ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំ​អាស៊ាន​ប្រឈម​នឹង​បញ្ហា​សមុទ្រចិន​ខាងត្បូង ​និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ក្នុង​ជំនួប​នៅ​ម៉ានីល


រូបឯកសារ៖ មេដឹកនាំ​អាស៊ាន​អំឡុងពេល​កិច្ចប្រជុំកំពូល​អាស៊ាន​លើកទី ៣០ នៅ​ក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន កាល​ពី​ថ្ងៃ​ទី២៩ ខែ​មេសា ឆ្នាំ២០១៧។
រូបឯកសារ៖ មេដឹកនាំ​អាស៊ាន​អំឡុងពេល​កិច្ចប្រជុំកំពូល​អាស៊ាន​លើកទី ៣០ នៅ​ក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន កាល​ពី​ថ្ងៃ​ទី២៩ ខែ​មេសា ឆ្នាំ២០១៧។

ជម្លោះ​នៅក្នុង​សមុទ្រចិនខាងត្បូង​ និង​ការអភិវឌ្ឍសេដ្ឋកិច្ច​គឺ​ជា​ បញ្ហា​ដ៏ធំ​ចំនួន​ពីរ​ហើយ​មាន​លក្ខណៈ​ប្រទាក់ក្រឡាគ្នា ដែល​កំពុងប្រឈមមុខ​មេដឹកនាំ​នៃ​សមាគមប្រជាជាតិ​អាស៊ីអាគ្នេយ៍​នៅ​ពេល​ ដែល​មេដឹកនាំ​ទាំង​១០​ជួបប្រជុំគ្នាក្នុងរយៈពេល​ពីរសប្តាហ៍​ទៀត​នៅ​ទីក្រុងម៉ានីល​ ប្រទេស​ហ្វីលីពីន​ និង​ប្រារព្ធខួបលើកទី​ ៥០ឆ្នាំ​នៃ​ការបង្កើត​សមាគមថ្នាក់តំបន់នេះ។

ប្រទេស​ជា​សមាជិកអាស៊ាន​ចំនួន ៥​ ដែលមានប្រទេសប្រ៊ុយណេ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន​និង​វៀតណាម មានជម្លោះ​ដែនទឹក​ជាមួយ​នឹង​ប្រទេស​ចិន​នៅក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង​ដោយសារ​តែ​ប្រទេស​ចិន​ទាមទារ​យក​ដែនទឹក​ និង​កោះ​ចំនួន​ ៩០ភាគរយ។ ប្រទេស​កម្ពុជា​ ដែល​ជា​សមាជិក​មួយ​របស់​អាស៊ាន​គាំទ្រ​ប្រទេស​ចិន​ ហើយ​បាន​បដិសេធ​រាល់​ការ​ប៉ុនប៉ងណាមួយ ​ដែល​ពង្រីក​ជម្លោះ​នេះ​ ដោយ​ប្រកាន់​យក​តាម​គោលការណ៍ឯកភាពគ្នា​នៅលើ​ជម្លោះ​នេះ។

ក្នុងពេលជាមួយគ្នា​នោះ​ដែរសមាជិក​ទាំងអស់​ ដែល​រួមមាន​ប្រទេស​ភូមា ឡាវ ថៃ​ និង​សិង្ហបុរី បាន​ប្រើប្រាស់​គោលការណ៍​ឯកភាពគ្នា​នេះ​ ដើម្បី​អភិវឌ្ឍតំបន់​នេះ​ឱ្យ​ទទួល​បាន​ជោគជ័យ​ដ៏ធំធេង​នៅ​ក្នុង​យុគសម័យ​នៃ​សេដ្ឋកិច្ចទំនើប​។ នេះ​បើតាម​ការលើកឡើង​របស់វេទិកាសេដ្ឋកិច្ចពិភពលោក។​ អាស៊ានក៏មានសេដ្ឋកិច្ច​ធំ​លំដាប់ទីបី​នៅក្នុងទ្វីបអាស៊ី ដោយ​មាន​ផលទុន​សរុបក្នុងស្រុក​ចំនួន​ជាង​២,៦ លានលាន​ដុល្លារ​ និង​ការ​រីកលូតលាស់​ប្រចាំឆ្នាំ​ចន្លោះពី ​៤ទៅ៥ភាគរយ។

