ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

​អាមេរិក​​បាន​ធានា​អាស៊ាន​ថា​បញ្ហា​កូរ៉េ​ខាង​ជើង​នឹង​មិន​គ្រប​ដណ្តប់​លើ​ការ​ចរចា​សមុទ្រ​ចិន​ខាង​ត្បូង​ទេ


បុរស​ម្នាក់​ជិះ​កង់​នៅ​ជិត​ផ្លាក​ ASEAN​ នៅ​មុន​ជំនួប​ថ្នាក់​រដ្ឋមន្ត្រី​នៃ​បណ្តាប្រទេស​ក្នុង​តំបន់​អាស៊ាន​លើក​ទី​៥០ នៅ​ទីក្រុង​ម៉ានីល​ ប្រទេស​ហ្វីលីពីន កាល​ពី​ថ្ងៃ​ទី​២ ខែសីហា។

នៅ​ពេល​ដែល​លោករដ្ឋ​មន្រ្តី​ការ​បរទេស​សហរដ្ឋ​អាមេរិក​ Rex Tillerson​ ចាប់​ផ្តើម​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​លើក​ទី​មួយ​របស់​លោក​ទៅ​កាន់​តំបន់​អាស៊ី​អាគ្នេយ៍​​នៅ​សប្តាហ៍​នេះ ​សហរដ្ឋ​អាមេរិក​បន្ត​អំពាវនាវ​ឲ្យ​មាន​យន្តការ​តម្រូវ​ឲ្យ​អនុ​វត្ត​តាម​ស្រប​ច្បាប់​មួយ​ដើម្បី​រារាំង​កុំ​ឲ្យ​ជម្លោះ​ទាមទារ​ទឹក​ដី​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ក្លាយ​ទៅ​ជា​ការ​ប្រឈម​មុខ​ហឹង្សា។

លោក​រដ្ឋមន្រ្តី​ការ​បរ​ទេស​អាមេរិក Tillerson ​ក៏​នឹង​ស្វះ​ស្វែង​រក​កិច្ច​សហប្រតិបត្តិការ​កាន់​តែ​ខ្លាំង​ឡើង​ពី​សម្ព័ន្ធ​មិត្ត​នៅ​ក្នុង​តំបន់​ដើម្បី​ធ្វើ​ឲ្យ​ប្រទេស​កូរ៉េ​ខាង​ជើង​ស្ថិត​នៅ​ឯកកោ។

បន្ទាប់​ពីការ​ព្រមាន​យ៉ាង​ខ្លាំង​ពី​ប្រទេស​ចិន ​វៀតណាម​ បាន​ផ្អាក​ការអនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ថាម​ពល​ខួង​ឧស្ម័ន​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។ ការណ៍​នេះ​ជាព្រឹត្តិការណ៍​ថ្មីៗ​បំផុត​នៅ​ក្នុង​ជម្លោះ​ដែល​កំពុង​កើត​មាន​ឡើង​នៅ​ផ្លូវ​ទឹក​ដែល​មាន​ការ​ប្រកួត​ប្រជែង​បំផុត​របស់​ពិភព​លោក​ដែល​ត្រូវ​បាន​គេ​ជឿ​ជាក់​ថា​សម្បូរ​ទៅ​ដោយ​ប្រភព​ធនធាន​ធម្មជាតិ។

​លោក​រដ្ឋ​មន្រ្តី​ការបរទេស​មក​ពី​សមា​គម​ប្រជាជាតិ​តំបន់​អាស៊ី​អាគ្នេយ៍​ឬ​អាស៊ាន​ត្រូវ​គេ​រំពឹង​នឹង​ផ្តល់​ការ​យល់​ព្រម​ដល់គម្រោង​ក្រម​ប្រតិបត្តិ​ស្តី​ពី​សមុទ្រ​ចិន​ខាង​ត្បូង​នៅពេល​ដែល​ពួកអស់​លោក​ជួប​ប្រជុំ​គ្នា​នៅ​ក្នុង​ទីក្រុង​ម៉ានីល​នៃ​ប្រ​ទេស​ហ្វីលីពីន។​

