲ្យ​មាន​ស្ថិរភាព​នៅ​ក្នុង​ប្រទេស​ចិន។ក្នុង​ករណី​នៃការ​តវ៉ា​ប្រឆាំងនោះ ​មនុស្ស​ខ្លះ​បាន​កត់សម្គាល់​ឃើញ​នៅលើ​បណ្តាញ​ព័ត៌ មាន​សង្គម​ថា ​គណបក្ស​កុម្មុយនិស្ត​ចិន​ទំនង​បាន​ដាក់​បម្រាមលើ​បណ្តាញ​ព័ត៌មាន​អំពីទាក់ទង​របាយការណ៍​ទាំងអស់​អំពី​ការ​តវ៉ា​ប្រឆាំង​ដ៏​ធំ​នៅ​អ៊ីរ៉ង់។

ឯកសារ​សារាចរណ៍​ឃោសនា​ដែល​បាន​ផ្សព្វផ្សាយលើ​ប្រព័ន្ធ អ៊ីនធឺណិត បាន​លាត​ត្រដាងអំ​ពីការ​ត្រួត​ត្រាស្ថានភាព​ហួស​ពីការ​ពណ៌នា​ក្នុង​ប្រទេស​អ៊ីរ៉ង់។សារាចរណ៍​ឃោសនា​នោះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា «ការិយាល័យ​កិច្ចការ​សន្តិសុខ​ប្រ​ព័ន្ធ​កំព្យូទ័រនឹងតាម​ដាន​មើលភ្លាម​ៗ​នូវប្រព័ន្ធ​អ៊ីនធឺណិត ​ដើម្បី​បិទអ្នក​ដែល​ចុះ​ ផ្សាយ​ពី​បដិវត្តន៍​អ៊ីរ៉ង់​តាម​ប្រព័ន្ធ អ៊ីនធឺណិត។ទៅតាម​ភាព​ចាំបាច់ វិធានការ​ដ៏​ធំ​ទូលាយនឹងធ្វើ​ឡើងដូចជា​ការ​បិទ​ខ្ទប់​ការភ្ជាប់​ប្រព័ន្ធ អ៊ីនធឺណិតការហាម​ឃាត់​អត្ថាធិប្បាយ​ដែល​ជាប់​ទាក់​ទិននឹង​ព្រិត្តិការនៅអ៊ីរ៉ង់ដែល​ត្រូវ​បាន​គេ​ចុះផ្សាយឬ​ត្រូវ​បាន​បញ្ជូនតាម​ប្រព័ន្ធ អ៊ីនធឺណិត ​ហើយការ​ឃុំឃាំង​ខ្លួននឹងត្រូវ​ធ្វើ​ឡើង‍»។

សារបញ្ហា​នេះបាន​ធ្វើ​ឲ្យ​អ៊ីរ៉ង់​ជា​ប្រធាន​បទដែល​មានការ​ត្រួត​ពិនិត្យ​ដ៏​តឹងនោះ​លើ​គេហទំព័រ Freeweibo.com កាលពី​យប់​ថ្ងៃ​ពុធគឺ ​មុនពេល​ឆ្មាំ​ការពារបដិវត្តន៍ក្នុង​ប្រទេស​អ៊ីរ៉ង់​បានអះអាង​ថា ភាព​ចលាចល​រយៈ​ពេល​៦​ថ្ងៃ​បណ្តាលមកពីការ​តវ៉ា​ប្រឆាំងរដ្ឋាភិបាល​ជាបន្តបន្ទាប់​នៅ​ទីក្រុង​សំខាន់​ៗ​នោះបាន​បញ្ចប់​ហើយ។

ទោះ​ជាយ៉ាង​ណាក៏ដោយ ​មុនពេល​មាន​បម្រាម​និង​ការ​ឆ្លងកាត់​របាំង​បញ្ជូន​សារ​ឬGreat Firewall នៅ​ក្នុង​ប្រទេស​ចិនដែល​បិទ​ខ្ទប់​ការ​ចូលមើល​បណ្តាញព័ត៌​មាន​និង​ប្រព័ន្ធ​វិបសាយ​បរទេស​នោះ ពួក​ប្រឆាំង​និង​អ្នក​ប្រើអ៊ីនធឺណិត អាច​បញ្ចេញ​មតិ​របស់​ខ្លួន​នៅ​តាម​បណ្តាញ​ព័ត៌មាន​សង្គម។