ជំនួប​នៅក្នុង​ទីក្រុងម៉ានីល​កើតមានឡើង​មួយឆ្នាំ​ ក្រោយពី​ការបង្កើតសហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ដែល​ «មាន​ទស្សនៈវិស័យឱ្យ​មាន​ទីផ្សារ​តែមួយ​និង​ផ្អែកលើផលិតកម្ម... ដែលមាន​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ស្មើៗគ្នា​ និង​ធ្វើ​សមាហរណកម្ម​ចូលក្នុង​សេដ្ឋកិច្ច​ពិភពលោក ដោយ​មាន​ច្បាប់​វិនិយោគ​និង​ពាណិជ្ជកម្ម​ស៊ីសង្វាក់គ្នា ​ហើយ​អាស៊ាន​ដែល​ជា​អង្គការ​មួយ​ផ្អែកលើ​ច្បាប់​ និង​ពង្រឹង​ខ្លួន​ឱ្យ​ក្លាយ​ទៅជា​គោលដៅ​ ដែលមានលក្ខណៈទាក់ទាញ​សម្រាប់​ការវិនិយោគ‍»។ នេះ​បើតាមការបញ្ជាក់​នៅក្នុង​គេហទំព័រ​ផ្លូវការ​របស់​សមាគម​អាស៊ាន។

លោកឈាង វណ្ណារិទ្ធ​ អ្នកស្រាវជ្រាវ​នៃ​វិទ្យាស្ថាន​ Iseas-Yusof Ishak ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហបុរី​បាន​បញ្ជាក់​ថា៖

«យើងឃើញ​ថា ​ការប្រកួតប្រជែង​អំណាច​ធ្វើ​ឱ្យ​បណ្តា​ប្រទេស​អាស៊ាន​មួយចំនួន​គឺ បាត់បង់​នូវ​លំនឹង​ភាព​របស់​ខ្លួន​ ហើយ​ប្រសិន​បើ​អាមេរិក ​និង​ចិន​នៅតែ​បន្ត​ការ​ប្រកួតប្រជែង​អំណាច​នៅ​ក្នុង​តំបន់​ទេ ​វា​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សាមគ្គីភាព​របស់​អាស៊ាន‍»។​

លោក​ ​ឈាង វណ្ណារិទ្ធ​ ​អ្នក​ស្រាវជ្រាវ​នៅ​វិទ្យាស្ថាន ISEAS-Yusof Ishak នៅ​សិង្ហបុរី និង​ជា​អ្នក​វិភាគ​សេដ្ឋកិច្ច​នយោបាយ​ក្នុង​តំបន់​អាស៊ី នៅ​ទីស្នាក់ការ​វីអូអេ នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧។ (ទែន សុខស្រីនិត/VOA)
លោក​ ​ឈាង វណ្ណារិទ្ធ​ ​អ្នក​ស្រាវជ្រាវ​នៅ​វិទ្យាស្ថាន ISEAS-Yusof Ishak នៅ​សិង្ហបុរី និង​ជា​អ្នក​វិភាគ​សេដ្ឋកិច្ច​នយោបាយ​ក្នុង​តំបន់​អាស៊ី នៅ​ទីស្នាក់ការ​វីអូអេ នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧។ (ទែន សុខស្រីនិត/VOA)

​សាមគ្គីភាព​នេះ​បាន​ផ្តល់ផលប្រយោជន៍​យ៉ាងច្រើន​ដល់​ប្រជាជាតិ​អាស៊ាន​។ នេះ​បើ​តាម​ការអះអាង​របស់​លោកឈាង វណ្ណារិទ្ធ។​

