ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​វិនិយោគ​ចិន​បាន​ចំណាយ​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​នៅ​ក្នុង​អូស្រ្តាលី


រូប​ភាព​ឯកសារ៖ ស្លាក​សញ្ញា​ «លក់» នៅ​ខាង​ក្រៅ​ផ្ទះ​មួយ​ក្នុង​ទីក្រុង​ស៊ីដនី។ កាល​ពី​ខែ​កញ្ញា​ ឆ្នាំ​២០១៤។​​
រូប​ភាព​ឯកសារ៖ ស្លាក​សញ្ញា​ «លក់» នៅ​ខាង​ក្រៅ​ផ្ទះ​មួយ​ក្នុង​ទីក្រុង​ស៊ីដនី។ កាល​ពី​ខែ​កញ្ញា​ ឆ្នាំ​២០១៤។​​

ចិន​បាន​ក្លាយ​ជា​ប្រភព​សំខាន់​នៃ​ការវិនិយោគ​ពី​បរទេស​របស់​អូស្រ្តាលី។​ អ្នក​ទិញ​ពី​ចិន​ បាន​ចំណាយ​លុយ​ជិត​ដល់​ ៩​,៥ ពាន់​លាន​ដុល្លារ​អាមេរិកាំង​ទៅ​លើ​វិស័យ​អចលន​ទ្រព្យ​កាល​ពី​ឆ្នាំ​មុន​ លើស​ពី​ប្រាក់​ចំណាយ​របស់​អ្នក​វិនិយោគ​របស់​ស.រ.អា។​ ក្នុង​រដ្ឋ​ធានី​កាន់បេរ៉ា​ រដ្ឋាភិបាល​កំពុង​សម្រេច​ច្បាប់​ថ្មី​ដើម្បី​គ្រប់គ្រង​អ្នក​វិនិយោគ​បរទេស​ដែល​ចង់​ទិញ​អចលនទ្រព្យ​របស់​អូស្រ្តាលី។​

ជា​លើក​ដំបូង​ ប្រទេស​ចិន​បាន​ក្លាយ​ជា​ប្រភព​សំខាន់​នៃ​ការវិនិយោគ​បរទេស​នៅ​ក្នុង​ប្រទេស​អូស្រ្តាលី​ ហើយ​បាន​រុញ​ច្រាន​សហរដ្ឋ​អាមេរិក​ទៅ​កាន់​ចំណាត់​ថ្នាក់​លេខ​ពីរ​វិញ។​

កាល​ពី​ឆ្នាំ​មុន​ អ្នក​វិនិយោគ​ចិន​ដែល​មាន​លុយ​ច្រើន​បានដាក់​ទុន​ ២១​,៨​ ពាន់លាន​ដុល្លារ​អាមេរិកាំង​ចូល​ទៅ​ក្នុង​ប្រទេស​អូស្រ្តាលី​ ខណៈ​ពេល​ដែល​ការវិនិយោគ​ពី​ស.រ.អា​មាន​តម្លៃ​ត្រឹម​ ១៣​,៨ពាន់​លាន​ដុល្លារ​អាមេរិកាំង។​

តួ​លេខ​នេះ​មាន​ចុះ​នៅ​ក្នុង​របាយការណ៍​ប្រចាំ​ឆ្នាំ​ ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​ដោយ​ក្រុម​ប្រឹក្សា​ពិនិត្យ​មើល​វិនិយោគ​បរទេស​របស់​អូស្រ្តាលី​ ដែល​ត្រូវ​បាន​រៀប​ចំ​ឡើង​ដើម្បី​គ្រប់​គ្រង​ការ​វិនិយោគ​ក្រៅ​ប្រទេស។​

