ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ចិន​ថា​មីយ៉ាន់ម៉ា និង​បង់ក្លាដែស​គាំទ្រ​គម្រោង​របស់​ខ្លួន​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​រ៉ូហ៊ីងយ៉ា


លោក​ប្រធានាធិបតី​មីយ៉ាន់ម៉ា Htin Kyaw (រូប​ស្តាំ) ចាប់​ដៃ​ជាមួយ​នឹង​លោក​រដ្ឋ​មន្ត្រី​ការបរទេស Wang Yi បន្ទាប់​ពី​កិច្ចប្រជុំ​របស់​ពួកគេ​នៅ​វិមាន​ប្រធានាធិបតី​នៅ​ក្នុង​ក្រុង​ណៃពិដោ ប្រទេស​មីយ៉ាន់ម៉ា កាលពី​ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧។

រដ្ឋាភិបាល​ចិន​បាន​បញ្ជាក់​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ប្រទេស​មីយ៉ាន់ម៉ា និង​បង់ក្លាដែស​បាន​គាំទ្រ​គម្រោង​របស់​ខ្លួន​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​មួយ ដែល​បណ្ដាល​ឲ្យ​ជន​ភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា​ជាង ៦ សែន​នាក់ គេច​ខ្លួន​ពី​ប្រទេស​មីយ៉ាន់ម៉ា​ទៅ​កាន់​ប្រទេស​បង់ក្លាដែស។

រដ្ឋមន្ត្រី​ការបរទេស​ចិន​លោក Wang Yi បាន​បង្ហាញ​នូវ «ដំណោះស្រាយ ៣ ដំណាក់កាល» នៅ​ក្នុង​អំឡុង​ពេល​លោក​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​បង់ក្លាដែស​កាល​ពី​សប្ដាហ៍​មុន និង​ទៅ​កាន់​ប្រទេស​មីយ៉ាន់ម៉ា​នៅ​ចុង​សប្ដាហ៍​នេះ។

រដ្ឋាភិបាល​ក្រុង​ប៉េកាំង ដែល​គាំទ្រ​រដ្ឋាភិបាល​យោធា​ដែល​បាន​គ្រប់គ្រង​ប្រទេស​មីយ៉ាន់ម៉ា​អស់​រាប់​ទសវត្សរ៍​កាល​ពី​អតីតកាល បាន​គាំទ្រ​រដ្ឋាភិបាល​មីយ៉ាន់ម៉ា​បច្ចុប្បន្ន​ក្នុង​អំឡុង​ពេល​មាន​វិបត្តិ​នេះ​កើត​ឡើង។

គម្រោង​ដំណោះស្រាយ​របស់​ចិន គឺ​ចាប់ផ្ដើម​ពី​ការ​ឈប់​វាយ​ប្រយុទ្ធ​គ្នា​នៅ​ក្នុង​រដ្ឋ Rakhine ប្រទេស​មីយ៉ាន់ម៉ា ដូច្នេះ ប្រជាពលរដ្ឋ​នៅ​ក្នុង​រដ្ឋ Rakhine នេះ នឹង​មិន​ចាំបាច់​គេច​ចេញ​ពី​ផ្ទះ​សម្បែង​របស់​ខ្លួន​នោះ​ទេ។

បន្ទាប់មក គឺ​ការ​អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ​លើក​ទឹកចិត្ត​រដ្ឋាភិបាល​មីយ៉ាន់ម៉ា និង​បង់ក្លាដែស ឲ្យ​បន្ត​រក្សា​ការ​ពិភាក្សា​គ្នា​ដើម្បី​ស្វែង​រក «ដំណោះស្រាយ​ដែល​អាច​ធ្វើ​បាន» មួយ បន្ទាប់ពី​ប្រទេស​ទាំង​ពីរ​បាន​ឈាន​ទៅ​ដល់​ការ​សម្រេច​លើ​ការ​ព្រមព្រៀង​គ្នា​ជា​លើក​ដំបូង​លើ​ការ​ធ្វើ​មាតុភូមិ​និវត្តន៍​ជន​ភៀស​ខ្លួនរ៉ូហ៊ីងយ៉ា ពី​បង់ក្លាដែស​មក​កាន់​មីយ៉ាន់ម៉ា​វិញ។

ដំណាក់កាល​ចុង​ក្រោយ គឺ​ពាក់ព័ន្ធ​នឹង​ការ​ស្វែង​រក​ដំណោះស្រាយ​រយៈពេល​វែង ផ្ដោត​លើ​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ។

អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ចិន​លោក Lu Kang បាន​បញ្ជាក់​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា៖ «យើង​សង្ឃឹម​ថា សំណើ​របស់​លោក​រដ្ឋមន្ត្រី​ការបរទេស Wang Yi នឹង​មិន​ត្រឹមតែ​ជួយ​ដោះស្រាយ​វិបត្តិ​រ៉ូហ៊ីងយ៉ា​សព្វ​ថ្ងៃ​នេះ​ទេ ប៉ុន្តែ​ពិសេស​ជាង​នេះ​ទៅ​ទៀត គឺ​នឹង​រួម​ចំណែក​នៅ​ក្នុង​ការ​ដោះស្រាយ​ជា​គោលការណ៍​មូលដ្ឋាន​សម្រាប់​បញ្ហា​នេះ​ទាំង​មូល​ទៀត​ផង»៕

XS
SM
MD
LG