ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

កូតកម្ម​ការងារ​បាន​កើន​ឡើង​យ៉ាង​ខ្លាំង​ក្នុង​ប្រទេស​ចិន


ប៉ូលីសមួយរូបបានស្រែកនៅពេលដែលកំពុងកាន់ដំបងមួយក្នុងអំឡុងពេលប្រឈមមុខដាក់គ្នាមួយក្រុមបាតុករធ្វើបាតុកម្មប្រឆាំងនឹងពាណិជ្ជករចិនដីគោកនៅក្នុងទីក្រុងហុងកុងទី ១ ខែមិនា ឆ្នាំ ២០១៥ ។ កូតកម្ម​ការងារ​បាន​កើន​ឡើង​យ៉ាង​ខ្លាំង​ក្នុង​ប្រទេស​ចិន។

កូតកម្ម​ការងារ​បាន​កើន​ឡើង​យ៉ាង​ខ្លាំង​ក្នុង​ប្រទេស​ចិនមាន​ការ​តវ៉ា​កាន់​តែ​ច្រើន​ឡើងៗ​នៅ​ក្នុង​ប្រទេស​ចិន ហើយ​សកម្មជន​ការងារ​និយាយ​ថា​ បាតុកម្ម​ទាំង​នេះ​ត្រូវ​បាន​ជំរុញ​ឲ្យ​កើត​មាន​ឡើងដោយ​សារ​តែ​សេដ្ឋកិច្ច​ដែល​មាន​កំណើន​យឺត​របស់​ប្រទេស​នេះ។

នៅ​ក្នុង​ករណី​ខ្លះ ​អ្នក​តវ៉ា​ទាំង​នោះ​អាច​បង្ខំ​នយោជក​របស់​ខ្លួន​ឲ្យ​ធ្វើ​កិច្ច​ព្រមព្រៀង​មួយ​ចំនួន​ទៅ​លើ​ប្រាក់​ឈ្នួល​ និង​ការ​ឧបត្ថម្ភ​ផ្សេងៗ​។

អង្គការ​មួយ​ឈ្មោះ​ថា​ ព្រឹត្តិប័ត្រ​ការងារ​ចិន (The China Labour Bulletin) ដែល​តាម​ដាន​ជម្លោះ​ការងារ​ជា​ច្រើន​ បាន​រក​ឃើញ​ថា​ ​មាន​កូតកម្ម​ប្រមាណ​ជា​មួយពាន់​បួន​រយ​ករណី​បាន​កើត​ឡើង​ក្នុង​ឆ្នាំ​២០១៤ ​ហើយ​ចំនួន​នៃ​ការ​តវ៉ា​ទាំង​នោះ​កើន​ឡើង​កាន់​តែ​ច្រើន​នៅ​ក្នុង​រយៈពេល​ពីរ​ខែ​ដំបូង​នៃ​ឆ្នាំ​នេះ។

Jeffrey Crothall គឺជា​អ្នក​ស្រាវជា្រវ​នៃ​ការិយាល័យ​របស់​អង្គការ​ ព្រឹត្តិប័ត្រ​ការងារ​ចិន នៅ​កោះ​ហុងកុង។

លោកមាន​ប្រសាសន៍​ថា៖ «យើង​បាន​ធ្វើ​កំណត់ត្រា​លើកូតកម្ម​និង​ការ​តវ៉ា​ការងារ​ជារួម​ និងពេល​វេលា​ដែល​ព្រឹតិ្តការណ៍​ទាំង​នោះ​កើត​ឡើង​ ហើយ​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​ យើង​បាន​កត់ត្រា​ព្រឹត្តិការណ៍​ទាំង​នោះ​បានចំនួន​២០០​ករណី​ជា​មធ្យម​ក្នុង​មួយ​ខែ»។

