ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​ចិន​នឹង​ប្រថុយ​ហានិភ័យ​បន្ថែម​ទៀត​ទាំង​នៅ​ក្នុង​ប្រទេស និង​នៅ​បរទេស​នៅ​ក្នុង​ឆ្នាំ ២០១៨


ប្រធានាធិបតី​ចិន​លោក Xi Jinping នៅ​ក្នុង​ពិធី​ចុះ​ហត្ថាលេខា​ជាមួយ​នឹ​ងប្រធានាធិបតី​ Maldives លោក Abdulla Yameen នៅ​សាលប្រជុំ​នៃ​ប្រជាជន​ចិន​ក្នុង​ទីក្រុង​ប៉េកាំង​កាលពី​ថ្ងៃទិ​០៧ ធ្នូ​ ២០១៧។
ប្រធានាធិបតី​ចិន​លោក Xi Jinping នៅ​ក្នុង​ពិធី​ចុះ​ហត្ថាលេខា​ជាមួយ​នឹ​ងប្រធានាធិបតី​ Maldives លោក Abdulla Yameen នៅ​សាលប្រជុំ​នៃ​ប្រជាជន​ចិន​ក្នុង​ទីក្រុង​ប៉េកាំង​កាលពី​ថ្ងៃទិ​០៧ ធ្នូ​ ២០១៧។

នៅ​ក្នុង​ឆ្នាំ ២០១៧ ប្រធានាធិបតី​ចិន​លោក Xi Jinping បាន​ក្លាយ​ជា​មេដឹកនាំ​ដ៏​មាន​ឥទ្ធិពល​បំផុត​របស់​ប្រទេស​ចិន​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​ចុង​ក្រោយ​នេះ។

លោក Xi Jinping គឺ​ជា «មេដឹកនាំ​ស្នូល» នៃ​គណបក្ស​កុម្មុយនិស្ត​ចិន ហើយ​ដូច​លោក​ម៉ៅ សេទុង ផង​ដែរ ឈ្មោះ​របស់​លោក និង​ទស្សនៈ​នយោបាយ​របស់​លោក​ឥឡូវ​នេះ​ត្រូវ​បាន​ចារ​ទុក​ក្នុង​ធម្មនុញ្ញ​របស់​គណបក្ស។

ក្នុង​នាម​ជា​មេដឹកនាំ​ប្រទេស​ចិន ដែល​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​បំផុត​ទី​ពីរ​នៅ​លើ​ពិភពលោក លោក Xi Jinpingកំពុង​ដឹកនាំ​ការ​ជំរុញ​មួយ​ដើម្បី​ផ្សព្វផ្សាយ​អំពី​អ្វី​ដែល​លោក​ហៅ​ថា «ដំណោះស្រាយ​របស់​ប្រទេស​ចិន‍» ដែល​នេះ​ជា​កិច្ច​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ក្នុង​ការ​ជួយ​ដោះស្រាយ​ភាព​ស្រពេច ស្រពិល ​ផ្នែក​ហិរញ្ញវត្ថុ និង​ផ្នែក​នយោបាយ​នានា​នៅ​លើ​ពិភពលោក។

នៅ​ក្នុង​ឆ្នាំ ២០១៨ ខាង​មុខ​នេះ អ្នក​វិភាគ​នានា​ដូចជា​លោក David Kelly ដែល​ជា​ប្រធាន​ផ្នែក​ស្រាវជ្រាវ​នៃ​ក្រុមហ៊ុន China Policy ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ទីក្រុង​ប៉េកាំង បាន​យល់​ឃើញ​ថា លោក Xi Jinping បន្ត​ក្ដាប់​ឱកាស​នៅ​បរទេស​នៅ​ពេល​ដែល​ឱកាស​ទាំង​នោះ​ហុច​ឲ្យ។

