ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

តៃវ៉ាន់​ដាក់​ស្នើ​ការ​ផ្តួច​ផ្តើម​គំនិត​សន្តិភាព​សម្រាប់​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​​

  • Ralph Jennings

ប្រធានាធិបតីតៃវ៉ាន់ Ma​ Ying-jeou ថ្លែង​នៅខណៈ​លោក​ប្រកាស​អំពី​ការផ្តួចផ្តើម​សន្តិភាព​ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង​ នៅវេទិកាស្រាវជ្រាវ​អាស៊ីប៉ាស៊ីហ្វិក ក្នុង​ក្រុង​តៃប៉ិក កោះតៃវ៉ាន់​ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៥។

កោះ​តៃវ៉ាន់​ដាក់​ស្នើ​ការ​ផ្តួច​ផ្តើម​មួយ​សម្រាប់​សន្តិភាព​ ដើម្បី​បន្ធូរ​បន្ថយ​ភាព​តាន​តឹង​ក្នុង​រឿង​សមុទ្រ​ចិន​ខាង​ត្បូង។​ គម្រោង​ដែល​ត្រូវ​បាន​ប្រកាស​ដោយ​ប្រធានាធិបតី​កោះ​តៃវ៉ាន់​កាល​ពី​ថ្ងៃ​អង្គារ​នេះ​ បាន​អំពាវនាវ​ឲ្យ​មាន​សហប្រតិបត្តិការ​ក្នុង​បណ្តា​រដ្ឋាភិបាល​មួយ​ចំនួន​ រួម​ទាំង​ប្រទេស​ចិន​ផង​ដែរ​ ដែល​ទាម​ទារ​ផ្នែក​ទាំង​អស់​ឬ​ផ្នែក​ខ្លះ​នៃ​មហាសមុទ្រ​ដែល​សម្បូរ​ទៅ​ដោយ​ប្រេងកាត​ ឧស្ម័ន​ និង​ធនធាន​មច្ឆាជាតិ។​

ប្រធានាធិបតី​តៃវ៉ាន់​ លោក​ Ma​ Ying-jeou ​បាន​អំពាវនាវ​ដល់​ប្រទេស​ទាំងឡាយ​ដែល​ទាមទារ​យក​សមុទ្រ​ចិន​ខាង​ត្បូង​ដ៏​មហិមា​នោះ​ ឲ្យ​ទុក​ជម្លោះ​អធិបតេយ្យភាព​ដោយ​ឡែក​ ហើយ​ងាក​មក​ធ្វើការ​ជាមួយ​គ្នា​ក្នុង​ការ​រុករក​ធនធាន​ដែល​មាន​ក្នុង​តំបន់​នោះ។​ ការ​ផ្តួច​ផ្តើម​របស់​លោក​បាន​ស្នើ​ថា​ គ្មាន​ប្រទេស​ជាតិ​ណាមួយ​អាច​ចាត់​វិធានការ​ដោយ​ឯកតោភាគី​ដែល​អាច​ធ្វើ​ឲ្យ​ភាព​តានតឹង​កើតឡើង​កាន់​តែ​ខ្លាំង​បាន​ទេ។​

កោះ​តៃវ៉ាន់​និង​រដ្ឋាភិបាល​ប្រាំ​ផ្សេង​ទៀត​ បាន​អះអាង​ទាមទារ​ មហាសមុទ្រ​ ដែល​មាន​ផ្ទៃ​ទំហំ​ ៣​ លាន​ ៥​សែន​ គីឡូម៉ែត្រ​ការ៉េ​ ហើយ​លាតសន្ធឹង​ពី​ឆ្នេរ​ខាង​ត្បូង​នៃ​កោះ​តៃវ៉ាន់​រហូត​ដល់​ប្រទេស​សិង្ហបុរី។​ ក៏ប៉ុន្តែ​ ភាព​តានតឹង​លើ​រឿង​ដែនដី​នេះ​ បាន​រីក​កាន់​តែ​ធំ​ឡើងៗ​កាលពី​មួយ​ឆ្នាំ​កន្លង​ទៅ​ នៅ​ខណៈ​ដែល​ប្រទេស​ចិន​បាន​ធ្វើ​ការ​តាម​ទារ​ដី​ជា​ថ្មី​ ហើយ​បាន​កសាង​ទីតាំង​យោធា​នៅ​លើ​កោះ​តូចៗ​ដាច់​ស្រយាល​ខ្លះ​ ដើម្បី​ពង្រីក​ការ​គ្រប់​គ្រង់​របស់​ខ្លួន។​

លោក​ប្រធានាធិបតី​ Ma​ Ying-jeou​ បាន​បញ្ចេញ​ឲ្យ​ដឹង​អំពី​គម្រោង​ការ​របស់​លោក​ នៅ​ការ​ប្រជុំ​ស្រាវជ្រាវ​មួយ​ អំពី​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ ដែល​ធ្វើ​ឡើង​នៅ​ក្នុង​ទីក្រុង​តៃប៉ិ។​