លោក​បាន​បន្ថែមថា៖

«យើង​មើលឃើញ​ថា​ការធ្វើសមាហរណកម្ម​សេដ្ឋកិច្ច​មានលក្ខណៈ​ស៊ីជម្រៅ​ជាពិសេស​ក្នុង​រយៈ​ពេល​២០ឆ្នាំ​ចុងក្រោយ​ ក្រោយ​ពីការបញ្ចប់​នូវសង្គ្រាមត្រជាក់​។ នៅដើមទសវត្សរ៍ទី​៩០​រហូត​មកដល់បច្ចុប្បន្ន​នេះ​ យើង​ឃើញ​ថា​សមាហរណកម្ម​សេដ្ឋកិច្ច​មានលក្ខណៈស៊ីជម្រៅ ​និង​រស់​រវើក​ហើយ​ទៅថ្ងៃ​អនាគត​ការពឹងពាក់​គ្នា​ខាងសេដ្ឋកិច្ច​គឺជា​ កត្តា​មួយ​ដ៏សំខាន់​ដើម្បី​សម្រេច​បាន​នូវ​សហគមន៍​អាស៊ាន‍»។​

ដែនសមុទ្រដែលមានជម្លោះ

ការតានតឹងក្នុង​សមុទ្រ​ចិន​ខាងត្បូង​បាន​កើនឡើង​ចាប់តាំងពីឆ្នាំ​២០១០ នៅ​ពេល​ដែល​ប្រទេស​ចិន​បង្កើន​វត្តមាន​នៅ​លើ​ដែនសមុទ្រដែលមានទំហំ​ ៣,៥លានគីឡូម៉ែត្រ​ក្រឡា​ ដែល​សំបូរ​ទៅដោយ​ធនធាន​មច្ឆា ​និង​ប្រេង​។ តំបន់សេដ្ឋកិច្ច​ផ្តាច់​មុខ​របស់​សមាជិកអាស៊ាន ដែល​មាន​ដូច​ជា ​ប្រទេស​ប្រ៊ុយណេ ម៉ាឡេស៊ី វៀតណាម​ និង​ហ្វីលីពីន​ត្រួត​គ្នា​លើ​តំបន់​ ដែល​ប្រទេស​ចិន​ទាមទារ។

ជម្លោះ​ដែនទឹក​នៅ​សមុទ្រ​ចិន​ខាងត្បូង​គឺ​ លាតសន្ធឹង​ហួសពី​តំបន់​សេដ្ឋកិច្ច​ផ្តាច់​មុខ​នៃ​ប្រទេស​នីមួយៗ​ ដែល​តាមច្បាប់​អន្តរជាតិ​កំណត់​ថា​ មិន​ឱ្យ​លើស​ពី​ចម្ងាយ​ ៣៧០គីឡូម៉ែត្រ​ពី​ឆ្នេរ​សមុទ្រ​ទេ។

រយៈពេល​បួនឆ្នាំ​ ក្រោយពី​ប្រទេស​ចិន​បាន​ចូល​កាន់កាប់​ប្រជុំកោះតូចៗ​មួយ​ តុលាការ​អាជ្ញាកណ្តាល​អចិន្ត្រៃយ៍​ ដែលមានមូលដ្ឋាន​ក្នុង​ទីក្រុង​ឡាអេ​ បាន​ចេញ​សាលក្រម​ក្នុង​ឆ្នាំ​២០១៦​ សម្រេច​គាំទ្រ​ប្រទេស​ហ្វីលីពីន ដោយ​បញ្ជាក់​ថា​ ប្រទេស​ចិន​មិន​មាន​មូលដ្ឋាន​ច្បាប់​អ្វី​គាំទ្រ​ដល់​ការ​ទាមទារ​សិទ្ធិ​ជា​ប្រវត្តិសាស្រ្ត​របស់​ខ្លួន​នៅ​លើ​ផ្នែក​ជាច្រើន​នៃ​ដែនទឹក​មាន​ជម្លោះ​គ្នានោះ​ទេ។ ប្រធានាធិបតី​ចិន​ស៊ី ជិនពីង​បាន​ច្រានចោល​សេចក្តី​សម្រេច​នោះ។

លោកស្រី ​បូន្នី ក្លាសេ អ្នកឯកទេស​ខាងផ្នែក​កិច្ចការ​ចិន​ និង​អាស៊ីនៃ​មជ្ឈមណ្ឌល​សិក្សា​យុទ្ធសាស្រ្តនិង​កិច្ច​ការ​អន្តរជាតិ ​ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋ​ធានី​វ៉ាស៊ីនតោន​បាន​បញ្ជាក់​ថា បញ្ហា​នេះនឹងស្ថិតនៅ​ក្នុង​តំបន់​នេះ​ជាច្រើនឆ្នាំ​ ជាពិសេស​ក្នុង​ការ​ចរចា​ឱ្យ​មាន​ក្រម​ប្រតិបត្តិ​ដែន​សមុទ្រដ៏មានប្រសិទ្ធភាព​មួយ។​

