ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​ឈប់​សន្យា​ចែក​រំលែក​បច្ចេកវិទ្យា​នៅ​សមុទ្រ​ចិន​ខាង​ត្បូង


រូបឯកសារ៖ នាវា​របស់ចិន​ត្រូវ​បាន​គេ​ថត​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​មាន​ជម្លោះ កាល​ពី​ខែ​មេសា។
រូបឯកសារ៖ នាវា​របស់ចិន​ត្រូវ​បាន​គេ​ថត​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​មាន​ជម្លោះ កាល​ពី​ខែ​មេសា។

នាវា​ដើរ​ដោយ​ថាមពល​ខ្យល់ ​ផលិត​នៅ​ប្រទេស​ចិន​ដើម្បី​ប្រើ​ប្រាស់​នៅ​ជិត​ឆ្នេរ​សមុទ្រ​របស់​ខ្លួន កំពុង​បង្កើត​ឲ្យ​មាន​ក្តី​សង្ឃឹម​ថ្មី​មួយ​ថា ភាគី​ចិន​នឹង​ចែក​រំលែក​នូវ​បច្ចេក​វិទ្យា​របស់​ខ្លួន។ ប៉ុន្តែ​អ្នក​វិភាគ​នានា​បាន​ព្រមាន​ថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​កម្រ​នឹង​អនុញ្ញាត​ឲ្យ​អ្នក​ខាង​ក្រៅ​ចូល​រួម​ណាស់។

នាវា​ដើរ​ដោយ​ថាមពល​ដែល​បាន​មក​ពី​កម្លាំង​ខ្យល់ ដែល​ផលិត​នៅ​ប្រទេស​ចិន​ដើម្បី​ប្រើ​ប្រាស់​នៅ​ជិត​ឆ្នេរ​សមុទ្រ​របស់​ខ្លួន កំពុង​បង្កើត​ឲ្យ​មាន​ក្តី​សង្ឃឹម​ថ្មី​មួយ​ថា ភាគី​ដែល​មាន​ឥទ្ធិពល​លើ​ជម្លោះ​អធិបតេយ្យភាព​ដែន​សមុទ្រ​ដែល​មាន​ភាគី​ជម្លោះ​ចំនួន ៦ នេះ នឹង​ចែក​រំលែក​នូវ​បច្ចេក​វិទ្យា​របស់​ខ្លួន។ ប៉ុន្តែ​អ្នក​វិភាគ​នានា​បាន​ព្រមាន​ថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​កម្រ​នឹង​អនុញ្ញាត​ឲ្យ​អ្នក​ខាង​ក្រៅ​ចូល​រួម​ណាស់។

រដ្ឋាភិបាល​ចិន​មាន​ការ​នាំ​មុខ​គេ​ក្នុង​ផ្នែក​បច្ចេកវិទ្យា​ដ៏​ទូលំ​ទូលាយ​មួយ​នៅ​ក្នុង​ជម្លោះ​អធិបតេយ្យភាព​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ជាមួយ​កោះ​តៃវ៉ាន់ និង​ប្រទេស​ចំនួន ៤ ផ្សេង​ទៀត​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។ ចិន​មាន​បណ្ដុំ​ធនធាន​ជា​ច្រើន ដូចជា​នាវា​មុជ​ទឹក ការ​រក​ឃើញ​ប្រេង​ដែល​មាន​លក្ខណៈ​ដូច​ទឹក​កក​នៅ​ក្រោម​បាត​សមុទ្រ និង​គម្រោង​ដំឡើង​ប្រព័ន្ធ​មួយ​ដើម្បី​ឃ្លាំ​មើល​មហា​សមុទ្រ។ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ក៏​មាន​ឥទ្ធិពល​គ្រប​ពី​លើ​រដ្ឋាភិបាល​នៃ​ភាគី​ចំនួន ៥ ផ្សេង​ទៀត ដោយ​ការ​គ្រប់​គ្រង​ដោយ​យោធា​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​មាន​ជម្លោះ​នេះ។

ការ​ដាក់​ឲ្យ​ដំណើរការ​នូវ​នាវា​ដើរ​ដោយ​ថាមពល​ដែល​បាន​ពី​កម្លាំង​ខ្យល់​ឈ្មោះ Longyuan Zhenhua 3 កាល​ពី​ចុង​ខែ​តុលា​កន្លង​ទៅ​នេះ អាច​ជួយ​ដល់​កប៉ាល់​ដែល​ធ្វើ​ដំណើរ​ឆ្លង​កាត់ និង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​អ្នក​ស្រាវជ្រាវ​មកពី​វិទ្យាស្ថាន​ជាតិ​សម្រាប់​ការ​ស្រាវជ្រាវ​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង (National Institute for the South China Sea) ដែល​ត្រូវ​បាន​ដក​ស្រង់​សម្ដី​នៅ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​របស់​ចិន។