អង្គការ​ ព្រឹត្តិប័ត្រ​ការងារ​ចិន បាន​កត់ត្រា​បាតុកម្ម​តវ៉ា​ចំនួន​៥៦៩ករណីនៅ​ក្នុង​ត្រី​មាស​ចុង​ក្រោយ​កាលពី​ឆ្នាំ​មុន។ នោះ​ជា​កំណើន​៣ដង​ បើ​ប្រៀប​ធៀប​នឹង​ចំនួន​កូតកម្ម​ក្នុង​រយៈពេល​ដូចគ្នា​នៅ​ឆ្នាំ​២០១៣។ ​ហើយ​មាន​ការ​កើន​ឡើង​យ៉ាង​ខ្លាំង​ចាប់​តាំង​ពី​ឆ្នាំ២០១១​មក ដែល​នៅ​ក្នុង​ឆ្នាំ​នោះ​មាន​ការ​តវ៉ា​ចំនួន​តែ​១៨៥​ករណី​ប៉ុណ្ណោះត្រូវ​បាន​កត់ត្រា​ក្នុង​រយៈ​ពេល​ពេញ​មួយ​ឆ្នាំ។

សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​មាន​កំណើន​យឺតយ៉ាវ​នៅ​ក្នុង​ឆ្នាំ​កន្លង​មក​ ដោយ​រីក​ចម្រើន​បាន​ត្រឹម​តែ​៧.៤​ភាគរយ​ប៉ុណ្ណោះ​ក្នុង​ឆ្នាំ​២០១៤ ដែល​ជា​កំណើន​យឺត​បំផុត​ក្នុង​រយៈ​ពេល​២០ឆ្នាំ​កន្លង​មក​នេះ។ អាជ្ញាធរ​បាន​ព្រមាន​សាធារណជន​ ដោយ​បាន​ពន្យល់​ថា​ ប្រទេស​នេះ​កំពុង​ឈាន​ចូល​ដំណាក់​កាល​នៃ​កំណើន​សេដ្ឋកិច្ច​យឺត​យ៉ាវ​ ប៉ុន្តែ​ជា​កំណើន​មួយ​ «ប្រកប​គុណភាព​ខ្ពស់​ជាង​មុន»។

កូតកម្ម​ទាំង​នោះ​ត្រូវ​បាន​ផ្សព្វផ្សាយ​យ៉ាង​លឿន​តាម​រយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ក្នុង​ចំណោម​កម្មករ​ដែល​ភាគ​ច្រើន​ស្ថិត​នៅ​ចន្លោះ​ខេត្ត​ Guangdong ខេត្ត Jiangsu ​ខេត្ត​ Shandong និង​ខេត្ត ​Henan។ អ្នក​តវ៉ា​ភាគ​ច្រើន​កំពុង​ទាមទារ​ប្រាក់​ឈ្នួល​ខ្ពស់​ជាង​មុន​ ប្រាក់​ឈ្នួល​ដែល​មិន​បាន​បើក​ពី​ខែ​មុនៗ​ អត្ថប្រយោជន៍​ដែល​ល្អ​ប្រសើរ​ជាង​នេះ​ និង​ប្រាក់​ចូល​និវត្តន៍។

