ប្រទេសចិនកាលពីពេលថ្មីៗនេះ បានចាប់ផ្តើមគម្រោងមួយដើម្បីប្រមូលសហគ្រាសរដ្ឋខ្នាតធំចំនួន១១២ ហើយដាក់បញ្ចូលគ្នាទៅជាក្រុមហ៊ុនចំនួន៤០ ដែលកាន់តែធំជាងមុន ដោយពួកគេគិតថា ការធ្វើដូចនេះ នឹងអាចធ្វើឲ្យមានការប្រកួតប្រជែងកាន់តែខ្លាំងនៅលើឆាកអន្តរជាតិ។
អ្នករិះគន់ព្រួយបារម្ភថា គម្រោងដាក់ក្រុមហ៊ុនរួមគ្នាដែលមានទ្រព្យសម្បត្តិសរុបប្រមាណប្រាំមួយលានលានដុល្លារនោះ គ្រាន់តែបង្កើតបានភាពផ្តាច់មុខយ៉ាងធំមួយតែប៉ុណ្ណោះ ប៉ុន្តែភាពផ្តាច់មុខនោះមិនមានភាពប្រសើរណាស់ណាជាងមុខជំនួញផ្សេងៗនាពេលបច្ចុប្បន្ននេះទេ។
សហគ្រាសរដ្ឋរបស់ចិនមានជំហរយ៉ាងរឹងមាំក្នុងទៅលើសេដ្ឋកិច្ចដែលនៅតែគ្រប់គ្រងដោយប្រទេសនេះ ហើយវាគ្របសង្កត់លើបណ្តាញទូរគមនាគមន៍ ធនាគារ ប្រេងកាត និងវិស័យយុទ្ធសាស្ត្រសំខាន់ៗផ្សេងទៀត។
ក្រុមហ៊ុនទាំងនោះមានក្រឡាលើសហគ្រាសឯកជន ដោយសារតែពួកគេទទួលបានឥណទានយ៉ាងងាយស្រួល និងមានទំនាក់ទំនងជិតស្និទ្ធជាមួយនឹងទីភ្នាក់ងាររបស់រដ្ឋាភិបាល។ ក៏ប៉ុន្តែ អត្រានៃការទទួលផលចំណេញពីការវិនិយោគរបស់ពួកគេមានតិចតួចណាស់ ដែលមានត្រឹមតែប្រហែល២.៥ភាគរយប៉ុណ្ណោះ។ នោះគឺតិចជាងការទទួលបានការប្រាក់ពីការដាក់ប្រាក់តម្កល់នៅធនាគារទៅទៀត។
លោក Xu Dingbo ព្រឹទ្ធបុរសរងនៃសាកលវិទ្យាល័យពាណិជ្ជកម្មអន្តរជាតិចិនអឺរ៉ុប (CEIBS) មានប្រសាសន៍ថា៖ «ហេតុផលមួយដែលរដ្ឋាភិបាលចង់បញ្ចូលសហគ្រាសគ្រប់គ្រងដោយរដ្ឋទាំងនោះជាមួយគ្នាគឺដើម្បីធ្វើឲ្យសហគ្រាសទាំងនោះមានសមត្ថភាពប្រកួតប្រជែងជាលក្ខណៈអន្តរជាតិ។ ប៉ុន្តែក៏មានបញ្ហាទាក់ទិននឹងសមត្ថភាពហួសកម្រិត និងការទទួលបានផលចំណេញដ៏ស្តួចស្តើងពីការវិនិយោគនោះក្នុងបណ្តាសហគ្រាសរដ្ឋ ដែលរដ្ឋាភិបាលចង់ដោះស្រាយតាមរយៈការរួមបញ្ចូលគ្នានោះ»។