លោក David Kelly និយាយ​ថា៖ «មាន​ឱកាស​ល្អៗ​ជា​ច្រើន​នៅ​បរទេស​ដែល​បាន​កើត​ឡើង​ដោយសារ​រដ្ឋបាល​របស់​ប្រធានាធិបតី​អាមេរិក​លោក Donald Trump ដោយសារ​ការ​ចាកចេញ​របស់​ចក្រភព​អង់គ្លេស​ពី​សហភាព​អឺរ៉ុប ដោយសារ​បញ្ហា​នៅ​មជ្ឈិម​បូព៌ា និង​ដោយសារ​កត្តា​មួយ​ចំនួន​ផ្សេងៗ​ទៀត។ ហើយ​ទោះបីជា​ដឹង​ថា​មាន​ហានិភ័យ​ក៏​ដោយ ដែល​ឧទាហរណ៍​ដូចជា​ការ​កសាង​កំពង់ផែ និង​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន​ជា​ដើម ក៏​ប្រទេស​ចិន​រឹតតែ​ជម្នះ​តស៊ូ​ទៅ​មុខ​បន្ថែម​ទៀត‍»។

លោក David Kelly បាន​បន្ថែម​ថា ថ្នាក់​ដឹកនាំ​របស់​គណបក្ស​កុម្មុយនិស្ត​ចិន​គិត​ថា ពេល​វេលា​ឥឡូវ​នេះ​គឺ​ជា​ពេល​ដែល​ត្រូវ​ធ្វើ​សកម្មភាព។

គម្រោង​គំនិត​ផ្ដួចផ្ដើម​ខ្សែ​ក្រវាត់​មួយ​ផ្លូវ​មួយ​របស់​ប្រទេស​ចិន ដែល​ជា​កម្មវិធី​យុទ្ធសាស្ត្រ និង​ពាណិជ្ជកម្ម​មាន​ទឹក​ប្រាក់​រាប់​លាន​លាន​ដុល្លារ​អាមេរិក មាន​រួម​បញ្ចូល​នូវ​គម្រោង​នានា​ដូចជា​គម្រោង​កំពង់ផែ​សមុទ្រ​ដែល​មាន​ទឹក​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​អាមេរិក​នៅ​ក្នុង​ទីក្រុង Gwadar ប្រទេស​ប៉ាគីស្ថាន និង​ច្រក​របៀង​សេដ្ឋកិច្ច​កាត់​តាម​ប្រទេស​ប៉ាគីស្ថាន​នេះ ដែល​ជា​ប្រទេស​រង​ការ​គំរាមកំហែង​ដោយសារ​អំពើ​ភេរវកម្ម​ជា​ដើម។

ប៉ុន្តែ គេ​ឃើញ​មាន​ការ​ប្រឆាំង​នឹង​គម្រោង​របស់​ប្រទេស​ចិន​នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន​នេះ ក៏​ដូចជា​គោល​នយោបាយ​របស់​ចិន​ផ្សេង​ទៀត​នៅ​ក្នុង​តំបន់។

អ្នក​វិភាគ​នានា​បាន​និយាយ​ថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នៅតែ​បន្ត​ពង្រីក​ឥទ្ធិពល​យោធា​របស់​ខ្លួន​ដោយ​ការ​សាងសង់​កោះ​សិប្បនិម្មិត​នានា​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង ប៉ុន្តែ​ប្រទេស​ចិន​ក៏​បាន​បង្ហាញ​នូវ​ភាព​បត់បែន​ផង​ដែរ​នៅ​ពេល​ដែល​ខ្លួន​ធ្វើ​ការ​លើ​ក្រម​ប្រតិបត្តិ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។

លោក Yang Kai-huang សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​នៃ​សាកលវិទ្យាល័យ Ming Chuan របស់​តៃវ៉ាន់ បាន​និយាយ​ថា វិធីសាស្ត្រ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​គឺ​ធ្វើ​តាម​គោលការណ៍​ផង និង​មាន​លក្ខណៈ​បត់បែន​ផង។