ខណៈ​ដែល​គម្រោងការ​ងារ​នោះ​ប្តេជ្ញា​ចិត្ត​ដល់​កិច្ច​សហប្រតិបត្តិការ​ជា​ជាង​ការ​ប្រ​ឈម​មុខ​ដាក់​គ្នា ​គម្រោង​ការ​ងារ​នោះ​ក៏ត្រូវ​បាន​គេ​មើល​ឃើញ​ថា​បាន​បន្ទន់​ទៅ​តាម​ឥទ្ធិពល​របស់​ចិន ​ពីព្រោះ​តែ​ក្រម​ប្រតិបត្តិ​នោះ​មិន​តម្រូវ​ឲ្យ​អនុវត្ត​ទៅ​តាម​ផ្លូវ​ច្បាប់។

សហរដ្ឋ​អាមេរិក​នឹង​បន្ត​ជំរុញ​ឲ្យ​មាន​យន្តការ​ដំណោះ​ស្រាយ​ជម្លោះ​ហើយ​នឹង​លើក​ដំកើង​សេរីភាព​នៃ​ការ​ធ្វើ​នាវា​ចរណ៍។ លោកស្រី Susan Thornton ឧបការី​រង​ស្តីទី​រដ្ឋមន្រ្តី​ការបរទេស​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​ខាង​កើត​និង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​និយាយថា៖ «សកម្មភាព​ធ្វើ​ឲ្យ​មាន​អស្ថិរភាព​ដូច​ជា​ការ​ចាក់​ដី​ពង្រីក​កោះ​សិប្បនិម្មិតនិង​ការ​សាង​សង់​ទីតាំង​យោធា​របស់​ចិន​នៅ​ក្នុង​តំបន់​មាន​ជម្លោះ ​ធ្វើ​ឲ្យ​មាន​ការ​លំបាក​កាន់​តែ​ខ្លាំង​ឡើង​សម្រាប់​តំបន់​ដើម្បី​ដោះ​ស្រាយ​ការ​ខ្វែង​គំនិត​ទាំង​អស់​នោះ​ដោយ​សន្តិវិធី‍»។

លោក​រដ្ឋ​មន្រ្តីការ​បរទេស​សហរដ្ឋ​អាមេរិក​ Rex Tillerson​ ចង់​ធ្វើ​ការ​ជាមួយ​ចិន​ដើម្បី​ដោះស្រាយ​ការ​ខ្វែង​គំនិត​គ្នា​នានា​ដោយ​មិន​នាំ​ឲ្យ​មាន​ជម្លោះ​ដោយ​ចំហរ។​ក្នុង​ចំណោម​កិច្ចការ​ទាំង​នោះ​គឺ​បង្កើន​ការ​ដាក់​សម្ពាធ​លើ​ប្រទេស​កូរ៉េ​ខាង​ជើង។​លោក​រដ្ឋ​មន្រ្តីការ​បរទេស​សហរដ្ឋ​អាមេរិក​ Rex Tillerson ​បាន​ថ្លែង​ថា៖ «មិន​មាន​អនាគត​ដែល​កូរ៉េខាង​ជើង​កាន់​កាប់​អាវុធ​នុយក្លែអ៊ែ ​ឬ​មាន​លទ្ធភាព​ដើម្បី​ដឹក​ជញ្ជូនអាវុធ​នុយក្លេអ៊ែ​ទាំង​នោះ​ទៅ​ឲ្យ​ប្រទេស​ណា​មួយ​នៅ​ក្នុង​តំបន់​ទេ។ ក្នុងការ​ទប់​ស្កាត់ ​យើង​បាន​ស្វះ​ស្វែង​ធ្វើ​ជាដៃ​គូ​ជាមួយ​ប្រទេស​ចិន។ ចិន​មាន​សកម្មភាព​ខាង​សេដ្ឋ​កិច្ចចំនួន​៩០​ភាគ​រយ​ជាមួយ​កូរ៉េខាង​ជើង‍»។