លោក Collin Koh អ្នក​សិក្សា​ស្រាវជ្រាវ​អំពី​សន្តិសុខ​ដែន​សមុទ្រ​នៃ​សាកល​វិទ្យាល័យ Nanyang Technological University ក្នុង​ប្រទេស​សិង្ហបុរី បាន​និយាយ​ថា៖ «នៅ​ស្រប​ពេល​ជាមួយ​នឹង​កិច្ច​សហប្រតិបត្តិការ​ដែល​ផ្ដល់​ឲ្យ​នេះ អ្នក​អាច​ប្រើ​ប្រាស់​បច្ចេកវិទ្យា​នេះ​សម្រាប់​ការ​ការពារ​ផ្នែក​យោធា​នៅ​សមុទ្រ​ចិន​ខាង​ត្បូង។ បន្ទាប់​មក អ្នក​អាច​ប្រាប់​អ្នក​ដទៃ​ទៀត​ថា ខ្ញុំ​កំពុង​ចែក​រំលែក​ទិន្នន័យ​សម្រាប់​ជា​ប្រយោជន៍​ដ៏​ទូលំ​ទូលាយ​ជាង​មុន​មួយ​សម្រាប់​មនុស្ស​ជាតិ​ទូទៅ»។

ដោយសារ​តែ​ទំហំ​នៃ​ការ​ទាម​ទារ​របស់​ខ្លួន​លើ​ផ្ទៃ​សមុទ្រ​ដែល​មាន​ទំហំ ៣ លាន ៥ សែន​គីឡូម៉ែត្រ​ការ៉េ​នេះ​មាន​ភាព​រសើប អ្នក​ជំនាញ​នានា​និយាយ​ថា ប្រទេស​ចិន​កម្រ​នឹង​ចែក​រំលែក​អ្វី​មួយ​ឲ្យ​បាន​ច្រើន បើ​ទោះបី​ជា​មាន​ការ​ប្រកាស​ម្ដងម្កាល​អំពី​ការ​ដាក់​ប្រទេស​ផ្សេង​ទៀត​ឲ្យ​ចូល​រួម​ក៏​ដោយ។ ហើយ​ប្រទេស​ដទៃ​ទៀត​ក៏​អាច​ជំទាស់​ចំពោះ​រឿង​ហ្នឹង​ផង​ដែរ។

លោក Colin Koh បាន​និយាយ​ថា៖ «វា​ជា​អ្វី​ម្យ៉ាង​ដែល​ដូច​ទៅ​នឹង​ការ​កាត់​យល់ ឬ​ក៏​ជា​ការ​យល់​ដឹង​អំពី​ឥទ្ធិពល​គ្រប​សង្កត់​របស់​ចិន និង​ការ​ទទួល​ស្គាល់​ដែល​ថា អ្នក​កំពុង​តែ​ប្រើ​ប្រាស់​របស់​របរ​ទាំង​នោះ​របស់​ចិន ហើយ​ការ​ធ្វើ​ដូច្នេះ គឺ​ថា​អ្នក​កំពុងតែ​ទទួល​ស្គាល់​ថា ចិន​មាន​ការ​គ្រប់​គ្រង​លើ​តំបន់​នោះ»។​

ការ​ប្ដេជ្ញា​ធ្វើ​កិច្ច​សហប្រតិបត្តិការ

នាវា​ដើរ​ដោយ​ថាមពល​ដែល​បាន​មក​ពី​កម្លាំង​ខ្យល់ គឺ​ជា​ឧទាហរណ៍​ថ្មី​បំផុត​មួយ​នៃ​តម្រុយ​របស់​ចិន​ក្នុង​ការ​ធ្វើ​កិច្ច​សហ​ប្រតិបត្តិការ ដែល​ករណី​នេះ​នឹង​ជួយ​ធ្វើ​ឲ្យ​គេ​មើល​ឃើញ​ថា ប្រទេស​ចិន​ជា​ប្រទេស​ជិតខាង​ដ៏​ល្អ​មួយ។