រដ្ឋាភិបាលមិនបានបញ្ចេញឲ្យដឹងពីសេចក្តីលម្អិតច្រើនទេអំពីគម្រោងរួមបញ្ចូលគ្នានេះ ក៏ប៉ុន្តែវាទំនងជាមិនអាចទៅរួចទេ ដែលថាអាជ្ញាធរចិននឹងប្រែក្លាយសហគ្រាសរដ្ឋទៅជាកម្មសិទ្ធិឯកជនទាំងស្រុងនោះ។ ការចេញផ្សាយរបស់សារព័ត៌មានជាច្រើនបានលើកឡើងថា ក្រុមហ៊ុនទាំងនោះអាចត្រូវបានបង្រួមគ្នាផ្អែកតាមវិស័យនីមួយៗ ហើយទំនាក់ទំនងរបស់ពួកគេជាមួយនឹងទីភ្នាក់ងារនិយ័តកម្មរបស់រដ្ឋាភិបាលនឹងត្រូវលុបបំបាត់ចោល។ កម្មសិទ្ធិនៃសហគ្រាសទាំងនោះ អាចត្រូវបានផ្ទេរទៅឲ្យក្រុមហ៊ុនវិនិយោគលើទ្រព្យសម្បត្តិវិញ ដោយជួយឲ្យសហគ្រាសទាំងនោះអាចដំណើរការបានក្នុងនាមជាសហគ្រាសពាណិជ្ជកម្មទាំងស្រុង។
ក៏ប៉ុន្តែ សហគ្រាសទាំងនោះទំនងនៅតែបន្តមានទំនាក់ទំនងជាមួយនឹងការគ្រប់គ្រងដោយរដ្ឋដដែរ តាមរយៈវិធានការផ្សេងៗដូចជា ការអនុញ្ញាតឲ្យរដ្ឋាភិបាលរក្សាសិទ្ធិក្នុងការតែងតាំងអ្នកគ្រប់គ្រងជាន់ខ្ពស់។
អ្វីដែលហាក់ដូចជានឹងកើតឡើងជាក់ស្តែងគឺថា ការរួមបញ្ចូលគ្នានៃសហគ្រាសរដ្ឋនោះ នឹងធ្វើឲ្យសហគ្រាសទាំងនោះមានប្រៀបលើអង្គភាពផ្សេងទៀតទៅតាមផ្នែកផ្សេងៗនៃវិស័យឧស្សាហកម្ម។
ជាឧទាហរណ៍ ការរួមបញ្ចូលគ្នាដែលកំពុងកើតមានឡើងរវាងក្រុមហ៊ុនធ្វើផ្លូវដែក និងសម្ភារៈរថភ្លើងចំនួនពីរ ទំនងជាអាចបង្កើតបានជាអង្គភាពថ្មីមួយដែលមានលទ្ធភាពក្នុងការប្រជែងជាមួយនឹងក្រុមហ៊ុនបរទេសដូចជា Siemens និង Bombardier ជាដើម។
យោងតាមការប៉ាន់ស្មាន ការទាញយកប្រយោជន៍ផ្នែកទីផ្សារនៃក្រុមហ៊ុនផលិតខ្សែរថភ្លើងទាំងពីរនេះ ឬតម្លៃភាគហ៊ុនរបស់ពួកគេនៅទីផ្សារហ៊ុន បន្ទាប់ពីពួកគេបានរួមបញ្ចូលគ្នា គឺមានខ្ពស់ជាង ក្រុមហ៊ុនយក្សSiemens របស់អាល្លឺម៉ង់ទៅទៀត។
លោក Xu បានបន្ថែមថា៖ «គម្រោងដាក់បញ្ចូលគ្នានេះអាចមានផលប្រយោជន៍។ ក៏ប៉ុន្តែ វាអាចបង្កើតបានជាអង្គភាពអប្រិយផ្សេងៗដែលមានទំហំកាន់តែធំជាងមុន នៅក្នុងផ្នែកខ្លះនៃឧស្សាហកម្មចិន។ ខ្ញុំមានការព្រួយបារម្ភអំពីនិន្នាការដែលអាចនឹងឈានទៅរកភាពផ្តាច់មុខ។ និន្នាការផ្តាច់មុខនោះនឹងកាន់តែខ្លាំងជាងមុនបន្ទាប់ពីការរួមបញ្ចូលគ្នានេះ។ ខ្ញុំសង្ឃឹមថា ក្រុមហ៊ុនបរទេសនឹងព្យាយាមកាន់តែខ្លាំងជាងមុន ដើម្បីកាត់បន្ថយនិន្នាការផ្តាច់មុខនេះ។ ចិនគឺជាទីផ្សារដ៏ធំមួយ ហើយក្រុមហ៊ុនបរទេសទាំងនោះមិនអាចដើរចេញពីទីផ្សារនេះបានទេ»។