លោករដ្ឋ​មន្រ្តីការ​បរទេស​អាមេរិក​ Tillerson​ នឹង​ធ្វើ​ការ​ថ្លឹង​ថ្លែង​ជា​មួយ​ប្លុក​តំបន់​អាស៊ី​អាគ្នេយ៍​ដើម្បីស្វះស្វែង​រកការ​ធានា​មកពី​ប្លុក​នោះ​ដើម្បី​ធ្វើ​ឲ្យ ​រដ្ឋាភិបាល​ក្រុង​ព្យូង​យ៉ាង​ឯកកោ​ដោយ​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​មាន​ការ​យល់​ឃើញ​ថា បញ្ហា​កូរ៉េខាង​ជើង​បាន​គ្រប​ដណ្តប់​លើ​ការ​ព្រួយ​កង្វល់​របស់​ពួក​គេ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។​ លោក​ Gregory Poling​ នៃ​មជ្ឈមណ្ឌល​សម្រាប់​ការ​សិក្សា​យុទ្ធសាស្រ្ត​និង​អន្តរ ជាតិ​និយាយថា៖ «ហើយ​តាមការ​ពិត​គឺ​ថា​ បញ្ហា​កូរ៉េខាង​ជើង​មិន​សូវ​សំខាន់​សម្រាប់​ម៉ាឡេស៊ី ​វៀត​ណាម​និង​ប្រទេស​ហ្វីលី​ពីន​ ដូច​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូងដែល​ស្ថិត​ទ្វាមុខ​របស់ពួកគេ‍»។

​អ្នក​ជំនាញ​ផ្សេង​ទៀត​ព្រមាន​ថា សម្ព័ន្ធ​មិត្ត​ក្នុង​តំបន់​កំពុង​ចាប់​ផ្តើម​ជឿ​ជាក់​ថា ​ពួក​គេ​អាច​មិន​បាន​ទទួល​ការ​គាំទ្រ​ពិត​ប្រាកដ​ពី​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​នៅ​ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង​ទេ។

លោកBill Haytonមក​ពីអង្គការChatham House បាន​និយាយ​តាម​ប្រព័ន្ធ Skypeថា៖ «សម្ព័ន្ធ​មិត្ត​ក្នុង​តំបន់​មាន​អារម្មណ៍​ថា គេ​មិន​អាច​ពឹង​ផ្អែក​លើ​រដ្ឋបាល​របស់​លោក​ត្រាំ​ដើម្បីការ​ពារ​ផល​ប្រយោជន៍​របស់​វៀត​ណាម​នៅ​ក្នុងការ​ប្រឈម​មុខ​នោះ​បាន​ទេ ​ដូច្នេះ​វាជា​សញ្ញា​មួយ​ថា រដ្ឋាភិបាល​នានា​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​មាន​ការ​ព្រួយ​កង្វល់​ថា ​រដ្ឋបាល​របស់​លោក​ត្រាំ​មិន​បាន​យក​ចិត្ត​ទុកដាក់​នៅ​ក្នុង​ការការ​ពារ​ផល​ប្រយោជន៍​របស់​ពួកគេ‍»។

ក្រៅ​ពី​សន្តិសុខ​ផ្លូវនាវា​ចរណ៍​និង​ការ​ធ្វើ​ឲ្យ​ឧបទ្វី​កូរ៉េ​គ្មាន​អាវុធ​នុយក្លេអ៊ែ ​គេ​និយាយ​ថា ​ការ​ប្រឆាំង​ភេរវកម្ម​នៅ​ក្នុង​តំបន់​ក៏​បាន​ស្ថិត​នៅ​ពី​លើ​គេក្នុង​របៀប​វារៈ​របស់​សមាគម​អាស៊ាន​ដែរ៕

ប្រែ​សម្រួល​ដោយ​ជឹង ​ប៉ូជីន

XS
SM
MD
LG