ក្រោយរងការរិះគន់កម្ពុជាថា មានទំនោរគាំទ្រប្រទេសចិនក្នុងជម្លោះដណ្តើមការកាន់កាប់តំបន់ប្រជុំកោះនៃសមុទ្រចិនខាងត្បូងជាបន្តបន្ទាប់ រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជាកាលពីថ្ងៃពុធ បានប្រកាសសារជាថ្មីថា កម្ពុជាប្រកាន់ជំហរអព្យាក្រឹត្យពាក់ព័ន្ធនឹងភាពចម្រូងចម្រាសសមុទ្រចិនខាងត្បូង។ ក្រុមអ្នកតាមដានការវិវត្តក្នុងតំបន់លើកឡើងថា ការប្រកាន់ជំហរកណ្តាលមិនលំអៀងទៅប្រទេសណាមួយនោះ នឹងធ្វើឲ្យទំនាក់ទំនងការទូតកម្ពុជា មិនស្ថិតក្នុងភាពឯកោ។
ការប្រកាសពីជំហរឯករាជ្យ និងអព្យាក្រឹត្យរបស់កម្ពុជាលើបញ្ហាជម្លោះសមុទ្រចិនខាងត្បូង នឹងជួយឲ្យកម្ពុជាទទួលបានប្រយោជន៍យូរអង្វែងពាក់ព័ន្ធនឹងគោលនយោបាយមិនមានសត្រូវ ក្នុងនាមជាប្រទេសតូច។ នេះបើតាមការលើកឡើងរបស់ក្រុមអ្នកតាមដានការវិវត្តអាស៊ាន និងតំបន់។
ក្រោយវិលត្រឡប់មកពីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននៅប្រទេសហ្វីលីពីន កាលពីថ្ងៃទី៩ ខែសីហា នេះ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស បានការពារជំហររបស់រាជរដ្ឋាភិបាលកម្ពុជាលើបញ្ហាចម្រូងចម្រាសនៅសមុទ្រចិនខាងត្បូងថា កម្ពុជាដើរតួជាប្រទេសឯករាជ្យ និងអព្យាក្រឹត្យ មិនគាំទ្រប្រទេសណាមួយដែលជាភាគីជម្លោះប្រកួតប្រជែងយកតំបន់ដែនសមុទ្រដ៏ធំនោះទេ។
លោក ប្រាក់ សុខុន ថ្លែងប្រាប់អ្នកសារព័ត៌មានយ៉ាងដូច្នេះ៖
«ខ្ញុំសូមបញ្ជាក់ម្ដងហើយម្តងទៀត គឺកម្ពុជាក្នុងឋានៈជារដ្ឋឯករាជ្យអធិបតេយ្យ ជាពិសេសអព្យាក្រឹត្យ ហើយជារដ្ឋដែលមិនទាមទារអធិបតេយ្យនៅក្នុងជម្លោះនៅក្នុងតំបន់សមុទ្រចិនខាងត្បូងនេះ គឺយើងនៅតែប្រកាន់ការមិនប្រកាន់បក្ខពួក និងការមិនកាន់ជើងភាគីណា ហើយនិយាយឲ្យត្រង់ទៅយើងមិនមានជាផលប្រយោជន៍អ្វីនៅក្នុងជម្លោះនោះទេ»។
ការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសរូបនេះធ្វើឡើង បន្ទាប់ពីកម្ពុជាតែងតែរងការចោទថា មានទំនោរគាំទ្រប្រទេសចិនក្នុងជម្លោះសមុទ្រចិនខាងត្បូង ចាប់តាំងពីពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះប្រជុំអាស៊ាន កាលពីឆ្នាំ២០១២មក។ កម្ពុជាក៏រងការរិះគន់ថា បានរារាំងមិនឲ្យប្រើប្រាស់ពាក្យធ្ងន់ធ្ងរនៅក្នុងសេចក្តីថ្លែងការណ៍រួមរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាន ទាក់ទងទៅនឹងភាពចម្រូងចម្រាសក្នុងតំបន់ដែលប្រទេសចិនមានជម្លោះជាមួយបណ្តាប្រទេសមួយចំនួនទៀត ជាប្រទេសសមាជិកសមាគមអាស៊ាន។