ទោះបីជាគម្រោងរួមបញ្ចូលគ្នានេះត្រូវបានគេពិភាក្សាអស់រយៈពេលជាច្រើនខែរហូតមកដល់ពេលនេះ ហើយរូបភាពទូទៅនៃការរួមបញ្ចូលគ្នានោះកាន់តែច្បាស់ជាងមុនក៏ដោយ មានសញ្ញាណខ្លះដែលបង្ហាញថា គម្រោងរួមបញ្ចូលគ្នានេះស្ថិតនៅក្នុងដំណាក់កាលកែតម្រូវមួយចំនួន ហើយរដ្ឋាភិបាលមានការស្ទាក់ស្ទើរក្នុងការបញ្ចេញសេចក្តីលម្អិតពេញលេញនៃគម្រោងនេះ។
ហេតុផលមួយដែលអាចមាននៅពីក្រោយការមិនបញ្ចេញសេចក្តីលម្អិតនេះគឺការទទួលបានផលប្រយោជន៍ផ្ទាល់ខ្លូនដ៏ច្រើន និងឥទ្ធិពលដែលសហគ្រាសរដ្ឋរបស់ចិនមាន។ សហគ្រាសខ្លះមានអំណាចធំជាងក្រសួងនានារបស់រដ្ឋាភិបាលទៅទៀត។
ប្រភពព័ត៌មានមួយចំនួនក្នុងវិស័យឧស្សាកម្មបាននិយាយថា ក្រុមហ៊ុនផលិតនាវាធំៗពីរគឺក្រុមហ៊ុន China Shipbuilding និងក្រុមហ៊ុន CSSC Holdings Ltd and Guangzhou Shipyard International Co Ltd នឹងក្លាយជាក្រុមហ៊ុនរួមបញ្ចូលនាពេលបន្ទាប់។ ក៏ប៉ុន្តែ មិនទាន់មានការអះអាងបញ្ជាក់ជាផ្លូវការនៅឡើយទេ។ សេចក្តីរាយការណ៍ពីមុនៗអំពីការរួមបញ្ចូលគ្នាដែលត្រូវបានគ្រោងទុករវាងក្រុមហ៊ុន China Petroleum & Chemical និង ក្រុមហ៊ុន PetroChina ត្រូវបានបដិសេធដោយទីភ្នាក់ងាររបស់រដ្ឋ។
សេដ្ឋកិច្ចវិទូបាននិយាយថា ការបញ្ចេញឲ្យដឹងរឿងបែបនេះ និងការច្រានចោលជាបន្តបន្ទាប់នោះ គឺជាមធ្យោបាយមួយក្នុងការធ្វើតេស្តប្រតិកម្មទីផ្សារ និងជួយឲ្យក្រុមមន្ត្រីអាចគិតគូរអំពីពេលវេលានៃការរួមបញ្ចូលគ្នា។
ការធ្វើបែបនេះក៏បានផ្តល់ឲ្យអ្នកវិនិយោគទុននូវឱកាសក្នុងការទទួលបានប្រាក់ចំណេញដ៏ច្រើននៅលើទីផ្សារភាគហ៊ុន ក៏ដូចជាផ្តល់ឱកាសដល់រដ្ឋាភិបាលក្នុងការប្រមូលមូលនិធិ នៅខណៈដែលភាគហ៊ុននៃសហគ្រាសគ្រប់គ្រងដោយរដ្ឋកំពុងតែកើនឡើងយ៉ាងគំហុក។
