ចិនបានច្រានចោលការសម្របសម្រួលការដឹកជញ្ជូនប្រេងទៅឲ្យកូរ៉េខាងជើងដែលជាការរំលោភការដាក់ទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ។
ការបដិសេធនេះធ្វើឡើងមួយថ្ងៃបន្ទាប់ពីប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ បានចោទប្រកាន់រដ្ឋាភិបាលក្រុងប៉េកាំងពីការដឹកជញ្ជូនប្រេងឲ្យរដ្ឋាភិបាលក្រុងព្យុងយ៉ាង។
លោកស្រី Hua Chunying អ្នកនាំពាក្យក្រសួងការបរទេសចិនបានប្រាប់ពួកអ្នកយកព័ត៌មានកាលពីថ្ងៃសុក្រនៅឯសន្និសីទកាសែតថា៖ «ចិនបានអនុវត្តយ៉ាងពេញលេញនិងតឹងរ៉ឹងនូវសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខនិងបំពេញទៅតាមកាតព្វកិច្ចអន្តរជាតិ។ យើងមិនដែលអនុញ្ញាតឲ្យពលរដ្ឋនិងសហគ្រាសចិនពាក់ព័ន្ធក្នុងសកម្មភាពនានាដែលរំលោភសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទេ»។
ថ្វីបើចិននិយាយយ៉ាងទទូចថា ការដាក់ទណ្ឌកម្មទាំងនោះបានត្រូវអនុវត្តក៏ដោយ ការមន្ទិលសង្ស័យនៅតែមាននៅក្នុងសហរដ្ឋអាមេរិក កូរ៉េខាងត្បូងនិងជប៉ុន អំពីភាពច្រឡោះប្រហោងបន្តមានឡើង។ ហើយការបដិសេធម្តងហើយម្តងទៀតរបស់ចិនមិនបានរារាំងប្រធានាធិបតី ត្រាំ មិនឲ្យបញ្ជូនសារតាមប្រព័ន្ធ Twitter កាលពីថ្ងៃព្រហស្បតិ៍ថា លោកមានការអាក់អន់ចិត្តយ៉ាងខ្លាំងដែលចិនអនុញ្ញាតឲ្យប្រេងចូលក្នុងប្រទេសកូរ៉េខាងជើង។
ក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិកាលពីពេលមុន បានដាក់ទណ្ឌកម្មថ្មីដែលបានធ្វើឡើងដើម្បីកម្រិតការនាំប្រេងចេញចូលរបស់កូរ៉េខាងជើងនៅក្នុងការឆ្លើយតបទៅនឹងការសាកល្បងកាំជ្រួចវង់ប្រតិបត្តិការឆ្ងាយកាលពីពេលថ្មីៗនេះរបស់កូរ៉េខាងជើង។ កាលពីខែវិច្ឆិកា កូរ៉េខាងជើងបានសាកល្បងកាំជ្រួចអន្តរទ្វីបរបស់ខ្លួនដែលពួកអ្នកជំនាញការជាច្រើនរបស់សហរដ្ឋអាមេរិកបានព្រមានថា កាំជ្រួចនោះនឹងមានសមត្ថភាពវាយប្រហារនៅលើដីសហរដ្ឋអាមេរិក៕