កាល​ពី​ខែ​ឧសភា​កន្លង​ទៅ​នេះ ទីភ្នាក់ងារ​ព័ត៌មាន Xinhua ដែល​ជា​ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​របស់​ចិន បាន​ដក​ស្រង់​សម្ដី​របស់​មន្ត្រី​រដ្ឋាភិបាល​ម្នាក់ ដែល​បាន​ហៅ​ការ​រក​ឃើញ​ទឹក​កក​ដែល​ងាយ​ឆេះ​នេះ ដែល​ជា​ប្រភព​ថាមពល​មួយ​ដែល​បាន​លេច​ឡើង​នៅ​ក្រោម​បាត​សមុទ្រ​ចិន​ខាង​ត្បូង បន្ទាប់​ពី​បាន​ស្រាវ​ជ្រាវ​អស់​ពីរ​ទសវត្សរ៍​មក ថា​ជា​វិធី​មួយ​ដើម្បី «ជួយ​ដោះ​ស្រាយ​បញ្ហា​ធនធាន​ថាមពល ក៏​ដូចជា​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​ការ​ដោះដូរ​គ្នា​ទៅ​វិញ​ទៅ​មក​រវាង​ប្រទេស​ផ្សេងៗ។

ឯកសារ​របស់​រដ្ឋាភិបាល​ដែល​បាន​ចេញ​ផ្សាយ​ដោយ​ទី​ភ្នាក់ងារ​ព័ត៌មាន Xinhua កាល​ពី​ខែ​មិថុនា​កន្លង​ទៅ​នេះ បាន​បញ្ជាក់​ថា «ភាព​ជា​ដៃគូ​ពណ៌​ខៀវ» អាច​នឹង​កើត​មាន​ឡើង និង​បាន​អំពាវនាវ​ឲ្យ​មាន​កិច្ច​សហ​ប្រតិបត្តិការ​ផ្លូវ​សមុទ្រ​រវាង​ចិន និង​ប្រទេស​ដទៃ​ទៀត ដើម្បី «ប្រយុទ្ធ​ប្រឆាំង​រួម​គ្នា​លើ​បញ្ហា​ប្រឈម និង​វិបត្តិ​នានា និង​ឈាន​ទៅ​ដល់​ការ​លើក​កម្ពស់​ដល់​សន្តិភាព និង​ស្ថិរភាព​ក្នុង​តំបន់»។

ប៉ុន្តេ ក្រៅ​ពី​ជួយ​ផ្ដល់​នាវា​ដឹក​ទំនិញ​ដែល​ចុះ​បញ្ជី​នៅ​បរទេស ប្រទេស​ចិន​មិន​បាន​ចែក​រំលែក​អ្វី​ច្រើន​ជាង​នេះ​ទេ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នកស្រី Yun Sun អ្នក​ស្រាវ​ជ្រាវ​ជាន់​ខ្ពស់​នៃ​កម្មវិធី​អាស៊ី​ខាង​កើត​របស់​អង្គការ​ស្រាវជ្រាវ​គោល​នយោបាយ Stimson Center ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក។

អ្នកស្រី Yun Sun បាន​និយាយ​ថា៖ «ខ្ញុំ​មិន​ធ្លាប់​បាន​ឃើញ​អ្វី​កើ​តឡើង​ទេ​មក​ទល់​ពេល​នេះ។ ប៉ុន្តែ​ខ្ញុំ​គិត​ថា នេះ​ជា​វិធី​ដែល​ចិន​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​បង្កើន​ការ​ចាក់​គ្រឹះ​របស់​ខ្លួន​នៅ​សមុទ្រ​ចិន​ខាង​ត្បូង។ ហើយ​ខ្ញុំ​គិត​ថា ទីតាំង និង​សម្ភារៈ​ដែល​មិន​មែន​ជា​របស់​យោធា​ទាំង​នេះ នៅ​ថ្ងៃ​ណា​មួយ អាច​ចាត់​ទុក​ជា​របស់​សាធារណៈ​អន្តរជាតិ។ ខ្ញុំ​គិត​ថា នេះ​ជា​វិធី​ដែល​ចិន​បង្ហាញ​វា​ឡើង និង​ផ្ដល់​ហេតុ​ផល​ថា​ខ្លួន​ធ្វើ​ត្រឹមត្រូវ​ចំពោះ​រឿង​នេះ គ្រាន់តែ​យើង​មិន​ទាន់​បាន​ឃើញ​ឧទាហរណ៍​ជាក់​ស្តែង​ណា​មួយ​អំពី​ចំណុច​ដែល​ប្រទេស​ចិន​បាន​អនុញ្ញាត​ឲ្យ​ប្រទេស​ផ្សេង​ទៀត​ប្រើប្រាស់​អ្វី​ដែល​ខ្លួន​មាន​នោះ​ទេ»។