​លោកស្រីGao Yuជា​អ្នក​កាសែត​ប្រឆាំង​បាន​ផ្ញើរ​សារ​តាម​ប្រព័ន្ធTwitterថា «​ដើម្បី​ប្រារព្ធថ្ងៃ​ទី១​នៃ​ឆ្នាំ​២០១៨​នេះ ​ពលរដ្ឋ​អ៊ីរ៉ង់ត្រូវតែ​ទទួល​បានជ័យ​ជម្នះ‍»។

កាល​ពី​យប់​ថ្ងៃ​ពុធ ​លោក​ស្រី Gao បាន​បញ្ជូន​សារ​តាម​ប្រព័ន្ធTwitter ម្តងទៀត​ដើម្បី​រាយការណ៍​ថា លោកស្រី​ទើប​ច្រាន​ចោល​សំណើរ​របស់​ប៉ូលិសអ៊ីនធឺណិត ចិន​ដែល​បាន​ទាម​ទារ​ឲ្យ​លោកស្រី​បញ្ឈប់​ផ្ញើរ​សារ​តាម​ប្រព័ន្ធ Twitter ​ហើយ​សុំ​ឲ្យពិនិត្យ​មើលទូរស័ព្ទ​របស់​លោកស្រី។

លោក​ស្រីនិយាយ​ថា «ហេតុផល​របស់​ខ្ញុំ​គឺថា ហេតុអ្វី​បាន​ជា​លោក​ជាប៉ូ​លិស​ប្រព័ន្ធអ៊ីនធឺណិត ​អាច​ចូល​ក្នុង​ប្រព័ន្ធ Twitter បាន​ហើយ​យើង​ទាំងអស់​គ្នាមិន​អាច​ចូល​ក្នុង​ប្រព័ន្ធ​នោះ​បាន? នេះជា​ភស្តុតាង​ថ្មី​ៗ​បំផុត​នៃ​ការ​ត្រួតត្រា​បណ្តាញ​ព័ត៌ មាន​សង្គម។​ខ្ញុំ​ទើបទទួល​បាន​ជោគជ័យ​ក្នុងការ​ប្រឆាំង​ការរឹត​បន្តឹង​មិនឲ្យ​ប្រើ អ៊ីនធឺណិត។ខ្ញុំ​នឹង​បន្ត​និយាយ​ប្រឆាំង‍»។

មនុស្ស​ផ្សេងទៀត​រៀន​មេរៀន​ពីបាតុកម្ម​នៅ​អ៊ីរ៉ង់។

លោកLi Fangជាជន​ជាតិ​ចិន​ដីគោក​ដែល​រស់​នៅ​ក្នុង​ទីក្រុងHelsinki នៃ​ប្រទេស​ហ្វាំង​ឡង់​បាន​បញ្ជូន​សារ​តាម​ប្រព័ន្ធ Twitterថា «ចូរធ្វើ​តាម​ប្រជា​ពលរដ្ឋ​អ៊ីរ៉ង់​ហើយ​ចេញ​ទៅតាម​ផ្លូវដើម្បី​ទាម​ទារ​ឲ្យ​មាន​ការផ្លាស់ប្តូរ​ក្នុង​ប្រទេស​ចិន។ពលរដ្ឋ​អ៊ីរ៉ង់​កំពុង​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ការលួច​ទ្រព្យសម្បត្តិ​ជាតិ ការកើន​ឡើង​អតិផរ​ណា​និង​ការ​គ្មានការងារ​ធ្វើ‍»។

លោក Cao Ji ជា​អ្នក​ស្រាវ​ជ្រាវ​ជាន់​ខ្ពស់​ចិន​ដែល​បានទៅរស់​នៅ​កោះ​តៃវ៉ាន់​បន្ទាប់​ពី​ចលនា​ការតវ៉ា​ប្រឆាំងនៅ​ទីលានTiananmen បានបញ្ជូន​សារ​តាម​ប្រ​ព័ន្ធ Twitter ​ថា «កុំ​មើលងាយ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​ក្នុង​ប្រទេស​អ៊ីរ៉ង់។​បាតុកម្ម​នោះ​អាច​ធ្វើ​ឲ្យ​មាន​ចលនា​ប្រហាក់​ប្រហែល​មួយ​ដែល​ពលរដ្ឋ​ចិន​ងើប​ឡើង​ប្រឆាំង​ការ​ដឹកនាំផ្តាច់​ការ​និង​គណបក្ស​កុម្មុយនិស្ត​ចិន‍»។