លោក​ William Nee ​គឺជា​អ្នក​ស្រាវជ្រាវ​ជនជាតិ​ចិន​នៅ​អង្គការ​លើក​លែង​ទោស​អន្តរជាតិ​ (Amnesty International)។ លោក​បាន​មាន​ប្រសាសន៍​ថា៖​ «កូតកម្ម​ និង​ការ​តវ៉ា​កំពុង​តែ​កើន​ឡើង​នៅ​ក្នុង​ប្រទេស​ចិន​ ហើយ​នេះ​ជា​បញ្ហា​មួយ​ក្នុង​ចំណោម​បញ្ហា​សំខាន់ៗ​ដែល​បណ្តាល​ឲ្យ​មនុស្ស​ម្នា​នាំ​គ្នា​មក​តវ៉ា​នៅលើ​ដង​ផ្លូវ។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ ក្នុង​ករណី​ភាគ​ច្រើន​ អ្នក​តវ៉ា​ទាមទារ​នូវ​អ្វី​ដែល​រោងចក្រ​បាន​ជំពាក់​ពួកគេពាក់​ព័ន្ធ​ទៅ​នឹង​ប្រាក់​ឈ្នួល​ ប្រាក់​ឈ្នួល​ដែល​ជំពាក់​ ប្រាក់​ធានារ៉ាប់រង​សង្គម និង​ប្រាក់​ស្នាក់​នៅ។​ ដូច្នេះ ​ចំណុច​ទាំង​នេះ​ជា​បញ្ហា​របស់​រោងចក្រ​ផ្ទាល់​តែ​ម្តង ឬ​នៅ​ក្នុង​ករណី​ខ្លះ ពួកគេកំពុង​តវ៉ា​ទៅ​កាន់​រដ្ឋាភិបាល​ដើម្បី​បង្ខំ​រោងចក្រ​បង់​ប្រាក់​ឲ្យ​ពួកគេ។ ដូច្នេះ​ ទាំង​នេះ​ជា​ការ​តវ៉ា​ដែល​មិន​មាន​និន្នាការ​នយោបាយ​នោះ​ទេ។ ពួកគេ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់លើ​ទំនាក់ទំនង​ជាមួយ​នយោជក​ជាង»។

នៅ​ក្នុង​ឆ្នាំ​១៩៩៥​ ប្រទេស​ចិន​បាន​អនុម័ត​ច្បាប់​ការងារ​ដែល​ផ្តល់​សិទ្ធិ​ទទួល​បាន​ប្រាក់​ឈ្នួល រយៈ​ពេល​ឈប់​សម្រាក​ គ្មាន​ការ​ធ្វើ​ការ​ហួស​ម៉ោង​កំណត់​ និង​មាន​សិទ្ធិ​ក្នុង​ការ​ចរចា​ជា​ក្រុម ​ទៅ​ឲ្យ​កម្មករ​ទាំង​អស់។ កំណើន​សេដ្ឋកិច្ច​យ៉ាង​លឿន​ជា​ច្រើន​ឆ្នាំ​ចាប់​តាំង​ពី​ពេល​អនុម័ត​ច្បាប់​នោះ​ បាន​កាត់​បន្ថយ​ភាព​ក្រីក្រ​ក្នុង​ចំណោម​មនុស្ស​រាប់​លាននាក់។​ ប៉ុន្តែ​នៅ​គ្រា​ដែល​សេដ្ឋកិច្ច​រង​តំហយ​ចុះ​ ប្រាក់ឈ្នួល​អាច​នៅ​ថេរ ហើយ​អត្រា​និកម្មភាព​អាច​កើន​ឡើង មនុស្ស​ជាច្រើន​បាន​ចាប់​ផ្តើម​ទម្លាក់​កំហុស​ទៅ​លើ​រដ្ឋាភិបាល។

ដោយ​សង្ឃឹម​ថា​នឹង​ជំរុញ​អាជ្ញាធរមូលដ្ឋាន​ឲ្យ​ដោះស្រាយ​បញ្ហា​នេះ អាជ្ញាធរក្រុង​ប៉េកាំង​បាន​ចេញ​សេចក្តី​ជូន​ដំណឹង​មួយ​កាល​ពី​ខែ​មុន​ ទៅ​កាន់​រដ្ឋាភិបាលមូលដ្ឋាន​ឲ្យ​ចាត់​ទុក​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ទំនាក់​ទំនង​ការងារជា​«ការងារ​បន្ទាន់»។ សារាចរ​ណែនាំ​នេះ​និយាយ​ថា​ ​មន្រ្តី​មូលដ្ឋាន​ត្រូវធ្វើ​ការ​ដើម្បី​ធានា​ថា​ នយោជិក​ត្រូវ​ទទួល​បាន​ប្រាក់​ឈ្នួល​ទាន់​ពេល​ និង​ពេញ​លេញ ​ហើយ​ត្រូវចាប់​ផ្តើម​កម្មវិធី​ផ្តល់​ការ​ការពារ​ការងារ​ដែល​មាន​លក្ខណៈ​ប្រសើរ​ជាង​នេះ​សម្រាប់​កម្មករ​ចំណាក​ស្រុក​មក​ពី​តំបន់​ដាច់​ស្រយាល និង​អំពាវនាវ​ឲ្យ​និយោជក​បង្កើន​សុវត្ថិភាព​នៅ​កន្លែង​ធ្វើការ។