ការចរចា​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​សម្រេច​បាន​តែ​ក្របខណ្ឌ​នៃ​ក្រមប្រតិបត្តិ ដែល​មិន​តម្រូវ​ឱ្យ​ត្រូវតែ​គោរព​តាម​ ដែល​ប្រទេស​សមាជិក​បាន​អនុម័ត​កាល​ពី​ខែ​សីហា​។ សហរដ្ឋ​អាមេរិក​ អូស្ត្រាលី​និង​ជប៉ុន​ចង់ឱ្យ​វាមាន «អំណាច​ផ្លូវច្បាប់ មាន​អត្ថន័យ​ត្រឹមត្រូវ​ មានប្រសិទ្ធភាព និង​ស្របគ្នា​ជាមួយ​ច្បាប់​អន្តរជាតិ‍»។​

លោកស្រី​ បូន្នី ក្លាសេ​ បាន​ប្រាប់​ដល់​អ្នក​ចូលរួម​ក្នុង​កិច្ចពិភាក្សា​មួយ​កាលពី​ពាក់​កណ្តាល​ខែ​តុលា​ថា៖

«ដូច្នេះ​នេះ​ជា​ ការ​បង្ហាញ​យ៉ាង​ច្បាស់​ថា​ ការចរចា​នេះ​នឹង​មិន​ជឿន​លឿន​ទៅមុខ​លឿន​ជាង​អ្វី​ដែល​ចិន​ចង់​បាន​ទេ​ហើយ​ខ្ញុំ​គិត​ថា ​សមាជិក​គ្រប់​ប្រទេស​ហាក់​ដូចជា ​យល់​ស្រប​តាម​ហ្នឹង‍»។​

លោកជុំ ប៊ុនរ៉ុង ឯកអគ្គរាជទូតកម្ពុជា​ប្រចាំនៅសហរដ្ឋ​អាមេរិក​បាន​មានប្រសាសន៍​ថា​ការចូលពាក់​ព័ន្ធ​ពី​មហាអំណាច​ ដែលមិន​មែន​ជាសមាជិក​អាស៊ាន​នឹង​មិន​ឈាន​ទៅដល់​ការ​ឈ្លោះ​ប្រកែក​គ្នា​នៅក្នុង​ចំណោម​ប្រទេស​ជា​សមាជិក​ទេ។

រូបឯកសារ៖ កោះ​មួយ​ទាមទារ​ដោយ​វៀតណាម នៅ​ប្រជុំ​កោះ Spratly តំបន់​សមុទ្រ​ចិន​ភាគ​ខាង​ត្បូង
រូបឯកសារ៖ កោះ​មួយ​ទាមទារ​ដោយ​វៀតណាម នៅ​ប្រជុំ​កោះ Spratly តំបន់​សមុទ្រ​ចិន​ភាគ​ខាង​ត្បូង

«អាស៊ាននៅតែ​សាមគ្គីគ្នា​អីចឹង​ពីព្រោះ​សិទ្ធិ​នៃ​ការ​សម្រេច​ទៅលើ​បញ្ហា​ជម្លោះ​នានា​ដែល​មាន​រវាង​ប្រទេស​ក្នុង​សមាគមអាស៊ាន ​ជាមួយ​នឹង​ប្រទេស​ណាមួយ​មិន​អាច​មាន​អ្នក​ដទៃ​ចូលជ្រៀត​ជ្រែក​កិច្ច​ការ​ផ្ទៃក្នុង​គ្នា​បានទេ​។ គេ​ត្រូវ​តែ​ដោះស្រាយ​តាម​ទ្វេភាគី​នៃ​ប្រទេស​ដែល​មាន​ជម្លោះ‍»។​