​លោក Cao ​លើក​ហេតុផលថា ​បន្ទាប់​ពីតម្លៃឧស្ម័ន​ធម្មជាតិ​និង​វត្ថុធាតុ​ដើម​បានឡើង​ថ្លៃ​ខ្លាំងកាល​ពី​ឆ្នាំ​ទៅ​មក​ ​អតិផរណា​ក្នុង​ប្រទេស​ចិន ​ប្រាកដ​នឹង​ឡើង​ខ្ពស់​ក្នុង​ឆ្នាំ​ខាង​មុខ​នេះ​ដែល​នឹង​ជំរុញ​ឲ្យ​ពលរដ្ឋ​ធ្វើ​តាម​តម្រាប់ពលរដ្ឋ​អ៊ីរ៉ង់។ទោះជា​យ៉ាង​ណាក៏ដោយ ​មាន​ប្រតិកម្មចម្រុះ​អំពីការ​ឲ្យ​ហេតុផល​របស់​លោក Cao។ អ្នក​ប្រើប្រព័ន្ធ Twitter ​ដែល​ទំនងយល់​ស្រប​ជាមួយ​លោក Cao ​បាន​និយាយថា «ខ្មោច ​អាច​សប្បាយតែ​ក្នុងយប់​ងងឹត​បំផុត​តែ​ប៉ុណ្ណោះ។ថ្ងៃ​មួយ​ ព្រះ​អាទិត្យ​នឹង​រះ‍»។

ក៏ប៉ុន្តែ ​អ្នក​ប្រើ​ប្រព័ន្ធ Twitter ម្នាក់​ទៀត​បាន​សរសេរ​ប្រកប​ដោយ​ទុទិដ្ឋិនិយម​ថា «រដ្ឋាភិបាល​ពិតជា​ឃ្លាំមើល​បាតុភូតឆ្នាំ​១៩៨៤នៅ​ក្នុង​ប្រទេស​ចិនគឺ៖ មនុស្ស​ជា​ច្រើន​ត្រូវ​បាន​គេ​លាង​ខួ​រក្បាល។សូម្បីតែ​មាន​ទុរ្ភិក្ស​មួយ​ទៀត ក៏​បដិវត្តន៍​នៅ​ក្នុង​ប្រទេស​ចិនមិនអាច​មានដែរ»។

លោក Hu Jia ​ជាសកម្មជន​សិទ្ធិ​ពលរដ្ឋ​ធ្វើ​អត្ថាធិប្បាយទៅលើ​ប្រតិកម្មចម្រុះ​មក​ពី​ប្រទេស​ចិន។​លោកបាន​និយាយ​ថា៖«យើង​អាចមាន​សុទ្ឋិនិយមនិង​ប្រុង​ប្រៀប​ចាត់​វិធានការ។​មិនមាន​ការរង់ចាំ​ប្រទេសចិនផ្លាស់​ប្តូរទេ។គេ​ត្រូវ​ខិតខំ​ប្រឹងប្រែង​ខ្លាំង​ហើយ​នឹង​លះ​បង់​ទាំងអស់​ដើម្បី​ធ្វើឲ្យ​ការ​ផ្លាស់​ប្តូរ​កើតមាន​ឡើង‍»។

នៅ​លើ​ប្រព័ន្ធ​ អ៊ីនធឺណិត Sina Weibo កម្មវិធី microblogging ដូចជា​ប្រព័ន្ធ Twitter ​នៅចិន ការធ្វើ​អត្ថា​ធិប្បាយ​តាម​ប្រព័ន្ធ អ៊ីនធឺណិត អំពី​ការតវ៉ា​ប្រឆាំងរបស់​អ៊ីរ៉ង់​បាន​ត្រូវ​គេ​បង្ហាញ​កាល​ពី​ថ្ងៃ​ព្រហស្បត៍។ទោះ​យ៉ាងណា​ក៏ដោយ ​ប្រព័ន្ធ អ៊ីនធឺណិត ទាំង​នោះ​បាន​ត្រូវ​គេ​បិទ​ម្តងទៀត​មួយ​ថ្ងៃ​មុន។