ភាគ​ច្រើន​នៃ​ចំណាប់​អារម្មណ៍​របស់​អ្នក​វិនិយោគ​ចិន​ គឺ​ផ្តោត​សំខាន់​លើ​វិស័យ​អចលនទ្រព្យ​ ដែល​មាន​ការចំណាយ​ទុន​ដល់​ទៅ​ ៩​,៥ ពាន់លាន​ដុល្លារ​អាមេរិកាំង​ក្នុង​ឆ្នាំ​២០១៤។​ ចំនួន​នេះ​គឺ​ច្រើន​ជាង​ពីរ​ដង​នៃ​បរិមាណ​ទុន​ដែល​អ្នក​វិនិយោគ​អាមេរិកាំង​បាន​ចំណាយ​ទៅ​លើ​វិស័យ​អចលនទ្រព្យ​អូស្រ្តាលី។​

លំហូរ​នៃ​លុយ​ពី​ប្រទេស​ចិន​ចូល​ទៅ​ក្នុង​វិស័យ​អចលនទ្រព្យ​អូស្រ្តាលី​បាន​បង្កើន​ចំណុច​រសើប​ផ្នែក​នយោបាយ​ ជា​ពិសេស​នៅ​ក្នុង​ទីក្រុង​ស៊ីដនី​ ដែល​តម្លៃ​ផ្ទះ​បាន​កើន​ឡើង​រហូត​ដល់​ទៅ​ ១៤​ភាគរយ​កាល​ពី​ឆ្នាំ​មុន​ ស្មើ​និង​៦០​ភាគរយ​ចាប់​តាំង​ពី​ឆ្នាំ​២០០៩។​ ការកើន​ឡើង​យ៉ាង​ឆាប់​រហ័ស​នេះ​ មិន​មែន​ត្រឹម​តែ​ជា​លទ្ធផល​នៃ​ការវិនិយោគ​បរទេស​នោះ​ទេ​ ប៉ុន្តែ​គឺ​ដោយ​សារ​តែ​អត្រា​ការប្រាក់​មាន​កំណត់​ទាប​បំផុត​នៅ​ក្នុង​អូស្រ្តាលី​ រួម​ជា​មួយ​កង្វះ​ខាត​នៃ​ចំនួន​ផ្គត់ផ្គង់។​

យ៉ាង​ណា​ក៏ដោយ​ រដ្ឋាភិបាល​អូស្រ្តាលី​បាន​ស្នើ​ឲ្យ​មាន​ច្បាប់​តឹងរឹង​ថ្មី​ ដើម្បី​គ្រប់​គ្រង​លើ​ការវិនិយោគ​បរទេស​នៅ​ក្នុង​វិស័យ​អចលនទ្រព្យ​ផ្ទះ​សម្បែង។​

លោក​ Tim​ Harcourt​ សេដ្ឋវិទូ​មក​ពី​សាលា​ពាណិជ្ជកម្ម​នៃ​សាកលវិទ្យាល័យ​ New​ South​ Wales​ Business​ School​ បាន​និយាយ​ថា​ ការហូរ​ចូល​នៃ​វិនិយោគ​ពី​ប្រទេស​ចិន​ គឺ​មិន​បាន​រំពឹង​ទុក​ជា​មុន​ទេ។​

«នេះ​ជា​បាតុភូត​ថ្មី​មួយ​ ពី​ព្រោះ​ជាទូទៅ​អ្នក​វិនិយោគ​បរទេស​មក​កាន់​អូស្រ្តាលី​ តាម​ធម្មតា​ភាគ​ច្រើន​មាន​មក​ពី​អឺរ៉ុប​ ស.រ.អា​ និង​ជប៉ុន​ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​ថ្មីៗ​នេះ​ ដូច​នេះ​គេ​អាច​និយាយ​បានថា​ ចិន​ និង​ឥណ្ឌា​ជា​អ្នក​វិនិយោគ​ថ្មី។​ អាស្រ័យ​ហេតុ​នេះ ​ការដែល​ប្រទេស​ទាំង​នោះ​ស្ទុះ​ឡើង​លេខ​រៀង​យ៉ាង​ឆាប់​រហ័ស​ដូច​នេះ​ គឺ​ហាក់​បី​ដូច​ជា​មិន​ត្រូវ​បាន​គេ​រំពឹង​ទុក​ជា​មុន​ទេ។​ ករណី​ភាគ​ច្រើន​ទាក់​ទង​នឹង​វិស័យ​អប់រំ​ និង​ការ​ចង់​បាន​ប័ណ្ណ​និវាសដ្ឋាន​អចិន្រ្តៃយ៍»។​