លោក Yang Kai-huang បាន​និយាយ​ថា បណ្ដា​ប្រទេស​នានា​ដែល​រួម​មាន​ទាំង​ប្រទេស​ចិន​ផង​ដែរ ត្រូវតែ​ស៊ាំ​ទៅ​នឹង​កម្រិត​នៃ​ការ​ចូលរួម​ផ្សេងៗ​គ្នា​នៅ​ក្នុង​ទិដ្ឋភាព​ខុសៗ​គ្នា​ជា​ច្រើន ដោយ​គោល​បំណង​អាទិភាព​គឺ​ការ​ធ្វើ​យ៉ាង​ណា​មិន​ឲ្យ​មាន​ជម្លោះ ឬ​ក៏​សង្គ្រាម​ធំៗ​កើត​ឡើង។ លោក​បាន​បន្ថែម​ទៀត​ថា ពិភពលោក​ទាំង​មូល ដែល​រួម​មាន​ទាំង​ប្រទេស​ចិន​ផង​ដែរ បាន​យល់​ឃើញ​រួម​គ្នា​នូវ​បញ្ហា​នេះ។

បញ្ហា​កូរ៉េ​ខាង​ជើង​នៅតែ​ជា​ភាព​ស្រពិចស្រពិល​ដ៏​ធំ​មួយ​សម្រាប់​ប្រទេស​ចិន​ដដែល។ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​បង្ហាញ​សមត្ថភាព​កាល​ពី​មួយ​ឆ្នាំ​កន្លង​ទៅ​នេះ ដើម្បី​ចាត់​វិធានការ​ដែល​មាន​លក្ខណៈ​ប្រថុយ​ប្រថាន​ជាង​មុន​មួយ​ចំនួន​ដូចជា ការ​អនុម័ត​ការ​ដាក់​ទណ្ឌកម្ម​តឹងតែង​ជាង​មុន​លើ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង នៅ​ពេល​ដែល​កូរ៉េ​ខាង​ជើង​បន្ត​សាកល្បង​ជាមួយ​នឹង​សហគមន៍​អន្តរជាតិ។ ករណី​នេះ​មាន​ន័យ​ថា ពេល​ខ្លះ​ត្រូវ​សហការ​ឲ្យ​កាន់តែ​ជិតស្និទ្ធ​ជាង​មុន​ថែម​ទៀត​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក បើ​ទោះបីជា​មាន​ការ​ភ័យ​ខ្លាច​ថា​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក​អាច​នឹង​កើត​ឡើង​ក៏​ដោយ។

លោក David Kelly នៃ​ក្រុមហ៊ុន China Policy បាន​និយាយ​ថា មាន​ភាព​ស្រពេច ស្រពិល​ជា​ច្រើន។ លោក​បាន​បន្ថែម​ថា រដ្ឋបាល​របស់​ប្រធានាធិបតី​អាមេរិក​លោក Doanld Trump គឺ​ជា​ការ​ប្រឈម​ដ៏​ខ្លាំងក្លា​ជាង​បញ្ហា​នៃ​គោល​នយោបាយ​ផ្ទាល់​របស់​ប្រទេស​ចិន​ទៅ​ទៀត។

លោក​បាន​និយាយ​យ៉ាង​ដូច្នេះ​ថា៖ «ប្រសិនបើ​អ្នក​មាន​គោល​នយោបាយ​សេដ្ឋកិច្ច​ប្រកប​ដោយ​គ្រោះថ្នាក់ និង​ការ​ធ្វើ​នយោបាយ​ប្រកប​ដោយ​គ្រោះថ្នាក់ នោះ​អ្នក​នឹង​មាន​ហានិភ័យ ៤ ដង​ឯ​ណោះ គឺ​មិន​មែន​ត្រឹមតែ​ពីរ​ដង​នោះ​ទេ‍»។