អ្នក​ប្រើ​ប្រព័ន្ធ អ៊ីនធឺណិតចិន​ខ្លះ ​បាន​ចោទ​ប្រកាន់​សហរដ្ឋ​អាមេរិក​ថា បាន​ដើរ​តួនាទី​ធ្វើ​វិទ្ធង្សនា​នៅ​ពីក្រោយ​បាតុកម្ម​នៅ​អ៊ីរ៉ង់។

អ្នកប្រើ​ប្រព័ន្ធ Website Weiboម្នាក់​ទៀត​បាន​សរសេរ​ថា សហរដ្ឋ​អាមេរិក​មាន​ការ​ជ្រៀត​ជ្រែក​កិច្ច​ការ​ផ្ទៃ​ក្នុងរបស់​ប្រទេស​ដ៏ទៃ​ទៀត​ដោយ​ការលើក​ស្ទួយ​សិទ្ធិ​មនុស្ស​ជាជាង​អធិបតេយ្យ​ភាព។

​អ្នក​ប្រើ​ប្រព័ន្ធ​គេហ​ទំព័រ Weibo ម្នាក់​ទៀត​បាន​សរសេរ​ទៀត​ថា «គិត​ពី​ការងារ​របស់​អ្នកទៅ ​ហើយ​កុំ​ជ្រៀត​ជ្រែក​កិច្ច​ការអ្នក​ដ៏ទៃ​ទៀត‍»។

អ្នក​ប្រើប្រព័ន្ធ​គេហ​ទំព័រ Weibo ទាំង​២​បានសរសេរ​នៅ​ក្នុង​ការ​ឆ្លើយ​តបទៅ​នឹង​ការ​ចុះ​ផ្សាយ​ដោយ​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ទីក្រុង​ប៉េកាំង​ដែល​បាន​បង្ហាញ​ពីការគាំទ្រ​របស់ពួក​អ្នក​នយោបាយ​សហរដ្ឋ​អាមេរិក​ដល់​ការ​តវ៉ា​ប្រឆាំង​និង​ការ​ថ្កោល​ទោសប៉ូលិសអ៊ីរ៉ង់​ដែល​បាន​ចាប់​ខ្លួនបាតុករ​ដោយ​សន្តិវិធី​នោះ។

ទោះ​យ៉ាង​ណាក៏ដោយ ក្នុង​អត្ថបទ​មួយ​ដែល​បាន​បោះពុម្ព​ផ្សាយ​ដោយ​កាសែត Global Times របស់​រដ្ឋ​ចិន ​លោក Hua Liming អតីត​ឯកអគ្គរដ្ឋ​ទូត​ចិន​ប្រចាំ​នៅ​ប្រទេស​អ៊ីរ៉ង់​បាន​ធ្វើ​ការ​បញ្ជាក់​ថា ​រហូត​មក​ទល់​ពេល​នេះ ​មិនមាន​ភស្តុតាង​បង្ហាញ​ថា ​បាតុកម្ម​ជា​បន្ត​បន្ទាប់​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់​ជា​បដិវត្តន៍​ពណ៌​មួយ​ទៀត​ដែល​រៀប​ចំ​ឡើង​ដោយ​សហរដ្ឋ​អាមេរិក​ឬ​ប្រទេស​លោកខាង​លិច​ផ្សេងទៀត។

លោក Hua បាន​លើក​ហេតុផល​ថា ភាព​អយុត្តិធម៌​ខាង​នយោបាយ ​សេដ្ឋ​កិច្ច​និង​សង្គម​បាន​ជំរុញ​ឲ្យ​ពលរដ្ឋ​អ៊ីរ៉ង់​ចេញ​មក​ធ្វើ​បាតុកម្ម​នៅតាម​ផ្លូវ​ទាមទារ​ថា «តើ​នរណា​នឹង​ត្រូវ​សម្រេច​អនាគត​របស់​ពួកគេ»។

ប្រែ​សម្រួល​ដោយ​ជឹង ​ប៉ូជីន

XS
SM
MD
LG