លោក ឈាង វណ្ណារិទ្ធ អ្នកវិភាគកិច្ចការតំបន់ និងជាអ្នកស្រាវជ្រាវនៃវិទ្យាស្ថានមួយក្នុងប្រទេសសិង្ហបុរី ប្រាប់ VOA ថា កម្ពុជាក្នុងពេលបច្ចុប្បន្នកំពុងប្រើប្រាស់យុទ្ធសាស្រ្តការទូតដោយភាពប្រយ័ត្នប្រយែង និងមានភាពបត់បែនច្រើន។ លោកបន្ថែមថា ការប្រកាន់ជំហរអព្យាក្រឹត្យមិនលំអៀងទៅភាគី ឬប្រទេសណាមួយពាក់ព័ន្ធនឹងជម្លោះសមុទ្រចិនខាងត្បូង នឹងធ្វើឲ្យកម្ពុជាទទួលបានផលប្រយោជន៍យូរអង្វែងក្នុងការទំនាក់ទំនងជាមួយបណ្តាប្រទេសផ្សេងៗ។
លោក ឈាង វណ្ណារិទ្ធ មានប្រសាសន៍ថា៖
«យើងធ្វើយ៉ាងណាគោរពតាមរដ្ឋធម្មនុញ្ញរបស់យើង ហើយជាផលប្រយោជន៍យូរអង្វែងរបស់កម្ពុជា ព្រោះកម្ពុជាជាប្រទេសតូច យើងមិនអាចងាកទៅរកប្រទេសមហាអំណាចណាមួយបានទេ វាធ្វើឲ្យយើងបែកបាក់គ្នា ហើយធ្វើឲ្យអស្ថិរភាពក្នុងប្រទេសដែរ។ អញ្ចឹងទេយើងធ្វើយ៉ាងណាឲ្យមានទំនាក់ទំនងល្អជាមួយគ្រប់ប្រទេសមហាអំណាចទាំងអស់ យើងត្រូវតែពង្រឹងទំនាក់ទំនងល្អ គឺគោលនយោបាយការបរទេសមួយដែលពុំមានសត្រូវ យើងមិនគួរបង្កើតសត្រូវ ឬធ្វើឲ្យគេស្អប់កម្ពុជា ចំពោះគោលនយោបាយការបរទេស ឬក៏ជំហររបស់កម្ពុជាលើបញ្ហាណាមួយ»។
លោក ឈាង វណ្ណារិទ្ធ បន្ថែមថា កម្ពុជាក៏ត្រូវពង្រឹងគោលជំហរក្នុងការអនុវត្តច្បាប់អន្តរជាតិ និងជំរុញឲ្យប្រទេសផ្សេងៗទៀត ពឹងផ្អែកលើច្បាប់ដើម្បីដោះស្រាយជម្លោះ។
ចំណែកលោក មាស នី អ្នកវិភាគនយោបាយ និងការអភិវឌ្ឍសង្គមលើកឡើងថា តាមរយៈសកម្មភាពរបស់កម្ពុជាក្នុងពេលកន្លងមកបានបង្ហាញថា រដ្ឋាភិបាលកម្ពុជាបានងាកទៅគាំទ្រប្រទេសចិនរួចទៅហើយ ដូច្នេះលោកថា ការប្រកាសពីជំហរកណ្តាលរបស់កម្ពុជាពាក់ព័ន្ធនឹងជម្លោះក្នុងសមុទ្រចិនខាងត្បូង គឺគ្រាន់តែជាការបង្ហាញជំហរបែបការទូតប៉ុណ្ណោះ។ លោកបន្ថែមថា កម្ពុជានឹងស្ថិតក្នុងភាពឯកោ ប្រសិនបើកម្ពុជាមិនអនុវត្តគោលនយោបាយការបរទេសឲ្យបានស្មើគ្នាជាមួយប្រទេសផ្សេងទៀត។
លោកមានប្រសាសន៍ថា៖
