ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាយករដ្ឋមន្ត្រី​សិង្ហបុរី​ថា វត្តមាន​របស់​សហរដ្ឋ​អាមេរិក​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ពិតជា​មាន​សារៈសំខាន់


នាយករដ្ឋមន្រ្តី​សិង្ហបុរី​ Lee Hsien Loong និង​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ Donald Trump ចាប់ដៃ​ជាមួយ​គ្នា​មុន​នឹងផ្តល់​សេចក្តី​ថ្លែង​រួម​នៅ​ក្នុង​សួន​កុឡាប​ក្នុង​សេតវិមាន​រដ្ឋធានី​វ៉ាស៊ីនតោន​កាលពី​ថ្ងៃទី​២៣ តុលា ២០១៧។
នាយករដ្ឋមន្រ្តី​សិង្ហបុរី​ Lee Hsien Loong និង​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ Donald Trump ចាប់ដៃ​ជាមួយ​គ្នា​មុន​នឹងផ្តល់​សេចក្តី​ថ្លែង​រួម​នៅ​ក្នុង​សួន​កុឡាប​ក្នុង​សេតវិមាន​រដ្ឋធានី​វ៉ាស៊ីនតោន​កាលពី​ថ្ងៃទី​២៣ តុលា ២០១៧។

ស្រប​ពេល​ដែល​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump រៀបចំ​ដំណើរ​ទស្សនកិច្ច​រយៈពេល ១០ ថ្ងៃ ទៅ​កាន់​ទ្វីប​អាស៊ី ដែល​ជា​ដំណើរ​ទស្សនកិច្ច​ដំបូង​បង្អស់​របស់​លោក​ទៅ​កាន់​ទ្វីប​នេះ​តាំង​ពី​លោក​កាន់​តំណែង​ជា​ប្រធានាធិបតី​មក មេដឹកនាំ​ប្រទេស​សិង្ហបុរី​លោក Lee Hsien Loong បាន​បញ្ជាក់​នូវ​ការ​ស្វែង​យល់​មួយ​ចំនួន​ដែល​រដ្ឋាភិបាល​ប្រទេស​ផ្សេង​អាច​យល់​ឃើញ​ដូច​គ្នា​នេះ​ដែរ​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាល​ពី​សប្ដាហ៍​មុន។

នាយករដ្ឋមន្ត្រី​សិង្ហបុរី​លោក Lee Hsien Loong ដែល​ជា​កូន​ទី​មួយ​របស់​លោក Lee Kuan Yew ដែល​ជា​នាយករដ្ឋមន្ត្រី​ដំបូង​បង្អស់​របស់​ប្រទេស​សិង្ហបុរី បាន​ប្រាប់​ទស្សនិកជន​ទូទៅ​នៅ​ឯ​វិមាន​រដ្ឋសភា​សហរដ្ឋ​អាមេរិក​ថា ទិដ្ឋភាព​ភូមិសាស្ត្រ​ជា​យុទ្ធសាស្ត្រ​នៃ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ដែល​កំពុង​តែ​លេច​ឡើង ពឹង​ផ្អែក​មិន​ត្រឹម​តែ​លើ​កម្លាំង​ ជំរុញ​ក្នុង​តំបន់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​លើ​គោល​បំណង និង​សកម្មភាព​របស់​សហរដ្ឋ​អាមេរិក​ផង​ដែរ។

នៅ​ឯ​សេតវិមាន លោក Lee Hsien Loong បាន​ប្រាប់​លោក Donald Trump ថា ប្រទេស​សិង្ហបុរី «ក៏​ដូចជា​ប្រទេស​ដទៃ​ទៀត​ដែរ‍» តាមដាន​ទំនាក់ទំនង​រវាង​សហរដ្ឋ​អាមេរិក និង​ចិន «យ៉ាង​ហ្មត់ចត់‍»។

លោក Lee Hsieng Loong ដែល​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​សិង្ហបុរី​តាំង​ពី​ឆ្នាំ ២០០៤ មក បាន​លើក​ឡើង​ពី​ការ​ប្រកួត​ប្រជែង​ភូមិសាស្ត្រ​នយោបាយ​រវាង​សហរដ្ឋ​អាមេរិក និង​ចិន នៅ​ពេល​លោក​ថ្លែង​ទៅ​កាន់​អង្គការ​ក្រុម​ប្រឹក្សា​ទំនាក់ទំនង​កិច្ចការ​បរទេស (Council on Foreign Relations)។

លោក​បាន​សង្កត់​ធ្ងន់​ពី​សារៈសំខាន់​នៃ​ការ​រក្សា​វត្តមាន​បែប​យុទ្ធសាស្ត្រ​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដោយ​បាន​និយាយ​យ៉ាង​ដូច្នេះ​ថា៖ «ប្រសិនបើ​សហរដ្ឋ​អាមេរិក​មិន​មាន​វត្តមាន​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ហើយ​ប្រទេស​ផ្សេងៗ​នៅ​លើ​ពិភពលោក​ដែល​ចង់​ចង​សម្ព័ន្ធភាព​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក និង​ចិន គឺ​គេ​ប្រាកដ​ជា​ចាប់ផ្ដើម​ជាមួយ​នឹង​ចិន​ហើយ ដោយសារតែ​ចិន​គឺ​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​លើ​រឿង​ហ្នឹង»៕

XS
SM
MD
LG