នៅថ្ងៃសុក្រនេះ ប្រទេសចិនបានសម្តែង «ការមិនពេញចិត្តយ៉ាងខ្លាំង» នៅក្រោយនាវាចម្បាំងស.រ.អា.មួយគ្រឿងបានបើកនៅជិតកោះសិប្បនិម្មិតមួយនៅក្នុងសមុទ្រចិនខាងត្បូងដែលមានសារៈសំខាន់ខាងយុទ្ធសាស្ត្រ។
អ្នកនាំពាក្យម្នាក់នៃក្រសួងការបរទេសចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថានាវាឈ្មោះ USS John S. McCain បានរំលោភលើច្បាប់ចិន និងច្បាប់អន្តរជាតិ ធ្វើឱ្យអន្តរាយដល់អធិបតេយ្យភាព និងសន្តិសុខនៃប្រទេសចិន និងធ្វើឱ្យមានគ្រោះថ្នាក់ដល់សុវត្ថិភាពនៃពួកបុគ្គលិកជួរមុខផងដែរ។
អ្នកនាំពាក្យរូបនេះបានថ្លែងថា កងទ័ពជើងទឹកចិន «បានដឹងអត្តសញ្ញាណនាវានោះ ព្រមាន និងបណ្តេញកប៉ាល់នោះ»។
មន្ត្រីម្នាក់នៃកងទ័ពជើងទឹកស.រ.អា.បាននិយាយដោយមានលក្ខខណ្ឌមិនឱ្យបញ្ចេញឈ្មោះលោកថា នាវាពិឃាតរបស់អាមេរិកាំងបានបើកនៅចម្ងាយ៦ម៉ាយ ពី Mischief Reef កាលពីថ្ងៃព្រហស្បតិ៍ដែលជាផ្នែកមួយនៃកិច្ចប្រតិបត្តិការ «សេរីភាពខាងនាវាចរណ៍» នៅក្នុងដែនទឹកអន្តរជាតិ។
កិច្ចប្រតិបត្តិការសេរីភាពនាវាចរណ៍នេះជាកិច្ចប្រតិបត្តិការលើកទីបីដែលស.រ.អ.បានធ្វើចាប់តាំងពីប្រធានាធិបតី Donald Trump ចូលកាន់តំណែងកាលពីខែមករា។ ពួកមន្ត្រីស.រ.អា.និយាយថា ក្រុមយោធាអាមេរិកាំងនឹងបន្តបើកនាវា ហោះយន្តហោះ និងធ្វើកិច្ចប្រតិបត្តិការនៅកន្លែងទាំងឡាយណាដែលមានការអនុញ្ញាតដោយច្បាប់អន្តរជាតិ។
ប្រទេសចិនដែលបានទាមទារសមុទ្រចិនខាងត្បូងសឹងតែទាំងអស់ថាជារបស់ខ្លួនបានតវ៉ាប្រឆាំងនឹងកិច្ចប្រតិបត្តិការបែបនេះជារៀងរហូតមក៕