រដ្ឋាភិបាលក្រុងប៉េកាំងកំពុងតែអនុញ្ញាតឲ្យទូកនេសាទហ្វីលីពីនដែលចុះបញ្ជីត្រឹមត្រូវ អាចចូលទៅកាន់តំបន់សមុទ្រចិនខាងត្បូងដែលមានជម្លោះ ក្នុងកាយវិការល្អមួយដែលនឹងជួយដល់ទំនាក់ទំនងរវាងចិននិងហ្វីលីពីនក៏ដូចជាជាមួយនឹងបណ្តាប្រទេសអាស៊ីអាគ្នេយ៍។
ចិនបានអនុញ្ញាតឲ្យទូកនេសាទហ្វីលីពីនចូលបានចាប់តាំងពីខែមេសាមកទៅក្នុងតំបន់ថ្មប៉ប្រះទឹក Scarborough Shoal ដែលមានទំហំ១៥០គីឡូម៉ែត្រការ៉េ ដែលស្ថិតនៅប៉ែកខាងលិចនៃកោះ Luzon របស់ហ្វីលីពីន។ មន្ត្រីនិងសាស្ត្រាចារ្យនានានិយាយថា តំបន់នោះត្រូវបានចាត់ទុកថាជាកន្លែងនេសាទត្រីដ៏សំខាន់បំផុតមួយ។
លោក Euan Graham ប្រធានខាងសន្តិសុខអន្តរជាតិនៃវិទ្យាស្ថាន Lowy សម្រាប់គោលនយោបាយអន្តរជាតិក្នុងទីក្រុង Sydney បានមានប្រសាសន៍ថា៖ «អ្វីដែលបានកើតឡើងនៅជុំវិញតំបន់ថ្មប៉ប្រះទឹក Scarborough Shoal មិនត្រូវបានគេរាយការណ៍ឲ្យបានទូលំទូលាយនោះទេ ប៉ុន្តែមានទូកនេសាទរបស់ហ្វីលីពីនអាចចូលទៅតំបន់ថ្មប៉ះប្រះទឹកនោះបាន។ ចិនដែលអនុញ្ញាតឲ្យហ្វីលីពីនចូលទៅតំបន់នោះបាន បានបង្ហាញថា ខ្លួនកំពុងតែចាប់ផ្តើមសម្របសម្រួល»។
ឆ្មាំល្បាតដែនសមុទ្រចិនត្រួតត្រាលើការចេញចូលតំបន់ថ្មប៉ះប្រះទឹក Scarborough Shoal ថ្វីដ្បិតតែប្រទេសទាំងពីរទាមទារយកតំបន់នោះដូចគ្នាក៏ដោយ។ ការត្រួតត្រានេះបានបង្កឲ្យមានការខឹងសម្បានិងធ្វើឲ្យលំបាកដល់អ្នកនេសាទហ្វីលីពីន ដែលស្ថិតនៅចម្ងាយត្រឹមតែ២២០គីឡូម៉ែត្រពីតំបន់ថ្មប៉ះប្រះទឹកនោះ ដែលនៅជិតជាងចិន។
តំបន់ថ្មប៉ះប្រះទឹកនេះស្ថិតក្នុងរង្វង់តំបន់សេដ្ឋកិច្ចផ្តាច់មុខ៣៧០គីឡូម៉ែត្ររបស់ហ្វីលីពីន ប៉ុន្តែយោធារបស់ចិនខ្លាំងក្លាជាងហ្វីលីពីន ទើបហ្វីលីពីនមិនអាចធ្វើអ្វីបាន។ ឆ្មាំល្បាតដែនសមុទ្រចិនបានរារាំងមិនឲ្យទូកនេសាទហ្វីលីពីនចូលទៅក្នុងតំបន់នេះចាប់តាំងពីមានការប្រឈមមុខដាក់យ៉ាងតានតឹងរយៈពេល២ខែក្នុងឆ្នាំ២០១២មកម៉្លេះ។ បន្ទាប់ពីនាវាហ្វីលីពីនបានដកខ្លួនចេញកាលពីឆ្នាំមុន ចិនបានពង្រឹងការយាមល្បាតរបស់ខ្លួននៅទីនោះ៕