ប៉ុន្តែ​ កិច្ច​ប្រឹងប្រែង​ទាំង​នោះ​មិន​អាច​បង្វែង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដែល​កើត​ចេញ​ពី​កំណើន​សេដ្ឋកិច្ច​យឺត​កាន់​តែ​ខ្លាំង​នោះ​បាន​ទេ។ លោក​ Shaun Rein​ គឺជា​ប្រធាន​នៃ​ក្រុម​ស្រាវជ្រាវ​មួយ​ឈ្មោះ​ថា​ ទីផ្សារ​ចិន (China Market)។

លោក​បាន​មាន​ប្រសាសន៍​ថា៖ «ដូច្នេះ ​ ​សេដ្ឋកិច្ច​បាន​ស្ថិត​នៅ​ក្នុង​ការ​ធ្លាក់​ចុះ​ដុន​ដាប​ខ្លាំង​ ចាប់​ផ្តើម​ពី​ខែ​កុម្ភៈ ​ដែល​ការ​ធ្លាក់​ចុះ​នេះគឺ​អាក្រក់​ជាង​អ្វី​ដែល​សេដ្ឋវិទូ​បាន​គិត​ទុក​ទៅ​ទៀត។ ហើយ​ការ​ធ្លាក់​ចុះ​នេះ​ ពិត​ជា​ត្រូវ​បាន​គេ​សង្កត់​ធ្ងន់​ថា​ ដោយ​សារ​បញ្ហា​គ្មាន​ការងារ​ធ្វើ។ វា​មិន​មែន​ដោយ​សារ​កំណើន​ផលិតផល​ក្នុង​ស្រុក​សរុប​ (GDP)​ ទេ​ ដែល​ខ្ញុំ​គិត​ថា​ វា​ជា​តួ​លេខ​ធម្មតា​មួយ។ ប៉ុន្តែ​អ្វី​ដែល​អ្នក​កំពុង​តែ​ឃើញ​មាន​នៅ​ក្នុង​វិស័យ​រោងចក្រ​គឺ​ថា ​រោងចក្រ​តូច​តាច​ និង​ទន់​ខ្សោយ​មួយ​ចំនួន​ត្រូវ​កាត់​បន្ថយ​តម្លៃផលិតផល​របស់​ខ្លួន​ស្របតាម​ទីផ្សារ»។

លោក​ Rein ​និយាយ​ថា​ ទីផ្សារ​ការងារ​របស់​ចិន​កំពុង​តែ​ចុះ​ខ្សោយ​ទាំង​នៅ​ក្នុង​ទីក្រុង​ និង​នៅ​តំបន់​ជនបទ ​ក៏​ដូច​ជា​នៅ​ក្នុង​ចំណោម​បុគ្គលិក​ក្នុង​ការិយាល័យ​និង​បុគ្គលិក​ប្រើ​កម្លាំង​ ដែល​អាច​នឹង​គម្រាមកំហែងស្ថេរភាព​សង្គម។ ទោះ​បី​ជា​មនុស្ស​ជា​ច្រើន​ ដែល​បាន​ចូល​រួម​ក្នុង​ការ​តវ៉ា ​ត្រូវ​បាន​ឃាត់​ខ្លួន​ក៏ដោយ​ មាន​មនុស្ស​តែពីរ​បី​នាក់​ប៉ុណ្ណោះ​ត្រូវ​បាន​កាត់​ទោស​ពី​បទ​ល្មើស​ព្រហ្មទណ្ឌ៕

ប្រែ​សម្រួល​ដោយ ប៊ុន ប៉េងហ៊ុយ

XS
SM
MD
LG