ចិន​មាន​ឧបករណ៍​នានា​ដែល​អាច​តាមដាន​ដឹង​ពី​សកម្មភាព​របស់​ប្រទេស​ផ្សេង​ទៀត​នៅ​ជុំវិញ​សមុទ្រ​ចិន​ខាង​ត្បូង ដោយសារតែ​បច្ចេកវិទ្យា​ទំនើប​ដូចជា​រ៉ាដា ឧបករណ៍​ដ្រូន និង​ផ្កាយ​រណប ដែល​គ្រប​ដណ្ដប់​លើ​ផ្នែក​នានា​នៃ​ប្រជុំ​កោះ Paracel និង Spratly នៃ​សមុទ្រ​នេះ។

ប្រទេស​ដទៃ​ទៀត​មាន​ការ​ខ្វះខាត​ផ្នែក​ថវិកា និង​ជំនាញ​ដើម្បី​ប្រកួត​ជាមួយ​នឹង​បច្ចេកវិទ្យា​ដែន​សមុទ្រ​របស់​ចិន។ ទាំង​ប្រទេស​ប្រ៊ុយណេ ម៉ាឡេស៊ី ហ្វីលីពីន និង​វៀតណាម គឺ​បាន​ទាមទារ​ផ្នែក​ផ្សេងៗ​នៃ​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​ជាន់​ពី​លើ​តំបន់​ដែល​ចិន​អះអាង​ថា​ជា​របស់​ខ្លួន។ ចិន​ទាមទារ​កាន់កាប់​ដែន​សមុទ្រ​ទំហំ​ប្រហែល ៩០ ភាគ​រយ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង ដែល​ស្ថិត​នៅ​ចន្លោះ​ឆ្នេរ​សមុទ្រ​ខាង​ត្បូង​របស់​ខ្លួន និង​កោះ Borneo។

ឧបសគ្គ​ដែល​រារាំង​ការ​ចែក​រំលែក​រវាង​ចិន​និង​ប្រទេស​ដទៃ​ទៀត

ប្រទេស​ចិន​ប្រហែល​ជា​គេច​មិន​ចង់​ចែក​រំលែក​នោះ​ទេ ដោយសារ​តែ​មួយ​ផ្នែក​បណ្ដាល​មក​ពី​បច្ចេកវិទ្យា​របស់​ខ្លួន​នៅ​ថ្មីថ្មោង​ពេក​ក្នុង​ការ​ផ្ដល់​ដល់​ដៃគូ​ដែល​មាន​ឥទ្ធិពល​ទាប​ជាង​ខ្លួន ដោយ​មិន​ធ្វើ​ឲ្យ​បាត់បង់​បច្ចេកវិទ្យា​ជឿនលឿន​បែប​ឆ្នៃ​ប្រឌិត​របស់​ខ្លួន​នោះ​ទេ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Fabrizio Bozzato អ្នក​ស្រាវជ្រាវ​ជំនាញ​ខាង​តំបន់​អាស៊ី​អាគ្នេយ៍​នៃ​អង្គការ​សមាគម​ស្រាវជ្រាវ​យុទ្ធសាស្ត្រ​តៃវ៉ាន់ (Taiwan Strategy Reseach Association)។ ការ​រក​ឃើញ​មួយ​ចំនួន​របស់​ចិន​គឺ​មាន​គោល​បំណង​ផ្ដោត​លើ​ការ​ទាញ​យក​ប្រេង និង​ផល​ត្រី​ពី​សមុទ្រ ដែល​តំបន់​នេះ​ក៏​ជា​ផ្លូវ​នាវាចរណ៍​ដ៏​សំខាន់​មួយ​របស់​ពិភព​លោក​ផង​ដែរ។

លោក Fabrizio Bozzato បាន​និយាយ​ថា អ្នក​វិទ្យាសាស្ត្រ​នានា​ប្រហែល​ជា​និយាយ​អំពី «រឿង​ល្អៗ» បន្ទាប់​ពី​មាន​ការ​រក​ឃើញ​ទាំង​នេះ ប៉ុន្តែ​ក្រុម​អ្នក​ធ្វើ​គោល​នយោបាយ​វិញ​នឹង​ដឹង​នៅ​ថ្ងៃ​ក្រោយ​ថា បច្ចេកវិទ្យា​ទាំង​នេះ​គួរ​តែ​ដក​ចេញ​វិញ​ប្រសើរ​ជាង ជា​ពិសេស​បច្ចេកវិទ្យា​សម្រាប់​ប្រើ​ប្រាស់​ក្នុង​វិស័យ​យោធា។