ចំណែក​លោក​ផៃ​ ស៊ីផាន រដ្ឋ​លេខាធិការ​នៃ​ទីស្តីការ​គណៈរដ្ឋ​មន្ត្រី​បាន​បន្ថែម​ដែរ​ថា៖

«ដោយសារ​អាស៊ាន​យក​គោល​ការ​ណ៍​សំខាន់​ដែល​មិន​អាច​មើលរំលង​បាន​គឺ​ សន្តិភាព​ រួមគ្នា​ដោះស្រាយ​រក​មធ្យោបាយ​មិន​កាន់ជើង​ខាងណា​ឱ្យ​បាន​ បង្កើត​ជា​វេទិកា​ពិភាក្សា​ឱ្យ​បាន​ច្រើន​ហើយ​មាន​ដំណោះស្រាយ​ជាបន្ត​បន្ទាប់​។ នេះ​មាន​សារៈសំខាន់​ណាស់‍»។​

កិច្ចសហការសេដ្ឋកិច្ច

ក្រៅពីប្រទេស​ចិន ​នៅមាន​តួអង្គ​ដែលមិនមែន​ជា​សមាជិក​អាស៊ាន​មួយទៀត​គឺ ​សហរដ្ឋ​អាមេរិក។ រដ្ឋបាល​ទីក្រុង​វ៉ាស៊ីនតោន​នឹង​ប្រារព្ធ​ខួបលើកទី​ ៤០នៃ​ចំណង​ទាក់ទង​ជាមួយ​នឹង​តំបន់​អាស៊ាន។ លោក​មែត ម៉ាធ្យូ ឧបការីរង​នៃ​ក្រសួង​ការបរទេសសហរដ្ឋ​អាមេរិក​និង​ជា​ឯក​អគ្គរដ្ឋទូត​ប្រចាំ​នៅ​អង្គការ​ APEC ​នៃ​ការិយាល័យ​ទទួល​បន្ទុក​កិច្ច​ការ​អាស៊ី​បូព៌ា​ និង​ប៉ាស៊ីហ្វិក​បាន​បញ្ជាក់​ថា ​ក្នុង​រយៈពេល​ចុងក្រោយនេះ​ សហរដ្ឋ​អាមេរិក​បាន​ផ្តោតខ្លាំង​លើ​បញ្ហា​ចំនួន​បួន​ធំៗគឺ ​ពាណិជ្ជកម្ម គោលនយោបាយ ឋាមពល និង​ការបង្កើត​ថ្មី។

លោក​មែត ម៉ាធ្យូ​បាន​ព្យាករណ៍​ថា ការចូលរួម​របស់​សហរដ្ឋ​អាមេរិក​នៅក្នុង​តំបន់​នឹង​កាន់តែ​ស៊ីជម្រៅទៀត៖

លោក​ម៉ាធ្យូ​បាន​ប្រាប់​ដល់​វេទិកា​មួយ​នៅ​ឯ​មជ្ឈមណ្ឌល​សិក្សា​យុទ្ធសាស្រ្តនិង​កិច្ច​ការ​អន្តរជាតិ​កាលពី​ពាក់​កណ្តាល​ខែ​តុលា​ថា៖

«រួមគ្នា​ជាមួយនឹង​ដំណើរ​ទៅ​ចូលរួម​ប្រជុំ​របស់​លោក​ប្រធានាធិបតី​នៅ​ខែ​វិច្ឆិកា​ យើង​នឹង​អាច​ធានា​ដល់​មេដឹកនាំ​ទាំងនោះថា យើង​ស្ថិតនៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ក្នុង​នាម​ជាមហា​អំណាច​នៅ​អាស៊ីប៉ាស៊ីហ្វិក​ ដោយ​មិន​ទៅ​ណាទេ‍»។