«យើង​សង្កត់​ធ្ងន់​ថា​ នៅ​កន្លែង​ណា​ដែល​អធិបតេយ្យភាព​មិន​អាច​បែង​ចែក​បាន​ ធនធាន​នៅ​តំបន់​នោះ​នៅ​តែ​អាច​បែង​ចែក​បាន​ គឺ​ថា​ត្រូវ​យក​ការ​ចែករំលែក​ធនធាន​ទាំង​នោះ​ មក​ដាក់​ជំនួស​ជម្លោះ​អធិបតេយ្យភាព​នោះ​វិញ»។​

កោះ​តៃវ៉ាន់​បាន​បញ្ចេញ​គម្រោង​ការ​ដែល​មាន​គោលបំណង​បន្ធូរបន្ថយ​ភាព​តាន​តឹង​នេះ​ ក្នុង​អំឡុង​ពេល​ដែល​ភាព​តាន​តឹង​នោះ​បាន​រីក​កាន់​តែ​ធំ​ឡើង​ ក្នុង​ពេល​ប៉ុន្មាន​សប្តាហ៍​កន្លង​ទៅ​នេះ។​

ក្រុង​ប៉េកាំង​ បាន​ដាក់​ពាក្យ​បណ្តឹង​ជា​ផ្លូវការ​ប្រឆាំង​នឹង​សហរដ្ឋ​អាមេរិក​ បន្ទាប់​ពី​យន្តហោះ​ចារកម្ម​របស់​សហរដ្ឋ​អាមេរិក​មួយ​គ្រឿង​បាន​ហោះ​ហើរ​លើ​កោះ​តូច​មួយ​កាល​ពី​សប្តាហ៍​មុន។​ មន្ត្រី​ចិន​បាន​ហៅ​ការ​ហោះ​ហើរ​នោះ​ថា​ជា​ «សកម្មភាព​បង្កហេតុ»។​ ក៏ប៉ុន្តែ​ មន្ត្រី​សហរដ្ឋ​អាមេរិក​និយាយ​ថា​ ការ​ហោះហើរ​ដើម្បី​ស៊ើបការណ៍​នេះ​ គឺ​ធ្វើឡើង​ក្នុង​គោលបំណង​ត្រួតពិនិត្យ​ការ​សាងសង់​ដែល​កំពុង​បន្ត​ធ្វើ​ឡើង​នៅ​លើ​កោះ​ទាំង​នោះ។​ ពួក​គេ​បាន​និយាយ​ថា​ ការ​ហោះ​ហើរ​ទាំង​នោះ​ បាន​ប្រព្រឹត្តិ​ធ្វើ​នៅ​ក្នុង​ដែន​លំហ​អាកាស​អន្តរជាតិ​ ដែល​មិន​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​ប្រទេស​ចិន​ឡើយ។​

ប្រទេស​ជប៉ុន​ក៏​មាន​សកម្មភាព​កាន់​តែ​ខ្លាំង​ នៅ​ពេល​ដែល​ប្រទេស​នេះ​ប្រជែង​ជាមួយ​ចិន​ដើម្បី​ទទួល​បាន​កម្មសិទ្ធិ​លើ​មហាសមុទ្រ​មួយ​ទៀត​ គឺ​សមុទ្រ​ចិន​ខាង​កើត។​

នៅ​ក្នុង​ខែ​កក្កដា​ខាង​មុខ​នេះ​ ប្រទេស​ជប៉ុន​នឹង​បញ្ជូន​ទាហាន​ជា​លើក​ដំបូង​ចំនួន​ ៤០​នាក់​ ទៅ​ចូល​រួម​ក្នុង​សមយុទ្ធ​យោធា​មួយ​ ដែល​រៀបចំឡើង​ដោយ​សហរដ្ឋ​អាមេរិក​និង​ប្រទេស​អូស្ត្រាលី។​ ក្រុង​តូក្យូ​ បាន​ស្នើ​ផ្តល់​ជំនួយ​ការពារ​ជាតិ​ដាច់​ដោយ​ឡែក​ពី​គ្នា​ ទៅ​ឲ្យ​ប្រទេស​វៀតណាម​ និង​ប្រទេស​ហ្វីលីពីន។​ កោះ​តៃវ៉ាន់​ ប្រទេស​ចិន​ ប៊្រុយណេ​ ម៉ាឡេស៊ី​ វៀតណាម​ និង​ហ្វីលីពីន​ បាន​ទាមទារ​យក​ផ្នែក​ណា​មួយ​នៃ​សមុទ្រ​ចិន​ខាង​ត្បូង​ ឬ​ទាមទារ​យក​សមុទ្រ​នោះ​ទាំង​ស្រុង។​