ឥទ្ធិពល​របស់​លោក Xi Jinping ក៏​បាន​បង្កើត​ឲ្យ​មាន​ឱកាស និង​ហានិភ័យ​ផង​ដែរ​នៅ​ក្នុង​ប្រទេស​ចិន​ផ្ទាល់ ។ លោក Yang Kai-huang បាន​បញ្ជាក់​ថា ដោយសារតែ​ឥទ្ធិពល​របស់​លោក Xi Jinpingកើន​ឡើង និង​ការ​យល់​ឃើញ​ជា​ទូទៅ​ដែល​ថា លោក Xi Jinpingទទួល​បាន​ជោគជ័យ​នៅ​ក្នុង​អំឡុង​ពេល​លោក​កាន់​អំណាច ៥ ឆ្នាំ​ដំបូង ក្ដី​រំពឹង​របស់​សាធារណជន​ទូទៅ និង​ហានិភ័យ​នៃ​ការ​ទទួល​បរាជ័យ​របស់​លោ Xi Jingping នឹង​មាន​ការ​កើន​ឡើង​ជាង​មុន។

លោក Yang Kai-huang បាន​និយាយ​ថា ប្រសិន​បើ​សមាជិក​នៃ​ក្រុម​ថ្នាក់​ដឹកនាំ​របស់​លោក Xi Jinping ធ្វើ​ខុស​អ្វី​មួយ ឬ​ក៏​ដោះស្រាយ​បញ្ហា​ណា​មួយ​ដោយ​មិន​ត្រឹមត្រូវ សាធារណជន​នឹង​មាន​អារម្មណ៍​ថា លោក Xi Jinping មិន​បាន​សម្រេច​ចិត្ត​ឲ្យ​បាន​ត្រឹមត្រូវ ហើយ​លោក​នឹង​ត្រូវ​ទទួល​ខុស​ត្រូវ​ទាំង​ស្រុង​លើ​រឿង​នេះ។

ការ​ខឹង​សម្បា​កាល​ពី​ពេល​ថ្មីៗ​នេះ​ពាក់ព័ន្ធ​នឹង​ការ​បណ្ដេញ​កម្មករ​ចំណាក​ស្រុក​ចេញ​ដោយ​បង្ខំ​នៅ​ក្នុង​ទីក្រុង​ប៉េកាំង និង​ប្រតិកម្ម​ខ្លាំងក្លា​ពាក់ព័ន្ធ​នឹង​គម្រោង​បង្ខំ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​ភាគ​ឦសាន​ឲ្យ​ឈប់​ប្រើ​ការ​ដុត​ធ្យូង​សម្រាប់​ធាតុ​អាកាស​ត្រជាក់​ក្នុង​រដូវ​រងា មុន​ពេល​ដែល​ការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ភាគ​ច្រើន​បាន​បញ្ចប់ គឺ​ជា​ឧទាហរណ៍​ពីរ​នា​ពេល​ថ្មីៗ​នេះ​អំពី​ការ​មិន​ពេញចិត្ត​របស់​សាធារណជន​ចំពោះ​លោក Xi Jinping។

អ្នក​វិភាគ​នានា​បាន​និយាយ​ថា ពេល​ដែល​បក្ខ​ពួក​របស់​លោក Xi Jinping ដូចជា​លេខាធិការ​គណបក្ស​កុម្មុយនិស្ត​ចិន​លោក Cai Qi ជា​ដើម បាន​ព្យាយាម​ជៀស​ពី​ការ​ប្រឈម​ទាំង​នោះ​ដោយ​មិន​ឲ្យ​មាន​ការ​ប៉ះពាល់​អ្វី​ធំ​ដុំ នោះ​ឧទាហរណ៍​ពីរ​ខាង​លើ​នេះ​បាន​បង្ហាញ​ឲ្យ​ឃើញ​អំពី​កម្រិត​នៃ​ការ​កើន​ឡើង​នូវ​ហានិភ័យ និង​ក្ដី​រំពឹង​ទុក​នានា៕

ប្រែ​សម្រួល​ដោយ ភី សុភាដា

XS
SM
MD
LG