លោកប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ដូណល់ ត្រាំ គ្រោងនឹង​ចូលរួម​កិច្ចប្រជុំប្រចាំ​ឆ្នាំនៃ​វេទិកា​កិច្ច​សហ​ប្រតិបត្តិ​ការ​សេដ្ឋកិច្ច​តំបន់​អាស៊ី និងប៉ាស៊ីហ្វិក​ពីថ្ងៃ​ទី​១១ ដល់​១២ខែ​វិច្ឆិកា ​នៅ​ប្រទេស​វៀតណាម​ និង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ហ្វីលីពីន​ ដើម្បី​ចូលរួម​ក្នុង​ការ​ប្រារព្ធ​ខួប​លើក​ទី​ ៥០ឆ្នាំនៃការ​បង្កើត​សមាគម​អាស៊ាន ​និង​កិច្ចប្រជុំ​កំពូល​ប្រចាំ​ឆ្នាំ​រវាង​សហរដ្ឋ​អាមេរិក​ និង​អាស៊ាន​នៅ​ថ្ងៃ​ទី​១២ និង​១៣ខែ​វិច្ឆិកា។ សេចក្តីរាយការណ៍​របស់​បណ្តាញ​សារព័ត៌មាន​នានា​នៅ​សប្តាហ៍នេះឱ្យ​ដឹងថា​លោក​ប្រធានាធិបតី​ត្រាំ​នឹង​មិន​ស្នាក់នៅ​ប្រទេស​ហ្វីលីពីន​រហូត​ដល់​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា ​ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​ប្រចាំឆ្នាំ​របស់​បណ្តា​ប្រទេសអាស៊ី​បូព៌ា​ទេ។

លោក​ អាស៊ុក មឺពូរី ​ឯកអគ្គរដ្ឋទូត​ប្រទេស​សិង្ហបុរី​ប្រចាំ​សហរដ្ឋ​អាមេរិក​បាន​ថ្លែង​ទទួល​ស្គាល់​ពី​ការ​ចាប់​អារម្មណ៍​របស់​សហរដ្ឋ​អាមេរិក​លើ​តំបន់​អាស៊ាន​ក្នុង​ពេល​ ដែល​មហាអំណាច​មួយ​នេះ​កំពុង​មាន​ចំណាប់អារម្មណ៍​នឹង​ភាព​តានតឹង​រវាង​កូរ៉េខាងជើង ​និង​សហរដ្ឋ​អាមេរិក។

លោក​ មឺពូរី​ បាន​បន្ថែម​ថា៖

«ខ្ញុំគិត​ថា​ នៅ​ពេល​ណាដែល​រដ្ឋបាល​នេះ​មើល​ឃើញ​សារៈសំខាន់​នៃ​តំបន់​នេះ​ ខ្ញុំ​គិត​ថា​ រដ្ឋបាលនេះ​នឹង​ចាប់​ផ្តើម​យល់​ថា ​ហេតុអ្វី​បាន​ជា​សរសរ​ស្តម្ភ​នៃ​សន្តិសុខ ​និង​សេដ្ឋកិច្ច​ត្រូវ​ដើរ​ទន្ទឹមគ្នា​។ សហរដ្ឋអាមេរិក​មិន​អាច​ផ្តោត​តែ​លើ​សរសរស្តម្ភ​នៃ​សន្តិសុខ​ ដោយ​គ្មាន​ការ​ផ្តោត​លើ​ជ្រុង​នៃ​សេដ្ឋកិច្ច​ទេ។ ខ្ញុំ​គិត​ថា​ នេះ​គឺ​ជា ​អ្វី​ដែល​យើង​សង្ឃឹម​ថា​អាច​នឹង​មើល​ឃើញ​ក្នុង​ពេល​អនាគត‍»។

យោង​តាម​តួលេខ​របស់​ក្រុមប្រឹក្សា​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក​និង​អាស៊ាន​ គឺ​ទំហំ​នៃ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​សហរដ្ឋ​អាមេរិក​ និង​អាស៊ាន​មាន​ចំនួន​ ២៧៣ពាន់លានដុល្លារ។ ក្នុង​ឆ្នាំ​២០១៥​ អាស៊ាន​បាន​នាំ​ទំនិញចូល​ក្នុងសហរដ្ឋ​អាមេរិក​លើស​ចំនួន ​៧៧​ពាន់លានដុល្លារ​ក្នុង​ ខណៈ​ដែល​សហរដ្ឋ​អាមេរិក​ផ្តល់​ផ្នែក​សេវាកម្ម​ដល់​អាស៊ាន​លើស​បាន​ចំនួន​៨​ពាន់​លានដុល្លារ។