ការ​ផ្តួច​ផ្តើម​របស់​កោះ​តៃវ៉ាន់​ បាន​សើ្ន​ឲ្យ​មាន​ការ​បង្កើត​ប្រព័ន្ធ​មួយ​ដែល​អាច​ឲ្យ​ប្រទេស​ផ្សេងៗ​ទៀត​អាច​ប្រើ​ប្រាស់​ដែន​សមុទ្រ​នេះ​បាន​ សម្រាប់​ជំនួយ​មនុស្សធម៌​ ការ​ជួយ​សង្គ្រោះ​ក្នុង​មហន្តរាយ​ និង​ការ​ការពារ​បរិស្ថាន។​ នៅ​ក្នុង​ឆ្នាំ​២០១២​ លោក​ Ma ​បាន​ស្នើ​ឲ្យ​មាន​ការ​ផ្តួចផ្តើម​សន្តិភាព​មួយ​សម្រាប់​ការ​ដោះ​ស្រាយ​ជម្លោះ​ក្នុង​សមុទ្រ​ចិន​ខាង​កើត​ ដែល​រដ្ឋាភិបាល​កោះ​តៃវ៉ាន់​ ក៏​ដូចជា​ចិន​និង​ជប៉ុន​បាន​ទាមទារ​យក​ផ្នែក​ខ្លះ​តែ​រៀងៗ​ខ្លួន។​

លោក​ស្រី​ Joanna​ Lei​ នាយិកា​ប្រតិបត្តិ​នៃ​ក្រុម​អ្នក​វិភាគ​ផ្តល់​គំនិត​ Chunghua​ 21st​ Century ​ ដែល​មាន​មូលដ្ឋាន​ក្នុង​កោះ​តៃវ៉ាន់​និយាយ​ថា​ ការ​ផ្តួចផ្តើម​សន្តិភាព​របស់​លោក​ Ma ​ អាច​ជា​ការ​រំលឹក​អំពី​ការ​ទាមទារ​របស់​កោះ​តៃវ៉ាន់។​

«នេះ​ជា​រឿង​តូច​បំផុត​ដែល​លោក​ប្រធានាធិបតី​អាច​ធ្វើ​បាន​ ឬ​គួរ​តែ​ធ្វើ។​ បើ​សិន​ជា​មនុស្ស​គ្រប់​គ្នា​នាំ​គ្នា​ពិភាក្សា​អំពី​បញ្ហា​និង​ផល​ប្រយោជន៍​ផ្សេងៗ​ក្នុង​តំបន់​នោះ​ យ៉ាង​ហោច​ណាស់​អ្នក​គួរ​តែ​បញ្ចេញ​ឲ្យ​ដឹង​អំពី​ការ​ទាមទារ​របស់​អ្នក។​ អ្នក​គួរ​តែ​មាន​ការ​ទាមទារ​ក្នុង​កម្រិត​ស្មើ​គ្នា​ ក្នុង​នាម​ជា​ប្រទេស​មួយ​ដែល​ស្ថិត​នៅ​ក្នុង​ទឹកដី​តែ​មួយ​ ហើយ​គួរ​តែ​ត្រូវ​បាន​គេ​សុំ​ការ​ប្រឹក្សា​យោបល់»។​

សេចក្តី​ប្រកាស​កាល​ពី​ថ្ងៃ​អង្គារ​នេះ​ ក៏​បាន​អនុញ្ញាត​ឲ្យ​គណបក្ស​ជាតិ​និយម​របស់​លោក​ Ma ​ អាច​ដំឡើង​អំនួត​អំពី​គោល​នយោបាយ​ការបរទេស​របស់​ខ្លួន​ នៅ​មុន​ពេល​ការ​បោះឆ្នោត​ដែល​មាន​ការ​ប្រកួត​ដ៏​តឹង​តែង​មួយ​ នៅ​ក្នុង​ខែ​មករា​ខាង​មុខ​នេះ។​

ក៏ប៉ុន្តែ​ ការ​ផ្តួចផ្តើម​សន្តិភាព​ទំនង​ជា​មិន​អាច​ប្រមែប្រមូល​ការ​ឆ្លើយ​តប​បាន​ទេ​ នៅ​ក្រៅ​កោះ​តៃវ៉ាន់​ ខណៈ​ដែល​រដ្ឋាភិបាល​មិន​មាន​ចំណង​ទាក់ទង​ការទូត​ជា​ផ្លូវការ​ជាមួយ​ប្រទេស​ដទៃ​ទៀត​ដែល​ទាមទារ​ដែន​ទឹក​នេះ​ដែរ។​ ប្រទេស​ចិន​បាន​ទាមទារ​យក​អធិបតេយ្យភាព​លើ​កោះ​តៃវ៉ាន់​នេះ​ផ្ទាល់​ដែរ​ ហើយ​បាន​ប្រើប្រាស់​ឥទ្ធិពល​សេដ្ឋកិច្ច​របស់​ខ្លួន​ដើម្បី​សុំ​កុំ​ឲ្យ​ប្រទេស​ផ្សេង​ទៀត​ មាន​ទំនាក់​ទំនង​ណា​មួយ​ដែល​អាច​ទទួល​ស្គាល់​ កោះ​ តៃវ៉ាន់​ ជា​ប្រទេស​ដាច់​ដោយ​ឡែក​មួយ​បាន៕​

ប្រែ​សម្រួល​ដោយ​ នៀម​ ឆេង

XS
SM
MD
LG