កាល​ពី​ឆ្នាំ​មុន​ គណៈកម្មាធិការ​សភា​មួយ​នៅ​ក្នុង​រដ្ឋធានី​កាន់បេរ៉ា​បាន​រក​ឃើញ​ថា​ ជា​ជាង​ការ​ធ្វើ​ឲ្យ​ខូច​ទីផ្សារ​លំនៅដ្ឋាន​អូស្រ្តាលី​ តាម​ពិត​ទៅ​ការ​វិនិយោគ​បរទេស​បាន​ជួយ​ទប់ទល់​ការ​ឡើង​ថ្លៃ​ផ្ទះ​ឯកជន​ ដោយសារ​ការ​កើន​ឡើង​នៃ​សំណង់​ផ្ទះ​ថ្មី​ច្រើន​ថែម​ទៀត។​ ក្រុម​មន្រ្តី​និយាយ​ថា​ ផល​ប្រយោជន៍​ក៏​ទទួល​បាន​បន្ថែម​ជាមួយ​នឹង​ការ​បង្កើត​ការងារ​នៅ​ក្នុង​វិស័យ​សំណង់​ និង​ចំណូល​ខាង​ពន្ធ​ដារ​ផង​ដែរ។​

ដើម្បី​បំពេញ​សេចក្តី​ត្រូវការដែល​កំពុង​កើន​ឡើង​នៅ​ប្រទេស​ចិន​ ក្រុមហ៊ុន​អចលនទ្រព្យ​ធំៗ​នៅ​ក្នុង​អូស្រ្តាលី​ បាន​បើក​ការិយាល័យ​នៅ​ក្នុង​ទីក្រុង​ប៉េកាំង​ និង​ហុងកុង​ ដើម្បី​ផ្តល់​សេវាកម្ម​ដែល​សម្រប​ទៅ​តាម​ចំណង់​របស់​អ្នក​វិនិយោគ​ក្នុង​ស្រុក។​

ខណៈ​ពេល​ដែល​ការលក់​អចលនទ្រព្យ​ទៅ​ឲ្យ​ជនជាតិ​ចិន​កំពុង​ធ្វើ​បន្ត​ ការលក់​កសិដ្ឋាន​នៅ​អូស្រ្តាលី​ទៅ​ឲ្យ​ជនបរទេស​បាន​ក្លាយ​ជា​រឿង​ចម្រូង​ចម្រាស​កាន់​តែ​ខ្លាំង​ឡើង។​ អ្នក​រិះ​គន់​មួយ​ចំនួន​បាន​និយាយ​ថា​ វា​បាន​ធ្វើ​ឲ្យ​វិស័យ​សន្តិសុខ​ស្បៀង​អាហារ​អូស្រ្តាលី​ប្រឈម​នឹង​ហានិភ័យ​ ខណៈ​ដែល​អ្នក​គាំទ្រ​ទទូច​ថា​ វា​បាន​ជួយ​សម្រួល​ផ្នែក​ហិរញ្ញវត្ថុ​ដល់​វិស័យ​ឧស្សាហកម្ម​នាំចេញ​ដ៏​សំខាន់​មួយ​នេះ៕​

ប្រែ​សម្រួល​ដោយ​ នូវ​ ពៅ​លក្ខិណា

វីដេអូថ្មីៗបំផុត

XS
SM
MD
LG