លោក Bozzato និយាយ​ថា៖ «តាម​ពិត​ទៅ បច្ចេកវិទ្យា​គឺ​ជំហាន​លោត​ផ្លោះ​មួយ​សម្រាប់​ការ​អនុវត្ត​ប្រព័ន្ធ​គាំទ្រ​គ្រប់គ្រង​ប្រតិបត្តិការ​យោធា​ដ៏​ស្មុគស្មាញ​របស់​ចិន។ ដូច្នេះ​ខ្ញុំជឿ​ជាក់​ថា ចិន​ទំនង​ជា​មិន​មាន​ឆន្ទៈ​ចែក​រំលែក​បច្ចេកវិទ្យា​នោះ​ជាមួយ​បណ្ដា​ប្រទេស​ដែល​ជា​ដៃគូ​នោះ​ទេ»។

លោក Colin Koh បាន​និយាយ​ថា នៅ​ទី​បំផុត រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ប្រហែល​ជា​មាន​អារម្មណ៍​ស្រួល​ក្នុង​ចិត្ត ក្នុង​ការ​ចែក​រំលែក​ទិន្នន័យ​ដែល​មិន​រសើប​នានា ដូច​ជា​ទិន្នន័យ​ផ្នែក​បរិស្ថាន​ដែន​សមុទ្រ​ជា​ដើម នៅ​ផ្នែក​ផ្សេងៗ​នៃ​សមុទ្រ​នេះ​ដែល​ប្រទេស​ផ្សេង​ទៀត​មិន​ប្រឈម​ជាមួយ​នឹង​ខ្លួន។

ប៉ុន្តែ​លោក​បាន​បន្ថែម​ថា ចិន​មិន​ចង់​ឲ្យ​ប្រទេស​ផ្សេង​ទៀត​ទទួល​បាន​ទិន្នន័យ​ណា​មួយ​អំពី​កោះ​នានា​ដែល​ខ្លួន​កាន់កាប់​នៅ​ក្នុង​សមុទ្រ​ចិន​ខាត​ត្បូង​នោះ​ទេ។

ប្រទេស​ផ្សេង​ទៀត​កំពុង​ប្រឈម​នឹង​ហានិភ័យ

អ្នក​វិភាគ​នានា​បាន​និយាយ​ថា បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ប្រហែល​ជា​មិន​ចង់​ប្រើ​ប្រាស់​បច្ចេកវិទ្យា​ដែន​សមុទ្រ​របស់​ចិន​រួម​គ្នា​នៅ​ក្នុង​ដែន​ទឹក​ដែល​មាន​ជម្លោះ​នោះ​ទេ។ ប្រសិន​បើ​ប្រទេស​ទាំង​នោះ​ប្រើប្រាស់ នោះ​ការ​ចូលរួម​របស់​ពួក​គេ​អាច​មាន​ន័យ​ថា ជា​ការ​ទទួល​ស្គាល់​ការ​ទាម​ទារ​អធិបតេយ្យ​ភាព​របស់​ចិន ដែល​នេះ​ជា​ការ​យល់​ឃើញ​ដែល​ប្រឈម​នឹង​ការ​តវ៉ា​ពី​សាធារណជន​នៅ​ក្នុង​ប្រទេស​វៀតណាម និង​ហ្វីលីពីន។

លោក Fabrizio Bozzato និយាយ​ថា៖ «សម្រាប់​តួអង្គ​ទាំង​អស់​ក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង​នេះ វា​ជា​រឿង​ឆោត​ល្ងង់​ពេក​ដែល​ត្រូវ​ចែក​រំលែក​បច្ចេកវិទ្យា​ជាមួយ​គូ​ប្រកួត​របស់​ខ្លួន»។

អ្នកស្រី Yun Sun បាន​និយាយ​ថា៖ «កិច្ច​សហប្រតិបត្តិការ​ស្វែង​រក និង​ជួយ​សង្គ្រោះ​ដែល​ប្រើ​ប្រាស់​ឧបករណ៍​ពិសេស​របស់​ចិន អាច​បណ្ដាល​ឲ្យ​មាន​ការ​ចាប់​ខ្លួន​ជន​បរទេស​ណា​ដែល​ត្រូវ​បាន​គេ​ជួយ​សង្គ្រោះ​រួច​ហើយ។ តើ​អ្នក​ទាំង​នោះ​នឹង​ត្រូវ​គេ​ដោះលែង ឬ​ក៏​ពួក​គេ​នឹង​ត្រូវ​គេ​ដាក់​ឃុំ​នៅ​ក្នុង​គុក​ប្រទេស​ចិន?»៕

ប្រែ​សម្រួល​ដោយ​ នៀម ឆេង

អត្ថបទ​ទាក់ទង

XS
SM
MD
LG