ក្រោយពីត្រឡប់មកកាន់សហរដ្ឋអាមេរិកពីដំណើរទស្សនកិច្ចលើកដំបូងរបស់លោកទៅកាន់ទ្វីបអាស៊ី ដែលក្នុងនោះរួមមានទាំងការធ្វើទស្សនកិច្ចរយៈពេល ២ ថ្ងៃនៅក្នុងប្រទេសចិនផងដែរ ដែលអ្នកខ្លះអះអាងថាផ្ដោតលើការបញ្ជោរ និងមិនសូវមានសារៈសំខាន់នោះ អ្នកវិភាគនានានិយាយថា លោកប្រធានាធិបតី Donald Trump ឥឡូវនេះកំពុងថ្លឹងថ្លែងនូវអ្វីដែលលោកបានសន្យាជាយូរមកហើយ ដែលនោះគឺការចាត់វិធានការតឹងរ៉ឹងជាមួយនឹងរដ្ឋាភិបាលចិនទាក់ទិននឹងការធ្វើពាណិជ្ជកម្មមិនស្មើភាពគ្នា។
នៅពេលនៅក្នុងប្រទេសចិន លោក Trump បាននិយាយថា លោកសរសើររដ្ឋាភិបាលក្រុងប៉េកាំងយ៉ាងខ្លាំងចំពោះការកេងផលប្រយោជន៍ពីសហរដ្ឋអាមេរិក ដែលការលើកឡើងដូចនេះធ្វើឲ្យអ្នកខ្លះមានការងឿងឆ្ងល់។
ដោយថ្លែងនៅឯពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែលមានទឹកប្រាក់ប្រមាណ ២៥០ ពាន់លានដុល្លារអាមេរិក លោក Trump បាននិយាយថា៖ «ខ្ញុំមិនអាចបន្ទោសប្រទេសចិនបានទេ។ តើអ្នកណាអាចបន្ទោសប្រទេសមួយដែលអាចកេងចំណេញពីប្រទេសមួយទៀតដើម្បីជាប្រយោជន៍ដល់ពលរដ្ឋរបស់ខ្លួននោះ?»។
ប៉ុន្តែនេះគ្រាន់តែជាផ្នែកពាក់កណ្ដាលនៃសារសំខាន់មួយរបស់ដំណើរទស្សនកិច្ចរបស់លោកតែប៉ុណ្ណោះ។
ផ្នែកផ្សេងទៀតនៃសារនោះ គឺធ្វើឡើងនៅក្នុងសុន្ទរកថារបស់លោកដែលថ្លែងនៅក្នុងកិច្ចប្រជុំរបស់អង្គការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចតំបន់អាស៊ីប៉ាស៊ីហ្វិកដែលហៅកាត់ថា APEC និងត្រូវបានលើកឡើងម្ដងទៀតនៅឯសេតវិមានកាលពីថ្ងៃពុធម្សិលមិញ។
លោក Trump បាននិយាយថា៖ «យើងមិនអាចអត់ធ្មត់ជាមួយនឹងការធ្វើពាណិជ្ជកម្មមិនស្មើភាពគ្នា ដែលបានលួចការងារ ធនធាន និងកម្មសិទ្ធិបញ្ញារបស់សហរដ្ឋអាមេរិកនោះទេ។ ថ្ងៃដែលសហរដ្ឋអាមេរិកត្រូវគេកេងចំណេញពីលើនោះគឺចប់ហើយ»៕