ភាគហ៊ុនរបស់ក្រុមហ៊ុន China South Railway និងក្រុមហ៊ុន China North Railway កើនឡើងយ៉ាងខ្លាំងនៅមុនការរួមបញ្ចូលគ្នារបស់ពួកគេ ដោយភាគហ៊ុនរបស់ក្រុមហ៊ុន China South Railway បានកើនឡើងរហូតដល់ទៅ៥១០ភាគរយនៅចន្លោះពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ដល់ថ្ងៃទី២០ ខែមេសានេះ (២០១៥)។ ចំណែកភាគហ៊ុនរបស់ក្រុមហ៊ុន China North Railway បានកើនឡើងដល់៤៨៣ភាគរយក្នុងអំឡុងពេលដូចគ្នានេះ។
គម្រោងរួមបញ្ចូលគ្នាមួយចំនួនកើតមានឡើង នៅពេលក្រុមហ៊ុនបរទេសដែលមានប្រតិបត្តិការក្នុងប្រទេសចិនកំពុងមានភាពប្រថុយប្រថានរួចទៅហើយ បន្ទាប់ពីមានការបង្ក្រាបជាបន្តបន្ទាប់ពីសំណាក់អាជ្ញាធរ ដោយសារការដាក់តម្លៃ និងការផ្តល់អាជ្ញាបណ្ណកម្មសិទ្ធិបញ្ញាដោយមិនមានសមភាព។ ក្រុមហ៊ុនបរទេសជាច្រើនបានត្អូញត្អែរចំពោះការយកពួកគេជាគោលដៅដែលវាមិនយុតិ្តធម៌សោះឡើយ ក៏ប៉ុន្តែអាជ្ញាធរនិយាយថា ខ្លួនក៏បានយកក្រុមហ៊ុនចិនជាគោលដៅនៃការបង្ក្រាបនោះដែរ។
លោក Xu បានបន្តថា៖ «ក្រុមហ៊ុនបរទេសមានហេតុផលដែលត្រូវព្រួយបារម្ភ ពីព្រោះការរួមបញ្ចូលគ្នាអាចធ្វើឲ្យក្រុមហ៊ុនចិនកាន់តែខ្លាំងជាងមុនក្នុងការប្រកួតប្រជែងជាលក្ខណៈអន្តរជាតិ។ ក៏ប៉ុន្តែ ប្រសិនបើរដ្ឋាភិបាលមិនមានលទ្ធភាពគ្រប់គ្រងការរួមបញ្ចូលគ្នានោះឲ្យបានត្រឹមត្រូវទេ ជាលទ្ធផលវានឹងបង្កជាភាពខ្សត់ខ្សោយក្នុងការប្រកួតប្រជែងពីក្រុមហ៊ុនក្នុងស្រុកទាំងនោះ»។
អ្នកវិភាគខ្លះនិយាយថា កម្មវិធីរួមបញ្ចូលគ្នានេះទំនងជាមិនអាចមានផលប៉ះពាល់អ្វីទៅលើការត្រួតត្រារបស់រដ្ឋាភិបាលទៅលើឧស្សាហកម្មទាំងឡាយទេ និងមិនបានធ្វើអ្វីជាដុំកំភួនទេក្នុងការធ្វើសេរីកម្មទីផ្សារ។
លោក Andrew Batson នាយកផ្នែកស្រាវជ្រាវនៃក្រុមហ៊ុនប្រឹក្សាយោបល់ចិន ឈ្មោះ Gavekal Dragonomics និយាយថា៖ «សហគ្រាសរដ្ឋធំៗទំនងជាស្ថិតនៅក្នុងវិស័យផ្សេងៗដែលគណបក្សកុម្មុយនិស្តចាត់ទុកថាជា «ខ្សែជីវិត» សម្រាប់សេដ្ឋកិច្ច និងសន្តិសុខជាតិ ដូចជាវិស័យថាមពលជាដើម។ ដូច្នេះ ខ្ញុំសង្ស័យថា រចនាសម្ព័ន្ធមូលដ្ឋាននៃកម្មសិទ្ធិរបស់ក្រុមហ៊ុនទាំងនេះនឹងមិនមានការផ្លាស់ប្តូរទេ»៕
ប្រែសម្រួលដោយ នៀម ឆេង