លោក​ម៉ាក មៀលី អនុប្រធាន​ផ្នែក​គោលនយោបាយ​នៃ​ក្រុមប្រឹក្សា​ពាណិជ្ជកម្ម​ សហរដ្ឋ​អាមេរិក​ និង​អាស៊ាន​បាន​ថ្លែង​ថា៖

​«ឥឡូវនេះ​យើង​ចាប់​ផ្តើម​មើលឃើញ​ការ​វិនិយោគពីបរទេស​កាន់តែ​ច្រើន​ចូល​មក​ក្នុង​សហរដ្ឋ​អាមេរិក​គឺ​ មក​ពី​តំបន់​អាស៊ាន។ យើង​រំពឹង​ថា ​ក្នុង​រយៈពេល​៤០ឆ្នាំ​ខាងមុខ​និន្នាការ​នេះ​នឹង​នៅ​បន្ត​....វា​នឹងក្លាយ​ជា​សញ្ញាសម្គាល់​យ៉ាង​ពិតប្រាកដ​នៃ​ផលប្រយោជន៍​មកដល់​សហរដ្ឋ​អាមេរិក​សម្រាប់​ខួប​លើកទី៤០​នៃ​ទំនាក់ទំនង​ការទូត​ជាមួយ​នឹង​អាស៊ាន‍»។​

សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ក្នុង​ដំណាក់កាល​ដំបូង

ប៉ុន្តែ​លោក​មៀលី​បាន​ប្រាប់ VOA ​តាម​ទូរស័ព្ទ​ថា ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​គឺ​ ស្ថិត នៅក្នុង​កម្រិត​នៃ ​«គំនិតផ្តួចផ្តើម​មូលដ្ឋាននៅឡើយទេ‍» ហើយ​មាន​កិច្ចការ​ជាច្រើន ​ដែល​ត្រូវ​ធ្វើ​ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ខាង​នីតិវិធី គយ​ ការ​ដឹកជញ្ជូន ពាណិជ្ជកម្ម​លើ​ផលិតផល​កសិកម្ម ស្បៀងអាហារ ​និង​ទំនិញ។

លោក​មៀលី​បាន​ស្នើ​ឡើង​ថា ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​នៅ​មានឱកាស​សិក្សា​រៀន​សូត្រ​ពី​កំហុស​ឆ្គង​ ដែល​អង្គការ​តំបន់​នានា​បាន​ប្រព្រឹត្ត​ក្នុង​ពេល​កន្លង​មក​ក្នុង​នោះ​មាន​ដូចជា​ កំហុស​ឆ្គង​របស់​សហគមន៍​អឺរ៉ុប​ ដែល​ផ្តល់​ផលប្រយោជន៍​ច្រើន​តែ​ទៅលើ​ប្រទេស​សមាជិក ​ដែល​មាន​ការ​អភិវឌ្ឍ​ច្រើន។ លោក​បន្ថែម​ថា៖

«ផលប្រយោជន៍​នៃ​ការ​ធ្វើ​សមាហរណកម្ម​តំបន់​សេដ្ឋកិច្ច​កាន់​តែ​ធំ​ត្រូវ​តែ​ហូរ​ចូល ដោយផ្ទាល់​ទៅឱ្យ​ប្រទេស​អាស៊ាន​ដែល​មាន​ការ​អភិវឌ្ឍ​តិចតួច​គឺ មិនមែន​ទៅ​តែ​ប្រទេស​សមាជិក​អាស៊ាន​ ដែលមាន​ការ​អភិវឌ្ឍ​ខ្ពស់​ទេ‍»។

អាស៊ាន​គួរតែ​យកចិត្ត​ទុកដាក់​លើ​ប្រទេស​ដែល​មាន​ការអភិវឌ្ឍតិច​ដូច​ជា​កម្ពុជា ឡាវ និង​ភូមា​ ដើម្បី​ឱ្យ​ប្រទេស​ទាំងនេះ​ចូលរួម​ពេញ​លេញ​ និង​ទទួលយក​ផលប្រយោជន៍​ពី​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន។ នេះ​បើ​តាមការ​បញ្ជាក់​របស់​លោក​ម៉ាក មៀលី៕

XS
SM
MD
LG