«នៅក្នុងជំហរកណ្តាល គឺជារឿងសំខាន់ ព្រោះរស់នៅក្នុងអាស៊ានយើងត្រូវតែធ្វើម៉េចបង្ហាញនូវសាមគ្គីភាពរបស់ប្រទេសក្នុងតំបន់អាស៊ាន។ អញ្ចឹងបើសិនជាយើងនៅក្នុងតំបន់អាស៊ាន ប៉ុន្តែដោយសារតែយើងមានទទួលឥទ្ធិពលពីចិន អញ្ចឹងយើងត្រូវតែងាកទៅខាងចិនតែម្នាក់ឯងនោះ វានឹងធ្វើឲ្យយើងមានភាពឯកោនៅក្នុងតំបន់»។
ជម្លោះកាន់កាប់តំបន់ក្នុងសមុទ្រចិនខាងត្បូងបានកើតឡើងជាយូរមកហើយរវាងប្រទេសចិន និងបណ្តាប្រទេសអាស៊ានមួយចំនួន ដូចជាប្រទេសព្រុយណេ ហ្វីលីពីន ម៉ាឡេស៊ី តៃវ៉ាន់ និងវៀតណាម។ ចិនបានទាមទារយកតំបន់ភាគច្រើនបំផុត។ ក្នុងនោះមូលហេតុចម្បងមួយសម្រាប់ជម្លោះក្នុងសមុទ្រចិនខាងត្បូង គឺការប្រជែងគ្នាដើម្បីកាន់កាប់តំបន់ដែលសម្បូរធនធានរ៉ែ និងត្រី។
កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦ កន្លងទៅ តុលាការអាជ្ញាកណ្តាលអន្តរជាតិនៅទីក្រុងឡាអេ ប្រទេសហូឡង់ បានចេញសាលដីកាឲ្យប្រទេសហ្វីលីពីនឈ្នះក្តីលើប្រទេសចិនពាក់ព័ន្ធទៅនឹងជម្លោះដណ្តើមកម្មសិទ្ធិនៅក្នុងសមុទ្រចិនខាងត្បូង ដែលប្រទេសហ្វីលីពីនបានប្តឹងប្រឆាំងនឹងចិនកាលពីឆ្នាំ២០១៣។
នាពេលនោះ កម្ពុជាបានបង្ហាញជំហរមិនគាំទ្រសាលដីកាតុលាការដូចប្រទេសចិន ដែលជាមិត្តជិតដិត និងជាប្រទេសផ្តល់ជំនួយដ៏ធំរបស់កម្ពុជា។ ហើយជារឿយៗ រដ្ឋាភិបាលកម្ពុជាបានអះអាងថា បញ្ហាសមុទ្រចិនខាងត្បូងនេះគួរតែដោះស្រាយរវាងប្រទេសចិន និងបណ្ដារដ្ឋជាភាគីជម្លោះ មិនមែនអាស៊ានទាំងមូលនោះទេ។
ក្នុងសន្និសីទក្រោយត្រឡប់មកពីចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន នៅប្រទេសហ្វីលីពីននោះ លោក ប្រាក់ សុខុន ក៏បានប្រាប់អ្នកសារព័ត៌មានបន្ថែមថា ក្រុមរដ្ឋមន្ត្រីការបរទេសអាស៊ានបានសម្ដែងការមិនសប្បាយចិត្តនឹងការបាញ់បង្ហោះមីស៊ីលសាកល្បងរបស់កូរ៉េខាងជើង និងបានឯកភាពគ្នាដោះស្រាយបញ្ហាឧបទ្វីបកូរ៉េ ដែលកំពុងមានភាពតានតឹងអស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ។
អ្នកតាមដានការវិវត្តតំបន់ក៏បានលើកឡើងថា នេះជាសញ្ញាវិជ្ជមានក្នុងការទប់ស្កាត់ការរីកសាយអាវុធនុយក្លេអ៊ែរ ប្រសិនបើប្រទេសបណ្តាអាស៊ានទាំងនោះរួមគ្នាដាក់សម្ពាធសេដ្ឋកិច្ច និងការទូតឲ្យខ្លាំង លើរដ្ឋាភិបាលប្រទេសកូរ៉េខាងជើង ទៅតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ៕